មូលហេតុទាំង ៥ ដែលកុមារីគួរតែលេងកីឡា
ហេតុអ្វីបានជាត្រូវលេងកីឡា? អ្នកប្រហែលជានិយាយថាដើម្បីហាត់ប្រាណ ហើយអ្នកក៏អាចនិយាយត្រឹមត្រូវដែរ។ ចុះដើម្បីសប្បាយវិញ? នោះក៏ជាការពិតម្យ៉ាងដែរ។ ប៉ុន្តែ នៅមានមូលហេតុជាច្រើនទៀត។ ជាការពិតណាស់ យ៉ាងហោចក៏មានមូលហេតុចំនួន ៥ ដែរ ដែលគួរលេងកីឡា។ យើងតាមគ្រឹះស្ថានកីឡាសម្រាប់ស្រ្តីបានឱ្យដឹងថា កុមារីដែលលេងកីឡាទទួលបានអត្ថប្រយោជន៍ច្រើនជាងការដែលមានត្រឹមតែរាងកាយមាំមួននោះ។
- កុមារីដែលលេងកីឡាតែងមានការសិក្សាល្អក្នុងសាលារៀន។ អ្នកប្រហែលជាគិតថាអត្តពលកម្មនឹងត្រូវចំណាយច្រើនរំខានដល់ការសិក្សា ប៉ុន្តែ ការស្រាវជ្រាវបង្ហាញឱ្យដឹងថា កុមារីដែលលេងកីឡាច្រើនតែទទួលបានលទ្ធផលការសិក្សាល្អជាងកុមារីដែលមិនលេងកីឡាសោះ។ ការហាត់ប្រាណជួយបង្កើនការសិក្សា ការចងចាំ និងការផ្ចង់ស្មារតីសិក្សា ដែលអាចជួយឱ្យកុមារីទទួលបានអត្ថប្រយោជន៍នៅក្នុងថ្នាក់រៀនរបស់ពួកគេ។
- កុមារីដែលលេងកីឡាយល់ដឹងពីកិច្ចការក្រុម និងជំនាញកំណត់គោលដៅ។ កីឡាបង្រៀនពីជំនាញជីវិតដ៏មានតម្លៃ។ ពេលដែលអ្នកហ្វឹកហាត់ជាមួយគ្រូបង្វឹក ឬមិត្តរួមក្រុម ដើម្បីឈ្នះហ្គេម និងសម្រេចសមិទ្ធិផល នោះអ្នកកំពុងរៀនពីវិធីឆ្ពោះទៅរកភាពជោគជ័យ។ ជំនាញទាំងនោះនឹងអាចបម្រើអ្នកឱ្យក្លាយជាមនុស្សពូកែក្នុងការងារ និងជីវិតគ្រួសារ។
- កីឡាល្អសម្រាប់សុខភាពកុមារី។ បន្ថែមទៅលើការមានរាងសមសួន និងរក្សាទម្ងន់ដែលមានសុខភាពល្អហើយនោះ កុមារីដែលលេងកីឡាមិនចូលចិត្តជក់បារី ហើយមានអត្រាទាបក្នុងការកើតជំងឺមហារីសុដន់ ឬជំងឺពុកឆ្អឹង។
- លេងកីឡាជម្រុញឱ្យមានជំនឿចិត្តផ្ទាល់ខ្លួនខ្ពស់។ កុមារីដែលលេងកីឡាតែងមានអារម្មណ៍ល្អចំពោះខ្លួនឯង។ តើបណ្ដាលមកពីអ្វី? កីឡាជួយបណ្ដុះភាពជឿជាក់ពេលដែលអ្នកដឹងថាអ្នកអាចអនុវត្ត រីកចម្រើន និងសម្រេចគោលដៅរបស់អ្នក។ កីឡាក៏ជាសកម្មភាពដែលធ្វើឱ្យអារម្មណ៍ល្អផងដែរ ព្រោះវាជួយកុមារីរក្សារូបរាង រក្សាទម្ងន់ និងបង្កើតមិត្តថ្មី។
- ការហាត់ប្រាណកាត់បន្ថយសម្ពាធ។ ការលេងកីឡាអាចកាត់បន្ថយភាពតានតឹង និងជួយឱ្យអ្នកមានអារម្មណ៍សប្បាយចិត្តជាងមុន។ តើវាអាចជួយដោយរបៀបណា? គីមីនៃប្រព័ន្ធខួរក្បាលបញ្ចេញនៅពេលដែលការហាត់ប្រាណជួយធ្វើឱ្យអារម្មណ៍របស់មនុស្សប្រសើរឡើង។ មិត្តភក្ដិ គឺជាអ្នកជួយធ្វើឱ្យអារម្មណ៍រីករាយផ្សេងទៀត ហើយការដែលនៅក្នុងក្រុមកីឡាក៏ជួយបង្កើតចំណងមិត្តភាពឱ្យរឹងមាំ។ ពេលដែលអ្នកដឹងថាមិត្តរួមក្រុមនឹងគាំទ្រអ្នក នោះអ្នកនឹងសម្រេចបានជោគជ័យក្នុងការប្រកួត៕