Articles tagged with: children

ហេតុអ្វីបានជាគណិតវិទ្យាមានសារសំខាន់សម្រាប់កុមារក្នុងការសិក្សា?

on Wednesday, 05 April 2017. Posted in Activities

9331

កុមារ​ជា​ច្រើន​សួរ​គ្រូ​របស់​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​ការ​រៀន​ទ្រឹស្ដី​គណិតវិទ្យា និង​ជំនាញ​គណិតវិទ្យា​មាន​សារសំខាន់។ ពេល​ដែល​ឪពុក​ម្ដាយ​ក្មេងៗ​ជួយ​កូនៗ​ធ្វើ​លំហាត់​គណិតវិទ្យា ពួក​គាត់​ក៏​មាន​ចម្ងល់​ដូច​គ្នា​ដែរ។ លោក Mark H. Karwan ព្រឹទ្ធ​បុរស​ផ្នែក​វិស្វកម្ម និង​វិទ្យាសាស្ត្រ​ពិត នៃ​សាកលវិទ្យាល័យ​បាហ្វាឡូ បាន​ឱ្យ​ដឹង​ថា ភាព​វិជ្ជមាន ឬ​អវិជ្ជមាន​អាច​ជា​ឥទ្ធិពល​ដល់​ការ​សម្ដែង​ចេញ​របស់​កុមារ​ពី​គណិតវិទ្យា។ អ្នក​ត្រូវ​ជម្រុញ​កូនៗ​ឱ្យ​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​លើ​មុខវិជ្ជា​នេះ នោះ​ពួកគេ​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ជីវិត និង​មុខរបរ​នាពេល​អនាគត​របស់​ពួកគេ។

បង្រៀនពីការគិតបែបតក្កៈ និងត្រឹះរិះ

គណិតវិទ្យា​បង្រៀន​ពី​តក្កភាព និង​ភាព​តាម​លំដាប់។ អ្នក​អាច​រំពឹង​ទុក​ពី​ផល​ស្មើ​របស់​គណិតវិទ្យា​ថា​នឹង​មាន​លទ្ធផល​តាម​ការ​គិត​ទុក និង​ជំហាន​នានា​ដែល​ត្រូវ​អនុវត្ត​ដើម្បី​បង្ហាញ​ពី​លទ្ធផល​នោះ។ វិន័យ​នៃ​ការ​គិត​ដែល​កុមារ​អភិវឌ្ឍ​ក្នុង​ថ្នាក់​រៀន​គណិតវិទ្យា​អាច​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ មាន​ក្រុម​ហ៊ុន​ជា​ច្រើន ជាពិសេស​ក្នុង​របរ​ធុរកិច្ច​មួយ​ចំនួន​យល់​ច្បាស់​ពី​បញ្ហា​នេះ ពួកគេ​នឹង​ជួល​បុគ្គលិក​ណា​ដែល​ធ្លាប់​ជា​សិស្ស​ពូកែ​មុខវិជ្ជា​គណិតវិទ្យា​ដែល​មាន​សមត្ថភាព​គិត​បាន​រហ័ស។ គណិតវិទ្យា​ក៏​អាច​ផ្ដល់​ឱ្យ​សិស្ស​នូវ​យាន​ក្នុង​ជំនាញ​នៃ​ការ​គិត​បែប​ស្មុគ្រស្មាញ​តាម​រយៈ​ការ​អនុវត្ត និង​ចម្រាញ់។ ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ​ដែល​បង្ហាញ​ពីការ​គិត គឺ​នៅ​ពេល​ដែល​សិស្ស​ត្រូវ​តម្រូវ​ឱ្យ​ពន្យល់​ពី​របៀប​ដែល​ពួក​គេ​អាច​មក​ដល់​សាលា​ដែល​អាច​បង្ហាញ​ពី​គន្លឹះ​សំខាន់ ឬ​ប្រើ​រូបមន្ដ​ណា​មួយ​នោះ។

បង្រៀនពីបំនិនជីវិត

ជីវិត​នឹង​មាន​ភាព​លំបាក​ប្រសិន​អ្នក​មិន​ចេះ​សូម្បី​គណិតវិទ្យា​មូលដ្ឋាន។ កុមារ​ចាប់​ផ្ដើម​សិក្សា​ពី “លុយ” នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា និង​បន្ត​ការ​គិត​ភាគ​រយ និង​ប្រភាគ​នៅ​ថ្នាក់​ខ្ពស់​បន្តិច។ មនុស្ស​ទូទៅ​ត្រូវ​តែ​មាន​ជំនាញ​នេះ​ដើម្បី​ធ្វើ​តាម​ក្បូន វាយ​តម្លៃ​ពី​ចំនួន​ពិត ឬ​ក៏អត់ គ្រប់​គ្រង​ថវិកា ឬ​អ្វី​ចាំ​បាច់​ផ្សេងៗ​ទៀត។ លោក Mike Walker អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា​កុមារ​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​ដើម្បី​ទិញ​អ្វី​មួយ​ឱ្យ​បាន​ប្រាកដ និង​មិន​ខុស។

គាំទ្រការបន្តការសិក្សា និងអាជីព

ទោះបី​ជា​ជំនាញ​ការងារ​ថ្នាក់ទាបៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​គណិតវិទ្យា ក៏​ទាមទារ​ឱ្យ​មាន​ការ​ចេះជំនាញ​គណិតវិទ្យា​ផង​ដែរ។ អ្នក​គិត​លុយ​ត្រូវ​តែ​ចេះ​រាប់​លុយ​ស្ទាត់​ជំនាញ ខណៈ​អ្នក​បម្រើ​ការ​ផ្នែក​អតិថិជន​ត្រូវ​តែ​​មាន​សមត្ថភាព​ចេះ​ពិភាក្សា​បញ្ហា​ការ​គិត​លុយ​ជាមួយ​អតិថិជន។ សិស្ស​ដែល​មាន​ជំនាញ​គណិតវិទ្យា​ស្ទាត់​ជំនាញ និង​អ្នក​ដែល​ចង់​សិក្សា​ដល់​ថ្នាក់​ខ្ពស់ៗ ភាគ​ច្រើន​ជ្រើសរើស​យក​មុខ​វិជ្ជា​វិស្វកម្ម ពេទ្យ និង​ស្រាវជ្រាវ​ដើម្បី​សិក្សា។ ចំណែកឯ សិស្ស​ដែល​មិនមាន​ចំណាប់​អារម្មណ៍​ក្នុង​មុខវិជ្ជា​នេះ ​ភាគ​ច្រើន​មិន​ចាំបាច់​ត្រូវ​ចេះ​គណិតវិទ្យា​ស្ទាត់ជំនាញ​ដើម្បី​បញ្ចប់​ការ​សិក្សា​នោះ​ទេ។ សិស្ស​ដែល​មាន​ចំណេះដឹង​គណិតវិទ្យា​ខ្ពស់ អាច​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​ដែល​ពួកគេ​អាច​ប្រើ​គណិតវិទ្យា​ក្នុង​ការ​ប្រឡង SAT និង ACT ជាដើម។

គណិតវិទ្យាប្រចាំថ្ងៃ

សិស្ស​ប្រហែល​ជា​អាច​សួរ​ថា​ហេតុអ្វី​បាន​ជា​គណិតវិទ្យា​មាន​សារសំខាន់ ប៉ុន្តែ​គុណភាព​នៃ​ការ​សិក្សា​គណិតវិទ្យា​ត្រូវ​ប្រាកដ​ថា​សំណួរ​នេះ​ត្រូវ​បាន​សួរ​​ជារឿយៗ​។ មេរៀន​ត្រូវតែ​ផ្គូប​ជាមួយ​នឹង​វិធីសាស្ត្រ​ដែលអាច​បង្ហាញ​សិស្ស​ពី​គណិតវិទ្យា​ដែល​ពួក​គេ​អាច​ប្រើ​ប្រចាំ​ថ្ងៃ និង​សម្រាប់​អនាគត​អាជីព​របស់​ពួក​គេ។ គ្រូបង្រៀន​គណិតវិទ្យា​ត្រូវ​ព្យាយាម​ផ្ដល់​នូវ​ការ​ពន្យល់​ជាក់ស្ដែង​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ពិភព​ជាក់ស្ដែង​៕

ប្រភព៖ Livingstrong

ហេតុ​ផល ៧ យ៉ាង​ដែល​កុមារ​គួរ​សិក្សា​ពី​វិទ្យាសាស្ត្រ

on Thursday, 30 March 2017. Posted in Activities

450 17453887 boy looking into microscope

ការ​បង្រៀន​វិទ្យាសាស្ត្រ​អាច​ធ្វើ​ឱ្យ​កុមារ​ចេះ​មាន​ភាព​ងឿង​ឆ្ងល់​ពី​ធម្មជាតិ និង​ជួយ​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​សំខាន់ៗ​ក្នុង​ជីវិត។ ក្នុង​នោះ​ដែរ មាន​ហេតុ​ផល ៨ យ៉ាង​ដែល​ជួយ​ធ្វើ​ឱ្យ​ជំនាញ​ទាំង​នោះ​មាន​ការ​រីក​ចម្រើន។

១. ការ​ត្រិះរិះ​ពិចារណា៖ សមត្ថភាព​ក្នុង​ការ​វាយ​តម្លៃ​លើ​ព័ត៌មាន គឺ​ជា​ជំនាញ​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​ដំណើរការ​នៃ​ការ​ត្រិះរិះ​ពិចារណា​ដើម្បី​ឱ្យ​ខួរ​ក្បាល​មាន​ការ​គិត​ល្អ និង​មាន​ការ​អភិវឌ្ឍ។

២. សមត្ថភាព​នៃ​ការ​បត់បែន​ខ្លួន និង​អារម្មណ៍៖ សមត្ថភាព​នេះ​ជួយ​ឱ្យ​កុមារ​ទទួល​អារម្មណ៍​ម្យ៉ាង​ដែល​អាច​ផ្ដល់​នូវ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​លើ​ការ​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​លំបាក​ផ្សេងៗ។ សមត្ថភាព​នេះ​អាច​ជួយ​កុមារ​ឱ្យ​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត។

៣. រៀន និង​អភិវឌ្ឍ​ខ្លួន​ជានិច្ច៖ អ្នកវិទ្យាសាស្ត្រ​គ្រប់​រូប​តែង​តែ​ព្យាយាម​អនុវត្ត និង​ពិសោធន៍​ទ្រឹស្ដី​របស់​ពួកគេ​ដើម្បី​អភិវឌ្ឍ​នូវ​សុពលភាព​នៃ​ការ​ស្វែង​រក​ថ្មីៗ។ ចំពោះ​កុមារ​ដែល​កំពុង​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​វិញ​រៀន​ចេះ​ស្រឡាញ់​ការ​សិក្សា​ទោះបី​ជា​ជោគជ័យ ឬ​បរាជ័យ​ក៏​ដោយ​។

៤. ក្លាយ​ជា​វិរបុរស ឬ​វិរនារី៖ អ្នក​វិទ្យាសាស្ត្រ​ស្វែង​រក​នូវ​អ្វី​ដែល​ថ្មី​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជន​លើ​ផែនដី​មាន​ភាព​ប្រសើរ​ឡើង។ អ្នក​វិទ្យាសាស្ត្រ​ប្រើ​ថាមពល និង​កម្លាំង​របស់​ពួក​គេ​ធ្វើ​ឱ្យ​អ្វី​មួយ​កើត​ឡើង​ ដែល​ជា​លទ្ធផល​សម្រាប់​អ្នក​រាល់​គ្នា។

៥. រក្សា​នូវ​ការ​ងឿង​ឆ្ងល់៖ វិទ្យាសាស្ត្រ គឺ​ជា​ការ​បន្ត​នូវ​សំណួរ​ប្លែកៗ​ពី​ពិភព​លោក​ក្នុង​លក្ខណៈ​ជាក់​ស្ដែង​។ ដើម្បី​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ល្អ​មួយ អ្នក​ត្រូវ​រក្សា​នូវ​ទម្លាប់​ចូល​ចិត្ត​ចង់​ដឹង ចង់​ឮ និង​ចេះ​ឆ្ងល់​ពី​ធម្មជាតិ​ដែល​អ្នក​កំពុង​រស់​នៅ​ជាមួយ។

៦. ផ្ដល់​នូវ​វិធីសាស្ត្រ​នៃ​ការ​សួរ​សំណួរ៖ ចំណុច​ដំបូង​បំផុត​ដែល​កុមារ​រៀន​ពី​វិទ្យាសាស្ត្រ​នោះ គឺ​វិធីសាស្រ្ត​នៃ​វិទ្យាសាស្ត្រ ដែល​វិធីសាស្ត្រ​នេះ​អាច​កំណត់​បាន​ថា​អ្វី​ពិត​ដោយ​ចង​ជា​សម្មតិកម្ម និង​ធ្វើ​ការ​ពិសោធន៍។

៧. ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​មុន៖ វិធីសាស្ត្រ​នៃ​ការ​សួរ​សំណួរ​វិទ្យាសាស្ត្រ និង​ការ​ធ្វើ​តេស្ដ​មិន​មែន​មាន​ប្រយោជន៍​សម្រាប់​ការ​ស្រាវជ្រាវ​សម្រាប់ការ​សិក្សា​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ សិស្ស​ក៏​អាច​រៀន​ដើម្បី​ធ្វើ​ឱ្យ​សុខភាព​របស់​ពួក​គេ​ល្អ​ប្រសើរ​ជាង​មុន និង​មិន​ឈប់​ក្នុង​ការ​សិក្សា​ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​ពិភព​ជុំវិញ​ខ្លួន​ពួក​គេ និង​អាច​ស្វែង​រក​វិធី​សាស្ត្រ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​ថែម​ទៀត​ផង៕

ការសិក្សាគណិតវិទ្យាតាំងពីវ័យតូចៗចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់សិស្ស

on Wednesday, 22 March 2017. Posted in Activities

maths

ប្រែសម្រួលពី៖ DreamBox Learn

ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ​ចាំ​បាច់​ជា​ច្រើន​ទៀត​ដើម្បី​ទទួល​ភាព​ជោគជ័យ​ក្នុង​សតវត្ស​ទី ២១ នេះ គឺ​ជំនាញ​គណិតវិទ្យា ដែល​ជា​មុខ​វិជ្ជា​ដែល​កំពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​សិក្សា​អប់រំ​របស់​កុមារ។ 

យោង​តាម​សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​របស់​កុមារ ជំនាញ​គណិតវិទ្យា​ដែល​កុមារ​សិក្សា​ក្នុង​ខណៈ​ដែល​ពួក​គេ​មាន​វ័យ​ក្មេង គឺ​ជា​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​ដើម្បី​សម្រេច​បំណង​នា​ពេល​អនាគត និង​អាច​ជា​មគ្គុទេសន៍​ត្រួស​ត្រាយ​ផ្លូវ ឬ​ក៏​ពួក​គេ​អាច​បង្កើត​មូលដ្ឋាន​គ្រឹះ​ដោយ​ខ្លួន​ឯង​ដើម្បី​ជួប និង​ជម្នះ​រាល់​ការ​ប្រកួត​ប្រជែង​ថ្មីៗ​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ។

តាម​ការ​បក​ស្រាយ​របស់​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ ណតវេស្ទឺន លោក ហ្គ្រេក ដុនខេន បាន​ឱ្យ​ដឹង​ថា៖ “ភាព​ស្ទាត់​ជំនាញ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា​មិន​ត្រឹម​តែ​អាច​ដឹង​មុន​នូវ​ការ​ប្រើ​ប្រាស់​គណិតវិទ្យា​នា​ពេល​អនាគត​ដោយ​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ឱ្យ​អ្នក​ដឹង​មុន​នូវ​ការ​អាន​ដ៏​ជោគ​ជ័យ​នា​ពេល​អនាគត​ផង​ដែរ។”

តាម​ការ​ស្រាវជ្រាវ​របស់​លោក​ទៅ​លើ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (Preschool) បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សារសំខាន់​ដ៏​ច្រើន​មហាសាល​របស់​ជំនាញ​គណិតវិទ្យា​ក្នុង​វ័យ​ក្មេងៗ​របស់​ពួក​គេ។ ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​បាន​​ឱ្យ​ដឹង​ថា សិស្ស​ដែល​បាន​ចូល​រៀន​ថ្នាក់​មត្តេយ្យ​ដែល​មាន​ជំនាញ​គណិតវិទ្យា​ស្រាប់ និង​មាន​សមត្ថភាព​អាច​ដោះ​ស្រាយ​លំហាត់​គណិត​បាន ភាគ​ច្រើន​តែង​ទទួល​ភាពជោគជ័យ​ក្នុង​ការ​សិក្សា និង​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​សង្គម និង​ផ្លូវ​អារម្មណ៍​នានា។

លោក ដុនខេន ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ក្រុម​ការងារ​របស់​លោក​បាន​ស្វែង​យល់​ពី​កត្តា​សំខាន់​បំផុត​នោះ​ គឺ​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​ដោយ​មាន​ការ​ចេះ​ស្ទាត់​នូវ​មុខ​វិជ្ជា​គណិត​សម្រាប់​វ័យ​ពួក​គេ និង​ការ​ចេះ​អក្សរ នឹង​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ”។

ជាមួយ​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ និង​គំនិត​របស់​អ្នក​ជំនាញ​ជា​ច្រើន​ក៏​បាន​យល់​ស្រប​នឹង​ការ​រក​ឃើញ​របស់​លោក ដុនខេន ដែរ។ ទោះ​បី​ជា​យុទ្ធសាស្ត្រ​នៃ​ការ​បង្រៀន​គណិតវិទ្យា​នៅ​ក្នុង​ថ្នាក់​រៀន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការ​ទទួល​ភាព​ជោគជ័យ​ជា​ច្រើន​សតវត្ស​មក​ហើយ ហើយ​ឪពុក​ម្ដាយ​ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​កូនៗ​របស់​ពួក​គេ​នៅ​ផ្ទះ​ដោយ​ការ​លើក​និយាយ​ពី​លេខ និង​គណិតវិទ្យា​។

មាន​សកម្មភាព​គណិតវិទ្យា​សាមញ្ញៗ​ជា​ច្រើន​ដែល​ឪពុកម្ដាយ​អាច​ធ្វើ​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​កូនៗ​របស់​ពួក​គេ និង​រៀប​ចំ​សម្រាប់​ការសិក្សា​គណិតវិទ្យា​ថ្នាក់​បឋម។ ឧទាហរណ៍ ឪពុក​ម្ដាយ​របស់​កូន​តូចៗ​អាច​ចង្អុរ​បង្ហាញ​លេខ​នៅ​លើ​សញ្ញា​ណា​មួយ​ពេល​កំពុង​បើកបរ ឬ​ដើរ​តាម​ផ្លូវ។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ថែម “លេខ” ទៅ​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ ដោយ​លោក​អ្នក​អាច​សួរ​កុមារ​ពី​ចំនួន​ប្រដាប់​លេង​ដែល​ពួក​គេ​គ្រោង​នឹង​លេង ឬ​ក៏​ចំនួន​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចណ៍​លើ​ផ្លូវ​មាន​ប៉ុន្មាន​ជា​ដើម។ 

ដោយ​មាន​ការ​ជួយ​ពី​ឪពុក​ម្ដាយ គ្រូ​បង្រៀន​អាច​បង្កើត​សមត្ថភាព​នៃ​ការ​ប្រើ​គណិតវិទ្យា​បាន​ដោយ​ណែនាំ​កុមារ​ពី​គន្លឹះ​នៃ​មេរៀន​គណិតវិទ្យា និង​ជំរុញ​ឱ្យ​មាន​ការ​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​សាលារៀន។ វីដេអូ​អប់រំ និង​កម្មវិធី​សិក្សា​បន្ថែម​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​ស្វែង​យល់​ពី​គណិតវិទ្យា​របស់​សិស្ស​ដែល​ត្រៀម​ខ្លួន​អភិវឌ្ឍ​ជា​ពិភពលោក​ដ៏​ទំនើប​នេះ​បាន​ផង​ដែរ។ 

យោង​តាម​សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​របស់​កុមារ (NAEYC) កុមារ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដោយ​ធម្មជាតិ​ពី​គណិតវិទ្យា​នៅ​វ័យ​ក្មេង ហើយ​វា​ពិត​ជា​សំខាន់​សម្រាប់​ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​អាច​ឆ្លៀត​ឱកាស​នេះ​រៀប​ចំ​ការ​សិក្សា​របស់​កុមារ​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ធ្វើ​ឱ្យ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ និង​ការ​ផ្សារភ្ជាប់​ពិភព​គណិតវិទ្យា​បន្ត​ទៅ​អនាគត។ 

ប្រសិន​បើ​ឪពុក​ម្ដាយ និង​គ្រូបង្រៀន​អាច​ពិភាក្សា​គ្នា​ពី​ការ​សិក្សា និង​ការ​ប្រើប្រាស់​គណិតវិទ្យា​ក្នុង​ជីវិត​របស់​កូន នោះ​ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដើរ​លើ​ផ្លូវ​ដ៏​ជោគជ័យ​ក្នុង​សតវត្សទី ២១ នេះ៕ 

English version: Learning Math Early on is important for Student Success

បណ្ដុះភាពឯករាជ្យដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា

on Friday, 24 February 2017. Posted in Parenting Tips

គន្លឹះ​សម្រាប់​មើល​ថែ​កូន​ឱ្យ​ក្លាយ​ជា​ក្មេង​ដែល​មាន​ភាព​ឯករាជ្យ និង​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន 

946532

តើ​អ្វី​ជា​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង? ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ គឺ​ជា​ការ​ចេះឯករាជ្យ​លើ​ខ្លួន​ឯង។ អាកប្បកិរិយា​បែប​នេះ​ គឺ​ជា​ទស្សនៈ​មួយ​ដែល​ជួយ​ជម្រុញ​មនុស្ស​ម្នាក់​ឱ្យ​មាន​ភាព​ជឿ​ជាក់ អាច​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង និង​អាច​ធ្វើ​អ្វីៗ​បាន​ដោយ​ខ្លួន​ឯង។ ការ​យក​ពេល​វេលា​ក្នុង​ការ​បណ្ដុះ​នូវ​សមត្ថភាព និង​ចំណាប់​អារម្មណ៍​នៃ​ភាព​ឯករាជ្យ​ដល់​កុមារ​អាច​នឹង​ហួស​ហេតុ​ពេក ពិបាក និង​ហត់​នឿយ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ពិត​ជា​ទំនួល​ខុស​ត្រូវ​ដ៏​មាន​សារ​សំខាន់​មួយ​របស់​មាតា​បិតា​គ្រប់​រូប។ កុមារ​វ័យ​តូចៗ​ត្រូវ​បាន​រំពឹង​ថាធ្វើ​កិច្ចការ​សាមញ្ញៗ​រាល់​ថ្ងៃ​ដូច​ជា ពាក់​ស្បែកជើង​ដោយ​ខ្លួន​ឯង ចេះ​ស្គាល់​លេខ និង​ស្គាល់​អក្សរ​។ល។ ជួន​កាល កិច្ចការ​សាមញ្ញៗ​ដូច​ជា រើស​កន្លែង​អង្គុយ​ក៏​អាច​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​សម្រាប់​កុមារ​បាន​ផង​ដែរ។ ក្នុង​នាម​យើង​ជា​មនុស្សធំ​/មាតា​បិតា ការ​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន និង​ការ​ចេះ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​អាច​ធ្វើ​ឱ្យ​កិច្ចការ​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​គេអាច​ទទួល​យក​បាន។

ទន្ទឹម​នឹង​នេះ​ដែរ មាន​កិច្ចការ​ជា​ច្រើន​ដែល​មាតាបិតា​អាច​ធ្វើ​បាន​ដើម្បី​ជួយ​កូនៗ​ក្លាយ​ជា​មនុស្ស​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន។ ខាង​ក្រោម​នេះ​ គឺ​ជា​អ្វី​ដែល​លោក​អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ។ 

បង្កើត​ទម្លាប់​ប្រចាំថ្ងៃ​ជាមួយ​កូន៖ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ធ្វើ​កិច្ចការ​សាមញ្ញៗ​ដោយ​ខ្លួន​គេ​ដូច​ជា ដុសធ្មេញ ញ៉ាំ​អាហារ ចង​ខ្សែ​ស្បែក​ជើង ស្លៀក​ពាក់​ខោ​អាវ ​ឬ​ដោះខោ​អាវ​ទុក​ភ្ជួរ​លើ​ទំពក់​ឱ្យ​មាន​របៀប​រៀប​រយ​ជា​ដើម។ អ្នក​អាច​បង្រៀន​ពួក​គេ​ពី​វិធី​ធ្វើ​កិច្ចការ​ទាំង​នោះ​ជាមុន បន្ទាប់​មក​ទៀត ឱ្យ​ពួក​គេ​ធ្វើ​ដោយ​ខ្លួន​ឯង។ 

ចាំ​ឈរ​មើល​ពី​ក្រោយ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​អ្វី​មួយ អ្នក​អាច​ចាំ​ឈរ​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ អ្នក​ត្រូវ​ចូល​ជួយ​គេ​ភ្លាមៗ​មុន​នឹង​មាន​បញ្ហា​អាក្រក់​កើត​ឡើង។ ប្រសិន​បើ​ពួក​គេ​សម្រេច​ចិត្ត​ជិះ​កង់​ដោយ​មិន​បាន​រៀន​ជិះ​ជាមុន​ នេះ​ប្រហែល​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​មើល​ថា​តើ​គេ​ពិត​ជា​អាច​ជិះ​កង់​បាន​មែន​ដែរ​ឬ​អត់។ កុមារ​វ័យ​ក្មេងៗ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គ្រោះ​ថ្នាក់ និង​សិក្សា​ពី​អ្វី​ដែល​រាង​កាយ​របស់​ពួក​គេ​អាច​ធ្វើ​បាន និង​មិន​អាច​ធ្វើ​បាន។ ពេល​ដែល​អ្នក​អនុញ្ញាត​ឱ្យ​កូន​ស្វែង​រក​នូវ​សមត្ថភាព​របស់​ពួក​គេ​ដោយ​មិន​មាន​ការ​និយាយ​ថា “ទេ” នោះ​គេ​នឹង​រៀន​ពី​ការ​ជឿជាក់​របស់​អ្នក​លើ​ពួក​គេ និង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ 

ឃ្លាត​ឆ្ងាយ​ពី​គ្នា៖ វិធី​សាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​កូន​អាច​អភិវឌ្ឍ​ខ្លួន​បាន គឺ​ការ​ឃ្លាត​ឆ្ងាយ​ពី​ម្ដាយ មិន​មែន​ម្ដាយ​ឃ្លាត​ឆ្លាយ​ពី​កូន​ទេ។  ការ​ដាក់​វិន័យ​អាច​នឹង​កើត​ឡើង​តិច​តួច​នៅពេល​ដែលកូនៗ​មិន​នៅ​ជិត​ម្ដាយ​។​

ឈប់​សម្រាក​ឱ្យ​ត្រឹម​ត្រូវ៖ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ឱ្យ​កូន​ដឹង​ពី​ពេល​វេលា​ដែល​អ្នក​បម្រុង​នឹង​ទៅ​ណា​មក​ណា​សូម្បី​តែ​ទៅ​បន្ទប់​ជិត​នោះ​ក៏​ដោយ។ វា​ពិត​ជា​សំខាន់​ណាស់​បើ​អ្នក​និយាយ “លា​ហើយ​កូន! ម៉ាក់/ប៉ា​ទៅ​ធ្វើ​ការ។ តិច​ទៀត​ម៉ាក់/ប៉ា​នឹង​ត្រឡប់​មក​វិញ។” ព្រោះ​ថា​ពាក្យ​សម្ដី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​កូន​ជឿ​ជាក់​អ្នក ហើយ​គេ​នឹង​ដឹង​ថា​អ្នក​ប្រាកដ​ជា​ប្រាប់​គេ​ថា​នឹង​មាន​អ្វី​កើត​ឡើង និង​អ្នក​ធ្វើអ្វី​ដែល​អ្នក​បាន​និយាយ។

អនុញ្ញាត​កូន​ឱ្យ​មាន​ពេល​លេង​គ្រប់​គ្រាន់៖ អនុញ្ញាត​កូន​ឱ្យ​ស្វែង​រក​គំនិត​ផ្ទាល់​ខ្លួន និង​ការ​គិត​សម្រាប់​ខ្លួន​គេ។ អ្នក​មិន​ត្រូវ​ព្រួយ​បារម្ភ​ពី​ការ​ពង្រាយ​ដែល​គេ​អាច​នឹង​ធ្វើ​ឡើយ ព្រោះ​នេះ​ជា​អ្វី​ដែល​កុមារ​តូចៗ​តែង​តែ​ធ្វើ។ ក្នុង​នោះ លោក​អ្នក​គ្រាន់​តែ​បង្កើត​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួក​គេ​ស្វែង​យល់​តែ​ប៉ុណ្ណោះ។ 

លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​តាម​លំដាប់​អាយុ៖ ពេល​ដែល​កូន​ចាប់​ផ្ដើម​ធំ​បន្តិច ពួក​គេ​អាច​ជួយ​កិច្ចការ​ស្រាលៗ​ដូច​ជា រៀប​ចំ​តុ ស្រោច​ផ្កា ឬ​ស្រោច​ដំណាំ លាង​សម្អាត​ប្រដាប់​លេង ឬ​បន្ទប់។ ពួក​គេ​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ដែល​ស័ក្ដិសម​សម្រាប់​វ័យ​របស់​ពួក​គេ និង​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​កាតព្វកិច្ច​ដែល​ពួក​គេ​គួរ​តែ​ធ្វើ។ ការ​ប្រគល់​ភាព​ទទួល​ខុស​ត្រូវ​នេះ​ដល់​ពួក​គេ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​ទទួល​បាន​ភាព​ជឿជាក់​ពី​ឪពុក​ម្ដាយ​ក្នុងការ​ធ្វើការងារ​របស់​ពួក​គេ។ 

អនុញ្ញាត​ឱ្យ​កូន​ធ្វើ​ការ​សម្រេច​ចិត្ត៖ នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ឱ្យ​កូន​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​នោះ​ទេ ប៉ុន្តែ​ អ្នក​លើក​ទឹក​ចិត្ត​គេ​ឱ្យ​ជ្រើសរើស​សម្លៀកបំពាក់​ដែល​គេ​ចង់​ស្លៀកពាក់​នៅ​ពេល​ព្រឹក ឬ​ក៏​ជ្រើស​រើស​អាហារ​ពេល​ល្ងាច​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ពេល​ដែល​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា​ការ​សម្រេច​ចិត្តរបស់​គេ​ត្រូវ​បាន​គោរព និង​ទទួល​យក នោះ​គេ​នឹង​កសាង​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដែល​អាច​ជម្រុញ​ដល់​ការ​បង្កើត​ភាព​ឯករាជ្យ​របស់​ពួក​គេ។ 

ធ្វើ​ជា​អ្នក​សម្រប​សម្រួល៖ កុមារ​នឹង​មាន​ភាព​ឯករាជ្យ​ដោយ​ឯក​ឯង។ នេះ​មិន​មែន​ជា​ការងារ​របស់​អ្នក​ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ឯករាជ្យ​នោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​ផ្ដល់​នូវ​បរិស្ថាន​ដែល​អនុញ្ញាត​ពួក​គេ​ឱ្យ​ក្លាយ​ជាមនុស្ស​ឯករាជ្យ​។  

ផ្ដល់​សំឡេង​ទាក់​ទង និង​ផ្ដល់​ជំនួយ​ពី​ចម្ងាយ៖ ប្រសិន​បើ​កូន​របស់​អ្នក​ស្ថិត​នៅ​ក្នុង​បន្ទប់​ឆ្ងាយ​ពី​អ្នក​អាច​មើល​ឃើញ ហើយ​កំពុង​ជួប​បញ្ហា អ្នក​ត្រូវ​ផ្ដល់​ដំណឹង​ប្រាប់​ពួក​គេ​ថា​អ្នក​ជិត​ទៅ​​ដល់​ទី​នោះ​ដើម្បី​ជួយ​គេ​ហើយ។ ការ​រក្សា​កិច្ចសន្ទនា​ជាមួយ​កូន​ក្រៅ​បន្ទប់​ងូត​ទឹក​ក៏​ជា​វិធី​ល្អ​ម្យ៉ាង​ដែរ​ដើម្បី​ទប់​ស្កាត់​កង្វល់​ពេល​បែក​គ្នា។ ប្រសិន​បើកូន​អ្នក​ត្រូវ​ការ​ជំនួយ​ពេល​ដែល​គាត់​កំពុង​ធ្វើអ្វី​មួយ អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ និង​ផ្ដល់​ការ​ណែនាំ​ក្នុង​ការ​ធ្វើ​ប្រសើរ​ជាង​ធ្វើ​វា​ដោយ​ខ្លួន​អ្នក។ 

កសាង​ទំនាក់​ទំនង៖ ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ដឹង​ថា​អ្នក​ស្រឡាញ់​គេ​ប៉ុណ្ណា។ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ គឺ​ការ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ជាមួយ​គេ​ដោយ​ផ្ដល់​នូវ​ការ​អោប​ និង​ថើប ការ​ថែរក្សា និង​យោគ​យល់។ ជាមួយគ្នា​នេះ​ដែរ អ្នក​ក៏​គួរ​ជំរុញ​ឱ្យ​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មនុស្ស​ធំៗ​ដូច​ជា​លោកតា​លោកយាយ ឬ​មិត្តភក្ដិ​របស់​គ្រួសារ​ជា​ដើម។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បង្កើត​បរិស្ថាន​ដែល​ធ្វើឱ្យ​កូន​មាន​ផាសុកភាព និង​ជិតស្និទ្ធ​ជាមួយ​សមាជិក​នានា​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​មនុស្ស​តែ​ម្នាក់​ក្នុង​គ្រួសារ​នោះ​ទេ ព្រោះ​ការ​ជិតស្និទ្ធ​ទៅ​នឹង​មនុស្ស​តែ​ម្នាក់​ក្នុង​គ្រូសារ​មាន​ន័យថា​មនុស្ស​ម្នាក់​នោះ​កំពុង​ធ្វើ​ឱ្យ​គាត់​ខូច។ អ្នក​ត្រូវ​ណែនាំ​កូន​របស់​អ្នក​ឱ្យ​ស្គាល់​កុមារ​ដទៃ​ទៀត​ដើម្បី​បង្កើន​មិត្តភាព​ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​រីក​ចម្រើន​ផ្នែក​អារម្មណ៍ និង​មនោសញ្ចេតនា។ 

ធ្វើ​ជា​គំរូ៖ ក្នុង​នាម​យើង​ជា​ឪពុកម្ដាយ យើង​គួរ​តែ​មាន​ភាព​ជឿជាក់ និង​ធ្វើ​ជា​គំរូ​ដ៏​វិជ្ជមាន​មួយ។ ថ្ងៃ​ដំបូង​នៃ​ការ​ចូល​រៀន​អាច​នឹង​ពិបា​កសម្រាប់​ឪពុក​ម្ដាយ និង​កូន តែ​អ្នក​ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា​កង្វល់​នោះ។ ក្នុងនាម​យើង​ជា​មនុស្ស​ចាស់ យើង​ត្រូវ​តែ​រក្សា​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ធ្វើ​ជា​គំរូ​ដ៏​វិជ្ជមាន​សម្រាប់​កូនៗ​។ ទង្វើ​ទាំង​នេះ​អាច​ជួយ​ជំរុញ​កូន​ឱ្យ​ធ្វើ​តាម​អ្នក។ អ្នក​អាច​និយាយ​ទៅ​កាន់​កូន​ពី​អ្វីដែល​គេ​កំពុង​ខ្វល់ អ្វី​ដែល​គេ​គិត អ្វី​ដែល​គេ​ព្រួយ​បារម្ភ និង​អ្វី​ដែល​គេ​សួរ។ ការ​ធ្វើបែប​នេះ គេ​នឹង​យល់​ដឹង​ថា​គំនិត​របស់​ពួក​គេ​ត្រូវ​បាន​ទទួល​យក គោរព និង​ឮ ដូច្នេះ អ្នក​ត្រូវ​អនុញ្ញាត​គេ​ឱ្យ​បង្កើត​នូវ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​យល់​ដឹង​ដោយ​ខ្លួន​ឯង។ 

ជឿទុក​ចិត្ត​អ្នក​ដទៃ៖ អ្នក​ត្រូវ​ចាំ​ថា គ្រូ​បង្រៀន​រង់​ចាំ​ជានិច្ច។ អ្នក​ត្រូវ​លើក​ទឹកចិត្ត​កូន​ឱ្យ​ជឿ​ទុក​ចិត្ត​អ្នក​ដទៃ​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​គេ​ជាមួយ​នឹង​សហគមន៍ និង​តួនាទី​របស់​គេ​ក្នុង​សហគមន៍​នោះ។ ពេល​ដែល​គេ​ឃើញ​មនុស្ស​ធំ​ចែក​រំលែក និង​ទាក់​ទង​គ្នា គេ​ក៏​ចាប់​ផ្ដើម​យល់​ថា​តើ​គេ​គួរ​ធ្វើ​អ្វី​ផង​ដែរ។ ការ​ធ្វើ​បែប​នេះ​អាច​ឱ្យ​គេ​បង្កើត​សមត្ថភាព​ក្នុង​ការ​រាប់​អាន​មិត្តភក្ដិ បន្ត​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​កសាង​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ពេញ​មួយ​ជីវិត៕

English Version: Nurturing Independence in Children in Cambodia

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: