ការបង្រៀនកូនពីភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្ត
ពេលដែលយើងនិយាយពីការបង្រៀនកុមារពីភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្ត យើងមិននិយាយពីគំនិតថានឹងធ្វើឱ្យកូនៗពិបាកឡើយ និងមិនអាណិតពួកគេឡើយ។ យើងនិយាយពីការកសាងទំនុកចិត្តផ្ទាល់ខ្លួន និងភាពឆ្លុះបញ្ចាំងពីខ្លួនដើម្បីបន្តក្ដីសុបិនរបស់ពួកគេ សម្រេចគោលដៅដែលពួកគេកំណត់ដើម្បីសម្រេច និងដើម្បីមានឱកាសក្នុងការបន្តការបង្រៀននេះទោះបីជាមានអ្វីពិបាកក៏ដោយ។
ការបង្រៀនកុមារពីភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្តក្នុងការសាកល្បងអ្វីដែលថ្មីៗ ការលើកទឹកចិត្តពួកគេតាមរយៈការខិតខំប្រឹងរបស់ពួកគេ ការជួយពួកគេក្នុងការដោះស្រាយបញ្ហាពេលដែលគេជួបបញ្ហា និងការផ្ដល់នូវការលើកទឹកចិត្តចំពោះការខិតខំច្បាស់លាស់ណាមួយជាជាងការផ្ដល់តែការលើកទឹកចិត្តចំពោះលទ្ធផលតែមួយមុខនោះ។
ការចិញ្ចឹមកូនជួនកាលមានអារម្មណ៍ថាវាជាដំណាក់កាលនៃពេលវេលាណាមួយ ជំហានដំបូង ពាក្យដំបូង ឬថ្ងៃដំបូងនៅសាលា។ នេះហើយទើបវាមានសារសំខាន់ក្នុងការចាំថាការលើកទឹកចិត្តមិនត្រឹមតែត្រូវធ្វើសម្រាប់លទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការខិតខំ និងការតាំងចិត្តដែលមាននៅចំពោះពួកគេ។
ការខិតខំប្រឹងប្រែង និងការតាំងចិត្ត មានគុណតម្លៃសំខាន់ក្នុងការបង្រៀនកុមារ និងការទទួលបាននូវផលប៉ះពាល់ដល់សមត្ថភាព ទំនុកចិត្ត និងសុភមង្គលរបស់ពួកគេនាពេលអនាគត។ ការបង្រៀនកូនៗតូចៗឱ្យបន្តជានិច្ចពេលដែលមានភាពលំបាកកើតឡើង និងការខិតខំព្យាយាមក្នុងការសម្រេចគោលដៅរបស់ពួកគេ និងកម្លាំងចិត្តដែលជាផ្នែកមួយដ៏មានសារសំខាន់ដែលកូនរបស់យើងអាចរៀន។
ខាងក្រោមនេះ គឺជាវិធី ៨ យ៉ាងដែលអ្នកអាចបង្រៀនកូនរបស់អ្នកពីការខិតខំប្រឹងប្រែង និងការតាំងចិត្ត៖
1. សរសើរចំពោះការព្យាយាមធ្វើច្រើនជាងការសម្រេចសមិទ្ធិផល
ជាធម្មតា កុមារនឹងចង់បន្តសកម្មភាពដែលគាំទ្រដោយវិជ្ជមានដោយមនុស្សពេញវ័យនៅជុំវិញពួកគេ។ ប្រសិនបើពួកគេត្រូវបានសរសើរសម្រាប់ការរុញរទេះបានល្អជាងពួកគេខំប្រឹងយ៉ាងខ្លាំង ប៉ុន្តែមិនអាចតោងលេងលើរបាដែកបាន ពួកគេកំពុងរៀនលទ្ធផលប្រសើរមួយពីការធ្វើអ្វីដែលងាយស្រួលសម្រាប់ពួកគេ។ អ្នកត្រូវសរសើរកូនពេលដែលគេព្យាយាមហើយតែមិនបានសម្រេច ឬពេលដែលអ្នកឃើញគេកំពុងអនុវត្តជំនាញណាមួយម្ដងហើយម្ដងទៀត។ វិធីនេះនឹងជួយកូនរបស់អ្នកឱ្យខំព្យាយាម និងអនុវត្តឱ្យបានកាន់តែច្រើន។
2. ការសរសើរច្បាស់លាស់
ការនិយាយ “ល្អណាស់!” “ធ្វើបានល្អ!” មិនអាចឱ្យកូនអ្នកនូវព័ត៌មានសំខាន់ទេ ពួកគេត្រូវការសកម្មភាពរបស់ពួកគេដើម្បីរៀន។ ពេលដែលអ្នកសរសើរកូនរបស់អ្នក ត្រូវប្រាប់គេឱ្យច្បាស់ពីអ្វីដែលអ្នកឃើញ និងអ្វីដែលអ្នកចូលចិត្តឱ្យគេបន្តទៀតនៅពេលអនាគត។
“កូនខំព្យាយាមក្នុងការស្រាវជ្រាវ និងសរសេរសៀវភៅរបាយការណ៍របស់កូន! ម៉ាក់/ប៉ាគិតថាវាល្អណាស់ដែលកូនបានកត់ត្រាពេលដែលកូនបានអាននោះកូននឹងចាំនូវព័ត៌មានសំខាន់ដែលកូនចង់ដាក់បញ្ចូលក្នុងរបាយការណ៍របស់កូន។”
ការសរសើរដោយចំៗ ជាពិសេសការសរសើរសម្រាប់ការព្យាយាមក្នុងកិច្ចការច្បាស់លាស់ណាមួយ អនុញ្ញាតឱ្យកូនរបស់អ្នកដឹងថាអ្នកសង្កេតមើលពួកគេពេលដែលពួកគេកំពុងធ្វើកិច្ចការណាមួយប្រកបដោយការខិតខំប្រឹងប្រែង។
3. មិនត្រូវមើលងាយកូនរបស់អ្នកទេ
រាល់សកម្មភាពទាំងអស់សុទ្ធតែមាន “អាយុសមរម្យ” ប៉ុន្តែ ក្នុងនាមជាឪពុកម្ដាយ ជួលកាលយើងភ្លេចក្នុងការថ្លឹងថ្លែងថាវាគ្រប់គ្រាន់ពេលដែលកូនកាន់តែធំទៅៗ។ មានឪពុកម្ដាយមួយចំនួនមើលស្រាលលើសមត្ថភាពកូនរបស់ពួកគេ។ មុននឹងចូលកាត់ចង្វាក់ពេលដែលកូនកំពុងធ្វើអ្វីមួយ អ្នកត្រូវនៅឱ្យស្ងៀមសិន (លុះត្រាតែស្ថានភាពនោះគ្រោះថ្នាក់ ទើបអ្នកអាចចូលជួយបាន) ហើយអ្នកត្រូវសួរខ្លួនឯងថា វាជាអ្វីដែលកូនរបស់អ្នកប្រហែលជាអាចធ្វើបាន ឬក៏ប្រសិនបើគេអាចធ្វើបានដោយបំណែកខ្លះ។ ត្រូវចាំថា វាអាចធ្វើឱ្យកូនរបស់អ្នកមានទំនុកចិត្ត និងជំនឿ ដោយការស្វែងរកវិធីជួយពួកគេក្នុងការសម្រេចគោលដៅ ជាជាងចូលជួយពួកគេទាំងកណ្ដាលទី។
4. បង្រៀនកូនជាជាងការធ្វើតែម្នាក់ឯង
ការងារបង្រៀនកូនៗ គឺត្រូវជួយបង្កើន និងសំលៀងជំនាញនានាដែលកូនមានឱ្យកាន់តែច្បាស់ជាងមុន។ ជំនួសឱ្យការចូលទៅជួយជួសជុលរបស់អ្វីមួយ ឬបញ្ចប់ការងារជំនួសគេពេលដែលកូនរបស់អ្នកកំពុងតស៊ូដោះស្រាយ អ្នកត្រូវសួរខ្លួនឯងថាតើឧបករណ៍អ្វី គំនិតមួយណា ឬឆន្ទៈណាដែលអាចជួយកូនរបស់អ្នកឱ្យបញ្ចប់នូវអ្វីដែលគេកំពុងព្យាយាមធ្វើ។
អ្នកត្រូវពិចារណាថា ប្រសិនបើកូនរបស់អ្នកកំពុងព្យាយាមពាក់ខ្សែក្រវ៉ាត់ឡាន ប៉ុន្តែគេមិនអាចចុចបិទគន្លឹះទំពក់នោះទាល់តែសោះ ព្រោះតែវាទាក់នឹងអាវរបស់គេ។
ការឆ្លើយតបដែលមិនគួរឆ្លើយ៖ “មកនេះ ចាំម៉ាក់/ប៉ាដាក់ឱ្យ។”
ការធ្វើនេះបង្ហាញទៅកាន់កូនរបស់អ្នកថាអ្នកមិនគិតថាគេអាចពាក់ខ្សែក្រវ៉ាត់កៅអីអង្គុយនោះបានដោយខ្លួនឯងទេ។
ការឆ្លើយតបដែលអាចទទួលយកបានគួរសម៖ “កូនត្រូវដកអាវចេញជាមុនសិនដើម្បីដាក់គន្លឹះបាន។”
អ្នកអាចសម្គាល់បញ្ហារបស់កូនជាមុន និងប្រាប់ពួកគេពីរបៀបដោះស្រាយបញ្ហានោះ។
ការឆ្លើយតបល្អ៖ “មើលទៅមើលថាតើអាវរបស់កូនមានបាំងគន្លឹះខ្សែក្រវ៉ាត់ឬក៏អត់? កូនមិនអាចដាក់គន្លឹះខ្សែក្រវ៉ាត់បានទេប្រសិនបើមានអីបាំងវានោះ។”
អ្នកអាចសម្គាល់ពីបញ្ហាសម្រាប់កូន ប៉ុន្តែ អនុញ្ញាតឱ្យគេស្វែងយល់ពីវិធីដោះស្រាយវាដោយខ្លួនឯង។
ការឆ្លើយតបដ៏ល្អ៖ “ម៉ាក់គិតថាកូនកំពុងមានបញ្ហាជាមួយការដាក់ខ្សែក្រវ៉ាត់កៅអីហើយ។ កូនគួរតែមើលខ្សែក្រវ៉ាត់នោះឱ្យជិតថាតើមានអ្វីបាំងវាមិនឱ្យកូនដាក់គន្លឹះខ្សែក្រវ៉ាត់បានទាល់តែសោះនោះ។”
បង្រៀនកូនឱ្យចេះសង្កេតមើលឱ្យច្បាស់ពីការសម្គាល់បញ្ហា បន្ទាប់មកទៀតជំរុញពួកគេឱ្យព្យាយាមស្វែងរកវិធីដោះស្រាយបញ្ហាដោយខ្លួនឯង។
5. ត្រូវមានការអត់ធ្មត់
មែនហើយ វាអាចនឹងចំណាយពេលច្រើនសម្រាប់កូនរបស់អ្នកដើម្បីធ្វើអ្វីមួយដោយខ្លួនឯងជាជាងការដែលអ្នកធ្វើវាជំនួសពួកគេ។ ប៉ុន្តែ ប្រសិនបើគេមិនចាប់ផ្ដើមអនុវត្តក្នុងកិច្ចការនេះដោយខ្លួនឯងទេ នោះគេនឹងមិនអាចធ្វើវាបានប្រសើរ ឬលឿនជាងមុននោះឡើយ។ អ្នកក៏ត្រូវចាំថា រាល់ពេលដែលអ្នកចូលទៅជួយពួកគេ នោះក៏ដូចជាអ្នកកំពុងផ្ដល់សញ្ញាថាអ្នកមិនជឿលើសមត្ថភាពរបស់ពួកគេឡើយ។ កូនរបស់អ្នកចង់បានក្ដីស្រឡាញ់ ការអនុញ្ញាត និងជំនឿពីលោកអ្នកជាងអ្វីៗទាំងអស់។ ដូចនេះហើយអ្នកត្រូវជឿលើពួកគេ! ឧទាហរណ៍ កូនកំពុងព្យាយាមបិទឡេវអាវ អ្នកត្រូវរង់ចាំដោយអត់ធ្មត់ និងជួយជំរុញទឹកចិត្តគេពីក្រោយថាគេប្រាកដជាអាចបិទឡេវអាវបានដោយខ្លួនឯង។ ពេលដែលគេអាចបិទឡេវអាវដោយខ្លួនឯងហើយ នោះគេនឹងបង្ហាញទឹកមុខសប្បាយ និងមានមោទនភាពចំពោះការបញ្ចប់កិច្ចការដោយខ្លួនឯង។
6. អនុញ្ញាតឱ្យគេបរាជ័យចុះ
មិនមានអ្នកចង់ឃើញកូនទទួលបរាជ័យនោះទេ ប៉ុន្តែ សូម្បីតែភាពបរាជ័យនេះក៏អាចជាបទពិសោធន៍រៀនសូត្រដ៏សំខាន់សម្រាប់កូនរបស់អ្នកផងដែរ។ វាក៏ជាពេលសំខាន់មួយរវាងអ្នក និងកូនរបស់អ្នក។ អនុញ្ញាតឱ្យគេបង្កើតកំហុស និងបន្ទាប់មកទៀតត្រូវនិយាយពីកំហុស និងចំណុចត្រូវកែលំអ។
អ្នកត្រូវឱ្យគេដឹងថាអ្នកមានមោទនភាពចំពោះពួកគេទៅលើការខិតខំប្រឹងប្រែងស្វែងរកអ្វីដែលពិបាក ឬថ្មី និងត្រូវប្រាកដថាអ្នកប្រើការសរសើរច្បាស់លាស់ចំពោះការខិតខំរបស់ពួកគេ។
ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍ម៉ួម៉ៅ អ្នកអាចរំលឹកពួកគេថា គ្មានអ្នកណាចាប់ផ្ដើមដោយការដឹងថាត្រូវធ្វើអ្វីមួយដោយមិនចាំបាច់អនុវត្តជាមុននោះឡើយ។ ពេលខ្លះ វាក៏មានប្រយោជន៍ក្នុងការប្រើឧទាហរណ៍បែបកំប្លែងៗ ដូចជា “តើនីតាចេះដើរតាំងពីកើតមកមែនទេ? ទេៗ! នាងត្រូវអនុវត្តជាមុនសិន។ កូនចាំទេថានាងបានដើរដួលជាញឹកញាប់នោះ! ប៉ុន្តែ យើងមិនបោះបង់ឡើយ! យើងនៅតែព្យាយាមជួយនាងក្នុងការអនុវត្តរាល់ពេល ហើយនាងក៏អាចដើរបានដូចរាល់ថ្ងៃ។”
5. ផ្លាស់ប្ដូរបរិយាកាសតានតឹងឱ្យទៅជាហ្គេម
ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍មួម៉ៅ និងចង់បោះបង់ចោល ពេលខ្លួនអ្នកដែលជាឪពុកម្ដាយក៏អាចចូលជួយដោយព្យាយាមធ្វើឱ្យមានភាពច្នៃប្រឌិដ្ឋដើម្បីរក្សាការកំពុងព្យាយាមធ្វើអ្វីមួយរបស់កូននោះក្លាយជាការរៀនសូត្រដ៏សប្បាយ។ តើកូនរបស់អ្នកកំពុងមួម៉ៅរាល់ពេលដែលត្រូវសម្អាតបន្ទប់គេងមែនទេ? អ្នកត្រូវបង្រៀនគេពីភាពច្នៃប្រឌិដ្ឋ និងការតាំងចិត្តបន្តិចបន្តួចដោយផ្លាស់ប្ដូរកិច្ចការនោះទៅជាកម្មវិធីប្រកួតសម្អាតបន្ទប់អូឡាំពិក ដែលមានដូចជាការសម្អាតបាល់កខ្វក់ ការប្រកួតបត់ខោអាវ និងការប្រកួតរៀបចំគ្រែ។ ជួលកាល ការលេងសើច និងសំណើចតិចៗអាចជួយកូនអ្នកបង្កើនភាពចង់បញ្ចប់ការងារដោយជោគជ័យ។
6. ធ្វើជាគំរូឱ្យកូនមើល
អ្នកកំពុងបង្រៀនកូនអ្នកដោយផ្ដល់ជាគំរូជារៀងរាល់ថ្ងៃ មិនថាអ្នកបានសម្គាល់ ឬក៏អត់នោះទេ។ ការធ្វើកិច្ចការផ្សេងៗយ៉ាងម៉ត់ចត់ ឬមានការតាំងចិត្តខ្ពស់ដោយចេតនា អាចបង្រៀនពួកគេថាសូម្បីតែមនុស្សធំក៏ត្រូវសម្រេចគោលបំណងផងដែរ។
7. និយាយពីអ្វីដែលអ្នកត្រូវព្យាយាមធ្វើ
និយាយទៅកាន់កូនរបស់អ្នកពីអ្វីដែលបានកើតឡើងចំពោះអ្នកនៅថ្ងៃនេះពេលដែលអ្នកគិតថាអ្នកនឹងបោះបង់ចោល ប៉ុន្តែ ក៏សម្រេចចិត្តធ្វើវាបន្តជាថ្មី។ អ្នកត្រូវប្រាប់គេពីកំហុសដែលអ្នកបានធ្វើ និងពីវិធីដែលអ្នកបានដោះស្រាយដើម្បីទទួលបានលទ្ធផលប្រសើរឡើង។ អ្នកត្រូវប្រាប់កូនៗពីអ្វីដែលពិបាកសម្រាប់អ្នកក្នុងការសម្រេចសមិទ្ធិផល។ លើកទឹកចិត្តកូនឱ្យនិយាយមកកាន់អ្នកពីអ្វីដែលកើតមានឡើង និងការខិតខំប្រឹងប្រែងនៅក្នុងជីវិតពួកគេ។ កិច្ចសន្ទនាទាំងនេះជួយបណ្ដុះការគិតនានានៅក្នុងការឧស្សាហ៍ព្យាយាម និងការតាំងចិត្ត។
8. អានសៀវភៅ
សៀវភៅអាចជាឧបករណ៍ដ៏មានអានុភាពមួយក្នុងការបង្រៀនកូនៗពីមេរៀនជីវិត។ វាផ្ដល់ឱ្យកូនៗនូវឱកាសដែលទាក់ទងនឹងការរៀនសូត្រពីអាកប្បកិរិយា និងមើលឃើញពីគុណតម្លៃនៃការអនុវត្តនៅក្នុងវិធីសាស្ត្រងាយយល់។ ក្នុងនោះដែរ មានសៀវភៅជាច្រើនដែលទាក់ទងនឹងការបង្រៀនពីការតាំងចិត្ត និងភាពឧស្សាហ៍ព្យាយាម មានដូចជា The Most Magnificent Thing ដោយ Ashely Spires, Flight School ដោយ Lita Judge, Little One Step ដោយ Simon Jame និង Thank You, Mr. Falker ដោយ Patricia Palacco ជាដើម។
ចំពោះអ្នកវិញ តើអ្នកមានវិធីសាស្ត្រអ្វីក្នុងការបង្រៀនកូនឱ្យមានភាពឧស្សាហ៍ព្យាយាម និងមានការតាំងចិត្តដែរឬទេ?
ប្រភពអត្ថបទ៖ Teaching Hard Work & Determination