វិធីចិញ្ចឹមកូនឱ្យស្រឡាញ់ការសរសេរ
មានឪពុកម្ដាយជាច្រើនផ្ដោតលើវិធីណាដែលអាចឱ្យកូនរបស់ពួកគេចាប់ផ្ដើមអានមុនដំបូងបង្អស់ ដោយសន្មត់ថាជំនាញអក្ខរកម្មផ្សេងទៀត ដូចជាការស្វែងយល់ពីវេយ្យាករណ៍ ការប្រកប និងការនិយាយនឹងចាប់ផ្ដើមដោយស្វ័យប្រវត្តិ។ ឪពុកម្ដាយគួរតែចាប់ផ្ដើមណែនាំកូនៗពួកគេពីមូលដ្ឋានគ្រឹះនៃការសរសេរក្នុងពេលដែលពួកគេនៅវ័យតូចៗនៅឡើយ។
1. តើក្មេងអាចចាប់ផ្ដើមរៀនសរសេរនៅអាយុប៉ុន្មាន?
កុមារអាចចាប់ផ្ដើមសរសេរនៅពេលដែលពួកគេបានអភិវឌ្ឍមូលដ្ឋានគ្រឹះនៃការសិក្សាអក្សរបានខ្លាំង និងមានសមត្ថភាពអាចសម្គាល់សំឡេងបាន ដែលរួមបញ្ចូលនូវចំណេះដឹងផ្នែកសំឡេង (ដំបូង កណ្ដាល និងបញ្ចប់) និងទិសដៅនៃអត្ថបទ (ពីឆ្វេងទៅស្ដាំ)។ កុមារក៏អាចយល់ថាអត្ថបទដែលពួកគេអាន និងសរសេរបញ្ជាក់ពីសារអ្វីមួយ។
គ្មានរូបមន្ដណាមួយបញ្ជាក់ថាមនុស្សម្នាក់ត្រូវចេះគ្រប់មុខនោះទេ។ ក្មេងគ្រប់រូបមានវិធីរៀនផ្សេងៗគ្នា ហើយនឹងត្រៀមខ្លួននៅក្នុងដំណាក់កាលផ្សេងគ្នា។ អ្នកមិនត្រូវដាក់សម្ពាធដល់កូនឱ្យសរសេរមុននឹងពួកគេត្រៀមលក្ខណៈក្នុងការសរសេរដោយខ្លួនគេនោះឡើយ។ វាពិតជាសំខាន់សម្រាប់ឪពុកម្ដាយដើម្បីដឹងថាការបង្កើតកំហុស គឺជាផ្នែកដ៏សំខាន់មួយនៃការរៀនសរសេរ ដូច្នេះ កុំបង្អាក់ទឹកចិត្តកូនក្នុងការព្យាយាមនោះ។
2. រវាងអាន និងសរសេរ តើមួយណាត្រូវធ្វើមុន?
ជាទូទៅ ការអាន និងការសរសេរកើតឡើងក្នុងពេលដំណាលគ្នា។ ពេលដែលកុមាររៀនសូរស័ព្ទសំឡេងដែលតំណាងដោយអក្សរណាមួយ ពួកគេកំពុងចាប់ផ្ដើមរៀនអានពាក្យ។
3. តើជំនាញមូលដ្ឋានគ្រឹះណាខ្លះដែលចាំបាច់សម្រាប់ការសរសេរ?
ចំណុចទី ១ ដែលត្រូវធ្វើនោះ គឺឪពុកម្ដាយអានឱ្យកូនស្ដាប់ ឬអានជាមួយកូន។ ការអាននេះបង្ហាញកុមារពីអត្ថបទ និងវិធីដែលពាក្យនីមួយៗត្រូវបានប្រើក្នុងការលក្ខខណ្ឌណាមួយ។ ការអនុវត្តការប្រើជំនាញនៃការប្រើចលនាក៏មានសារសំខាន់ផងដែរ ដូចជាការចាប់កាន់ខ្មៅដៃសរសេរឱ្យបានត្រឹមត្រូវ។ កុមារត្រូវតែអភិវឌ្ឍសមត្ថភាពនៃការប្រើប្រាស់ខ្មៅដៃដើម្បីចាប់ផ្ដើមសរសេរអក្សរ ឬពាក្យ។
4. តើមានវិធីអ្វីខ្លះក្នុងការលើកទឹកចិត្តកុមារឱ្យចូលចិត្តសរសេរ?
ការផ្ដល់បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ គឺពិតជាសំខាន់ក្នុងការជួយកូនៗចេះបំផុសការស្រមើស្រមៃ និងគំនិតថាត្រូវសរសេរពីអ្វី។ ជាឧទាហរណ៍ អ្នកអាចរៀបចំគម្រោងទៅលេងសួន ឬឆ្នេរសមុទ្រ ហើយនិយាយជាមួយពួកគេថាតើពួកគេបានស្រមៃឃើញអ្វីខ្លះ និងតើការស្រមើស្រមៃនោះធ្វើឱ្យពួកគេមានអារម្មណ៍យ៉ាងណា? បង្ហាញកូនៗពីពាក្យថ្មីដើម្បីជួយពួកគេក្នុងការពណ៌នាពីអ្វីដែលពួកគេបានជួបប្រទះ និងលើកទឹកចិត្តពួកគេឱ្យប្រើពាក្យទាំងនោះទៅសរសេរបើសិនជាពួកគេត្រៀមខ្លួនក្នុងការសរសេរហើយនោះ។
ក្នុងនាមជាឪពុក ឬម្ដាយ អ្នកគួរតែធ្វើជាគំរូក្នុងការសរសេរនៅផ្ទះជាមួយកូន។ ឱ្យពួកគេមើលអ្នកសរសេរ ហើយពន្យល់ថាអ្នកបានសរសេរអ្វីខ្លះ។ ឧទាហរណ៍ បង្ហាញពួកគេនូវបញ្ជីគ្រឿងទេសដែលត្រូវទិញ ឬក៏អានអត្ថបទផ្នែកណាមួយនៃកំណត់ត្រាប្រចាំថ្ងៃរបស់អ្នក។ សម្រាប់កុមារដែលបានចាប់ផ្ដើមសរសេរនូវប្រយោគសាមញ្ញៗ អ្នកត្រូវលើកទឹកចិត្តពួកគេឱ្យព្យាយាមសរសេរជាកំណត់ត្រាប្រចាំថ្ងៃ។ ពួកគេមិនចាំបាច់ត្រូវសរសេរដូចតែងសេចក្ដីវែងៗនោះទេ គឺគ្រាន់តែសរសេរអត្ថបទពីរបីប្រយោគដើម្បីបរិយាយពីព្រឹត្តិការណ៍ដែលគួរឱ្យចងចាំរបស់ពួកគេតែប៉ុណ្ណោះ៕
អត្ថបទដើម How to Raise a Child Who Loves Writing