វិធី 9 យ៉ាងជំរុញកូនឱ្យចាប់ផ្ដើមអាន
ការរៀនអាន គឺជាជំនាញដ៏សំខាន់មួយក្នុងចំណោមជំនាញសំខាន់ផ្សេងៗទៀតដែលកូនរបស់អ្នកនឹងរៀន។ ទោះជាយ៉ាងណាក៏ដោយ ការដែលមិនដឹងវិធីនោះអាចនឹងមានភាពពិបាកដល់ឪពុកម្ដាយ ឬអ្នកថែទាំដើម្បីយល់ពីតួនាទីរបស់ពួកគេក្នុងការជួយបណ្ដុះជំនាញអក្ខរកម្មតាំងពីតូចនៅក្នុងវិធីមួយដែលមានលក្ខណៈសប្បាយ ពាក់ព័ន្ធ និងមានន័យជាមួយនឹងកូនៗ។
ខាងក្រោមនេះជាគន្លឹះទាំង 9 ដែលអាចជួយជំរុញដល់ការអានរបស់កូនៗ។
1. ការចែករំលែកគឺជាគន្លឹះ
សូមចែករំលែកការអានតាមដែលអាចធ្វើទៅតាមជាមួយនឹងកូនៗ។ វាអាចជាការអានបែបងាយៗដូចជាការអានរឿងនិទានមុនចូលគេង ការអានស្លាកសញ្ញាពេលកំពុងធ្វើដំណើរ ឬអានសញ្ញានានាក្នុងផ្សារទំនើប។ លោកអ្នកអាចអានបានគ្រប់កន្លែងដែលមានពាក្យទៅដល់ពួកគេ។
2. ដាក់សៀវភៅឱ្យពេញផ្ទះ!
ត្រូវរៀបចំសៀវភៅក្នុងផ្ទះឱ្យកូនៗចាប់តាំងពីពួកគេនៅវ័យតូចៗ និងសម្ភារសម្រាប់ការអានផ្សេងៗទៀត។ ការរៀបចំនេះមិនត្រឹមតែជួយពួកគេឱ្យមានទំនុកចិត្ត និងចូលចិត្តសៀវភៅប៉ុណ្ណោះទេ តែថែមទាំងអាចនាំពួកគេទៅកាន់ពិភពមួយដែលពោរពេញទៅដោយការស្រមើស្រមៃ និងរីករាយ។
3. អានឡើងវិញម្ដងហើយម្ដងទៀត
អ្នកនឹងដឹងថាកូនៗរបស់អ្នកចូលចិត្តអានសៀវភៅមួយចំនួនម្ដងហើយម្ដងទៀតជាមិនខានឡើយ។ ការអនុញ្ញាតឱ្យពួកគេអាន ឬស្ដាប់សៀវភៅដែលពួកគេពេញចិត្ត ឬសៀវភៅថ្មីដែលសមនឹងកម្រិតនៃការអានរបស់ពួកគេ នឹងជួយកសាងទំនុកចិត្ត និងភាពស្ទាត់ជំនាញនៃការអាន។
4. ធ្វើឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ
បង្កើតសកម្មភាពអានសៀវភៅជាមួយកូនឱ្យក្លាយជាទម្លាប់ជារៀងរាល់ថ្ងៃ។ ការអានជាប្រចាំ ការបង្ហាញសៀវភៅច្រើន និងការរៀនតាមបច្ចេកវិទ្យានានាអាចធ្វើឱ្យមានភាពខុសប្លែកពិតៗសម្រាប់ការអភិវឌ្ឍការអានរបស់កូននៅផ្ទះ។
5. ចូលបណ្ណាល័យ
បង្ហាញកូនរបស់អ្នកពីសៀវភៅ និងប្រភពនៃការអានដោយចុះឈ្មោះជាសមាជិកនៅក្នុងបណ្ណាល័យ។ បន្ថែមពីនេះទៀត ការអនុញ្ញាតឱ្យកូនៗជ្រើសរើសសៀវភៅប្រឌិដ្ឋអាចបណ្ដុះចំណាប់អារម្មណ៍របស់ពួកគេតាមរយៈការអាន។
6. ធ្វើជាគំរូ
កូនៗតែងតែសំឡឹងមើលឪពុកម្ដាយ ឬអ្នកមើលថែរបស់ពួកគេដើម្បីដឹងថាអ្នកទាំងនោះរំពឹងថាពួកគេនឹងធ្វើអ្វីខ្លះ។ ពេលណាដែលអ្នកមានពេលកាន់សៀវភៅ កាសែត ទស្សនាវដ្ដី ឬសៀវភៅអេឡិចត្រូនិច កូនអ្នកនឹងមើលឃើញថាការអាន គឺជាអ្វីដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ ហើយពួកគេនឹងធ្វើតាមអ្នក។
7. ការសួរសំណួរជាសញ្ញាណល្អ!
ប្រើសំណួរដើម្បីជួយកូនឱ្យអភិវឌ្ឍការយល់ដឹងនៃរឿង។ វាពិតជាសំខាន់នៅពេលដែលពួកគេចាប់ផ្ដើមចូលសាលារៀន។ វានឹងឱ្យកុមារតូចៗទាំងនោះចាប់អារម្មណ៍ទៅលើរឿង និងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកដើម្បីកំណត់យកនូវបញ្ហានៅក្នុងជំនាញអានរបស់ពួកគេ។
8. ចាប់ផ្ដើមអានបែបឌីជីថល
នៅក្នុងប្រព័ន្ធអនឡាញមានសៀវភៅរាប់លានក្បាល ប្រភពគេហទំព័ររាប់រយរាប់ពាន់ដែលអ្នកអាចប្រើដើម្បីជួយកូនក្នុងការអភិវឌ្ឍជំនាញអានរបស់កូនៗរបស់អ្នក។
9. តាមឃ្លាំមើល
ប្រសិនបើអ្នកមានកង្វល់ ឬសំណួរពីការអភិវឌ្ឍការអានរបស់កូន អ្នកត្រូវប្រាកដថាអ្នកអាចពិភាក្សាជាមួយគ្រូបង្រៀន ឬសាលារបស់គេបានយ៉ាងឆាប់រហ័សបំផុត៕
អត្ថបទដើម៖ 9 Ways to Get Your Child Reading