Articles in Category: Activities

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

on Monday, 07 May 2018. Posted in Classes, Parenting Tips, Activities

Brain Development (Preschool, 3 - 5 years old)

ការ​អភិវឌ្ឍ​ខួរ​ក្បាល​បង្ហាញ​ថា​កុមារ​សមត្ថភាព​កើន​ឡើង​ក្នុង​ការ​យល់​ដឹង​ពី​បរិស្ថាន​ជុំវិញ​របស់​ពួក​គេ​។ ខណៈពេល​ដែល​កុមារ​លូតលាស់ និង​អភិវឌ្ឍ ពួកគេ​នឹង​រៀន​ពី​វត្ថុ​ថ្មីៗ និង​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា​ដែល​គេ​ជួប​ប្រទះ​រាល់​ថ្ងៃ។

Lyda and block math n letter
សម្រាប់​កុមារ​ដែល​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (អាយុ ៣ ទៅ ៤ ឆ្នាំ) ជំនាញ​ខាង​ក្រោម​នឹង​ចាប់​ផ្ដើមអភិវឌ្ឍ៖

  1. កុមារ​ចាប់​ផ្ដើម​រាប់​វត្ថុ​ជុំវិញ​ខ្លួន​ពួកគេ​ដោយ​ប្រើ​លេខ​សម្គាល់​លើ​វត្ថុ​នីមួយៗ។
  2. កុមារ​ចាប់​ផ្ដើម​សម្គាល់​ពី​លក្ខណៈ​របស់​វត្ថុ (វែង ខ្លី ក្រហម ខៀវ ។ល។) និង​ចាប់​ផ្ដើម​ចេះ​បែង​ចែង និង​ពណ៌នា​ពី​ពួក​វា។
  3. កុមារ​ចាប់​ផ្ដើម​ប្រើ​ជំនាញ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពេល​ធ្វើ​សកម្មភាព​នានា ដូច​ជា​កំពុង​រៀបចំ និង​សាងសង់​របស់​លេង​ជាដើម។ល។
  4. កុមារ​ចាប់​អារម្មណ៍​លើ​ការ​សិក្សាពី​រាងកាយ​របស់​ពួកគេ និង​ធាតុ​មាន​ជីវិត​នានា​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ដូច​ជា​សត្វ​ចិញ្ចឹម និង​រុក្ខជាតិ។
  5. កុមារ​​ចាប់​​ផ្ដើម​​យល់​​ពី​​​លំដាប់​​ព្រឹត្តិការណ៍​​សម្រាប់​​ថ្ងៃ​​នីមួយៗ។
  6. កុមារ​ចាប់​ផ្ដើម​រីករាយ​នឹង​ដក ឬ​បំបែក​វត្ថុ​អ្វី​មួយ និង​ព្យាយាម​ដាក់ ឬ​ផ្គុំ​វត្ថុ​នោះ​រួម​បញ្ចូល​គ្នា​វិញ​ជា​ដើម។


តើ​អ្នក​អាចធ្វើអ្វី​បាន​ខ្លះ​នៅ​ផ្ទះ​ដើម្បី​ជួយ​កូន​តូច​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ឱ្យ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ​បាន?

  1. អនុញ្ញាត​ឱ្យ​ពួកគេ​ជួយ​រៀ​ប​ចំ​តុ​អាហារ រៀប​ចាន​លើ​តុ​សម្រាប់​សមាជិក​នីមួយៗ​នៅ​ក្នុង​គ្រួសារ បន្ទាប់​មក​រៀប​កែវ​ជា​ដើម។ រួច​ត្រូវ​រាប់​មើល​ចំនួន​ចាន និង​កែវ​ឡើង​វិញ​ថា​គ្រប់​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ហើយ​ឬ​នៅ។
  2. និយាយ​ប្រាប់​ពួក​គេ​ពី​ទម្លាប់​ប្រចាំថ្ងៃ និង​ប្រើ​ពាក្យ​បរិយាយ​ដូចជា ដើម​ឈើ​ខ្ពស់ កូន​ឆ្កែ​រោម​ស្រម៉ូវ ជាដើម។
  3. ឱ្យ​កូន​ជួយ​ធ្វើ​កិច្ចការ​ស្រាលៗ​ពេល​កំពុង​ធ្វើ​ម្ហូប និង​សួរ​សំណួរ​ងាយៗ​ដូច​ជា “តើ​កូន​គិត​ថា​នឹង​មាន​អ្វីកើត​ឡើង​នៅ​ពេល​យើង​ដាក់​អង្ករ​ដាំ​ក្នុង​ឆ្នាំង​ដោយ​ប្រើ​ភ្លើង?” ពួកគេ​អាច​នឹង​ស្គាល់​ថា​វា គឺ​ជា​បាយ។
  4. ឱ្យ​ពួកគេ​ជួយ​កិច្ចការ​ផ្ទះស្រាលៗ​ដូច​ជា​ចាក់​ទឹក​ចូល​ក្នុង​ចាន​សម្រាប់​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ ​ឬ​ស្រោច​ផ្កា​ជា​ដើម។ រួច​ហើយ​ត្រូវ​ពន្យល់​ពួកគេ​ពី​មូល​ហេតុ​ដូច​ជា៖ ស្រោច​ទឹក​ឱ្យ​រុក្ខជាតិ និង​រក្សា​វា​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ ដូច្នេះ វា​នឹង​លូត​លាស់។
  5. ព្យាយាម​តាម​ដាន​ពី​ទម្លាប់​ប្រចាំថ្ងៃ​ជាមួយ​នឹង​កូន ហើយ​រំលឹក​ពួកគេ​ពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង​នា​ពេល​បន្ទាប់៖ “បន្ទាប់​ពី​កូន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ កូន​នឹង​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​នា​ពេល​បន្ទាប់។”។
  6. ឱ្យ​ពួក​គេ​លេង​ដុំ​សង់ ដោយ​ត្រូវដក​ចេញ ឬ​ផ្គុំឡើង​វិញ។


សម្រាប់​កុមារ​ដែល​មាន​វ័យ ៤ ទៅ ៥ ឆ្នាំ​វិញ នឹង​អភិវឌ្ឍ​នូវ​ជំនាញ​ដូច​ខាង​ក្រោម៖

  1. ពួកគេ​ចាប់​ផ្ដើម​រាប់លេខ​ច្រើន​ជាង​មុន និង​អាច​ឆ្លើយ​សំនួរ “ប៉ុន្មាន” នៅ​ពេល​ដែល​មាន​របស់​របរ​មួយ​ចំនួន​ដែល​ពួកគេ​កំពុង​ឃើញ។
  2. ពួកគេ​អាច​បែងចែង​វត្ថុ​ជា​ក្រុម ដូច​ជា ពែង និង​ចាន។ល។
  3. ពួកគេ​ចាប់ផ្ដើម​វាស់វត្ថុ​ដែល​ពួកគេ​កំពុង​ប្រើ ដូចជា​ខ្សែ​ស្បែក​ជើង ឬ​ប្រវែង​ជើង​របស់​គេ​ជា​ដើម​។
  4. ពួកគេ​យល់​នូវ​ពាក្យ​បង្ហាញ​ទិស (លើ ក្រោម ឆ្វេង ស្ដាំ មុខ ក្រោយ) និង​ពាក្យ​បង្ហាញ​រូប​រាង​ (មូល ត្រីកោណ)។
  5. ពួកគេ​ចាប់​ផ្ដើម​ដឹង​​​ថា​យើង​ប្រើ​ញាណ​ទាំង​អស់​របស់​យើង​ដើម្បី​សិក្សា​ពី​បរិស្ថាន​ជុំ​វិញ​ដូច​ជា​ ការ​សម្គាល់​សត្វ ឬ​ការ​ស្ដាប់​ឮ​សំឡេង​ខ្យល់​បក់​ថា​វា​មាន​ប្រភព​មក​ពី​ណា​ជាដើម។
  6. ពួកគេ​ប្រើ​វត្ថុ​សិល្បៈ​ដើម្បី​បង្កើត​វត្ថុ​អ្វី​មួយ​ដែល​ជំនួស​ឱ្យ​ការ​លេង​វត្ថុ​ទាំង​នោះ។


តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​នៅ​ផ្ទះ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ?

  1. សួរ​សំណួរ​បង្ហាញ​ពី​បរិមាណ​ដូចជា “តើ​មាន​មើម​ការ៉ុត​ប៉ុន្មាន​នៅ​ក្នុង​ចាន?” ឬ “តើ​កូន​ត្រូវ​ដើម​ប៉ុន្មាន​ជំហាន​ពី​ឡាន​ទៅ​ដល់​មាត់​ទ្វារ​ថ្នាក់​រៀន?”
  2. ឱ្យ​កូនៗ​ជួយ​រៀប​ចំ​ស្រោម​ជើង​ដែល​មាន​គូ និង​បែង​ចែង​សម្លៀក​បំពាក់​តាម​ប្រភេទ​សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ​ដើម្បី​បោក​សម្អាត។
  3. ប្រើ​សំណួរ​សួរ​ចោទ “អ្នកណា​មាន​ដៃ​ធំ​ជាង​គេ?” ឬ “អ្នកណា​មាន​កម្ពស់​ទាប​ជាង​គេ?” ជា​ដើម​។
  4. លេង​ហ្គេម​ស្វែង​រក​កំណប់ ហើយ​ឱ្យ​ផែន​ទី​បង្ហាញ​ទិស​ដល់​ពួក​គេ​ក្នុង​ការ​ស្វែង​រក ដោយ​ប្រើ​ពាក្យ​បង្ហាញ​ទិស​ដូច​ជា នៅ​ខាង​ក្នុង នៅ​ខាង​ក្រោយ ឬ​នៅ​ខាង​ក្រោម​ជា​ដើម។ល។
  5. ចាក់​បំពេញ​ដប​ប្លាស្ទិច​ដោយ​ប្រើ​ដី​ខ្សាច់ អង្ករ គ្រាប់​ក្រួស ស្លាប​បក្សី និង​វត្ថុ​ផ្សេងៗ​ទៀត ហើយ​ក្រឡុក​ដប​នោះ​ដើម្បី​ប្រៀប​ធៀប​សំឡេង។
  6. ធ្វើ​កិច្ចការ​ជាមួយ​កូនៗ​ដោយ​បង្កើត​នូវ​រូប​ភាព​ជា​ផ្ទាំង គូរ​គំនូរ ឬ​ស្មូន​ក្អម​ឆ្នាំង​ជា​ដើម៕

អត្ថបទដើម៖ Brain Development (Preschool, 3 - 5 Years)

សាលា​អន្តរជាតិ លីបឺធី ទទួល​បង្រៀន​សិស្ស​ចាប់​ពី​អាយុ ១ ឆ្នាំ​កន្លះ​ឡើង​ទៅ និង​មាន​ថ្នាក់​សិក្សា​ចាប់​ពី​ថ្នាក់​ថែទាំ​កុមារ​តូច (Nursery) ដល់​ថ្នាក់​បឋម​សិក្សា​ថ្នាក់​ទី ៦ ជា​ភាសា​អង់គ្លេស និង​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ដល់​បឋម​សិក្សា​ថ្នាក់​ទី ៦ ជា​ភាសាខ្មែរ។ ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 095712165។

ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ

on Friday, 27 April 2018. Posted in Parenting Tips, Activities

f5c8d356 6b4a 4a9b a682 1da554a123cf landscape small

By Richard Brodie

ជាធម្មតា នៅ​ក្នុង​វ័យ​កុមារ រាល់​ឆ្នាំសុទ្ធ​តែ​មាន​ដំណាក់កាល​លំបាក ហើយ​កាន់​តែ​លំបាក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះ​ក្នុង​វ័យ​នេះ​កុមារ​ចាប់​ផ្ដើម​មាន​សមត្ថភាព ភាព​ជឿជាក់ និង​មាន​អារម្មណ៍​ថា​អាច​ដោះស្រាយ​ជាមួយ​នឹងភាព​ប្លែក​ផ្សេងៗ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​ទៀត។

ប៉ុន្តែ វា​ពិបាក​ក្នុង​ការ​បដិសេធ​នឹង​ការ​សន្មត់​នេះ​ដែល​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ គឺ​ជា​ពេល​ដ៏​ពិបាក​បំផុត។ ប្រសិន​បើ​មិន​មាន​ហេតុផល​ផ្សេង​ក្រៅ​ពី​ការ​ពិត​ដែល ៧៥ ភាគ​រយ​នៃ​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​របស់​ខួរ​ក្បាល​តែងតែ​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នោះ។ សំខាន់​ជាង​នេះ​ទៀត​នោះ នៅ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ ឆ្នាំទី ២ និង​ឆ្នាំ ទី ៣ មាន​ភាព​ខុស​ប្លែក​ពី​ឆ្នាំទី ១ ដែល​ឪពុក​ម្ដាយ​ត្រូវ​តែ​ចាប់​ផ្ដើម​ការ​ហ្វឹកហាត់​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ពួក​គេ។ នៅ​ក្នុង​ឆ្នាំ​ដំបូង កុមារ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពាក់​កណ្ដាល​បង្ក​កំណើត ដែល​ត្រូវ​មាន​ការ​ថែរក្សា​ឱ្យ​បាន​ដិត​ដល់។ នៅក្នុង​ដំណាក់​កាល​នេះ​ការ​ថែ​រក្សា​ដោយ​សាមញ្ញ​ត្រូវ​បាន​ប្រើ ដែល​មាន​ដូច​ជា​ការ​បំបៅ ផ្ដល់​ចំណី ការ​ការពារ និង​ការ​ផ្ដល់​ក្ដី​ស្រឡាញ់ គឺគ្រប់គ្រាន់​សម្រាប់​ពួកគេ។ ប៉ុន្តែ នៅ​ក្នុង​ឆ្នាំទី ២ និងទី ៣ ទារក​តូច​នោះ​បាន​ក្លាយ​ពី​សរីរាង្គ​មួយ​ដែល​ស្ថិត​នៅក្នុង​ពាក់​កណ្ដាល​លូតលាស់​នោះ​ អាច​គិត និង​មាន​អារម្មណ៍​ដូច​មនុស្ស​ទូទៅ។ កិច្ចការ​ទាំង​នេះ​ត្រូវ​ការ​ការ​ទាមទារ​ចាំ​បាច់​ពី​ឪពុក​ម្ដាយ​ដែល​ត្រូវគិត​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ។

សម្រាប់​ឪពុកម្ដាយ​របស់​កុមារ​តូច​វិញ វា​ពិត​ជា​សំខាន់​ក្នុង​ការ​យល់​ពី​ការ​លូតលាស់​នៃ​ខួរ​ក្បាល​ផ្អែក​លើ​អ្វី​ជា​ច្រើន​លើស​ពី​ការ​គ្រាន់​តែ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដែល​ខួរ​ក្បាល​ទទួល​បាន​នៅ​ក្នុង​ចលនា​ឈាម​រត់។ ក្នុង​ការ​សិក្សា​ដែល​រាប់​មិន​អស់​នោះ​បង្ហាញ​ថា ការ​អភិវឌ្ឍ​ខួរ​ក្បាល​ពិត​ប្រាកដ គឺ​ជា​ការ​បង្កើន​បរិយាកាស​រស់​នៅ​របស់​កូន​ដោយ​មាន​ទាំង​ការ​បណ្ដុះ​នូវ​ភាព​វៃ​ឆ្លាត និង​អារម្មណ៍។ តើ​វា​ពិត​ជា​មាន​សារ​សំខាន់​មែន​ឬ​ដែល​ត្រូវ​ផ្ដល់​នូវ​បរិយាកាស​បែប​នោះ​ដល់​កូន? អ្នក​ត្រូវ​គិត​ថា ទារក​តូច​នេះ​នឹង​ក្លាយ​ជាមនុស្ស​ធំ​ពេញ​វ័យ​ ហើយ​នឹង​ក្លាយ​ជា​សមាជិក​មួយ​រូប​ក្នុង​សង្គម និង​គ្រួសារ​របស់​យើង ដូចនេះ វា​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ផ្ដល់​ឱ្យ​ពួក​គេ!

ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ខ្លះៗ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​ឱ្យ​កូនៗ​ដែល​មាន​អាយុ ២ ទៅ ៣ ឆ្នាំ មាន​សុខភាព​ខួរ​ក្បាល​ល្អ៖

  • ការ​អភិវឌ្ឍ​រាង​កាយ៖ អាហារូបត្ថម្ភ​ត្រឹម​ត្រូវ និង​ការ​ធ្វើ​លំហាត់​ប្រាណ។ ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​បៅ​ទឹកដោះ​ពី​អ្នក ពួកគេ​គួរ​តែ​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត។ នេះ​មាន​ន័យ​ថា​អ្នក​អាច​ប្រើបន្លែ ឬ​ផ្លែឈើ​ដើម្បី​កិន​ជាទឹក ឬ​ក៏កិន​ធ្វើ​ជាអាហារ​ដែល​អាច​ឱ្យ​កូនតូចៗ​អាច​ទទួល​ទាន​បាន។ លើសពី​នេះ អ្នក​គួរ​តែ​ឱ្យ​ពួកគេ​លេង​ឱ្យ​បាន​ច្រើន មិន​ថា​លេង​នៅលើ​ខ្សាច់ ទោង​កម្សាន្ត ​ឬ​រត់​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​នោះ​ទេ។
  • ការ​អភិវឌ្ឍ​ការ​សិក្សា​រៀន​សូត្រ៖ ការ​បង្រៀន និង​លេង។ ប្រសិន​បើ​វា​ត្រូវ​បាន​បង្ហាញ​ត្រឹម​ត្រូវ​ នោះ​បទពិសោធន៍​នៃ​ការ​រៀន និង​លេង​ត្រូវ​បាន​បង្ហាញ​ដល់​កុមារ​ផង​ដែរ។ គ្រប់​យ៉ាង​ហាក់​ដូច​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​កុមារ។ ការ​សិក្សា​ក្នុង​ការស្វែង​យល់​ពី​អក្សរ​នៃអក្ខរ​ក្រម​ណា​មួយ​នៅ​ក្នុង​សៀវភៅ​ពណ៌ លេង​ដី​ខ្សាច់ជា​ដើម។
  • ការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍៖ ការ​ស្រឡាញ់ និង​ការ​ទទួល​ក្ដី​ស្រឡាញ់​ពី​អ្នក​ដទៃ។ មិន​មាន​ចំនួន​កំណត់​ពី​ទំហំ​នៃ​ក្ដីស្រឡាញ់ ឬ​ការ​យក​ចិត្ត​ទុកដាក់​ពី​ឪពុកម្ដាយ​ដែល​មាន​ចំពោះ​កូន​នោះ​ឡើយ។ សមត្ថភាព​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ​នា​ពេល​អនាគត​របស់​កូន គឺ​អាស្រ័យ​លើ​ក្ដី​ស្រឡាញ់​ដែល​ពួកគេ​បានទទួល​ពី​ឪពុក​ម្ដាយ​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទដើម៖ Brain Development in the Toddler (Ages One to Three)

វិធី ៦ យ៉ាងជួយឱ្យកូនរៀននៅផ្ទះ

on Tuesday, 27 March 2018. Posted in Parenting Tips, Activities

ការ​រៀន​សូត្រ​របស់​កូន​របស់​អ្នក​មិន​ប្រាកដ​ថា​ត្រូវ​ឈប់​ពេល​ដែល​គេ​បាន​ដើរ​ចេញ​ពី​ថ្នាក់​រៀន​នោះ​ឡើយ​។ មាន​វិធី​ជា​ច្រើន​ដែល​អាច​ឱ្យ​ពួក​គេ​រីករាយ​ផង និង​រៀន​សូត្រ​បន្ថែម​នៅ​ផ្ទះ​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី ៦ យ៉ាង​ដែល​ជួយ​ឱ្យ​កូន​របស់​អ្នក​អាច​រៀន​នៅ​ផ្ទះ​ដោយ​មិន​ដឹង​ខ្លួន។

mother daughter reading 624x415

1 ហ្គេមកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យាបែបសិក្សា

តើ​កូន​របស់​អ្នក​តែង​តែ​សុំ​ប្រើ iPad ប៉ុន្តែ​អ្នក​ដូច​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ឱ្យ​ពួក​គេ​ប្រើ​វា​មែន​ទេ?

ប្រសិន​បើ​អ្ន​ក​កំណត់​ពេល​វេលា​ក្នុង​ការ​ប្រើ ហើយ​ប្រើ​នូវ​កម្មវិធី​ដែល​ពាក់ព័ន្ធ​នឹង​ការ​អប់រំ នោះ​ពួក​គេ​នឹង​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​បន្ថែម និង​អាច​ទាំង​ជួយ​ឱ្យ​ពួក​គេ​យល់​ដឹង​ក្នុង​មុខវិជ្ជា​សិក្សា​ផ្សេងៗ​ទៀត​ផង​ដែរ។ ប្រសិន​បើ​ពួកគេ​កំពុង​រៀន​អាន នោះ​លោក​អ្នក​ត្រូវ​រក​កម្មវិធី​អាន​ឱ្យ​គេ។

2 អនុញ្ញាតកូនឱ្យអានរឿងនិទានមុនចូលគេងឱ្យអ្នកស្ដាប់

កុមារ​តូចៗ​ចូលចិត្ត​ឱ្យ​គេ​អាន​រឿង​និទាន​ឱ្យ​ស្ដាប់ ជាពិសេស គឺ​មុន​ពេល​ចូល​គេង​តែ​ម្ដង។ ឥឡូវ​ដល់​វេន​ពួកគេ​ត្រូវ​អាន​សៀវភៅ​ឱ្យ​អ្នក​ស្ដាប់​វិញ​ម្ដង​ហើយ។

ការ​ឱ្យ​ពួកគេ​អាន​រឿង​មិន​ត្រឹមតែ​សំខាន់​ប៉ុណ្ណោះ​ទេ តែ​ពួក​គេពិត​ជា​អាច​រៀន​អាន​យ៉ាង​ប្រាកដ ហើយ​ពួកគេ​ក៏​អាច​​រៀន​ពាក្យ​ជា​ច្រើន​ពី​រឿង​ដែល​ពួក​គេ​បាន​អាន​នោះ​ទៀត​ផង។

ពេល​ដែលពួកគេ​បាន​អាន​សៀវភៅ ត្រូវ​យក​សៀវភៅ​នោះ​មក​ពិភាក្សា ហើយ​ឱ្យ​ពួកគេ​ប្រាប់​អ្នក​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​ពីវា។

3 ជំរុញការសរសេរ

មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ជំរុញ​ទឹកចិត្ត​កូន​ឱ្យកាន់​ប៊ិក ឬ​ខ្មៅដៃ​សរសេរ​នៅ​ផ្ទះ។ ពួកគេ​អាច​ចាប់​ផ្ដើម​សរសេរ​សំបុត្រ ឬ​បណ្ណ​ជូនពរ​ទៅ​កាន់​បង​ប្អូន​ជាដើម។

សូម​ជំរុញ​ឱ្យ​ពួក​គេ​សរសេរ​សៀវភៅ​កំណត់​ហេតុ ឬ​សរសេរ​រឿង​ដែល​គេ​បាន​ជួប​ប្រទះ ឬ​រឿង​ដែល​ពួក​គេ​និពន្ធ នោះ​ពួកគេ​នឹង​រីករាយ​ក្នុង​ការ​អាន។ មិន​ត្រឹមតែ​អាច​អនុវត្ត​ការ​សរសេរ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​អាច​ប្រើ​ការ​ស្រមៃ​មក​សរសេរ​បាន​ទៀត​ផង។

4 សួរសំណួរ

ការ​សួរ​កុមារ​ពី​សំណួរ​អាច​នឹង​មាន​ភាព​ល្អ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ពួក​គេ និង​ការ​ជួយ​ឱ្យ​ពួកគេ​ឱ្យ​រៀន​ក្នុង​ពេល​តែ​មួយ​ទៀត​ផង។

លោក​អ្នក​អាច​បង្កើត​ជាកម្រង​សំណួរ​ខ្លីៗ​សម្រាប់​ឱ្យ​ពួកគេ​ឆ្លើយ ឧទាហរណ៍៖

  • តើអ្នកណាជាអ្នកបង្កើនអ៊ិនធើណែត?
  • តើប្រទេសកម្ពុជាមានផ្ទៃក្រឡាប៉ុន្មានម៉ែត្រការ៉េ?
  • តើនៅលើពិភពលោកនេះមានទ្វីបប៉ុន្មាន? អ្វីខ្លះ?

5 ផ្លាស់ប្ដូរការលេងនៅខាងក្រៅផ្ទះឱ្យទៅជាការលេងដែលផ្ដល់ចំណេះដឹង

កុមារចូលចិត្ត​លេង​នៅ​ខាង​ក្រៅ​ផ្ទះ ដូច្នេះ សូម​សាក​ល្បង​ប្រែ​ការ​លេង​ឱ្យ​មាន​ប្រយោជន៍។ ខាង​ក្រោម​នេះ គឺ​ជា​គំនិត​ខ្លះៗ​ដែល​លោក​អ្នក​អាច​​ពិចារណា​ក្នុង​ការ​ប្រើ៖

  • ផ្ដល់​​ផ្នែក​មួយ​នៃ​សួន​ច្បារ​របស់​លោក​អ្នក​ដើម្បី​ឱ្យ​គេ​អាច​ដាំ​ដំណាំ​ដោយ​ខ្លួន​ឯង​បាន។ កិច្ចការ​នេះ​នឹងបង្រៀន​ពួកគេ​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ដាំ​ដំណាំ​ឱ្យ​លូត​លាស់។ វា​ក៏​ជា​ឱកាស​ល្អ​ក្នុង​ការ​បង្រៀន​កុមារ​ពី​ប្រភេទ​ផ្សេងៗ​នៃ​ផ្លែ​ឈើ និងបន្លែ។ បន្ទាប់​មក​ទៀត ពេល​ដែល​បន្លែ​ ឬ​ផ្លែឈើ​ទាំង​នោះ​ធំ​អាច​បេះបាន និង​បង្ហាញ​គេ​ពី​តាំង​ពី​វា​នៅ​ក្នុង​ដី រហូត​ដល់​ត្រូវ​បេះ​យក​ទៅ​ដាក់​ក្នុង​ចាន ឬ​ចម្អិន​សម្រាប់​ធ្វើ​ជា​អាហារ​ជាដើម។
  • ដើរ​រាប់ និង​សម្គាល់​ប្រភេទ​សត្វ ឬ​រុក្ខជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន។
  • ស្វែង​រក​របស់​ចាស់ៗ​នៅ​ក្បែរ​ធ្លា​លេង។
  • វាស់​ដើម​ឈើ

6 សាកល្បងការពិសោធន៍វិទ្យាសាស្ត្រងាយៗ

ការ​ធ្វើការ​សាក​ល្បង​ពិសោធន៍​វិទ្យាសាស្ត្រ​ជាមួយ​នឹង​កូន គឺ​ជា​វិធី​មួយ​ដែល​ជួយ​កុមារ​ក្នុង​ការ​ស្វែង​យល់​ពី​វិទ្យាសាស្ត្រ​កាន់​តែ​លឿន និង​រីករាយ៕

ប្រភពអត្ថបទ៖ 6 Sneaky Ways to Help Kids Learn at Home

គន្លឹះទាំង ៨ ក្នុងការជួយកូនៗឱ្យមានភាពឯករាជ្យ

on Friday, 23 February 2018. Posted in Parenting Tips, Activities

ប្រសិនបើ​អ្នក​ចង់​ចិញ្ចឹម​កូន​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង កូន​ដែល​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង អ្នក​ត្រូវ​ផ្ដល់​សេរីភាព​ឱ្យ​ពួកគេ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ប្រភេទ​នោះ។ គន្លឹះ​សម្រាប់​ការ​ចិញ្ចឹម​កូន​ដែល​មាន​ភាព​ឯករាជ្យ​ត្រូវ​មាន​ចំណុច​តុល្យភាព​មួយ​ចំនួន។ អ្នក​ត្រូវតែ​មាន​ភាព​អត់ធ្មត់ ប៉ុន្តែ មិន​ធូរ​រលុង​ពេក​ដែរ​ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ពួកគេ​ចេះ​ឯករាជ្យ​លើ​ខ្លួន​ឯង។

education 19 700x586

បញ្ហា​ដែល​តែង​កើត​មាន​ទៅ​លើ​ឪពុកម្ដាយ គឺ​ពួកគេ​ព្យាយាម​ផ្ដល់​ការ​ណែនាំ និង​ជួយ​កូន​គ្រប់​ជំហាន​ទាំង​អស់។ វិធី​នេះ​មិន​ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើ​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​បំផ្លាញ​សមត្ថភាព​នៃ​ការ​ធ្វើការ​ជ្រើស​រើស​របស់​ពួក​គេ។ ប្រសិន​បើ​អ្នក​ឱ្យ​ពួក​គេ​ពឹង​ផ្អែក​លើ​អ្នក​ពេក នោះ​គេ​អាច​នឹង​មាន​អារម្មណ៍​ពិបាក​ចិត្ត និង​អាច​នឹង​រើ​បំរះ​នៅ​ថ្ងៃ​ណា​មួយ​ដែល​វា គឺ​ជា​ផល​វិបាក​សម្រាប់​អ្នក និង​គេ​ផង​ដែរ។

គន្លឹះទាំង ៨ ក្នុងការជួយឱ្យកូនៗមានភាពឯករាជ្យ៖

តើ​អ្នក​មាន​ភាព​ប្រាកដ​ដល់​កម្រិត​ណា​ក្នុង​ការ​រក្សា​លំនឹង​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​ភាព​ឯករាជ្យ? សូម​មក​អាន​នូវ​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឱ្យ​លោក​អ្នក​សម្រេច​គោល​បំណង​នេះ។

1. បង្កើតទម្លាប់៖

កុមារ​ត្រូវ​ការ​តុល្យភាព​រវាង​ច្បាប់​ទម្លាប់ និង​សេរីភាព​ដើម្បី​បណ្ដុះ​នូវ​ភាព​ឯករាជ្យ។ ពេល​ដែល​អ្នក​អនុញ្ញាត​ឱ្យ​គេ​គិត​ដោយ​ខ្លួន​ឯង​កាន់​តែ​ច្រើន គេ​នឹង​កាន់​តែ​មាន​ភាព​ឯករាជ្យ។

  • សុំ​ឱ្យ​កូន​រៀប​ចំ​សម្លៀក​បំពាក់​ទុក​ដោយ​ខ្លួន​ឯង ហើយឱ្យ​ពួកគេ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង​នៅ​ពេល​ព្រឹក​មុន​មក​សាលា។
  • អនុញ្ញាត​ឱ្យ​កូន​ជ្រើសរើស​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង និង​យក​ចាន​មក​ដួស​អាហារ​ដោយ​ខ្លួន​ឯង​ពេល​ញ៉ាំ​អាហារ​ ហើយ​យក​ចាន​ទៅ​ទុក​កន្លែង​លាង​ចាន​វិញ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​រាល់។
  • ទុក​ដាក់​សម្ភារ​ដាក់​អាហារ និង​សម្លៀកបំពាក់​របស់​ពួកគេ​នៅ​កន្លែង​ដែល​មាន​កម្ពស់​ទាប​អាច​ឱ្យ​គេអាច​យក​ដោយ​ខ្លួន​ឯង​បាន។

2. បង្រៀនពួកគេពីជំនាញដោះស្រាយបញ្ហា៖

ប្រសិន​បើ​កូន​របស់​អ្នក​មាន​បញ្ហា អ្នក​ត្រូវ​អនុញ្ញាត​ឱ្យ​គេ​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង ហើយ​កុំ​អាល​ប្រញាប់​ជួយ​គេ​អី។

  • ជម្លោះ​រវាង​បង​ប្អូន​តែង​តែ​កើត​មាន​ក្នុង​វ័យ​របស់​ពួក​គេ។
  • មិន​ត្រូវ​ជួយ​គេ តែ​ត្រូវ​ឱ្យ​គេ​រៀន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។
  • លេង​សម្ដែង​រឿង​ខ្លីៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ។

3. ការធ្លាក់មិនមែនជាការបញ្ចប់នោះទេ៖

គ្មាន​អ្វី​ខុស​នោះទេ​បើ​គ្រាន់​តែ​ប្រឡង​ធ្លាក់! បើ​ទោះ​បី​ជា​វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​កូន​មាន​កំហុស​បាន​ដែរ។ ដូច​នេះ គេនឹង​យល់​ពី​អ្វី​ដែល​គេ​បាន​ធ្វើ។

  • ជា​ឧទាហរណ៍ គាត់​អាច​ភ្លេច​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​ត្រូវ​ទទួល​វិន័យ​នៅ​សាលា។
  • នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណាក់កាល​សិក្សា​ដែល​នឹង​ជួយ​គេ​ឱ្យ​ចាំ​ក្នុង​ការ​បញ្ចប់​កិច្ចការ​របស់​ពួកគេ​នា​ពេល​ក្រោយ​ទៀត។
  • មិន​ត្រូវ​ស្ដី​បន្ទោស​គេ​ប្រសិន​បើ​គេ​ធ្វើ​ឱ្យ​កំពប់​ទឹក​ពេល​កំពុង​ចាក់​ទឹក​ចូល​ក្នុង​កែវ។ ត្រូវ​ប្រាប់​គេ​ពី​វិធី​សម្អាត និង​រំឮក​ឱ្យ​ពួក​គេ​ប្រយ័ត្ន​ឱ្យបាន​ច្រើន។

4. ត្រូវចេះយល់ចិត្ត៖

កូន​របស់​អ្នក​ចាំ​បាច់​ត្រូវ​តែ​ដឹង​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ពួកគេ​ប៉ុន​ណា ប៉ុន្តែ អ្នក​ត្រូវ​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង។

  • ត្រូវ​ឱ្យ​គេ​ដឹង​ថា​អ្នក​តែងតែ​នៅ​ក្បែរ​គេ​ជានិច្ច​មិន​ថា​កាលៈទេសៈ​ណា​ក៏​ដោយ។
  • ព្យាយាម​ឱ្យ​កូនៗ​យល់​ថា​អ្នក​ចង់​ឱ្យ​គេ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ជាង​ការ​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ។
  • ពេល​ដែល​អ្នក​ជំរុញ​ពួកគេ​ឱ្យ​មាន​ភាព​ឯករាជ្យ អ្នក​មិន​ត្រូវ​ឱ្យ​ពួកគេ​មាន​របួស​ស្នាមអ្វី​ឡើយ​នៅ​ក្នុង​ដំណាក់​កាល​នោះ។

5. សូមឱ្យគេមានភាពអំណត់៖

អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ឈរ​លើ​គោល​ជំហរ​នៃ​សិទ្ធិ​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន៖

  • ប្រសិន​បើអ្នក​​បញ្ជា​ទិញ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ត្រូវ​អនុញ្ញាត​ឱ្យ​គេ​កុម្ម៉ង់​ម្ហូប​ដោយ​ខ្លួន​ឯង។
  • ប្រសិន​បើ​អ្នក​កំពុង​ស្លៀក​ពាក់ គួរ​ឱ្យ​ពួក​គេ​ជ្រើសរើស​សម្លៀកបំពាក់​ស្លៀក​ដោយ​ខ្លួន​ឯង​ផង​ដែរ។
  • សួរ​គេ​ពី​អ្វីដែល​ពួកគេ​ចង់​ញ៉ាំ​សម្រាប់​ពេល​ល្ងាច​នេះ។
  • ហើយ​ពេល​ណា​គេ​ចង់​អង្គុយ​ធ្វើ​កិច្ចការ​សាលា។​

6. ផ្ដល់ជម្រើសសមហេតុសមផល៖

ដើម្បី​ជួយ​កូន​ឱ្យ​គិត​ដោយ​ឯករាជ្យ ត្រូវ​ផ្ដល់​ជម្រើស​សមហេតុ​សមផល​ឱ្យ​ពួកគេ។

  • ឧទាហរណ៍ អនុញ្ញាត​ឱ្យ​គេ​ជ្រើសរើស​រវាង​ភីហ្សា និង​មីឆា។
  • ឱ្យ​គេ​សម្រេច​ចិត្ត​ថា​តើ​គេ​គួរ​ស្រោច​ផ្កា​មុន ឬ​ក៏​ធ្វើ​កិច្ចការ​សាលា​មុន។
  • ត្រូវ​មាន​ដែន​កំណត់។ គេ​ត្រូវ​តែ​ដឹង​ច្បាស់​ពី​ព្រំដែន​របស់​ពួក​គេ និង​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក​ពី​គេ។

7. ផ្ដល់យោបល់ មិនមែនអន្តរាគមន៍៖

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ភាព​លំបាក​ក្នុង​ការ​ស្វែង​រក​បញ្ហា មិន​ត្រូវ​ប្រញាប់​ជួយ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​អាចផ្ដល់​​នូវ​ការ​ណែនាំ តែ​មិនមែន​ដំណោះ​ស្រាយ។

  • អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​គិត​ពី​វិធី​ដែល​អាច​ដោះស្រាយ​បញ្ហា។
  • អ្នក​ប្រហែល​ជា​អាច​នឹង​ភ្ញាក់​ផ្អើល​ពេល​ដែល​ឃើញ​គេ​មាន​ដំណោះ​ស្រាយ។

8. អនុញ្ញាតឱ្យគេមានទំនួលខុសត្រូវ៖

ប្រសិន​បើ​អ្នក​កំពុង​រៀប​ចំ​ដំណើរ​កម្សាន្ត សូម​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​រៀប​ចំ​សម្លៀក​បំពាក់ និង​សម្ភារ​របស់​ពួក​គេដោយ​ខ្លួន​ឯង។ អ្នក​អាច​បង្រៀន​ពួកគេ​ពី​វិធី​រៀប​ចំ​ក្នុង​រយៈ​ពេល​ពីរ​បី​ដង​ដំបូង។

  • ត្រូវ​ឱ្យ​ពួក​គេ​ចូលរួម​ចំណែក​ក្នុង​ដំណាក់​កាល​រៀប​ចំ ដូចនេះ កូន​របស់​អ្នក​នឹង​យល់​ពី​ដំណើរ​កម្សាន្ត និង​ឯករាជ្យ​ភាព។
  • សុំឱ្យ​ពួក​គេ​យួរ​កាបូប (ឬរុញកាបូប) ដោយ​ខ្លួន​ឯង​ពេល​ទៅ និង​ពេល​ត្រឡប់​មក​វិញ។

ដំណាក់​កាល​ទាំង​អស់​នៃ​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​អាច​នឹង​មាន​ភាព​យឺត ប៉ុន្តែ វា​សំខាន់​ដែល​អ្នក​ណែនាំកូន​គ្រប់​វិធី​ដែល​ពួក​គេ​ធ្វើ។ ផ្ដល់​នូវ​ឧបករណ៍ ឬ​សម្ភារ​ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់ និង​ក្លាយ​ជា​មនុស្ស​ដ៏​ជោគជ័យ​នា​ពេល​អនាគត៕

អត្ថបទដើម៖ Top 8 Tips To Make Your Child Independent

ហេតុអ្វីបានជាការលេងមានសារសំខាន់?

on Thursday, 15 February 2018. Posted in Parenting Tips, Activities

importance of play

ការ​លេង​អាច​លើស​ពី​អ្វី​ដែល​គ្រាន់​តែ​ជា​ការ​សប្បាយ​សម្រាប់​ទារក និង​កុមារ។ វា​ជា​វិធី​ដែល​ពួក​គេ​អាច​រៀន​បាន​យ៉ាង​រហ័ស វិធី​ដែល​ពួក​គេ​អាច​ដឹង​ថា​ពួក​គេ​ជា​នរណា និង​ទី​កន្លែង​ដែល​គេ​កំពុង​រស់​នៅ​ប្រចាំ​ថ្ងៃ​នេះ​ថា​ជា​កន្លែង​អ្វី។

សារ​សំខាន់​នៃ​ការ​លេង

ការ​លេង គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​ធ្វើ​ជាមួយ​កូន​របស់​អ្នក​បាន ព្រោះ​ការ​លេង​មាន​សារ​សំខាន់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ។ ពេល​ដែល​អ្នក​ចំណាយ​ពេល​លេង​ជាមួយ​ពួក​គេ​អាច​ផ្ដល់​នូវ​វិធី​ដ៏​ច្រើន និង​ពេល​វេលា​ក្នុង​ការ​រៀន។

ការ​លេង​ក៏​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ៖

  • បណ្ដុះភាពជឿជាក់លើខ្លួនឯង
  • ទទួលអារម្មណ៍ស្រឡាញ់ សប្បាយចិត្ត និងសុវត្ថិភាព
  • អភិវឌ្ឍជំនាញសង្គម ភាសា និងទំនាក់ទំនង
  • រៀនពីការខ្វល់ពីអ្នកដទៃ និងបរិយាកាសជុំវិញខ្លួន
  • អភិវឌ្ឍជំនាញកាយសម្បទា

ប្រភេទផ្សេងៗនៃការលេង

ការ​លេង​ដោយ​សេរី មិន​មាន​លក្ខណៈ​ជា​សម្ព័ន្ធ គឺ​ជា​ប្រភេទ​នៃ​ការ​លេង​សម្រាប់​កុមារ​តូចៗ។ ការ​លេង​នេះ​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​កូន​របស់​អ្នក​ចង់​លេង។ ការ​លេង​ដោយ​សេរី ជា​ការ​លេង​ដោយ​មិន​បាន​គ្រោង​ទុក​ជា​មុន ហើយ​ការ​លេង​នេះ​អាច​ឱ្យ​កូន​របស់​អ្នក​ប្រើ​ក្ដី​ស្រមៃ​របស់​ពួក​គេ និង​ចាប់​ផ្ដើម​លេង​តាម​របៀប​ដែល​គេ​ចង់។

ឧទាហរណ៍នានាដែលសន្មតថាជាការលេងដោយសេរី៖

  • ការ​លេង​តែ​ម្នាក់​ឯង ឬ​ជាមួយ​អ្នក​ដទៃ​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិដ្ឋ រួម​មាន​សកម្មភាព​សិល្បៈ ឬ​តន្រ្តី​ជា​ដើម
  • ការ​លេង​បែប​ស្រមើ​ស្រមៃ ឧទាហរណ៍ ការ​បង្កើត​ផ្ទះ​ដោយ​ប្រើ​ប្រអប់ ឬ​ភួយ ការ​ស្លៀក​ពាក់​ប្លែកៗ ឬ​ការ​លេង​សៀក​ឆ្ពិន​ភ្នែក​ជា​ដើម
  • ការ​រុក​រក​កន្លែង​លេង​ថ្មី ឬ​កន្លែង​ដែល​ចូល​ចិត្ត​ដូច​ជា ទីធ្លា​លេង​ក្រោយ​ផ្ទះ សួន​ច្បារ និង​ទោង​ជា​ដើម ។ល។

អ្នក​អាច​ជា​ផ្នែក​មួយ​នៃ​ការ​លេង​របស់​កូនៗ។ ពេល​ខ្លះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺបង្ហាញ​កូនៗ​ពី​ផ្លូវ/វិធី​ត្រូវ ដូច​ជា​បង្ហាញ​កន្លែង​ទុក​សម្ភារ​ដែល​កូនៗ​ចង់​បាន​សម្រាប់​ការ​លេង​របស់​ពួក​គេ។ ហើយ​ពេល​ខ្លះ​ទៀត អ្នក​ប្រហែល​ជា​ត្រូវ​មាន​ភាព​រស់​រវើក​បន្តិច។

ការ​លេង​ដែល​មាន​ក្បួន​ត្រឹម​ត្រូវ គឺ​ជា​ការ​លេង​ដែល​មានលក្ខណៈ​ប្លែក។ វា​ត្រូវ​ការ​ឱ្យ​មាន​ការ​រៀប​ចំ​ទុក​មុន ទាំង​ពេល​វេលា និង​ទី​កន្លែង ហើយ​ភាគ​ច្រើន​ត្រូវ​បាន​រៀប​ចំ​ដោយ​មនុស្ស​ធំ។

ឧទាហរណ៍ខ្លះនៃការលេងលក្ខណៈនេះ។

  • ថ្នាក់​រៀន​ហែល​ទឹក​សម្រាប់​កុមារ​តូចៗ និង​សម្រាប់​កុមារ​ធំ៖ អ្នក​ប្រហែល​ជា​គិត​ថា​ការ​​ហែល​ទឹក​មាន​សារ​សំខាន់​សម្រាប់​ពួក​គេ ប៉ុន្តែ ពួកគេ​ប្រហែល​ជា​គិត​ថា​វាសប្បាយ​តែ​ប៉ុណ្ណោះ​
  • ក្រុម​និទាន​រឿង​សម្រាប់​កុមារ​តូចៗ​នៅ​ក្នុង​បណ្ណាល័យ​ក្នុង​តំបន់
  • ថ្នាក់​រៀន​រាំ តន្រ្ដី ឬ​ល្ខោន​សម្រាប់​កុមារ​គ្រប់​វ័យ
  • ហ្គេម​ដែល​ប្រើ​ប្រាជ្ញា
  • ហាត់​កីឡា ដូច​ជា​កីឡា​បាល់​ទាត់ បាល់​បោះ។ល។

វិធីដែលការលេងអាចអភិវឌ្ឍកូនៗ

ពេល​ដែល​កូន​អ្នក​ចាប់​ផ្ដើម​លូត​លាស់ វិធី​ដែល​គេ​លេង​នឹង​ត្រូវ​ផ្លាស់​ប្ដូរ គេ​នឹង​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិដ្ឋ​ជាង​មុន និង​មាន​បទពិសោធន៍​ជាមួយ​នឹង​ប្រដាប់​លេង ហ្គេម និង​គំនិត​ច្រើន​ជាង​មុន។ នេះ​ប្រហែល​មាន​ន័យ​ថា​នាង​ត្រូវ​ការ​ពេល​វេលា និង​កន្លែង​បន្ថែម​សម្រាប់​លេង។

ជាមួយ​គ្នា​នេះ​ដែរ កុមារ​មាន​ការ​ធ្វើ​បំលាស់​ទី​បាន​ច្រើន​លក្ខណៈ​ផ្សេង​គ្នា​ពេល​ដែល​គេ​ធំ​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​តែ​ម្នាក់​ឯង ការ​លេង​ជាមួយក្មេង​ដទៃ និង​ការ​ចូល​រួម​លេង​ជាមួយ​ក្មេង​ដទៃ។

ទារក
សម្រាប់​ទារក ​អ្វី​ដែល​ល្អ​សម្រាប់​លេង​ជាមួយ​បំផុត​នោះ គឺ​អ្នក។ គ្រាន់តែ​សម្លឹង​មើល​មុខ​របស់​អ្នក និង​ឮ​សំឡេង​របស់​អ្នក គឺ​ជា​ការ​លេង​សម្រាប់​ទារក​តូច​របស់​អ្នក ជា​ពិសេស ប្រសិន​បើ​អ្នក​កំពុង​ញញឹម​រក​ពួក​គេ​។

អ្នកប្រហែលជាចង់សាកល្បងនូវគំនិត និងសកម្មភាពលេង

  • តន្រ្តី ចម្រៀង ការ​តប់​លើ​ពោះ​កូន​ស្រាលៗ​ពេល​ដែល​អ្នក​ច្រៀង ប្រអប់​ដែល​ដាក់​របស់​ផ្សេងៗ​ ដែល​ជា​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ការ​ស្ដាប់ និង​ការ​ធ្វើ​ចលនា។
  • វត្ថុ​ដែល​មាន​ទំហំ រូបរាង និង​ពណ៌​ផ្សេងៗ​ដែល​ជួយ​ជំរុញ​ដល់​ការ​ចាប់​យក​ពី​ក្មេង។
  • គ្រឿង​សង្ហារឹម បាល់ ប្រដាប់​លេង ឬ​ប្រអប់​ដែល​អាច​ឱ្យ​កុមារ​តូច​វារ​លើ ឈរ និង​ដើរ។

ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ទៀង​ទាត់ និង​ការ​លេង​លើកម្រាល​ឥដ្ឋ​រាប​ស្មើ​ពិត​ជាមាន​សារ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូត​លាស់​របស់​ទារក។ ការ​ធ្វើ​លំហាត់​ប្រាណ​រាង​កាយ​នេះ​ជួយ​ឱ្យ​កូន​តូច​របស់​អ្នក​អភិវឌ្ឍ​ការ​គ្រប់គ្រង​ចលនា​ដោយ​ការ​ពង្រឹង​ផ្នែក​ក្បាល​ ក និង​សាច់​ដុំលើ​រាង​កាយ។ វា​ក៏​អាច​ឱ្យ​កូន​របស់​អ្នក​មើល​ឃើញ និង​ស្វែង​យល់​ពី​ពិភព​ជុំវិញ​ខ្លួន​ពួក​គេ​តាម​លក្ខណៈ​ផ្សេងៗ។

កុមារចេះដើរ
ខាង​ក្រោម​នេះ គឺ​ជា​គំនិត​ខ្លះៗ​ដែល​កូន​របស់​អ្នក​អាច​ចូលរួ​មដោយ​រីករាយ៖

  • របស់​ដែល​ធំ ហើយ​ស្រាល​ដូច​ជា ប្រអប់​ក្រដាស កន្រ្តក ឬ​បាល់​ផ្លុំ​ដែល​អាច​ជំរុញ​ឱ្យ​កូន​របស់​អ្នក​រត់ ចាប់ រុញ និង​ទម្លាក់​របស់​នានា។
  • ដីស ខ្សែ​ពួរ តន្រ្តី ឬ​ប្រអប់​ដាក់​របស់​ដែល​អាច​ឱ្យ​កូន​អ្នក​អាច​លោត ទាត់ ច្រំ ជាន់ និង​រត់​បាន​។
  • កង​បង្វិល ប្រអប់ ដុំ​ថ្ម​ធំ ឬ​ខ្នើយ​ដែល​ស័ក្តិសម​សម្រាប់​ការ​តោង​ឡើង ការ​ទប់​លំនឹង ការ​បង្វិល​ខ្លួន ការ​លោត​បែប​ញាប់​ញ័រ ឬ​ការ​រមៀល​ខ្លួន​ជា​ដើម។
  • ទួល ផ្លូវ​រូង​ក្រោម​ដី ឬ​ធ្នើ​បន្ទប់​ដែល​អាច​ឱ្យ​កូន​មាន​ការ​ធ្វើ​សកម្មភាព​រាង​កាយ​ខ្លះ​ដូច​ជា​វារ​ និង​ស្វែង​រក។

ប្រសិន​បើ​អ្នក​ចាក់​តន្រ្តី​ដែលពួក​គេ​ចូល​ចិត្ត​ពេល​អ្នក​កំពុង​លេង​ជាមួយ​ពួក​គេ គេ​អាច​នឹង​ទទួល​បាន​នូវ​ការ​ស្ដាប់​ចម្រៀង​កម្សាន្ត​ផង និង​លេង​ផង។ អ្នក​ប្រហែល​ជា​អាច​ច្រៀង រាំ និង​ទះដៃ​ទៅ​តាម​ចង្វាក់​ភ្លេង​ជាមួយ​កូនៗ​ផង​ដែរ។

កុមារដែលកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប
ខាងក្រោមនេះគឺជាគំនិតខ្លះៗដើម្បីឱ្យកូនៗលេង៖

  • ប្រអប់​​ទឹកដោះគោ​ចាស់ៗ ស្លាបព្រា​ឈើ ផើង​ផ្កា​ទទេ ឈើ ក្រដាស​ញី ធុង​ជ័រ ឆ្នាំង​សំឡ​ និង​សម្លៀក​បំពាក់​ចាស់ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​លេង​ដែល​មិន​មាន​លក្ខណៈ​ស្មុគ​ស្មាញ
  • រូបផ្គុំ និង​ហ្គេម​ផ្គុំ​ផ្សេងៗ​ដែល​ជួយ​បង្កើន​ការ​ចង​ចាំ និង​ការ​ផ្ចង់​ស្មារតី​របស់​កុមារ​
  • ដីឥដ្ឋដែលជួយអភិវឌ្ឍជំនាញប្រើចលនាសាច់ដុំ
  • តន្រ្តី​ដែល​ពួក​គេ​ចូល​ចិត្ត ឬ​ឆ្នាំង និង​ខ្ទះ​សម្រាប់​បង្កើត​ជា​តន្រ្តី​ឱ្យ​គេ​រាំ​លេង
  • បាល់ និងថាសគប់អាចជំរុញឱ្យពួកគេអាចទាត់ គប់ និងរមៀលខ្លួន

ពេល​ដែល​អ្នក​លើក​ទឹក​ចិត្ត​កូន​របស់​អ្នក​ឱ្យ​ទាត់ ឬគប់ អ្នក​ត្រូវ​ព្យាយាម​ណែនាំ​ឱ្យពួក​គេ​រៀន​ប្រើ​ចលនា​នៃ​រាង​កាយ​របស់​ពួក​គេ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត។

កុមារដែលចាប់ផ្ដើមចូលរៀនបឋមសិក្សា
កូន​ដែល​កំពុង​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​អាច​មាន​ភាព​សប្បាយ​រីករាយ​ដោយ​គ្រាន់​តែ​មាន​វត្ថុ និង​សកម្មភាព​លេង​ដូច​ខាង​ក្រោម៖

  • គ្រឿង​សង្ហារឹម ក្រណាត់ កន្រ្តក​ដាក់​សម្លៀកបំពាក់​ដែល​ស្លៀក​រួច តង់ និង​ប្រអប់​ដែល​អាច​ប្រើ​សម្រាប់​ការ​សាង​សង់បាន។
  • វិធីសាស្ត្រ​ពិបាកៗ​ដែល​អ្នក​រៀប​ចំ​ដើម្បី​ឱ្យ​កូន​រៀន​ធ្វើ​បំលាស់​ទី​តាម​របៀប ផ្លូវ ទិស និង​ល្បឿន​ផ្សេង​គ្នា។
  • ចម្រៀង​លាយ​នឹង​ការ​លេង​ហ្គេម
  • ការ​ចម្អិន​អាហារ​ងាយៗ ឬ​ក៏​ការ​រៀប​ចំ​អាហារ​ដូច​ជា​ការ​ថ្លឹង ការ​កូរ ឬ​ការ​រៀប​ចំ​ដួស​ម្ហូប​ដាក់​ចាន​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​គណិតវិទ្យា ឬ​ជំនាញ​ប្រចាំថ្ងៃ។
  • ការ​ស្រមើ​ស្រមៃ​របស់​កូនៗ៖ ដោយ​ការ​ប្រើ​ការ​ស្រមើ​ស្រមៃ ពួក​គេ​នឹង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​តួ​អង្គ​វីរបុរស ឬ​តួអង្គ​ណាមួយ​នៅ​ក្នុង​រឿង​និទាន។

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍ អ្នក​អាច​ឱ្យ​ពួកគេ​សាក​ល្បង​ចូលរួម​លេង​កីឡា ឬ​សកម្មភាព​ជា​ក្រុម​ផ្សេងៗ​ដែល​ស័ក្ដិសម​សម្រាប់​វ័យ​របស់​ពួក​គេ។

ប្រសិនបើកូនអ្នកមិនចង់លេង

មាន​ពេល​ខ្លះ​ដែល​កូន​របស់​អ្នក​មិន​ចង់​លេង ឧទាហរណ៍ ពេល​ដែល​គេ​ហត់ ឬ​ធុញ​នឹង​ការ​ធ្វើ​សកម្មភាព​ដដែលៗ​ក្នុង​រយៈ​ពេល​វែង​ពេក។ ចំណុច​នេះ គឺ​ធម្មតា​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ប៉ុន្តែ ពេល​ខ្លះ ប្រសិន​បើ​កុមារ​ខ្វះ​ការ​លេង ឬ​ខ្វះ​ចំណង់​លេង វា​អាច​ជា​សញ្ញា​បង្ហាញ​ឱ្យ​ដឹង​ថា​ពួក​គេ​កំពុង​មាន​បញ្ហា​ផ្នែក​លូតលាស់៕

អត្ថបទដើម៖ Why play is important

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ

on Monday, 05 February 2018. Posted in Classes, Parenting Tips, Activities

170921161253 1 540x360

បទ​ពិសោធន៍​របស់​កុមារ​តូចៗ​មាន​ឥទ្ធិពល និង​កំណត់​ពី​វិធី​ដែល​ខួរ​ក្បាល​អភិវឌ្ឍ។

សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ពី​វិធី​ដែល​អាច​ជួយ​កូនៗ​អាច​រំញោច​ការ​វិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​តាំង​ពី​វ័យ​តូចៗ​របស់​កូន និង​ជួយ​ពួក​គេ​ឱ្យ​ឈាន​ដល់​ចំណុច​ដែល​ជា​សក្ដា​នុភាព​សម្រាប់​អនាគត​របស់​ពួក​គេ។

ខួរ​ក្បាល​របស់​កុមារ

តើ​យើង​នឹង​នៅ​កន្លែង​ណា​បើ​សិន​ជា​យើង​មិន​មាន​ខួរ​ក្បាល?

យន្តការ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​គ្រប់គ្រង​រាល់​ទង្វើ​ដែល​យើង​ធ្វើ ផ្ដើម​ចេញ​ពី​ការ​ញ៉ាំ និង​ផឹក ដល់​ការ​គិត​ ការ​រៀន និង​ការ​ទទួល​យក​នូវ​បទ​ពិសោធន៍​ផ្នែក​អារម្មណ៍​ជា​ដើម។

កុមារ​ម្នាក់​មាន​កោសិកា​ខួរ​ក្បាល 100 ពាន់​លាន និង​មាន​ទំនាក់​ទំនង 5 ពាន់​កោរដិ។ អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង ចំនួន​នៃ​ទំនាក់​ទំនង​នេះ​កើន​ឡើង​គុណ​នឹង 20 ដង។ កោសិកា​ខួរ​ក្បាល​នីមួយៗ​អាច​ភ្ជាប់​ជាមួយ​នឹង​កោសិកា​ផ្សេងៗ​ទៀត​បាន​ច្រើន​ជាង 15000។

កុមារ​អាយុ 3 ឆ្នាំ​ម្នាក់​មាន​ការ​ភ្ជាប់​រវាង​ខួរ​ក្បាល​មាន​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ 2 ដង ហើយ​ប្រសិន​បើ​គេ​មិន​ប្រើ​វា​ទេ វា​នឹង​បាត់​បង់។ ពេល​ដែល​កុមារ​ចាប់​ផ្ដើម​មាន​អាយុ 5 ឆ្នាំ ទំនាក់​ទំនង​ខួរ​ក្បាល 90% នឹង​ចាប់​ផ្ដើម​ចង​ជា​បណ្ដុំ។

កុមារ​នឹង​មិន​មាន​ពេល​សាក​ល្បង​ទទួល​យក​បទ​ពិសោធន៍ និង​ឱកាស​នានា​ដែល​មាន​សារ​សំខាន់​ជាង​ពេល​ដែល​ពួក​គេ​នៅ​តូច​ឡើយ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​នៅ​វ័យ​តូចៗ
ខួរ​ក្បាល​ជា​ផ្នែក​គ្រប់គ្រង​កណ្ដាល​នៃ​រាង​កាយ​របស់​យើង ប៉ុន្តែ​ តើ​យើង​ធ្វើ​យ៉ាង​ណា​ទើប​អាច​ជួយ​ខួរ​ក្បាល​កូនៗ​ឱ្យ​ឈាន​ដល់​ចំណុច​សក្ដានុពល​នោះ?

 
បទ​ពិសោធន៍​នៃ​ការ​ប្រើ​ញាណ​នៅ​វ័យ​ដំបូង​បង្កើត​នូវ​ការ​ផ្សារ​ភ្ជាប់​ថ្មី​រវាង​កោសិកា​ខួរ​ក្បាល និង​បទ​ពិសោធន៍​ដែល​ជំរុញ​ការ​អភិវឌ្ឍ។

ចំនួន​នៃ​ការ​ភ្ជាប់​រវាង​កោសិកា​ខួរ​ក្បាល កើន​ឡើង ឬ​ថយ​ចុះ អាស្រ័យ​លើ​បរិយាកាស និង​បទ​ពិសោធន៍​ដែល​កុមារ​ទទួល​យក។

កុមារ​បន្ត​រៀន​សូត្រ​ពេញ​មួយ​ជីវិត ប៉ុន្តែ ពួក​គេ​មិន​ចាប់​យក​ជំនាញ​ថ្មី​បាន​លឿន​ដូច​ជា​កាល​ពី​ពួក​គេ​នៅ​តូចៗ​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​សំខាន់​ក្នុង​ការ​ផ្ដល់​​ឱកាស​ដ៏​អស្ចារ្យ​​សម្រាប់​​ការ​​សិក្សា និង​អភិវឌ្ឍ​ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​ពេល​ដែល​ចិត្ត​របស់​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ទទួល​យក​ព័ត៌មាន​ថ្មីៗ។

វិធី 9 យ៉ាងក្នុងការរំញោចការអភិវឌ្ឍខួរក្បាលរបស់កុមារ

កុមារ​ត្រូវ​ការ​បង្ហាញ​ផ្លូវ​ដែល​អាច​ស្វែង​រក​នូវ​ព័ត៌មាន​ថ្មី និង​បទ​ពិសោធន៍​ថ្មី​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ និង​អាច​ឱ្យ​គេ​ពង្រីក​ការ​គិត និង​ការ​យល់​ដឹង។

ពួក​គេ​គួរ​តែ​សាកល្បង​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​រៀន ដូច​នឹង​ឱកាស​ដែល​ទាក់​ទង​ជាមួយ​នឹង​ប្រភព​នៃ​ការ​សិក្សា​ផ្សេងៗ​ជា​ដើម។
ឧទាហរណ៍៖

1. ការលេង

ការ​លេង​មិន​ត្រឹម​តែ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មូលដ្ឋានគ្រឹះ​អាច​ឱ្យ​កុមារ​រៀន​បាន​ផង​ដែរ។

ប្រើ​ហ្គេម ប្រដាប់​លេង និង​សម្ភារ​សិក្សា​ដែល​កុមារ​អាច​ប្រើ​សម្រាប់​រៀន។

កុមារ​នឹង​ផ្សារ​ភ្ជាប់​ការ​លេង​កាន់​តែ​យូរ​ជាមួយ​នឹង​ប្រភព​ធនធាន​ដែល​ស្រដៀង​នឹង​បរិយាកាស​ដែល​ពួក​គេ​កំពុង​រស់​នៅ។

2. ការនិយាយ

ដើម្បី​ឱ្យ​កោសិកា​ខួរ​ក្បាល​មាន​ចលនា ចាប់​ផ្ដើម​និយាយ។ កុមារ​តូចៗ​ចាប់​យក​គ្រប់​ពាក្យ។ ពេល​ដែល​អ្នក​ចែក​រំលែក​ទៅ​ពួក​គេ​កាន់​តែ​ច្រើន ពួក​គេ​រៀន​កាន់​តែ​ច្រើន​ដូច​គ្នា។

អ្វី​ដែល​អ្នក​និយាយ​មិន​សំខាន់​ដូច​របៀប​ដែល​អ្នក​និយាយ និង​សំឡេង​ដែល​អ្នក​ប្រើ​នោះ​ទេ។

កុមារ​តូចៗ​ត្រូវ​ការ​ឮ​ប្រយោគ​ឃ្លា​ពេញ​ដើម្បី​​អភិវឌ្ឍ​ពាក្យ​របស់​ពួក​គេ។

លោក​អ្នក​អាច​ជួយ​កូនៗ​របស់​លោក​អ្នក​ក្នុង​ការ​ប្រើ​ពាក្យ​ដើម្បី​ឱ្យ​ពួកគេ​មាន​ការ​យល់​ដឹង​ពី​ពិភព​ជុំវិញ​ពួក​គេ ក្នុង​នោះមាន​ដូច​ជា​ពាក្យ​ដែល​រៀប​រាប់​ពី​អារម្មណ៍ វត្ថុ​នានា និង​សម្ភារ​ប្រើ​ប្រចាំ​ថ្ងៃ។

ជំនួស​ឱ្យ​ការ​និយាយ​ថា “នោះ! មើល​ទៅ​មេឃ!” លោក​អ្នក​ត្រូវ​និយាយ​ថា “នោះ​មើល​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រឡះ។” វិញ។

ព្យាយាម​ឆ្លើយ​សំណួរ​ដែល​អ្នក​សួរ។ ប្រសិន​បើ​អ្នក​មិន​អាច​ឆ្លើយ​ទេ អ្នក​គួរ​តែ​នាំ​គេ​ស្វែង​រក​ចម្លើយ​ទាំង​អស់​គ្នា​តាម​រយៈ​ការ​អាន​សៀវភៅ ឬ​ប្រើ​អ៊ិនធើណែត តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​បាន។

3. ការអាន

ការ​អាន ឬ​ការ​ស្វែង​រក​អ្វី​មួយ​តាម​រយៈ​សៀវភៅ​ជាមួយ​កូន​របស់​អ្នក​ពិត​ជា​សំខាន់ ប៉ុន្តែ ការ​សួរ​សំណួរ​ និង​ការ​បង្កើត​ការ​ពិភាក្សា​លើ​អ្វី​ដែល​អ្នក​បាន​អាន និង​រូបភាព​ដែល​អ្នក​បាន​ឃើញ គឺ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ពង្រីក​ការ​គិត និង​ការ​រៀន​របស់​កូនៗ។

តើ​អ្នក​គួរ​អាន​ឱ្យ​កូនៗ​ទើប​កើត ឬ​ក្មេង​តូចៗ​ស្ដាប់​ដែរ​ទេ? ចម្លើយ​នោះ គឺ​ពិត​ជា​ត្រូវ​អាន ព្រោះ​ថា​កុមារ​មិនមែន​ក្មេង​ពេក ឬ​ចាស់​ពេក​ក្នុង​ការ​ស្ដាប់​ការ​អាន​របស់​អ្នក​ឡើយ​។

4. តន្រ្តី

តន្រ្តី​​ផ្សារ​ភ្ជាប់​គ្រប់​ចំណុច​ទាំង​អស់​នៃ​ខួរ​ក្បាល និង​រំញោច​ដល់​តួនាទី​ខួរ​ក្បាល​ជា​ច្រើន​ឱ្យ​មាន​ចលនា​។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​បទពិសោធន៍​ពី​តន្រ្តី​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ជា​ពិសេស​បទ​ភ្លេង និង​ការ​ច្រៀង​តាម​តន្រ្តី ឬ​ចម្រៀង។

5. សិល្បៈ

សិល្បៈ​ផ្សារ​ភ្ជាប់​ចំណុច​នានា​នៃ​ខួរ​ក្បាល​ដែល​ជួយ​ដល់​ការ​ពង្រីក​ការ​សិក្សា​ញាណ ការ​យល់​ដឹង​ អារម្មណ៍ និង​កាយ​សម្បទា​របស់​កុមារ។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​ឱកាស​ច្រើន​ក្នុង​ការ​គូរ លាប​ពណ៌ សាង​សង់ និង​បង្កើត​វត្ថុ​សិល្បៈ​នានា។

6. ចលនា/ការហាត់ប្រាណ

ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឱ្យ​បេះដូង​លោត​ញាប់​ជាង​មុន គឺ​មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កាយ​សម្បទា​របស់​កុមារ និង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា បន្ទាប់​ពី​កុមារ​បាន​ធ្វើ​ការ​ហាត់​ប្រាណ រាង​កាយ​របស់​ពួកគេ​ចាប់​ផ្ដើម​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​អនុញ្ញាត​ឱ្យ​ខួរ​ក្បាល​របស់​ពួកគេ​មាន​ការ​សិក្សា​ប្រសើរ​ជាង​មុន។

សកម្មភាព និង​ចលនា​រាង​កាយ​ជំរុញ​ឱ្យ​ខួរ​ក្បាល​មាន​ការ​អភិវឌ្ឍ និង​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​ទំនាក់​ទំនង​ក្នុង​ការ​សិក្សា​កាន់​តែ​លូត​លាស់។

ការ​ហាត់​ប្រាណ​ជា​ប្រចាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ផ្សេងៗ​មាន​សារ​សំខាន់​ក្នុង​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សុខភាព​ខួរ​ក្បាល​របស់​កុមារ​ល្អ។

7. ក្ដីស្រឡាញ់

ទំនាក់​ទំនង​ដែល​មាន​ការ​គាំទ្រ និង​ការ​ស្រឡាញ់ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​លូតលាស់​របស់​ខួរ​ក្បាល​របស់​កុមារ។

កុមារ​រៀន​ពី​ការ​ខ្វាយ​ខ្វល់ និង​វិធី​ទទួល​យក​អារម្មណ៍​តាន​តឹង​ដែល​អ្នក​ផ្ដល់​ឱ្យ ដូច្នេះ ប្រសិន​បើ​អ្នក​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត កូន​របស់​អ្នក​នឹង​មាន​ដូច​គ្នា។

កូន​របស់​អ្នក​ត្រូវ​ការ​ឱ្យ​អ្នក​ស្រឡាញ់​ពួក​គេ ថ្នាក់​ថ្នម​ពួក​គេ និង​លើក​ទឹក​ចិត្ត​ពួក​គេ។

តាម​ការ​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​ខួរ​ក្បាល​ពី 30 ទៅ 60 ភាគ​រយ​អាស្រ័យ​លើ​ទំនាក់​ទំនង​ជាមួយ​នឹង​បរិយាកាស និង​មនុស្ស​ជុំវិញ។

8. អាហារូបត្ថម្ភ

អ្នក​ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​ខួរ​ក្បាល​ ដែល​អាហារ​ទាំង​នោះ​មាន​ដូច​ជា បន្លែ​ពណ៌​បៃតង គ្រាប់​សណ្ដែកដី ត្រី ផ្លែ​ឈើ​ស្រស់ សាច់​សត្វ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ។

ចំណែក​ឯ​វីតាមីន និងជាតិរ៉ែ​ចាំ​បាច់​ប្រចាំថ្ងៃ​ក៏​មាន​ចំណែក​ក្នុង​ការ​វិវឌ្ឍ​របស់​ខួរ​ក្បាល​ផង​ដែរ។

សូម​លើក​ទឹក​ចិត្ត​កូនៗ​របស់​អ្នក​ឱ្យ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​វា​អាច​ជួយ​កូនៗ​អ្នក​ឱ្យ​មាន​ស្មារតី​ល្អ ​ព្រម​ទាំង​គ្រប់​គ្រង​កម្រិត​ថាមពល​ក្នុង​រាង​កាយ​របស់​ពួកគេ​បាន​ទៀត​ផង។

9. ការគេង

ពេល​ដែល​កុមារ​គេង​លក់ ខួរ​ក្បាល​របស់​ពួកគេ​ដំណើរ​ការ​រាល់​នូវ​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​នៅ​ពេល​ថ្ងៃ។

ក្នុង​អំឡុង​ពេល​នេះ ការ​ចង​ចាំ​របស់​កុមារ​មាន​ភាព​ខ្លាំង និង​អាច​ចាប់​យក​ជំនាញ និង​កិច្ចការ​ថ្មីៗ​បាន​យ៉ាង​រហ័ស។

ដូច្នេះ វា​ពិត​ជា​ចាំបាច់​សម្រាប់​កុមារ​ក្នុង​ការ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​តម្រូវ​ការ​គេង​នោះ គឺ​ចន្លោះ​ពី 9 ទៅ 10 ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ គឺ​ជា​គន្លឹះ​សម្រាប់​អនាគត​របស់​ពួក​គេ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​កំណើត​របស់​ពួកគេ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ ទោះ​បី​ជា​ឆ្នាំ​ទាំង​នោះ​កន្លង​ទៅ​ឆាប់​រហ័ស​ក៏​ដោយ។

ចូរ​ចំណាយ​ពេល​លេង និយាយ អាន ច្រៀង សើច រាំ បង្កើត និងសប្បាយ​ជាមួយ​កូន​ឱ្យ​បាន​ច្រើន។

ជំរុញ​កូនៗ​ឱ្យ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ គេង​បាន​គ្រប់​គ្រាន់ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កូន​របស់​អ្នក​នឹង​មាន​ជីវិត​ពោរ​ពេញ​ទៅ​ដោយ​សក្ដានុពល​ប្រសិន​បើ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នក៕

អត្ថបទដើម៖ Early brain development & learning

តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

on Tuesday, 23 January 2018. Posted in Classes, Parenting Tips, Activities

គ្រប់​ពាក្យ​ដែល​កុមារ​រៀន គ្រប់​អាកប្បកិរិយា​ដែល​កុមារ​បញ្ចេញ និង​គ្រប់​បទពិសោធន៍​ថ្មីៗ​ដែល​កុមារ​ជួប​ប្រទះ គឺ​ជា​ការ​បណ្ដាក់​ទុន​សម្រាប់​អនាគត​របស់​ពួក​គេ។ ការ​អប់រំ​កុមារ​តូច គឺជា​ការ​សំលៀង និង​បង្កើត​រូបរាង​ឱ្យ​កុមារ​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណើរ​ជីវិត​របស់​ពួកគេ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ដែល​បាន​ផ្ដល់​ដោយ​ការ​អប់រំ​កុមារ​តូច។

nursery edu to primary with diana

ការរៀនសហការ

ការ​​អប់រំ​​កុមារ​​តូច​​អនុញ្ញាត​​កុមារ​​​ឱ្យ​រៀន​ពី​ការ​​សហការ ចែក​​រំលែក ខំ​​ព្យាយាម និង​​ផ្លាស់​​ប្ដូរ​​វេន​​ក្នុង​​បរិយាកាស​​កន្លែង​​ដែល​​មាន​​សុវត្ថិភាព​​ក្នុង​​ការ​​រៀន​​ដែល​​មាន​​អ្នក​​ជំនាញ​​​ចាំ​ណែនាំ​​ពួក​​គេ។ បើ​​ទោះ​​បី​ជា​​វា​​អាច​​នឹង​​​ជា​​មេរៀន​​​ដ៏​​ពិបាក វា​​ក៏​​អាច​​ជា​​ការ​​ចាំបាច់​​សម្រាប់​​កុមារ​​ក្នុង​​ការ​​រៀន​​សហការ​​ជាមួយ​​អ្នក​​ដទៃ​​តាំង​​​ពី​​វ័យ​​ក្មេង។

ការយល់ដឹងពីការចូលក្នុងសង្គម

ការ​​ចូល​​ចំណោម​​ជាមួយ​​អ្នក​​ដទៃ​​ក្រៅ​ពី​​គ្រួសារ​​ដែល​​ជា​​តំបន់​​មាន​​សុវត្ថិភាព​​ដល់​​កុមារ​នោះ​ គឺ​​ជា​មូលដ្ឋានគ្រឹះ​ដំបូង​ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​កុមារ។ ឪពុក​ម្ដាយ​យល់​ពី​ភាព​សំខាន់​នៃ​ការ​ណែនាំ​កូនៗ​ឱ្យ​ក្មេង​ដទៃ និង​គាំទ្រ​ការ​ផ្លាស់ប្ដូរ​របស់​ពួកគេ​នៅ​ក្នុង​ក្រុម​ផ្ទាល់​ខ្លួន។ ការ​អនុញ្ញាត​កូនៗ​ឱ្យ​រាប់​អាន​ជាមួយ​ក្មេង​ដទៃ​អាច​ជួយ​ពួក​គេ​ឱ្យ​ជំនះ​ភាព​ខ្មាស់​អៀន និង​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

ការ​អភិវឌ្ឍជាមូលដ្ឋានសម្រាប់ផ្នែកសំខាន់ៗ

ការ​អភិវឌ្ឍ​ជាមូលដ្ឋាន គឺ​ជា​ការ​កសាង​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សង្គម រាង​កាយ​ ចិត្ត​សាស្ត្រ និង​អារម្មណ៍។ គ្រូ​បង្រៀន​កុមារ​តូច​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​ជំនួយ​សម្រាប់​គ្រប់​កុមារ និង​បង្កើត​សកម្មភាព និង​កម្មវិធី​សម្រាប់​ពួក​គេ។ ជាមួយគ្នា​នេះ​ផង​ដែរ មិត្ត​ភក្ដិ​ក៏​មាន​សារ​សំខាន់​សម្រាប់​ករណី​នេះ​ដែរ ព្រោះ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សកម្មភាព​ដែល​មាន​ការ​សហការ​គ្នា និង​អាច​ជួយ​បាន។

មានភាពរីករាយ និងកម្លាំងក្នុងការរៀនមិនឈប់ឈរ

មេរៀន​ត្រូវ​តែ​ផ្ដល់​ជូន​សម្រាប់​កុមារ​ក្នុង​លក្ខណៈ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​សប្បាយៗ​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កុមារ​ឱ្យ​ក្លាយ​ជា​អ្នក​រៀន​សូត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព។ វា​ជា​ការ​ពិត​ក្នុង​ការ​ធ្វើ​ជា​គំរូ​សម្រាប់​កុមារ​ទាំង​នេះក្នុង​ការ​រៀន​សូត្រ​ប្រកប​ដោយ​ភាព​រីករាយ និង​ចំណង់។ ក្ដី​ស្រឡាញ់​របស់​កុមារ​ដែល​មាន​ចំពោះ​ការ​សិក្សា​ត្រូវ​ចាក់​គ្រឹះ​តាំង​ពី​ពេល​ពួក​គេ​ដល់​វ័យ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប។

ការយល់ដឹងពីគុណតម្លៃនៃការសិក្សាតាមរយៈបទពិសោធន៍

អ្នក​អប់រំ​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​ធ្វើ​ជា​គំរូ និង​ផ្ដល់​​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែងដើម្បី​ជួយ​ពួក​គេ​ឱ្យ​ចាប់​យក​តម្លៃ​នៃ​ការ​សិក្សា និង​ការ​រៀន​សូត្រ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ទោះបី​ជា​ឪពុកម្ដាយ គឺ​ជា​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​សម្រាប់​កុមារ ក៏​ប៉ុន្តែ ការ​ឱ្យ​ពួក​គេ​ចូល​រៀន​នៅ​សាលារៀន​ក៏​អាច​ផ្ដល់​នូវ​បរិយាកាស​ថ្មី​នៅ​ក្នុង​ការ​អប់រំ​ដែល​នៅ​ជាមួយ​គេ​ក្នុង​ដំណើរ​ជីវិត​នៃ​ការ​សិក្សា​ទៅ​អនាគត។

ការរៀនអំពីគុណតម្លៃនៃការគោរព

ថ្នាក់​រៀន​មតេយ្យ​កម្រិត​ទាប​បង្រៀន​កុមារ​ឱ្យ​ចេះ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​គោរព​សម្រាប់​អ្នក​ដទៃ។ នេះ​រួម​បញ្ចូល​ទាំង​មនុស្ស កម្មសិទ្ធិ និង​បរិស្ថាន។ សកម្មភាព​នេះ​នឹង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ការ​រៀន​នៅ​សាលា​ដែល​កុមារ​ចែក​រំលែក​របស់​ផ្សេងៗ និង​គ្រូ​បង្រៀន​បង្រៀន​ពី​របៀប​របប និង​កាតព្វ​កិច្ច​របស់​ប្រជាជន។

ការដឹងពីរបៀបធ្វើការជាក្រុម

ការ​អប់រំ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​បង្ហាញ​ពី​សារសំខាន់​នៃ​ការងារ​ក្រុម​ដែល​អាច​បង្រៀន​ឱ្យ​ពួក​គេ​ចេះ​គោរព​គំនិត ឬ​មតិ​របស់​អ្នក​ដទៃ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ វា​ក៏​អាច​បង្រៀន​ពី​គុណ​តម្លៃ​នៃ​ការ​ស្ដាប់ និង​សមភាព។ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ជា​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ក្រុម ពី​ព្រោះ​បុគ្គល​ដែល​អាច​រៀន​ពី​វិធី​ធ្វើការ​ក្នុង​ក្រុម​ពេល​ដែល​ពួកគេ​មាន​វ័យ​តូចៗ​នឹង​ងាយ​ស្រួល​ក្នុង​ការ​សម្រប​តាម​ស្ថានភាព​ផ្សេងៗ និង​អាច​ទទួល​បាន​ការងារ​រហ័ស។

ការអភិវឌ្ឍភាពអំណត់

ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជួយ​កូនៗ​ឱ្យ​អាច​អភិវឌ្ឍ​ភាព​អត់​ធ្មត់​តាំង​ពី​នៅតូច។ ដោយ​ការ​អភិវឌ្ឍ​នូវ​បរិយាកាស​មួយ​ដែលមាន​សុវត្ថិភាព យុត្តិធម៌ និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ គឺ​ជា​ការ​បង្កើត​នូវ​ការ​រំពឹង​ទុក​ដ៏​ប្រាកដ ហើយ​ក្មេងៗ​ក៏​អាច​មាន​សមត្ថភាព​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ និង​ខ្លួន​ពួក​គេ។

គ្រូ​បង្រៀន​ត្រូវ​តែ​ផ្ដល់​នូវ​បរិយាកាស​ដ៏​ប្រកួត​ប្រជែង​មួយ​ដែល​កុមារ​អាច​រៀន​តាម​រយៈ​ការ​អនុវត្ត​តាំង​ពី​លើក​ដំបូង។ បើ​ទោះបី​ជា​កុមារ​មាន​ការ​វាយ​តប់​គ្នា ឬ​ធ្លាប់​ចាញ់​ហ្គេម​ជា​ញឹកញាប់​ក៏​ដោយ​ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​បង្កើត​នូវ​វិធីសាស្ត្រ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ជីវិត​កាន់​តែ​ប្រសើរ។

ការអភិវឌ្ឍជំនាញដើម្បីផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ

ក្នុង​អំឡុង​ពេល​រៀន​ថ្នាក់​អប់រំ​កុមារ​តូច កុមារ​អាច​រុក​រក​គ្រប់​ឱកាស​ទាំង​អស់​ដែល​អាច​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​បទពិសោធន៍​ថ្មីៗ បរិយាកាស​ថ្មី និង​មិត្ត​ភក្ដិ​ថ្មី​ជា​ដើម។ ពួកគេ​មាន​ចិត្ត​ស្រមើ​ស្រមៃ និង​ប្រកប​ដោយ​ថាមពល។

ការអនុវត្តភាពអត់ធ្មត់

ជា​រៀងរាល់​ថ្ងៃ មនុស្ស​ពេញវ័យ​ត្រូវ​ឆ្លង​ការ​នូវ​ស្ថានភាព​គ្រប់​បែប​យ៉ាង​ដែល​ភាព​អត់ធ្មត់​របស់​ពួកគេ​ត្រូវ​បាន​គេ​យក​មក​សាក​ល្បង។ កុមារ​ត្រូវ​ការ​ឱកាស​ដើម្បី​ប្រឡូក​ចូល​ក្នុង​បទពិសោធន៍​សង្គម​យ៉ាង​ច្រើន​ដែល​បទពិសោធន៍​ទាំង​នោះ​អាច​ឱ្យ​ពួកគេ​ស្វែង​រក និង​អនុវត្ត​ភាព​អត់ធ្មត់​របស់​ពួក​គេ។ ការ​បង្រៀន​តាម​រយៈ​ការ​ផ្ដល់​ជា​គំរូ បទ​ពិសោធន៍​សង្គម និង​ឧទាហរណ៍​នឹង​ជួយ​ពួក​គេ​ឱ្យ​អភិវឌ្ឍ​ភាព​អំណត់​របស់​ពួក​គេ និង​ស្វែង​យល់​ពី​សារ​សំខាន់​នៃ​ការ​រង់ចាំ​ដើម្បី​ដល់​វេន​របស់​ពួក​គេ។ នៅ​ក្នុង​សាលា​ដែល​មាន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប មាន​ការ​រៀប​ចំ​ទោង​ឱ្យ​កុមារ​ជិះ​លេង​កម្សាន្ត ហើយ​កុមារ​ត្រូវ​តែ​ចែក​រំលែក​កន្លែង​លេង​តាម​លំដាប់​លំដោយ៕

អត្ថបទដើម៖ How Early Childhood Education Helps a Child Develop his Life Skills

ការពិតដ៏គួរឱ្យចាប់អារម្មណ៍ទាំង ៤ យ៉ាងអំពីកូនរបស់អ្នក

on Friday, 12 January 2018. Posted in Parenting Tips, Activities

599aa6451900002500dd4900

តើ​អ្នក​ដឹង​ពី​កូន​បាន​ច្រើន​កម្រិត​ណា​ដែរ? ប្រហែល​ជា​មាន​ថ្ងៃ​ខ្លះ​អ្នក​ភ្ញាក់​ផ្អើល​ពេល​ដែល​ឃើញ​កូន​និយាយ​ពាក្យ​ដែល​អ្នក​មិន​ដឹង ហើយ​ពេល​ខ្លះ​ទៀត អ្នក​ឃើញ​គេ​កំពុង​រាំ​យ៉ាង​ស្ទាត់​ជំនាញ​នៅ​ក្នុង​បន្ទប់​ពេល​ដែល​គេ​ឮ​បទ​ចម្រៀង។ ទាំង​នេះ​គ្រាន់​តែ​ជា​ទេពកោសល្យ​ដែល​លាក់​ទុក​ក្នុង​ពួកគេ​ដែល​យើង​មិន​ដឹង​ថា​ពួកគេ​មាន​តែ​ប៉ុណ្ណោះ។

ដូច​នេះ សូម​អ្នក​ទាំងអស់​គ្នា​មក​ស្វែង​យល់​ពី​ចំណុច​នានា​ដូច​តទៅ៖

តើ​ដឹង​ទេ​ថា​កូន​ក្មេង​ទាំងអស់​សុទ្ធតែ​គួរ​ឱ្យ​ស្រឡាញ់?
ទូទៅ គ្រប់​ទារក​ដែល​ទើប​កើត​ទាំង​អស់​សុទ្ធ​តែ​គួរ​ឱ្យ​ស្រឡាញ់ មិន​ថា​ពួក​គេ​ជា​ជន​ជាតិ​អ្វី​ឡើយ។ ជា​ការ​ពិត​ណាស់ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​បាន​បង្កើត​ទ្រឹស្ដី “គម្រោង​ទារក” ដែល​គម្រោង​នេះ​បង្ហាញ​ដល់​ពួក​យើង​ពី​លក្ខណៈ​ស្រដៀង​គ្នា​របស់​ទារក។

ទារក​ភាគ​ច្រើន​មាន​ក្បាល​មូល ភ្នែក​ធំៗ ថ្ពាល់​ធំៗ និង​រាង​កាយ​ទន់។ ហេតុ​ដូច​នេះ​ហើយ​ទើប​ពេល​ដែល​យើង​ឃើញ​ទារក​ម្ដង​ណា យើង​អាច​ប្រើ​ពាក្យ​បរិយាយ​ពី​គេ​បាន​តែ​មួយ​គត់​ គឺគួរ​ឱ្យ​ស្រឡាញ់។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ឪពុក​ម្ដាយ និង​បរិយាកាស​ជុំវិញ​ពួក​គេ​មាន​ឥទ្ធិពល​ធំ​បំផុត​លើ​កូនៗ?

ឥរិយាបថ និង​អាកប្បកិរិយា​របស់​កូន​ក្មេង​ភាគ​ច្រើន​ត្រូវ​បាន​ចម្លង​មក​ពី​គ្រួសារ​របស់​គេ និង​បរិយាកាស​​ជុំវិញ​ដែល​គេ​កំពុង​រស់​នៅ។ ហេតុ​ដូចនេះ​ហើយ​ទើប​កុមារ​ខ្លះ​ដែល​មក​ពីគ្រួសារ​ល្អ​ច្រើន​តែ​មាន​អាកប្បកិរិយា​ល្អ។ ពួកគេ​ទទួល​បាន​ការ​មើល​ថែ​យ៉ាង​ល្អ​ឥតខ្ចោះ​ដែល​ភាព​ល្អ​នេះ​មាន​ឥទ្ធិពល​លើ​ភាព​ជឿជាក់​ និង​អាកប្បកិរិយា​របស់​ពួកគេ​ទាំង​ក្នុង​ការ​សិក្សា និង​អាជីព​នា​ពេល​អនាគត។

ជាង​នេះ​ទៀត កុមារ​ដែល​បាន​ទទួល​ឱកាស​ក្នុង​ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង និង​ទទួល​វិន័យ​អប់រំ​យ៉ាង​ល្អ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ​ជាង​កុមារ​ដែល​មិន​មាន​ការ​រៀន​សូត្រ ឬ​ទទួល​ការ​អប់រំ​វិន័យ។

តើ​អ្នក​ដឹង​ទេ​ថា “ការ​និយាយ​បែប​កូន​ក្មេង” គឺ​ជា​ឧបករណ៍​ធ្វើ​ទំនាក់​ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​កាន់​កូនៗ​?
តើ​អ្នក​ធ្លាប់​បាន​សង្កេត​មើល​ដែរ​ទេ​ថា​ឪពុក​ម្ដាយ ជា​ពិសេស​ម្ដាយ មាន​ទេពកោសល្យ​ពី​កំណើត​ក្នុង​ការ​និយាយ​ដូច​ជា​ក្មេង​ពេល​ដែល​និយាយ​ជាមួយ​កូន​របស់​ពួក​គេ? នេះ គឺ​ជា​ភាសា​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ ការ​និយាយ​បែប​កូន​ក្មេង ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កូន​តូច។

មូលហេតុ​ដែល​ឪពុក​ម្ដាយ​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ភាសា​នេះ គឺ​ព្រោះ​តែ​ភាព​រណ្ដំ​នៃ​សំឡេង​របស់​ពួក​គេ។ ទារក​អាច​ចាប់​បាន​ពាក្យ​ទាំង​នោះ ហើយ​វា​អាច​ជួយ​ពួកគេ​ក្នុង​ការ​ស្វែង​យល់​ពាក្យ ព្រោះ​ថា​ពាក្យ​នីមួយៗ​ត្រូវ​បាន​និយាយ​យ៉ាង​ច្បាស់ និង​ងាយ​យល់។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ការ​មើល​កម្មវិធី​ទូរទស្សន៍​របស់​កុមារ​មិនមែន​សុទ្ធ​តែ​មាន​ប្រយោជន៍?
ផ្ទុយ​ស្រឡះ​ពី​ជំនឿ​ទូទៅ ការ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មើល​កម្មវិធី​ទូរទស្សន៍ មិន​អាច​ជួយ​ពួក​គេ​ឱ្យ​រៀន​បាន​ឆាប់​រហ័ស​ឡើយ។ កម្មវិធី​ទាំង​នេះ​ប្រហែល​ជា​មិន​មែន​ជា​កម្មវិធី​អប់រំ ប៉ុន្តែ វា​អាច​គ្រាន់​តែ​ជា​កម្មវិធី​កម្សាន្ត​សម្រាប់​ក្មេង​តូច​តែ​ប៉ុណ្ណោះ ជា​ពិសេស​កម្មវិធី​ដែល​មាន​ពណ៌ និង​ចម្រៀង​នោះ។ ចិត្ត​វិទូ​ជា​ច្រើន​នៅ​តែ​ចង់​ឱ្យ​មាតា​បិតា​ចំណាយ​ពេល​ជាមួយ​កូនៗ​ឱ្យ​បាន​ច្រើន។

កូន​របស់​អ្នក​ គឺ​ជា​វត្ថុ​តូច​ដ៏​អស្ចារ្យ​មួយ។ ពួក​គេ​អាច​ធ្វើ​កិច្ចការ​ច្រើន​ដែល​យើង​មិន​ដឹង។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​ត្រូវ​មើល​ថែ​ពួក​គេ និង​ប្រាកដ​ថា​អ្វី​ដែល​ពួក​គេ​រៀន និង​មើល​ឃើញ​ គឺ​ពិត​ជា​សម​ស្រប​នឹង​អាយុ​របស់​ពួក​គេ៕

អត្ថបទដើម៖ 4 Fascinating Facts About Your Child