បង្រៀនកូនៗពីគុណតម្លៃនៃភាពស្មោះត្រង់
តើអ្នកគួររំពឹងអ្វីខ្លះពីកូនៗ?
ខណៈដែលកូនៗចាប់ផ្ដើមចូលរៀនថ្នាក់មត្តេយ្យ កូនៗប្រាកដជាអាចទទួលយកបាននូវភាពខុសគ្នារវាងភាពពិត និងភាពមិនពិត។ ភាគច្រើន សកម្មភាពរបស់ពួកគេតែងតែធ្វើឱ្យពួកគេមានការភ្លេចភ្លាំង និងមានការគិតបែបស្រមើស្រមៃ (ពួកគេប្រហែលជាមិនបានចាំទេថាបានយកស្ករគ្រាប់ពីក្នុងប្រអប់ ហើយពួកគេចង់ឱ្យអ្នកសប្បាយចិត្ត ដែលពួកគេជឿថាពួកគេមិនបានធ្វើអ្វីខុសទេ)។
ប៉ុន្តែ បើទោះបីជាពួកគេដឹងការពិតពីរឿងប្រឌិដ្ឋក៏ដោយ ក៏ក្មេងៗទាំងនោះមិនមានស្មារតី និងការគ្រប់គ្រងខ្លួនឯងដើម្បីជៀសពីការកុហកឡើយ។ ជាការពិតណាស់ កុមារដែលមានវ័យត្រឹមថ្នាក់មត្តេយ្យអាចនឹងមានភាពភ័យខ្លាចចំពោះការនិយាយការពិត។ លោកស្រី Jane Nelsen អ្នកនិពន្ធសៀវភៅ “Positive Discipline” បានមានប្រសាសន៍ឱ្យដឹងថា “កុមារទាំងនោះមានការភ័យខ្លាច ឬក៏ពួកគេខ្លាចនឹងធ្វើឱ្យអ្នកខកចិត្ត។” កិច្ចការដំបូងដែលអ្នកត្រូវធ្វើនោះ គឺត្រូវបង្កើតបរិយាកាសមួយដែលកូនអ្នកមានអារម្មណ៍សុវត្ថិភាពក្នុងនិយាយប្រាប់ការពិត។
តើអ្នកអាចធ្វើអ្វីខ្លះ?
ជៀសវៀងការដាក់ងារឱ្យកូន៖ អ្នកមិនត្រូវហៅកូនៗថាជាមនុស្សកុហកនោះឡើយ។ ការហៅបែបនេះមានតែធ្វើឱ្យពួកគេចាប់ផ្ដើមការពារខ្លួន ហើយចាប់ផ្ដើមជឿវា និងរស់នៅក្នុងពិភពមួយដែលគេហៅថាមនុស្សកុហក។ ដូចនេះ អ្នកត្រូវឱ្យពួកគេដឹងថាអ្នកមិនចូលចិត្តការកុហក ប៉ុន្តែអ្នកនៅតែចូលចិត្តពួកគេ ទោះបីពួកគេបានធ្វើអ្វីក៏ដោយ។ អ្នកត្រូវនិយាយដោយទន់ភ្លន់ តែម៉ត់ចត់ថា “កូននិយាយហ្នឹងដូចជាមិនមែនជាការពិតទេ។ ពេលខ្លះពួកយើងបារម្ភពីការនិយាយការពិតប្រសិនបើពួកយើងខ្លាចពេលដែលពួកគេបានធ្វើអ្វីមួយខុស។” ការនិយាយបែបនេះបង្ហាញឱ្យពួកគេដឹងថាអ្នកមិនអាចទទួលយកនូវទង្វើរបស់ពួកគេបាននោះទេ ប៉ុន្តែ វាក៏បានផ្ដល់ឱ្យគេនូវឱកាសដើម្បីបកស្រាយថាហេតុអ្វីបានជាគេយកស្ករគ្រាប់ (“កូនដឹងថាបងស្រីអាចយកស្ករគ្រាប់បានពេលគាត់ចេញពីរៀន ចឹងវាយុត្តិធម៌ទេដែលកូនអត់បានស្ករគ្រាប់សូម្បីតែមួយគ្រាប់នោះ?”
មិនត្រូវសួរសំណួរពេលដែលអ្នកបានដឹងពីចម្លើយមុន៖ ប្រសិនបើអ្នកច្បាស់ក្នុងចិត្តថាកូនៗមិនបានសម្អាតបន្ទប់គេងរបស់ពួកគេទេនោះ អ្នកមិនត្រូវសួរថា “កូនបានសម្អាតបន្ទប់ហើយឬនៅ?” នោះទេ ហើយវាគឺជាដំណាក់កាលនៃការកុហក។ នេះបើតាមការបកស្រាយរបស់អ្នកជំនាញចិត្តសាស្ត្រគ្រួសារ និងសហអ្នកនិពន្ធសៀវភៅ “Discipline Without Shouting or Spanking” លោក Jerry L. Wyckoff។ លោកក៏បានលើកទឹកចិត្តឱ្យអ្នកនិយាយជំនួសដោយការប្រើប្រយោគ “ម៉ាក់អត់ឃើញកូនសម្អាតបន្ទប់ទេ” ឬក៏ “ឱ្យម៉ាក់សុំមើលបន្ទប់បន្តិចមើលកូន” ដែលនេះអាចឱ្យពួកគេដឹងថាអ្នកចង់បញ្ជាក់ការពិតហើយ។ ការប្រើវិធីនេះ អ្នកអាចដោះស្រាយបានបញ្ហាមួយ គឺទំនួលខុសត្រូវរបស់កូនក្នុងការបំពេញកិច្ចការអ្វីមួយដោយមិនមានការកុហក។ ប្រសិនបើអ្នកចាប់បានថាគេកុហក កុំសួរគេថា “កូននិយាយការពិតអត់ហ្នឹង?” មានកុមារតិចតួចណាស់ដែលឆ្លើយប្រាប់មកវិញថា “អត់ទេ”។ អ្នកអាចនឹងទទួលបានការសហការច្រើនជាងមុនប្រសិនបើអ្នកនិយាយថា “ស្ដាប់មើលទៅដូចជារឿងនិទានចឹងកូន។ កូនដឹងអត់ ថាកូននឹងមិនមានបញ្ហាអ្វីទេបើកូននិយាយការពិត។”
រកពីមូលហេតុដែលក្មេងៗកុហក៖ កូនៗដែលលេងហ្គេម ហើយលេងបន្លំ តែបដិសេធថាមិនបានធ្វើអ្វីខុសទេ។ ដោយជៀសពីការប្រដៅ អ្នកត្រូវប្រាប់គេថា ចង់លេងឈ្នះជារឿងធម្មតាទេ តែកូនត្រូវលេងដោយមានភាពស្មោះត្រង់ មិនត្រូវបន្លំគេនោះទេ។ កូនត្រូវលេងវាដោយភាពស្មោះត្រង់។
លើកតំកើងការនិយាយការពិត៖ ពេលដែលកូនអ្នកនិយាយការពិត ត្រូវផ្ដល់រង្វាន់ដល់ពួកគេ។ ជាពិសេសបើសិនជាគេធ្លាប់បានកុហកកាលពីមុន គេនឹងមានអារម្មណ៍សប្បាយចិត្តពេលដែលគេឮអ្នកនិយាយប្រាប់គេថា “អរគុណកូនដែលប្រាប់ការពិត។ ម៉ាក់/ប៉ាចូលចិត្តកូននិយាយការពិត។”
កុំភ្លេច “ការកុហកក្នុងន័យល្អ”៖ អ្នកចង់ឱ្យកូនៗក្លាយជាមនុស្សស្មោះត្រង់ ប៉ុន្តែ ភាពស្មោះត្រង់ខ្លះអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ឧទាហរណ៍ “ម៉ាក់យាយ! កាដូហ្នឹងដូចឆ្កួត! ខ្ញុំចាស់ពេកហើយ មិនអាចលេងតុក្កតាខ្លាឃ្មុំទេ!” អ្នកត្រូវពន្យល់ប្រាប់ពួកគេឱ្យនិយាយបែបវិជ្ជមានទៅកាន់អ្នកដទៃ ឬក្នុងលក្ខណៈសាមញ្ញក៏ដោយ ដោយត្រូវនិយាយថា “អរគុណលោកយាយដែលចាំថ្ងៃខួបកំណើតរបស់ចៅ!”
បង្រៀនកូនៗថាការកុហកគ្មានប្រសិទ្ធភាពទេ៖ ឧទាហរណ៍ពេលដែលកូនរបស់អ្នកបានលេងបាល់ ហើយវាក៏ប៉ះថូផ្កាបណ្ដាលឱ្យរលំ និងបែក តែគេព្យាយាមបដិសេធថាមិនបានធ្វើឱ្យបែក។ អ្នកត្រូវឱ្យពួកគេលាងកំហុសវិញដោយឱ្យជួយបោសសម្អាតកម្ទេចថូផ្កា។ នោះពួកគេនឹងមានអារម្មណ៍ថាការកុហកមិនអាចដោះស្រាយបញ្ហារបស់ពួកគេបានឡើយ។
រក្សាភាពស្រស់សង្ហារបស់អ្នកឱ្យជាប់ជានិច្ច៖ ជារឿងសាមញ្ញមួយដែលអ្នកខឹង និងខកចិត្តពេលដែលអ្នករកឃើញថាកូនតូចរបស់អ្នកចេះនិយាយកុហក ហើយអ្នកចាប់ផ្ដើមស្រែកដាក់កូន និងដាក់ទណ្ឌកម្មដល់កូននោះ។ ប្រតិកម្មដែលមានហេតុមានផលអាចជួយអ្នកក្នុងការបង្រៀនពួកគេឱ្យធ្វើបានល្អជាងមុន។ អ្នកស្រី Jane Nelsen បានមានប្រសាសន៍បញ្ជាក់ថា “តើយើងបានគំនិតមកពីណាដែលថាបើចង់ឱ្យកូនធ្វើអំពើល្អ ដោយដំបូងយើងត្រូវធ្វើឱ្យគេមានអារម្មណ៍តឹងតែងនោះ? ភាគច្រើននៃទណ្ឌកម្មកើតចេញពីកំហឹង ហើយបន្ទាប់មកយើងធ្វើឱ្យគេខ្លាច”។
ធ្វើជាគំរូល្អ៖ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្រៀនពីភាពស្មោះត្រង់ គឺត្រូវតែ “ស្មោះត្រង់”។ អ្នកត្រូវជៀសវាងការកុហកកូនៗ ទោះបីស្ថិតក្នុងបញ្ហាអាក្រក់ ឬពិបាកក៏ដោយ ដូចជា ជំងឺ មរណភាព ឬការលែងលះ។ កុមារក្នុងវ័យមត្តេយ្យសិក្សាក៏អាចមានអារម្មណ៍ដែលបង្ហាញពីភាពមិនស្មោះត្រង់ផងដែរ។ ហើយអ្នកត្រូវចាំថា ពួកគេនឹងរៀនសូត្រពីអ្នកបើសិនជាពួកគេឮអ្នកហៅទូរស័ព្ទទៅកាន់កន្លែងធ្វើការក្នុងសំឡេងឈឺទោះជាអ្នកមិនឈឺក៏ដោយ ហើយពេលដែលអ្នកនិយាយកុហកពីអាយុរបស់ពួកគេពេលទៅលេងសួនកម្សាន្ដដើម្បីសន្សំលុយសំបុត្រថ្លៃចូលទស្សនាជាដើមនោះ។ ភាពស្មោះត្រង់ពិតជាមានតម្លៃ ហើយអ្នកគួរតែចាប់ផ្ដើមបង្កើតវាកុំឱ្យអស់តម្លៃឱ្យសោះ៕