កុមារ និងសារសំខាន់នៃមិត្តភាព

on Tuesday, 26 September 2017. Posted in Parenting Tips, Activities

Traits Of Kids Whove Been Disciplined 640x400

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង​ចាំ​នូវ​មិត្ត​ដំបូង​បំផុត​របស់​យើង។ ពួកគេ​ជា​អ្នក​ដែល​យើង​ចង់​ជួប​ជាង​គេ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​នោះ ជា​អ្នក​ដែល​យើង​ចង់​ជួប​នៅ​ក្នុង​សាលា លេង​ជាមួយគ្នា​ដោយ​ភាព​ជឿ​ជាក់​ និង​សប្បាយ​រីករាយ។ សូម្បី​តែ​ឥឡូវ ខណៈ​យើង​ជា​មនុស្ស​ពេញ​វ័យ​ក៏​ដោយ មិត្តភក្ដិ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ តាំង​ពី​ការ​ចែក​រំលែក​បញ្ហា ការ​សួរ​រក​ដំបូន្មាន ការ​ចែក​រំលែក​សំណើច​ និង​ពេល​វេលា​ល្អៗ ការ​ចែក​រំលែក​ព្រឹត្តិការណ៍​ក្នុង​ជីវិត ព្រឹត្តិការណ៍​ដែល​មាន​មោទនភាព​បំផុត នោះ​មិត្ត​ភក្ដិ​របស់​យើង​ជួយ​កំណត់​ឱ្យ​យើង​ទៅ​វិញ​ទៅ​មក​ថា​យើង​ជា​នរណា។  

សម្រាប់​កុមារ​វិញ ការ​រាប់​អាន​មិត្ត គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​លូត​លាស់ និង​ផ្នែក​សំខាន់​មួយ​នៃ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​សង្គម និង​អារម្មណ៍។ លក្ខណៈ​សំខាន់​ផ្សេងៗ​ដូច​ជា ការ​យល់​ដឹង​ផ្នែក​ទំនាក់​ទំនង​សង្គម ការ​ចេះ​គិត​គូរ​ពី​អ្នក​ដទៃ ការ​គោរព​ខ្លួន​ឯង និង​ការ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​សុទ្ធ​តែ​ត្រូវ​បាន​រក​ឃើញ​ដោយ​មាន​ការ​ទាក់​ទង​នឹង​ការមាន​មិត្ត។ តាម​រយៈ​ការ​សិក្សា​មួយបាន​បង្ហាញ​ថា មិត្តភាព​អាច​ធ្វើ​ឱ្យកុមារ​មាន​សមត្ថភាព​ស្វែង​យល់​ពី​ខ្លួន​ឯង និង​អភិវឌ្ឍ​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន។ ជាង​នេះ​ទៀត ភាព​ចាស់​ទុំ​របស់​កុមារ មិត្តភក្ដិ​អាច​ជួយ​អ្នក​កាត់​បន្ថយ​ភាព​តាន​តឹង និង​ចង្អុរ​បង្ហាញ​ពី​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ ជា​ពិសេស​ក្នុង​អំឡុង​ពេល​យុវវ័យ។

ប៉ុន្តែ វា​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​ទំនាក់​ទំនង​សង្គម និង​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​មិត្តភក្ដិ​ក៏​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​លើ​សុខភាព​របស់​កុមារ​ផង​ដែរ។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា កុមារ​ដែល​លេង​ជាមួយ​មិត្តភក្ដិ​ដែល​សកម្ម​ញឹកញាប់​ហាក់​ដូច​ជា​មិន​មែន​ជា​បញ្ហា​ឡើយ​ពេល​ដែល​ពួកគេ​មិន​បាន​ធ្វើការ​ហាត់​ប្រាណ ឬ​ក៏​បញ្ចេញ​សកម្មភាព​ដែល​បង្ហាញ​ពី​ស្មារតី​ស្វាហាប់ ឬ​ខ្វះ​ភាព​សប្បាយ​រីករាយ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​មែន​ងាយ​ស្រួល​រហូត​ឡើយ​សម្រាប់​កុមារ​ក្នុង​ការ​ដឹង​ថា​គួរ​គ្រប់​គ្រង​មិត្តភាព​យ៉ាង​ដូច​ម្ដេច និង​ការ​សិក្សា​ថា​តើ​គួរ​រក្សា និង​រាប់អាន​មិត្ត​ថ្មី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំនាញ​ដែល​កុមារ​ត្រូវ​ការ​រៀន និង​អភិវឌ្ឍ។ សម្រាប់​កុមារ​ខ្លះ ជំនាញ​ទាំង​នោះ​មាន​ស្រាប់​សម្រាប់​ពួក​គេ ដែល​ធ្វើឱ្យ​ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ក្រុម​មិត្ត​ភក្ដិ ការ​ចែក​រំលែកបទ​ពិសោធន៍​ផ្ទាល់​ខ្លួន និង​ការ​បើក​ចិត្ត​ទទួល​មិត្ត​ថ្មី​ជា​ដើម។

សម្រាប់​មនុស្ស​ខ្លះ​ទៀត ការ​បង្កើត​មិត្តភាព​អាច​នឹង​ពិបាក​ក្នុង​ការ​ចាប់​ផ្ដើម។

វា​មាន​សារប្រយោជន៍​សម្រាប់​កុមារ​ដើម្បី​គ្រប់​គ្រង់ និង​បង្កើត​ទំនាក់​ទំនង​ដោយ​ខ្លួន​ឯង ទោះបី​ជា​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ចង់​ទទួល​ខុស​ត្រូវ ឬ​ជ្រៀតជ្រែក​ក៏​ដោយ។ ប៉ុន្តែ មាន​វិធី​ផ្សេង​ទៀត​ដែល​យើង​​អាច​ជួយ​កុមារ​ឱ្យចេះប​ង្កើត​មិត្តភាព ក្លាយជា​ក្មេង​ដែល​មាន​ភាព​ទុកចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន និង​ជួយ​ពួក​គេ​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ជំនាញ​សង្គម​របស់​ពួកគេ។

  • ជួយ​កូន​ឱ្យ​ចេះ​អភិវឌ្ឍ​ជំនាញ​សង្គម​វិជ្ជមាន​តាំង​ពី​តូច។ ជួយ​ពួកគេ​ឱ្យ​យល់​ពី​សារសំខាន់​នៃ​ការ​ចែក​រំលែក ការ​យល់ពី​អារម្មណ៍​របស់​អ្នក​ដទៃ និង​ការ​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ទាំង​នេះ​សុទ្ធ​តែ​អាច​ប្រើ​ដើម្បី​រៀប​ចំ​ឱកាស​សម្រាប់​កូន​របស់​អ្នក​ក្នុង​ការ​ជួយ​មនុស្ស​ប្លែកៗ​គ្នា​ជា​ច្រើន។
  • បង្ហាញ​កូន​របស់​អ្នក​ថា​តើ​មិត្តភាព​វា​យ៉ាងម៉េច​ដោយ​ឱ្យ​គេ​ឃើញ​ពី​អ្វី​ដែល​អ្នក​ប្រព្រឹត្ត​ទៅ​លើ​មិត្ត​ភក្ដិ​របស់​អ្នក។
  • ជួយ​កូនៗ​ឱ្យ​ចេះ​ស្វែង​យល់​ពី​កុមារ​ផ្សេង​ទៀត​ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រដៀង​គ្នា ដូច​ជា​តាម​រយៈ​ក្លឹប​ហែល​ទឹក ក្រុម​ទាត់​បាល់ ឬ​ក្រុម​សម្ដែង ដែល​កុមារ​អាច​ជ្រើសរើស​មិត្តភក្ដិ​ដោយ​អាស្រ័យលើ​ទម្លាប់ និង​ចំណង់ចំណូលចិត្ត​ស្រដៀង​គ្នា។
  • សម្រាប់​កុមារ​ធំៗ​ដែល​អាច​មាន​អារម្មណ៍​ខ្មាស់​អៀន ឬ​តាន​តឹង​វិញ​នោះ សូម​ចាប់​ផ្ដើម​បង្កើត​ការ​សន្ទនា​ឱ្យ​ពួក​គេ​ជាមួយ​អ្នក​ដទៃ និង​ការ​សម្ដែង​មួយ​ដែល​បង្ហាញ​ថា​ពួកគេ​នឹង​និយាយ​អ្វី​ទៅ​កាន់​អ្នក​ដទៃ។
  • ជួយ​ពួក​គេ​ឱ្យ​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ថ្មី ឬ​ជួយ​ពួក​គេ​ឱ្យ​ចេះ​បង្កើត​ភាព​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ស្ថានភាព​ប្រចាំថ្ងៃ។

មិត្តភាព​របស់​កុមារ​តែងតែ​មាន​ភាព​រង្គោះ​រង្គើ និង​សប្បាយ​រីករាយ។ ជួន​កាល អ្នក​ប្រហែល​ជា​ត្រូវ​ប្រឈម​មុខ​នឹង​កូន​ដែល​បែក​បាក់​ជាមួយ​មិត្តភក្ដិ។ ជម្លោះ​វិញ គឺ​ជា​ផ្នែក​ធម្មតា​មួយ​នៃ​មិត្តភាព ទោះ​បី​ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​សម្រាប់​កុមារ និង​មនុស្ស​វ័យ​ក្មេង​ក្នុង​ការ​គ្រប់គ្រង និង​យល់​ពី​វា។ ជួន​កាល​ ជម្លោះ​ទាំង​នេះ​មើល​ទៅ​ដូច​ជា​តូច​ទេ ប៉ុន្តែ វា​អាច​បំបាក់​ភាព​ជឿជាក់​របស់​កុមារ ហើយ​ធ្វើ​ឱ្យ​ពួក​គេ​បន្ទោស​ខ្លួន​ឯង​បាន។

ប្រសិន​បើ​កូន​អ្នក​ឈ្លោះ​ជាមួយ​មិត្តភក្ដិ សូម​រក​ពេល​និយាយ​ជាមួយ​ពួកគេ​ពី​អារម្មណ៍​របស់​ពួក​គេ និង​អារម្មណ៍​របស់​មិត្ត​គេ​យ៉ាង​ណា។ អ្នក​ត្រូវ​ផ្ដល់​យោបល់ និង​ជួយ​ពួក​គេឱ្យ​យល់​ថា​មិត្តភាព​តែងតែ​មាន​ភាព​រង្គោះរង្គើ​ខ្លះ​ហើយ។ អ្នក​ត្រូវ​ប្រាប់​ពួកគេ​ថា​ពួកគេ​ត្រូវ​ធ្វើអ្វី​ទៀត​ពេល​ដែល​ពួក​គេ​ត្រូវ​ចូល​រៀន​វិញ​នោះ។

ក្នុង​ការ​អប់រំ​ជីវិត យើង​ជួយ​កូនៗ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង ការ​គោរព​ខ្លួន​ឯង សារសំខាន់​នៃ​មិត្តភាព និង​ការ​ជួយ​គាំទ្រ និង​វិធីគ្រប់គ្រប់​ជម្លោះ​រវាង​មិត្ត និង​មិត្ត៕

អត្ថបទដើម៖ Children and the Benefits of Friendship

ជំនាញជីវិតសំខាន់ៗដើម្បីបង្រៀនកូនៗ

on Monday, 25 September 2017. Posted in Parenting Tips

teachersmotivate2

នៅក្នុង​ពិភព​ដែល​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស វិធី​ចិញ្ចឹម​កូនៗ​នឹង​ក្លាយ​ជា​បញ្ហា​ខុស​ប្លែក​គ្នា​ពី​វិធី​ដែល​ឪពុកម្ដាយ​យើង​ចិញ្ចឹម​យើង។ អ្វី​ដែល​ខុស​ប្លែកគ្នា​ច្រើន​អាច​ទាក់ទង​នឹង​តម្រូវ​ការ​ក្នុង​ការ​រៀប​ចំ​អនាគត​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​រស់​នៅ​ក្នុង​ពិភពលោក​ថាមវន្ដ និង​សាកល​ភាវូបនីយកម្ម​ជាង​មុន។ 

ក្នុង​ពន្លឺ​នៃ​អនាគត​បែប​ថាមវន្ដ និង​មិន​អាច​ទាយ​បាន​នោះ លោកអ្នក​ត្រូវ​ឱ្យ​កូនៗ​មាន​ជំនាញ​សំខាន់​ខាង​ក្រោម​ទាំង ៥ ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទោះបី​ជា​ពួកគេ​មាន​វ័យ​នៅ​តូចៗ​ក៏ដោយ។

1. វិធីគ្រប់គ្រងលុយកាក់

ដោយ​ផ្អែក​លើ​អាយុ​របស់​កូន​អ្នក អ្នក​ចាំបាច់​ត្រូវ​មាន​ជំនាញ ៣ សម្រាប់​បង្ហាញ​ពួក​គេ​ក្នុង​ការ​គ្រប់​គ្រង​លុយ​ដូច​ជា សន្សំ រក និង​ចំណាយ។

ជាទូទៅ មាន​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​ណែនាំ​ថា​អ្នកគួរ​តែ​ឱ្យ​កូនៗ​មាន​ទំនួល​ខុសត្រូវ​លើ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។ ចូរ​ឱ្យ​ពួកគេ​សិក្សា​ពី​ផលវិបាក​ដែល​ពួកគេ​ទទួល​បាន​ប្រសិន​បើ​ពួកគេ​ចាយ​លុយ​លើស​កម្រិត​ក្នុង​ពេល​ឥឡូវ ដើម្បី​ឱ្យ​ពួកគេ​ជៀសវាង​ក្នុង​ការ​ចាយ​លុយ​ខុស​ក្នុង​ឆ្នាំ​បន្ទាប់​ដើម្បី​ឱ្យ​ពួកគេ​យក​លុយ​ដែល​នៅ​សល់​ពី​ការ​ចាយ​វាយ​ប្រាក់​ប្រចាំ​របស់​ពួកគេ​សន្សំ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ ដែល​នេះ​មាន​ន័យ​ថា ពួកគេ​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ការ​ចំណាយ​ក្នុង​ដំណើរ​កម្សាន្ត។

2. វិធីដោះស្រាយជាមួយនឹងភាពតានតឹង (stress)

ភាព​តានតឹង​មិនមែន​សុទ្ធតែ​អាក្រក់​នោះ​ទេ។ មាន​ភាព​តាន​តឹង​ខ្លះ​បាន​ដើរ​តួ​ជា​អ្នក​ជម្រុញ​ទឹក​ចិត្ត​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ។ ពេល​ដែល​អ្នក​គ្រប់គ្រង​វា​មិន​បាន​ត្រឹម​ត្រូវ ភាព​តាន​តឹង​អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​។

អ្នកគួរ​តែណែនាំ​កូនៗ​ឱ្យ​ចេះ​ហាត់​ប្រាណ និង​ទទួលទាន​អាហារ​ផ្ដល់​នូវ​សុខភាព​ល្អ​ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​តបត​នឹង​ភាព​តាន​តឹង។ ត្រូវ​ព្យាយាម​ផ្ដល់​ឧទាហរណ៍​នៃ​គំនិត​ដ៏​វិជ្ជមាន​ជានិច្ច ព្រោះ​ចុងក្រោយ អ្វីៗ​នឹង​មាន​ភាព​ល្អ​ឡើង​វិញ ហើយ​បើ​ទោះ​បី​ជា​គ្មាន​ការ​បញ្ចប់​ដ៏​ល្អ​តាម​ការ​គិត​នោះ ក៏​មិន​មែន​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​ដែរ។

3. វិធីសម្របនឹងការផ្លាស់ប្ដូរ

នៅ​ក្នុង​ពិភព​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រហូត​នោះ ការ​ផ្លាស់​ប្ដូរ​ដូច​ជា​មាន​តែ​ការ​ប្រឈម​នឹង​ការ​រីក​លូត​លាស់​របស់​កូនៗ​តែ​ប៉ុណ្ណោះ។ តើ​យើង​គួរ​រៀប​ចំ​ពួក​គេ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពួកគេ​សម្រប​ខ្លួន​បាន​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ឥត​ឈប់ឈរ​នេះ?

ចម្លើយ​គឺ​សាមញ្ញ​បំផុត នោះ​គឺ​ការ​ដឹកនាំ​ដោយ​ឧទាហរណ៍។ ជា​ឧទាហរណ៍ ពេល​ដែលមាន​កាល​វិភាគ​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​ជៀស​មិន​រួច​កើត​ឡើង ត្រូវ​ឱ្យ​កូនៗ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នោះ។ មិន​ត្រូវ​ប្រតិកម្ម​ហួស​ហេតុ​ទេ​ពេល​កាល​វិភាគ​កិច្ចការ​ប៉ះពាល់​ដល់​គម្រោង​ប្រចាំថ្ងៃ​នោះ។ គេ​អាច​បង្ហាញ​ភាព​ខក​ចិត្ត​បាន តែ​ត្រូវ​តែ​រក​ដំណោះស្រាយ​ជា​ដាច់​ខាត។ ឧទាហរណ៍ អ្នក​អាច​និយាយ​ទៅ​កាន់​កូនៗ​ថា​ “ម៉ាក់​អត់​សូវ​សប្បាយ​ចិត្ត​សោះ​ដែល​ពិធី​ជប់លៀង​ត្រូវ​បាន​រំសាយ ហើយ​ម៉ាក់​ដឹង​ថា​ពួក​យើង​សុទ្ធ​តែ​រង់​ចាំ​ចូល​រួម​កម្មវិធី​នោះ។ ចឹង​ពួក​យើង​មើល​តុក្កតា ឬ​ទៅ​លេង​ទោង​បាន​ទេ?” ការ​ផ្ដល់​នូវ​ជម្រើស​ដល់​ពួកគេ​ក្នុង​ការ​ជ្រើស​រើស​អាច​អភិវឌ្ឍ​វិន័យ និង​ភាព​បត់បែន​តាម​កាលៈ​ទេសៈ។

ក្នុងនាម​ជា​ឪពុក​ម្ដាយ យើង​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​កូនៗ​ក្នុង​ការ​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ។ ជំនួស​ពីការ​ជជែក​វែកញែក​ពី​អ្វី​ដែល​កើត​ឡើង​ខុស​ពី​ការ​គ្រោង​ទុក ដោយ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត និង​ត្រូវ​ចង​ចាំ​ជានិច្ច​ក្នុង​ការ​ធ្វើ​ជា​គំរូ​ថា​វា​គ្មាន​អ្វី​កើត​ឡើង​ទេ​ពេល​ដែល​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ វា​គឺ​ជា​ការ​ឆ្លើយ​តប​របស់​យើង​ក្នុង​ការ​ផ្លាស់ប្ដូរ​ដើម្បី​កំណត់​ពី​ភាព​រីករាយ និង​សុភមង្គល​របស់​យើង។

4. វិធីបង្កើតនូវជម្រើសដ៏ត្រឹមត្រូវ

ដូច​ជំនាញ​ដែល​យើង​បាន​រៀបរាប់​ខាង​លើ កុមារ​អាច​ជ្រើសរើស​យក​នូវ​ទម្លាប់​ជា​អចិន្ត្រៃយ៍​ដោយ​ធ្វើ​ចុះ​ធ្វើ​ឡើង​ពី​អ្វី​ដែល​ពួក​គេ​សង្កេត​ក្នុង​ពេល​កំពុង​លូត​លាស់។ ទម្លាប់​ទាំង​នេះ​ក៏​អាច​ទាក់​ទង​នឹង​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ និង​ការ​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ 

ប្រសិន​បើ​កូន​អ្នក​ឃើញ​អ្នក​កំពុង​កាន់​ធុង​ការ៉េម​ទៅ​ញ៉ាំ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង វា​នឹង​ផ្ដល់​គំរូ​ដល់​កូន​អ្នក​ដើម្បី​ធ្វើ​រឿង​ដូច​គ្នា។ ដូច្នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​ខ្លួន​យើង​ផង និង​សម្រាប់​កូន​យើង​ផង។ ដើម្បី​បង្កើត​នូវ​ជម្រើស​អាហារ​ដ៏​មាន​សុខភាព​ល្អ​ដូច​ជា​ការ​ញ៉ាំ​ផ្លែឈើ​ជា​ជាង​ការ​ញ៉ាំ​នំ​ឃុកឃី។ ទម្លាប់ទាំង​នេះ​នឹង​ផ្ដល់​សញ្ញា​ថា​ផ្លែឈើ​ស្រស់ៗ​មាន​ឥទ្ធិពល​ល្អ​សម្រាប់​រាង​កាយ។ សរុប​មក​ នេះ​ជា​ទម្លាប់​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ទទួល​ទាន​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ​កាន់​តែ​ក្មេង កាន់​តែ​ល្អ​។

5. វិធីទទួលយកនូវភាពខុសប្លែកគ្នា

កុមារ​ម្នាក់ៗ​តែង​មាន​ការ​លូតលាស់​ក្នុង​តំបន់​ផ្សេងគ្នា ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​រូបរាង ពណ៌​សម្បុរ និង​ទម្លាប់​ខុស​គ្នា ដែល​អាច​ផ្ដល់​នូវ​ភាព​មិន​សូវ​មិន​ចុះ​សម្រុង​គ្នា ឬ​ក៏​បង្កើត​ជា​ភាព​ភ័យ​ខ្លាច​ភ្ញាក់​ផ្អើល​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។

ការ​បង្ហាញ​កូនៗ​តាំងពី​តូច​ពី​មនុស្ស​ជុំវិញ​ខ្លួន មិនថា​ពួកគេ​មាន​សាសនា​អ្វី ឬ​ក៏​មាន​សញ្ជាតិ​អ្វី និង​វប្បធម៌​បែប​ណា​នោះ​ទេ។ អ្នក​ត្រូវ​រំឭក​ពួក​គេ​ពី​សារសំខាន់​នៃ​ការ​បើក​ចិត្ត​ទូលាយ​ជានិច្ច។ មិនមែន​គ្រាន់​តែ​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​ខុស​ពី​យើង មាន​ន័យ​ថា​ពួកគេ​ខុស​នោះ​ឡើយ។ អ្នក​ត្រូវ​បង្ហាញ​ពួក​គេ​នូវ​ភាព​ខុស​ប្លែក​គ្នា​ដែល​អាច និង​គួរ​តែប្រព្រឹត្ត​យ៉ាង​ដូចម្ដេច។ ភាព​ខុស​ប្លែក​គ្នា គឺ​ជា​អ្វី​ដែលធ្វើ​ឱ្យ​ជីវិត​មាន​ភាព​ស្រស់​ស្អាត។

វា​ប្រហែល​ជា​ពិបាក​ដើម្បី​ឱ្យ​ជំនាញ​សំខាន់ៗ​ទាំង​នោះ​អាច​ឱ្យ​កូនៗ​របស់​យើង​ត្រូវ​ប្រើ​ក្នុង​ជីវិត​រ​បស់​ពួក​គេ ដោយ​យើង​អាច​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជំរុញ​ពួក​គេ​ឱ្យ​ចេះ​គ្រប់​គ្រង​ជីវិត​ដែល​មិន​អាច​ទាយ​បាន និង​ដំណើរ​ជីវិត​ដ៏​ស្រស់​ស្អាត​នា​ពេល​អនាគត៕

អត្ថបទដើម៖ Essential Life Skills to Impart Your Child

វិធីចិញ្ចឹមកូនឱ្យស្រឡាញ់ការសរសេរ

on Thursday, 14 September 2017. Posted in Parenting Tips, Activities

មាន​ឪពុក​ម្ដាយ​ជា​ច្រើន​ផ្ដោត​លើ​វិធីណា​ដែល​អាច​ឱ្យ​កូន​របស់​ពួកគេ​ចាប់​ផ្ដើម​​អាន​មុន​ដំបូង​បង្អស់​ ​ដោយ​សន្មត់​ថា​ជំនាញ​អក្ខរកម្ម​ផ្សេង​ទៀត ដូចជា​ការ​ស្វែងយល់​​ពី​វេយ្យាករណ៍ ការប្រកប និង​ការ​និយាយ​នឹង​ចាប់​ផ្ដើម​ដោយ​ស្វ័យប្រវត្តិ។ ឪពុក​ម្ដាយ​គួរ​តែ​ចាប់​ផ្ដើម​ណែនាំ​កូនៗ​ពួកគេ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការសរសេរ​ក្នុង​ពេល​ដែល​ពួកគេ​នៅ​វ័យ​តូចៗ​នៅ​ឡើយ។

GettyImages 581697287 56d79ae95f9b582ad5033932

1. តើក្មេងអាចចាប់ផ្ដើមរៀនសរសេរនៅអាយុប៉ុន្មាន?  

កុមារ​អាច​ចាប់​ផ្ដើម​សរសេរ​​នៅ​ពេល​ដែល​ពួកគេ​បាន​អភិវឌ្ឍ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា​អក្សរ​បាន​ខ្លាំង​ និង​មាន​សមត្ថភាព​អាច​សម្គាល់​សំឡេង​បាន ដែល​រួម​បញ្ចូល​នូវ​ចំណេះដឹង​ផ្នែក​សំឡេង (ដំបូង​ កណ្ដាល និង​បញ្ចប់) និង​ទិសដៅ​នៃ​អត្ថបទ (ពី​ឆ្វេង​ទៅ​ស្ដាំ)។ កុមារ​ក៏​អាច​យល់​ថា​អត្ថបទ​ដែល​ពួកគេ​អាន និង​សរសេរ​បញ្ជាក់​ពី​សារ​អ្វី​មួយ។

គ្មាន​រូបមន្ដ​ណាមួយ​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ត្រូវ​ចេះ​គ្រប់​មុខ​នោះ​ទេ។ ក្មេង​គ្រប់​រូប​មាន​វិធី​រៀន​ផ្សេងៗ​គ្នា​ ហើយ​នឹង​ត្រៀម​ខ្លួន​នៅ​ក្នុង​ដំណាក់​កាល​ផ្សេង​គ្នា។ អ្នក​មិន​ត្រូវ​ដាក់​សម្ពាធ​ដល់​កូន​ឱ្យ​សរសេរ​មុន​នឹង​ពួក​គេ​ត្រៀម​លក្ខណៈ​ក្នុង​ការ​សរសេរ​ដោយ​ខ្លួន​គេ​នោះ​ឡើយ។ វា​ពិត​ជា​សំខាន់​សម្រាប់​ឪពុក​ម្ដាយ​ដើម្បី​ដឹង​ថា​ការ​បង្កើត​កំហុស​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​រៀន​សរសេរ ដូច្នេះ កុំ​បង្អាក់​ទឹក​ចិត្ត​កូន​ក្នុង​ការ​ព្យាយាម​នោះ។

2. រវាង​អាន និង​សរសេរ តើ​មួយ​ណា​ត្រូវ​ធ្វើ​មុន?

ជា​ទូទៅ ការ​អាន និង​ការ​សរសេរ​កើត​ឡើង​ក្នុង​ពេល​ដំណាល​គ្នា។ ពេល​ដែល​កុមារ​រៀន​សូរ​ស័ព្ទ​សំឡេង​ដែល​តំណាង​ដោយ​អក្សរ​ណា​មួយ ពួក​គេ​កំពុង​ចាប់​ផ្ដើម​រៀន​អាន​ពាក្យ។

3. តើ​ជំនាញ​មូលដ្ឋាន​គ្រឹះ​ណា​ខ្លះ​ដែល​ចាំ​បាច់​សម្រាប់​ការ​សរសេរ?

ចំណុច​ទី ១ ដែល​ត្រូវ​ធ្វើ​នោះ គឺ​ឪពុក​ម្ដាយ​អាន​ឱ្យ​កូន​ស្ដាប់ ឬ​អាន​ជាមួយ​កូន។ ការ​អាន​នេះ​បង្ហាញ​កុមារ​ពី​អត្ថបទ និង​វិធី​ដែល​ពាក្យ​នីមួយៗ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​លក្ខខណ្ឌ​ណា​មួយ។ ការ​អនុវត្ត​ការ​ប្រើ​ជំនាញ​នៃ​ការ​ប្រើ​ចលនា​ក៏​មាន​សារ​សំខាន់​ផង​ដែរ ដូចជា​ការ​ចាប់​កាន់​ខ្មៅ​ដៃ​សរសេរ​ឱ្យ​បាន​ត្រឹម​ត្រូវ។ កុមារ​ត្រូវ​តែ​អភិវឌ្ឍ​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​ខ្មៅដៃ​ដើម្បី​ចាប់​ផ្ដើម​សរសេរ​អក្សរ ឬ​ពាក្យ។

4. តើមានវិធីអ្វីខ្លះក្នុងការលើកទឹកចិត្តកុមារឱ្យចូលចិត្តសរសេរ?

ការ​ផ្ដល់​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​ជួយ​កូនៗ​ចេះ​បំផុស​ការ​ស្រមើ​ស្រមៃ និង​គំនិត​ថា​ត្រូវ​សរសេរ​ពី​អ្វី។ ជាឧទាហរណ៍ អ្នក​អាច​រៀប​ចំ​គម្រោង​ទៅ​លេង​សួន ឬ​ឆ្នេរ​សមុទ្រ​ ហើយ​និយាយ​ជាមួយ​ពួក​គេ​ថា​តើ​ពួក​គេ​បាន​ស្រមៃ​ឃើញ​អ្វីខ្លះ និង​តើ​ការ​ស្រមើ​ស្រមៃ​នោះ​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា? បង្ហាញ​កូនៗ​ពី​ពាក្យ​ថ្មី​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ពណ៌នា​ពី​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ និង​លើក​ទឹកចិត្ត​ពួក​គេឱ្យ​ប្រើ​ពាក្យ​ទាំង​នោះ​ទៅ​សរសេរ​បើ​សិន​ជា​ពួក​គេ​ត្រៀម​ខ្លួន​ក្នុង​ការ​សរសេរ​ហើយ​នោះ។

ក្នុង​នាម​ជា​ឪពុក ឬ​ម្ដាយ អ្នក​គួរ​តែ​ធ្វើ​ជា​គំរូ​ក្នុង​ការ​សរសេរ​នៅ​ផ្ទះ​ជាមួយ​កូន។ ឱ្យ​ពួក​គេ​មើល​អ្នក​សរសេរ​ ហើយ​ពន្យល់​ថា​អ្នក​បាន​សរសេរ​អ្វី​ខ្លះ។ ឧទាហរណ៍ បង្ហាញ​ពួក​គេ​នូវ​បញ្ជី​គ្រឿង​ទេស​ដែល​ត្រូវ​ទិញ ឬ​ក៏​អាន​អត្ថបទ​ផ្នែក​ណា​មួយ​នៃ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​អ្នក។ សម្រាប់​កុមារ​ដែល​បាន​ចាប់​ផ្ដើម​សរសេរ​នូវ​ប្រយោគ​សាមញ្ញៗ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ព្យាយាម​សរសេរ​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ។ ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​សរសេរ​ដូច​តែង​សេចក្ដី​វែងៗ​នោះ​ទេ គឺ​គ្រាន់​តែសរសេរ​អត្ថបទ​ពីរ​បី​ប្រយោគ​ដើម្បី​បរិយាយ​ពី​ព្រឹត្តិការណ៍​ដែល​គួរ​ឱ្យ​ចង​ចាំ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ៕

អត្ថបទដើម  How to Raise a Child Who Loves Writing

សារសំខាន់នៃការសិក្សាអក្សរ និងលេខនៅថ្នាក់អប់រំកុមារតូច

on Thursday, 14 September 2017. Posted in Activities

Lyda and block math n letter

តើ​ការ​សិក្សា​អក្សរ និង​លេខ​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​កុមារ​តូចៗ?

យើង​ធ្លាប់​គិត​ដល់​ការ​សិក្សា​អក្សរ​ដែល​មាន​ជំនាញ​ដូចជា អាន និង​សរសេរ​នៅ​ពេល​ដែល​កូនៗ​របស់​យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀន។ បច្ចុប្បន្ន យើង​ទាំងអស់គ្នា​សុទ្ធតែ​យល់​ការ​សិក្សា​អក្សរ​ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភាសា​ដំបូង​របស់​ក្មេង​តូចៗ ដូចជា​ពួក​គេ​អាច​ស្គាល់​នូវ​អ្វី​ដែល​ពួក​គេ​ឮ អ្វី​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជុំវិញ​ខ្លួន ពួកគេ​អាច​រៀន​ទន្ទេញ ឬ​ថា​តាម​អ្វី​ដែល​ពួកគេ​បាន​ឮ ហើយ​បន្ទាប់​មក​ទៀត​នឹង​រៀន​តាម​សៀវភៅ រឿង​និទាន ទូរទស្សន៍ ឬ​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​បច្ចេកវិទ្យា​នានា។   

ការ​ស្ដាប់ ការ​មើល និង​ការ​និយាយ​អំពី​រូបភាព និង​ការ​គូរ​សញ្ញា​សម្គាល់​នៅ​លើ​ដី​ខ្សាច់ ឬ​ក្រដាស គឺ​ជា​ជំនាញ​នៃ​ការ​សិក្សា​អក្សរ​ដំបូង។ តន្រ្តី និង​ភ្លេង គឺ​ជាផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​យើង​ទាំង​អស់​គ្នា​ ហើយវា​ក៏​មាន​សារសំខាន់​ផង​ដែរ​នៅ​ក្នុង​ការអភិវឌ្ឍ​ជំនាញ​សិក្សា​អក្សរ និង​លេខ​ដំបូង។

ការ​សិក្សា​លេខ គឺជា​ការសិក្សា​ដែល​លើស​ពី​ការ​ចេះ​ត្រឹមតែ​បូក ដក គុណ ចែក និង​ការ​ប្រើ​លេខ។ ក្នុង​ការ​សិក្សា​​វ័យ​តូចៗ ការ​អភិវឌ្ឍ​ការ​សិក្សា​លេខ ឬ​គណិតវិទ្យា​ជាប់​ពាក់​ព័ន្ធ​នឹង​ទារក​ដែល​អាច​ឮ​ការ​ប្រើ​គណិតវិទ្យា​នៅ​ក្នុង​ការ​លេង​របស់​ពួកគេ​ដោយ​មាន​ការ​ច្រៀង​ចម្រៀង​លេខ ចម្រៀង​ដែល​មាន​ពាក្យ​ទាក់​ទង​នឹង​ការ​រៀប​ចំ ការ​វាស់ ឬ​ការ​ប្រៀប​ធៀប ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ជំនាញ​គណិតវិទ្យា​ដំបូង​ដែល​យើង​គួរ​ជំរុញ​កូនៗ​ឱ្យ​អភិវឌ្ឍ​វា។

ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​អក្សរ និង​លេខ​នៅ​វ័យតូចៗ​មាន​សារ​សំខាន់?

កុមារ​ដែល​មិន​រៀន​អាន សរសេរ និង​ធ្វើ​ទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្រិត​សិក្សា​ដំបូង​ទេ​នោះ​ ពួក​គេ​ច្រើន​តែ​ឆាប់​បោះ​បង់​ការ​សិក្សា​ចោល អាច​នឹង​គ្មាន​ការងារ​ធ្វើ​នា​ពេល​អនាគត ឬ​ទទួល​បាន​ការ​ងារ​ដែល​មាន​ជំនាញ​ទាប (ឧ. កម្មករ) មាន​សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​ខ្សោយ និង​អាច​ឈាន​ទៅ​ដល់​ការ​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ឬ​ក៏​អាច​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ជាប់​គុក​ជា​ដើម។ 

ភាព​ពិបាក​នៃ​ការ​សិក្សា​អក្សរ​ផ្សារ​ភ្ជាប់​ទៅ​ដល់​ការ​គេច​សាលា ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​សង្គម​ដូច​ជា​សេព​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​ញៀន​ជា​ដើម ចំណែក​ឯ​សុខភាព​វិញ​ក៏​មាន​ការ​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ និង​អាច​មាន​សុខភាព​ទ្រុឌទ្រោម​ជា​ដើម។ ផល​ប៉ះពាល់​ក្នុង​សង្គម​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ក​ផល​អវិជ្ជមាន​ដល់​សមិទ្ធិផល​របស់​កុមារ​ក្នុង​ការ​រស់​នៅ​ជា​មនុស្ស​ដ៏​មាន​សក្ដានុពល​ពេញ​លេញ​នោះទៀត​ផង។ 

ការ​អភិវឌ្ឍ​ទំនាក់​ទំនង និង​ជំនាញ​នៃ​ការ​ប្រើ​ភាសា​និយាយ​របស់​កុមារ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ភាសា និង​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​គំនិត និង​ភាសា​គណិតវិទ្យា​បាន​ឆាប់​រហ័ស។

ជា​ធាតុផ្សំ​នៃ​ការ​អប់រំ​ជា​លក្ខណៈ​មូលដ្ឋាន​សម្រាប់​ការ​សិក្សា​ដ៏​យូរ​អង្វែង ជំនាញ​អក្សរ ឬ​ភាសា គឺជា​គន្លឹះ​មួយ​ដែល​អាច​ពង្រឹង​សមត្ថភាព​របស់​មនុស្ស និង​ការ​ទទួល​បាន​សិទ្ធិ​នានា​ជាច្រើន​ទៀត។ សរុប​មក អក្សរ ឬភាសា និង​លេខ ឬ​គណិតវិទ្យា​នាំ​យក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​ត្រឹម​តែ​ដល់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំង​មូល​ផង​ដែរ៕

យោងតាម៖ French, G (2012) Early Literacy and Numeracy Matters: Enriching Literacy and Numeracy Experiences in Early Childhood. Dublin: Barnardos.

English version: The importance of literacy and numeracy in early childhood

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.