បង្រៀនកូនៗឱ្យចេះចែករំលែក
អ្នកដែលធ្លាប់បានមើលថែ ឬបង្រៀនកុមារតូចៗពីសិល្បៈនៃការចែករំលែក អាចមានភាពលំបាកក្នុងការសម្រេចឱ្យបានជោគជ័យ។ ខណៈដែលឪពុកម្ដាយខ្លះយល់ថាភាពលំបាកនេះអាចជាសញ្ញាណនៃភាពអាត្មានិយម ឬក៏ទម្រើស ប៉ុន្តែវាមិនមែនដូច្នោះទេ។ កុមារតែងតែមានភាពស្ទាក់ស្ទើរក្នុងការរៀនពីការចែករំលែកដែលនេះគឺជាផ្នែកអភិវឌ្ឍមួយ។
យ៉ាងណាមិញ ការជួយឱ្យកុមាររៀនចែករំលែក គឺមិនចាំបាច់ត្រូវការគន្លឹះខ្លាំងៗនោះឡើយប្រសិនបើអ្នកដឹងពីអ្វីដែលអ្នកគួររំពឹងបន្ទាប់ពីបង្រៀនពួកគេ។ ចំណុចដំបូងគឺត្រូវដឹងថាគំនិតចែករំលែកពិតជាពិបាកសម្រាប់កុមារតូចៗក្នុងការយល់។ ដោយសារតែអាយុតិច កុមារជឿថាពិភពលោកដែលនៅជុំវិញពួកគេ គឺមានអ្វីៗដែលសុទ្ធតែជាកម្មសិទ្ធិរបស់គេម្នាក់តែប៉ុណ្ណោះ។
ប៉ុន្តែ មានឪពុកម្ដាយជាច្រើនទទួលភាពជោគជ័យក្នុងការជួយឱ្យកូនៗរបស់ពួកគេអភិវឌ្ឍជំនាញចែករំលែកដោយការធ្វើជាគំរូដ៏ល្អដល់ពួកគេ។ ពិតជាសំខាន់ណាស់ដែលលោកអ្នកត្រូវឱ្យពួកគេដឹងពីអ្វីដែលលោកអ្នកកំពុងធ្វើ និងធ្វើយ៉ាងណាឱ្យពួកគេយល់ពីសកម្មភាព និងទង្វើវិជ្ជមានរបស់លោកអ្នក។ ពេលដែលពួកគេសង្កេតមើលភាពវិជ្ជមានរបស់លោកអ្នកជាប្រចាំ ពួកគេនឹងរៀនតាមលោកអ្នកដោយមិនដឹងខ្លួន។
ក្នុងនេះដែរក៏មានដំណាក់កាលអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ជាច្រើនដែលលោកអ្នកត្រូវដឹងដូចជា៖
អាយុទើបកើត ដល់ 18 ខែ៖ កុមារតូចៗជាច្រើនត្រូវការលេង និងមិនចង់ចែករបស់លេងទៅនរណាម្នាក់ ហើយក៏មិនងាយទទួលគំនិតនៃការចែករំលែកដែរ។
អាយុ 2 ឆ្នាំ ដល់ 2 ឆ្នាំកន្លះ៖ ការលេងជាមួយមិត្តភក្ដិ គឺជារឿងទូទៅ ប៉ុន្តែវាអាចជាសញ្ញាណនៃមូលដ្ឋានគ្រឹះក្នុងការចែករំលែកផងដែរ។
អាយុ 2 ឆ្នាំកន្លះ ដល់ 3 ឆ្នាំ៖ កុមារតែងតែរកគ្នាលេងជាមួយ ហើយនេះក៏អាចជាចំណុចដែលពួកគេចាប់ផ្ដើមចែករំលែករបស់លេង និងសម្ភារផ្សេងៗបានដោយមិនមានការសួរផងដែរ។
អាយុ 4 ឆ្នាំឡើង៖ កុមារក្នុងវ័យនេះរីករាយនឹងលេងជាមួយមិត្តភក្ដិច្រើនគ្នា ហើយសិល្បៈនៃការចែករំលែកក៏ចាប់ផ្ដើមមានដោយធម្មជាតិផងដែរ។
ប្រសិនបើលោកអ្នកដឹងហើយថាកូនៗរបស់លោកអ្នកអាចចាប់ផ្ដើមរៀនចែករំលែកទៅអ្នកដទៃហើយ លោកអ្នកគួរតែលើកទឹកចិត្ត និងសរសើរពួកគេផងដែរចំពោះការចែករំលែកនោះ។ បន្ថែមពីនេះដែរ លោកអ្នកក៏គួរតែណែនាំពួកគេថា ការចែករំលែករបស់លេងមិនមែនសុទ្ធតែត្រូវឱ្យរបស់លេងនោះទៅមិត្តជារៀងរហូតនោះទេ គឺពួកគេអាចយករបស់លេងនោះមកវិញបន្ទាប់ពីលេងចប់។ ទង្វើនេះអាចជម្រុញឱ្យពួកគេចូលចិត្តចែករំលែកជាមួយអ្នកដទៃ ព្រោះពួកគេដឹងថា ពួកគេនឹងទទួលបានរបស់លេងមកវិញ ហើយពួកគេរីករាយនឹងចែករំលែកដល់អ្នកដទៃជានិច្ច។
វិធីផ្សេងៗទៀតដើម្បីជួយកូនៗឱ្យចេះចែករំលែក៖
- បង្កើតស្ថានភាពចែករំលែកនោះឱ្យមានភាពសប្បាយតាមតែអាចធ្វើទៅបាន
- កុំសង្ឃឹមថាកូនៗអាចចែករំលែកតែម្នាក់ លោកអ្នកត្រូវចាប់ផ្ដើមធ្វើជាអ្នកចែករំលែកមុនពួកគេ
- គាំទ្រការចែករំលែកដោយផ្ដល់មកវិញនូវការថើប ឱប និងសរសើរ
- មិនត្រូវបង្ខំឱ្យកុមារចែករបស់របររបស់ពួកគេឡើយ ព្រោះវាអាចជាការដាក់ទណ្ឌកម្មសម្រាប់ពួកគេ
- ជួយបង្កើតការទាក់ទងក្នុងសង្គមឱ្យពួកគេជាមួយនឹងកុមារដទៃទៀតដើម្បីឱ្យពួកគេអាចអនុវត្តជំនាញនៃការចែករំលែកបាន
ជាការពិតណាស់ សូម្បីដែលកុមារដែលចូលចិត្តចែករំលែកក៏អាចមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការបោះបង់របស់របររបស់ពួកគេដែរ ដូច្នេះ វាពិតជាចាំបាច់ណាស់ក្នុងការមិនធ្វើឱ្យពួកគេមានអារម្មណ៍ខ្មាស់អៀន។ លោកអ្នកត្រូវព្យាយាមជម្រុញទឹកចិត្តពួកគេនៅពេលដែលពួកគេបានធ្វើរឿងល្អដើម្បីឱ្យពួកគេមានជំនឿ និងបង្ហាញលទ្ធផលនៃការចែករំលែករហូតដល់ពួកគេធំពេញវ័យ៕
ប្រភព៖ mom 365 share the love