គន្លឹះដើម្បីទទួលបានជោគជ័យសម្រាប់ថ្នាក់បឋមសិក្សា
ទម្លាប់ល្អ
កុមារទទួលបានអត្ថប្រយោជន៍ពីការចូលគេង និងភ្ញាក់ពីគេងទៀងម៉ោង។ កុមារត្រូវញ៉ាំអាហារពេលព្រឹកដែលជាអាហារដ៏សំខាន់សម្រាប់ការចាប់ផ្ដើមនៃថ្ងៃថ្មី។ ប្រសិនបើពួកគេចំណាយពេលយូរក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលត្រូវស្លៀកពាក់ និងរៀបចំកាតាបនៅពេលព្រឹក នោះលោកអ្នកគួរតែណែនាំឱ្យពួកគេទម្លាប់រៀបចំកិច្ចការទាំងនោះនៅពេលយប់មុនពេលចូលគេងដើម្បីកុំឱ្យមានភាពរាំងស្ទះនៅពេលព្រឹក។ មួយវិញទៀត ការទម្លាប់ធ្វើកិច្ចការផ្ទះដែលគ្រូបានដាក់ឱ្យនៅថ្ងៃតែមួយពិតជាមានសារសំខាន់ក្នុងការបណ្ដុះជំនាញសិក្សា។
ធ្វើកិច្ចការផ្ទះបានដោយខ្លួនឯង
ពេលដែលសិស្សអាចអានប្រធានចោទនៃកិច្ចការផ្ទះរបស់ពួកគេ នោះពួកគេប្រាកដជាអាចធ្វើកិច្ចការនោះបានដោយខ្លួនឯងផងដែរ។ សិស្សប្រហែលជាអាចរកជំនួយព្រោះពួកគេចូលចិត្តឱ្យឪពុកម្ដាយខ្វល់ខ្វាយពីពួកគេ ប៉ុន្តែទង្វើនេះអាចធ្វើឱ្យពួកគេតែងតែសួររកជំនួយជានិច្ច តែការពិតពួកគេមិនត្រូវការជំនួយទាល់តែសោះ។ នៅពេលដែលកូនៗធ្វើកិច្ចការផ្ទះដោយមិនចាំបាច់រំឭក និងអាចធ្វើដោយខ្លួនឯងផ្ទាល់ នោះហើយជាពេលដែលលោកអ្នកត្រូវទទួលស្គាល់ពីភាពឯករាជ្យរបស់ពួកគេ។
គិតគូរវែងឆ្ងាយ
កុមារដែលមានគោលដៅវែងឆ្ងាយច្រើនតែចូលចិត្តរៀនសូត្រ។ ការកំណត់គោលដៅវែងឆ្ងាយជាមួយនឹងកូនអាចជួយភ្ជាប់សកម្មភាពបច្ចុប្បន្ន និងអនាគត។ វាមិនលឿនពេកទេដែលលោកអ្នកត្រូវតែឱ្យពួកគេគិតពីការអភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលានោះ។ ការប្រើពេលវេលាដោយភាពឆ្លាតវ័យដោយបញ្ចប់កិច្ចការផ្ទះ និងកិច្ចការផ្សេងៗទៀតបានឆាប់រហ័សអាចធ្វើឱ្យកុមារមានពេលវេលាច្រើនក្នុងការកម្សាន្ត។
មានឥរិយាបទត្រឹមត្រូវក្នុងការសិក្សា
ឥរិយាបទរបស់មនុស្សមានឥទ្ធិពលល្អ និងអាក្រក់ដល់ភាពជោគជ័យរបស់គេ។ ឪពុកម្ដាយដែលមានឥរិយាបទល្អ និងត្រឹមត្រូវចំពោះការសិក្សា និងសាលារៀនអាចធ្វើឱ្យកូនៗរបស់ពួកគេមានភាពរីករាយផងដែរ។ មួយវិញទៀត ចិត្តរបស់ពួកគេក៏អាចនឹងត្រូវប៉ះពាល់ដោយឪពុកម្ដាយរបស់ពួកគេដែលមានភាពមិនសប្បាយចិត្តចំពោះគ្រូ ឬសាលាផងដែរ។ ការបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការសិក្សារបស់កូនដោយការសួរសំណួរអាចបង្កើនទឹកចិត្ត និងឥរិយាបទក្នុងការសិក្សា។
ភ្ជាប់ទំនាក់ទំនងជាមួយគ្រូ
ការបង្កើតទំនាក់ទំនងជាមួយនឹងគ្រូរបស់កូនអាចជួយអ្នកស្វែងយល់ថាតើកូនរបស់អ្នកយ៉ាងម៉េចនៅសាលា ហើយតើអ្នកអាចជួយពួកគេបានយ៉ាងម៉េចនៅផ្ទះ។ ព្យាយាមជួបគ្រូបង្រៀនរបស់ពួកគេប្រហែលជាពីរទៅបីនាទីនៅដើមឆ្នាំសិក្សា។ ការធ្វើការលក្ខណៈជាក្រុមជាមួយសាលាអាចធ្វើឱ្យអ្នកនិងកូនអ្នកទទួលបានចំណេះដឹង និងទំនាក់ទំនងយ៉ាងរលូន៕
អត្ថបទដើម៖ Tips for Elementary School Success