Articles in Category: Parenting Tips

ការពិតដ៏គួរឱ្យចាប់អារម្មណ៍ទាំង ៤ យ៉ាងអំពីកូនរបស់អ្នក

on Friday, 12 January 2018. Posted in Parenting Tips, Activities

599aa6451900002500dd4900

តើ​អ្នក​ដឹង​ពី​កូន​បាន​ច្រើន​កម្រិត​ណា​ដែរ? ប្រហែល​ជា​មាន​ថ្ងៃ​ខ្លះ​អ្នក​ភ្ញាក់​ផ្អើល​ពេល​ដែល​ឃើញ​កូន​និយាយ​ពាក្យ​ដែល​អ្នក​មិន​ដឹង ហើយ​ពេល​ខ្លះ​ទៀត អ្នក​ឃើញ​គេ​កំពុង​រាំ​យ៉ាង​ស្ទាត់​ជំនាញ​នៅ​ក្នុង​បន្ទប់​ពេល​ដែល​គេ​ឮ​បទ​ចម្រៀង។ ទាំង​នេះ​គ្រាន់​តែ​ជា​ទេពកោសល្យ​ដែល​លាក់​ទុក​ក្នុង​ពួកគេ​ដែល​យើង​មិន​ដឹង​ថា​ពួកគេ​មាន​តែ​ប៉ុណ្ណោះ។

ដូច​នេះ សូម​អ្នក​ទាំងអស់​គ្នា​មក​ស្វែង​យល់​ពី​ចំណុច​នានា​ដូច​តទៅ៖

តើ​ដឹង​ទេ​ថា​កូន​ក្មេង​ទាំងអស់​សុទ្ធតែ​គួរ​ឱ្យ​ស្រឡាញ់?
ទូទៅ គ្រប់​ទារក​ដែល​ទើប​កើត​ទាំង​អស់​សុទ្ធ​តែ​គួរ​ឱ្យ​ស្រឡាញ់ មិន​ថា​ពួក​គេ​ជា​ជន​ជាតិ​អ្វី​ឡើយ។ ជា​ការ​ពិត​ណាស់ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​បាន​បង្កើត​ទ្រឹស្ដី “គម្រោង​ទារក” ដែល​គម្រោង​នេះ​បង្ហាញ​ដល់​ពួក​យើង​ពី​លក្ខណៈ​ស្រដៀង​គ្នា​របស់​ទារក។

ទារក​ភាគ​ច្រើន​មាន​ក្បាល​មូល ភ្នែក​ធំៗ ថ្ពាល់​ធំៗ និង​រាង​កាយ​ទន់។ ហេតុ​ដូច​នេះ​ហើយ​ទើប​ពេល​ដែល​យើង​ឃើញ​ទារក​ម្ដង​ណា យើង​អាច​ប្រើ​ពាក្យ​បរិយាយ​ពី​គេ​បាន​តែ​មួយ​គត់​ គឺគួរ​ឱ្យ​ស្រឡាញ់។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ឪពុក​ម្ដាយ និង​បរិយាកាស​ជុំវិញ​ពួក​គេ​មាន​ឥទ្ធិពល​ធំ​បំផុត​លើ​កូនៗ?

ឥរិយាបថ និង​អាកប្បកិរិយា​របស់​កូន​ក្មេង​ភាគ​ច្រើន​ត្រូវ​បាន​ចម្លង​មក​ពី​គ្រួសារ​របស់​គេ និង​បរិយាកាស​​ជុំវិញ​ដែល​គេ​កំពុង​រស់​នៅ។ ហេតុ​ដូចនេះ​ហើយ​ទើប​កុមារ​ខ្លះ​ដែល​មក​ពីគ្រួសារ​ល្អ​ច្រើន​តែ​មាន​អាកប្បកិរិយា​ល្អ។ ពួកគេ​ទទួល​បាន​ការ​មើល​ថែ​យ៉ាង​ល្អ​ឥតខ្ចោះ​ដែល​ភាព​ល្អ​នេះ​មាន​ឥទ្ធិពល​លើ​ភាព​ជឿជាក់​ និង​អាកប្បកិរិយា​របស់​ពួកគេ​ទាំង​ក្នុង​ការ​សិក្សា និង​អាជីព​នា​ពេល​អនាគត។

ជាង​នេះ​ទៀត កុមារ​ដែល​បាន​ទទួល​ឱកាស​ក្នុង​ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង និង​ទទួល​វិន័យ​អប់រំ​យ៉ាង​ល្អ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ​ជាង​កុមារ​ដែល​មិន​មាន​ការ​រៀន​សូត្រ ឬ​ទទួល​ការ​អប់រំ​វិន័យ។

តើ​អ្នក​ដឹង​ទេ​ថា “ការ​និយាយ​បែប​កូន​ក្មេង” គឺ​ជា​ឧបករណ៍​ធ្វើ​ទំនាក់​ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​កាន់​កូនៗ​?
តើ​អ្នក​ធ្លាប់​បាន​សង្កេត​មើល​ដែរ​ទេ​ថា​ឪពុក​ម្ដាយ ជា​ពិសេស​ម្ដាយ មាន​ទេពកោសល្យ​ពី​កំណើត​ក្នុង​ការ​និយាយ​ដូច​ជា​ក្មេង​ពេល​ដែល​និយាយ​ជាមួយ​កូន​របស់​ពួក​គេ? នេះ គឺ​ជា​ភាសា​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ ការ​និយាយ​បែប​កូន​ក្មេង ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កូន​តូច។

មូលហេតុ​ដែល​ឪពុក​ម្ដាយ​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ភាសា​នេះ គឺ​ព្រោះ​តែ​ភាព​រណ្ដំ​នៃ​សំឡេង​របស់​ពួក​គេ។ ទារក​អាច​ចាប់​បាន​ពាក្យ​ទាំង​នោះ ហើយ​វា​អាច​ជួយ​ពួកគេ​ក្នុង​ការ​ស្វែង​យល់​ពាក្យ ព្រោះ​ថា​ពាក្យ​នីមួយៗ​ត្រូវ​បាន​និយាយ​យ៉ាង​ច្បាស់ និង​ងាយ​យល់។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ការ​មើល​កម្មវិធី​ទូរទស្សន៍​របស់​កុមារ​មិនមែន​សុទ្ធ​តែ​មាន​ប្រយោជន៍?
ផ្ទុយ​ស្រឡះ​ពី​ជំនឿ​ទូទៅ ការ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មើល​កម្មវិធី​ទូរទស្សន៍ មិន​អាច​ជួយ​ពួក​គេ​ឱ្យ​រៀន​បាន​ឆាប់​រហ័ស​ឡើយ។ កម្មវិធី​ទាំង​នេះ​ប្រហែល​ជា​មិន​មែន​ជា​កម្មវិធី​អប់រំ ប៉ុន្តែ វា​អាច​គ្រាន់​តែ​ជា​កម្មវិធី​កម្សាន្ត​សម្រាប់​ក្មេង​តូច​តែ​ប៉ុណ្ណោះ ជា​ពិសេស​កម្មវិធី​ដែល​មាន​ពណ៌ និង​ចម្រៀង​នោះ។ ចិត្ត​វិទូ​ជា​ច្រើន​នៅ​តែ​ចង់​ឱ្យ​មាតា​បិតា​ចំណាយ​ពេល​ជាមួយ​កូនៗ​ឱ្យ​បាន​ច្រើន។

កូន​របស់​អ្នក​ គឺ​ជា​វត្ថុ​តូច​ដ៏​អស្ចារ្យ​មួយ។ ពួក​គេ​អាច​ធ្វើ​កិច្ចការ​ច្រើន​ដែល​យើង​មិន​ដឹង។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​ត្រូវ​មើល​ថែ​ពួក​គេ និង​ប្រាកដ​ថា​អ្វី​ដែល​ពួក​គេ​រៀន និង​មើល​ឃើញ​ គឺ​ពិត​ជា​សម​ស្រប​នឹង​អាយុ​របស់​ពួក​គេ៕

អត្ថបទដើម៖ 4 Fascinating Facts About Your Child

អត្ថប្រយោជន៍នៃតន្រ្តីសម្រាប់កុមារវ័យតូចៗ

on Thursday, 11 January 2018. Posted in Classes, Parenting Tips, Activities

Ly Lang and drum

ទស្សនវិទូ ប្លាតូ បាននិយាយថា “តន្ត្រីគឺជាច្បាប់នៃសីលធម៌។ វាផ្ដល់នូវព្រលឹងដល់ភពផែនដី ស្លាបដល់ចិត្ត ការហោះហើរដល់ការស្រមើមៃ និងមន្ដស្នេហ៍ និងភាពរីករាយដល់ជីវិត និងអ្វីៗគ្រប់យ៉ាង។” ការផ្ដល់ឱកាសដល់កូនៗក្នុងការរៀនលេងឧបករណ៍តន្រ្តី ឬរៀនចម្រៀង អាចផ្ដល់នូវអត្ថប្រយោជន៍ដល់ពួកគេយ៉ាងច្រើន។

  • ការអភិវឌ្ឍខួរក្បាល
    តន្រ្តីមិនត្រឹមតែធ្វើឱ្យយើងរីករាយប៉ុណ្ណោះទេ តែវាថែមទាំងជួយអភិវឌ្ឍខួរក្បាលទៀតផង។ ចាប់ផ្ដើមចាក់ចម្រៀងឱ្យកូនស្ដាប់ពេលដែលពួកគេនៅតូចៗអាចបង្កើនភាពវៃឆ្លាតរបស់ពួកគេ។ ការសិក្សាបានបង្ហាញថា កុមារដែលលេងឧបករណ៍តន្រ្តីច្រើនតែរៀនពូកែជាងអ្នកដែលមិនលេងឧបករណ៍តន្រ្តីសោះ។ ការលេងឧបករណ៍តន្រ្តីជួយឱ្យខួរក្បាលបង្កើតនូវជំហានថ្មីៗ។ តន្រ្តី និងចម្រៀងក៏អាចជួយកូនៗរបស់លោកអ្នកមានការចងចាំល្អ។ តន្រ្តីមិនត្រឹមតែជួយពួកគេក្នុងពេលបច្ចុប្បន្ននោះទេ តែក៏អាចជួយពួកគេពេលដែលពួកគេរីកលូតលាស់ពេញវ័យផងដែរ។
  • វិន័យ និងទំនួលខុសត្រូវ
    ការលេងឧបករណ៍តន្រ្តី និងការរៀនច្រៀងអាចបង្រៀនកូនរបស់អ្នកពីវិន័យ និងទំនួលខុសត្រូវ ដែលនេះគឺជាចរិតលក្ខណៈដែលពួកគេនឹងត្រូវការពេលដែលពួកគេពេញវ័យ។ កូនរបស់អ្នកនឹងរៀនពីវិធីចំណាយពេលវេលាឱ្យឆ្លាតវៃពេលដែលពួកគេអនុវត្ត និងរៀនថាតើត្រូវចំណាយការខំប្រឹងប៉ុន្មាន បើខំប្រឹងកាន់តែច្រើន កាន់តែល្អ។ កូនៗរបស់អ្នកមិនត្រឹមតែរៀនពីការគោរពវិន័យ និងការទទួលខុសត្រូវប៉ុណ្ណោះទេ តែពួកគេក៏អាចរៀនពីការស្ដាប់យ៉ាងប្រុងប្រយ័ត្ន និងផ្ចង់ស្មារតីលើអ្វីដែលពួកគេកំពុងធ្វើទៀតផង។
  • ភាពអំណត់
    គុណប្រយោជន៍មួយទៀតដែលតន្រ្តីមានឥទ្ធិពលលើកុមារនោះគឺ វាបង្រៀនពួកគេឱ្យមានភាពអត់ធ្មត់ខ្ពស់។ ការរៀនច្រើនតាមបច្ចេកទេសត្រឹមត្រូវ ឬរៀនលេងឧបករណ៍តន្រ្តីណាមួយចាំបាច់ត្រូវចំណាយពេលរៀន។ ភាពល្អឥតខ្ចោះមិនមែនកើតឡើងត្រឹមតែមួយថ្ងៃនោះទេ។ កូនៗរបស់អ្នកនឹងរៀនពីការខំធ្វើការងារ និងអត់ធ្មត់ពេលដែលពួកគេរៀនអ្វីថ្មី។
  • កាត់បន្ថយភាពតានតឹង និងបង្ហាញពីខ្លួនឯង
    មនុស្សយើងកាន់តែចាស់ កាន់តែមានភាពតានតឹង។ ពួកគេត្រូវបែងចែកគ្នាឱ្យដាច់រវាងកន្លែងធ្វើការ សាលារៀន និងការរីករាយក្នុងសង្គម ហើយវាពិតជាពិបាកក្នុងការស្វែងរកសេចក្ដីសុខ​ឱ្យខ្លួនឯង។ ការចាក់តន្រ្តីស្ដាប់ ឬច្រៀងអាចជួយកូនៗរបស់អ្នកក្នុងការកាត់បន្ថយភាពតានតឹងពេលដែលពួកគេធំឡើង។ តន្រ្តីអាចជួយមនុស្សឱ្យគ្រប់គ្រងអារម្មណ៍ពេលដែលពួកគេមានអារម្មណ៍ពិបាកចិត្ត។ កូនៗរបស់អ្នកអាចប្រើសំឡេង ឬសមត្ថភាពរបស់ពួកគេដើម្បីបង្ហាញពីអារម្មណ៍ដែលពិបាកចិត្ត។ ដូចដែលតន្រ្តីអាចជួយមនុស្សឱ្យឆ្លងកាត់ពេលវេលាមិនល្អ តន្រ្តីក៏ជួយឱ្យពួកគេបង្ហាញភាពវិជ្ជមានរបស់ខ្លួនឯងផងដែរ។
  • ជំនាញសង្គម
    តន្រ្តីគឺជាសិល្បៈមួយដែលពិតជាអាចឱ្យមនុស្សអាចរាប់អានគ្នា។ វាគឺជាភាសាមួយដែលមនុស្សអាចយល់។ ការផ្ដល់ឱកាសឱ្យកូនៗច្រៀងចម្រៀង ឬលេងឧបករណ៍តន្រ្តីអាចជួយពួកគេរាប់អានមិត្តភក្ដិ និងបង្រៀនពួកគេពីវិធីក្នុងការទាក់ទងជាមួយអ្នកដទៃ។ ការចូលក្នុងក្រុមដែលចូលចិត្តតន្រ្តីអាចបង្រៀនកូនៗរបស់អ្នកឱ្យចេះធ្វើការជាមួយកុមារដែលមានវ័យប្រហាក់ប្រហែលនឹងពួកគេ។

សូមផ្ដល់ឱកាសដល់កូនៗឱ្យទទួលយកនូវអត្ថប្រយោជន៍ពីការច្រៀង និងលេងឧបករណ៍តន្រ្តី។ ផ្ដល់ឱកាសឱ្យពួកគេក្នុងការរៀនអ្វីដែលថ្មីនៅថ្ងៃនេះ។ លោកអ្នកអាចចុះឈ្មោះពួកគេឱ្យរៀនជាមួយនឹងគ្រូភ្លេង ឬគ្រូបង្រៀនច្រៀង៕

អត្ថបទដើម៖ Benefits of Music at a Young Age

កិច្ចការប្រចាំថ្ងៃដែលកុមារអាចធ្វើបានតាមវ័យរបស់ពួកគេ

on Wednesday, 10 January 2018. Posted in Parenting Tips, Activities

Family Chores

តើអ្នកកំពុងត្រៀមឱ្យកូនៗរបស់អ្នកក្លាយជាមនុស្សដែលឯករាជ្យមែនទេ? ការបង្រៀនកូនៗពីបំណិនជីវិតមិនត្រឹមតែមានសារសំខាន់សម្រាប់ការថែរក្សាខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យគេមានអារម្មណ៍ថាពួកគេមានសិទ្ធិ និងអំណាចគ្រប់គ្រាន់ទៅលើការការធ្វើកិច្ចការក្នុងសង្គម និងបញ្ជាក់ហេតុផលនានា និងអាចជួយឱ្យពួកគេមានការអភិវឌ្ឍការឱ្យតម្លៃលើខ្លួនឯងយ៉ាងល្អ។ ខាងក្រោមនេះគឺជាបញ្ជីចន្លោះវ័យដែលអាចធ្វើបានក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។

អាយុចាប់ពី ២ ទៅ ៣ ឆ្នាំ៖ ការងារស្រាលៗ

អាយុចន្លោះនេះគឺជាពេលដែលកូនរបស់អ្នកចាប់ផ្ដើមរៀនពីជំនាញជាមូលដ្ឋាន។ កុមារដែលឈានចូលដល់អាយុ ៣ ឆ្នាំ គួរតែអាច៖

  • រៀបចំទុកដាក់ប្រដាប់លេងដោយខ្លួនឯងបន្ទាប់ពីលេងរួច
  • ស្លៀកពាក់ដោយខ្លួនឯង (ដោយមានការជួយពីអ្នក)
  • ទុកសម្លៀកបំពាក់ដែលស្លៀកពាក់រួចទៅក្នុងកន្ត្រក
  • បន្ទាប់ពីទទួលទានអាហាររួច ត្រូវយកចានទៅទុកកន្លែងលាងចានដោយខ្លួនឯង
  • ជួយរៀបចំតុ
  • ចេះដុសធ្មេញ និងលុបមុខដោយមានជំនួយខ្លះពីអ្នក

អាយុចាប់ពី ៤ ទៅ ៥ ឆ្នាំ៖ ស្គាល់ឈ្មោះ និងលេខ

នៅពេលដែលកូនរបស់អ្នកឈានចូលដល់អាយុនេះ ជំនាញសុវត្ថិភាពពិតជាសំខាន់សម្រាប់ពួកគេ។ ពួកគេគួរតែដឹង៖

  • ឈ្មោះពេញ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ខ្លួនឯង និងអ្នកផ្ទះ
  • ចេះហៅទូរស័ព្ទពេលមានគ្រោះអាសន្នណាមួយកើតឡើង

ពួកគេក៏គួរតែរៀនពី៖

  • ការចេះសម្អាតកិច្ចការស្រាលៗដូចជាសម្អាតធូលីដីនៅកន្លែងដែលពួកគេអាចឈោងដល់ និងរៀបចំតុបន្ទាប់ពីញ៉ាំអាហាររួច
  • ដាក់ចំណីឱ្យសត្វចិញ្ចឹម (បើមាន)
  • កំណត់អត្តសញ្ញាណរបស់លុយ និងយល់ពីរបៀបនៃការប្រើលុយ
  • ដុសធ្មេញ សិតសក់ និងលាងមុខដោយមិនមានជំនួយ
  • ជួយក្នុងកិច្ចការបោកគក់ដូចជារៀបចំសម្លៀកបំពាក់ទុកឱ្យស្រួល និងយកខោអាវដែលប្រឡាក់ ឬស្លៀកពាក់ហើយទៅទុកកន្លែងបោកគក់
  • ជ្រើសរើសខោអាវស្លៀកពាក់ដោយខ្លួនឯង

អាយុចាប់ពី ៦ ទៅ ៧ ឆ្នាំ៖ ស្គាល់ពីរបៀបចម្អិនអាហារងាយៗ

កុមារក្នុងវ័យនេះអាចចាប់ផ្ដើមជួយអ្នកក្នុងការចម្អិនអាហារ និងអាចរៀនពី៖

  • លាយ កូរ និងកាត់ជាមួយកាំបិតដែលមិនធ្វើឱ្យមុតដៃក្មេង។
  • ចម្អិនអាហារងាយៗដូចជាការធ្វើនំប៉័ងសាំងវិចជាដើម។
  • ជួយរៀបចំគ្រឿងទេសដែលប្រើរួចដាក់ចូលក្នុងទូវិញ។
  • លាងចាន

កូនអ្នកក៏គួរតែរៀនពី៖

  • ការប្រើសម្ភារសម្អាតងាយប្រកបដោយសុវត្ថិភាព
  • សម្អាតបន្ទប់ទឹកបន្ទាប់ពីប្រើរួច
  • រៀបចំគ្រែគេងដោយមិនមានជំនួយពីអ្នក
  • ងូតទឹកដោយខ្លួនឯង

អាយុចាប់ពី ៨ ទៅ ៩ ឆ្នាំ៖ ចំពោះសម្ភារផ្ទាល់ខ្លួន

ក្នុងវ័យនេះ កូនរបស់អ្នកគួរតែស្គាល់ពីកាតព្វកិច្ចក្នុងការថែរក្សាសម្ភារផ្ទាល់ខ្លួន។ កិច្ចការទាំងនេះរួមមាន៖

  • បត់សម្លៀកបំពាក់ដោយខ្លួនឯង
  • រៀនដេរ
  • មើលថែរបស់លេង ឬរបស់ប្រើដែលទុកនៅក្រៅផ្ទះមានដូចជាកង់ ឬស្គីជាដើម

ពួកគេក៏គួរតែរៀនពី៖

  • ការថែរក្សាអនាម័យផ្ទាល់ខ្លួនដោយមិនចាំបាច់មានអ្នកណាប្រាប់
  • ប្រើអំបោស និងប្រដាប់ចូកសម្រាមឱ្យបានត្រឹមត្រូវ
  • អានក្បួនធ្វើម្ហូប និងចម្អិនអាហារងាយៗ
  • ជួយបង្កើតបញ្ជីមុខម្ហូប និងគ្រឿងផ្សំដែលត្រូវទិញ
  • កត់ត្រានូវសារដែលមាននៅក្នុងទូរស័ព្ទ ឬបានទទួលទូរស័ព្ទ
  • ជួយស្រោចទឹក និងមើលថែរក្សាផ្កា និងរុក្ខជាតិ
  • យកសម្រាមទៅទុកនៅក្រៅផ្ទះ

អាយុចាប់ពី ១០ ទៅ ១៣ ឆ្នាំ៖ ការបង្កើនភាពឯករាជ្យផ្ទាល់ខ្លួន

អាយុ ១០ ឆ្នាំ គឺជាវ័យដែលកូនរបស់អ្នកអាចចាប់ផ្ដើមបង្ហាញនូវជំនាញដែលបង្ហាញពីភាពឯករាជ្យហើយ។ ពួកគេគួរតែដឹងពី៖

  • ការនៅផ្ទះម្នាក់ឯង
  • ទៅហាងទំនិញ និងទិញទំនិញដោយខ្លួនឯង
  • ប្ដូរកម្រាលពូកដោយខ្លួនឯង
  • ប្រើម៉ាស៊ីនបោកខោអាវ និងសម្ងួតខោអាវ
  • គ្រោង និងរៀបចំអាហារដោយប្រើគ្រឿងផ្សំច្រើន
  • ប្រើម៉ាស៊ីនឡ (ម៉ាស៊ីនដុតនំ)ដើម្បីអាំង ឬដុតអាហារ

កូនរបស់អ្នកក៏គួរតែរៀនពី៖

  • ការអានស្លាកសញ្ញា
  • អ៊ុតសម្លៀកបំពាក់ដោយខ្លួនឯង
  • រៀនពីការប្រើសម្ភារជួសជុលងាយៗ
  • ជម្រះស្មៅ
  • មើលថែប្អូន ឬអ្នកជិតខាង

អាយុចាប់ពី ១៤ ទៅ ១៨ ឆ្នាំ៖ ត្រូវតែរៀនពីជំនាញដែលត្រូវប្រើប្រចាំថ្ងៃខ្លាំងជាងមុន

នៅមុនវ័យ ១៤ ឆ្នាំ កូនរបស់អ្នកគួរតែមានភាពស្ទាត់ជំនាញក្នុងកិច្ចការស្រាលៗពីមុនមកហើយ។ បន្ថែមពីនេះទៀត កូនរបស់អ្នកក៏គួរតែអាច៖

  • ចេះសម្អាតកន្លែងដែលស្មុគស្មាញជាងមុន និងជួសជុល ដូចជាការផ្លាស់ប្ដូរប្រអប់របស់ម៉ាស៊ីនបូមធូលី សម្អាតចង្ក្រាន និងជួសជុលបំពង់ទឹក
  • អាន និងយល់ពីឈ្មោះថ្នាំដែលបង្ហាញ និងបរិមាណប្រើ
  • ទៅសម្ភាសរកការងារធ្វើ
  • រៀបចំ និងចម្អិនអាហារបើចាំបាច់

មនុស្សពេញវ័យ៖ រៀបចំក្នុងការរស់នៅដោយខ្លួនឯង

កូនរបស់អ្នកនឹងត្រូវតែដឹងពីការចិញ្ចឹមខ្លួនឯងពេលដែលពួកគេត្រូវទៅរៀននៅសាកលវិទ្យាល័យ ឬរើផ្ទះទៅនៅខាងក្រៅ។ ក្នុងនោះក៏មានកិច្ចការមួយចំនួនដែលពួកគេត្រូវដឹងមុននឹងរើចេញទៅក្រៅ ដែលកិច្ចការទាំងនេះមានដូចជា៖

  • ការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យ និងពេទ្យធ្មរញ និងការណាត់ជួបផ្សេងទៀតដែលមានសារសំខាន់ដល់សុខភាព
  • មានការយល់ដឹងខ្លះៗពីហិរញ្ញវត្ថុ និងអាចគ្រប់គ្រងគណនីដាក់ប្រាក់នៅធនាគារ បង់លុយ និងប្រើបណ្ណឥណទានបានដោយខ្លួនឯង
  • យល់ពីកិច្ចសន្យានានាដូចជាការជួលផ្ទះ ឬបង់រំលស់រថយន្តជាដើម៕

អត្ថបទដើម៖ I did it all by myself! An age-by-age guide to teaching your child life skills

១០ ចំណុចក្នុងការបណ្ដុះមហិច្ចតាដល់កូនៗ

on Tuesday, 09 January 2018. Posted in Parenting Tips, Activities

21 ways to encourage your child to dream big

សូម​អាន​ចំណុច​ទាំង ១០ ខាង​ក្រោម​ដើម្បី​លើក​ទឹក​ចិត្ត​កូនៗ​របស់អ្នក​ឱ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​គំនិត​ច្នៃប្រឌិដ្ឋ ការ​ស្រមើ​ស្រមៃ និង​ការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍។

  1. ជំរុញ​ទឹក​ចិត្ត​ពួក​គេ៖ មនុស្ស​ម្នាក់​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ។ ប្រសិន​បើ​កូន​របស់​អ្នក​ចង់​ធ្វើអ្វី​មួយ​ឱ្យ​មាន​កិត្តិនាម កុំ​បោះចោល​គំនិត​របស់​ពួកគេ​ឱ្យ​សោះ។ អ្នក​ត្រូវ​ជំរុញ​ទឹក​ចិត្ត​របស់​ពួកគេ​ឱ្យ​ធ្វើ​យ៉ាងណា​ឱ្យ​សុបិន​នោះ​ក្លាយ​ជា​ការ​ពិត។
  2. ប្រកួត​ប្រជែង​ជាមួយ​ពួក​គេ៖ ការ​ឃាត់​ទុក ឬ​ការពារ​ពួកគេ​គ្រប់​បែប​យ៉ាង​នោះ​កាន់​តែ​ធ្វើ​ឱ្យ​ពិភព​លោក​ជុំវិញ​គេ​គ្រោះថ្នាក់​ជាង​ការ​ពិត​ទៅ​ទៀត។ ចូរ​ឱ្យ​ពួកគេ​ចាប់​ផ្ដើម​ហាត់​ពត់​លត់​ដំ​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​នានា រួច​ហើយ​អបអរ​សាទរ​ពួកគេ​ពេល​ដែល​ពួកគេ​ទទួល​ជោគជ័យ។
  3. មើល​ឃើញ​ច្បាស់​ពី​ពិភព​លោក៖ ផ្ដល់​ឱកាស​ឱ្យ​កូនៗ​ក្នុង​ការ​មើល និង​ស្វែង​យល់​ពីរបស់​ថ្មីៗ ទីកន្លែង​ថ្មីៗ និង​ជួប​មនុស្ស​ថ្មីៗ។ គ្មាន​អ្នកណា​ម្នាក់​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​បាន​ដោយ​គ្រាន់​តែ​សំងំ​ស្ងៀម​នៅ​ផ្ទះ​នោះ​ឡើយ។ ការ​នាំ​ពួក​គេ​ចេញ​ដើរ​កម្សាន្ត​ជា​វិធី​ដ៏​ល្អ​មួយ។
  4. ទិញ​សៀវភៅ៖ ការ​អាន​ជួយ​បើក​ចិត្ត និង​ជំរុញ​ឱ្យ​មាន​មហិច្ចតា ដូច្នេះ សូម​ទិញ​សៀវភៅ​មាន​ប្រយោជន៍​ឱ្យ​កូន​អាន​ឱ្យ​បាន​ញឹក​ញាប់។
  5. ជំរុញ​កូនៗ​ឱ្យ​ក្លាយ​ជា​វីរបុរស​/វីរនារី៖ មិនមាន​អ្វី​ខុស​ឆ្គង​នោះ​ទេ​បើ​គ្រាន់​តែ​ក្លាយ​ជា​អ្នក​ជួយ​សង្គ្រោះ​អ្នក​ដទៃ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ផ្ដោត​សំខាន់​ទៅ​លើ​មហិច្ចតា។ លើក​ទឹក​ចិត្ត​កូនៗ​ឱ្យ​ស្វែង​យល់​ពី​អ្វី​ដែល​វីរបុរស/វីរនារី​ធ្វើ ហើយ​ចាប់​ផ្ដើម​ដោយ​អ្វី​ខ្លះ។
  6. ការ​សម្ដែង​រឿង​ខ្លី៖ ការ​សម្ដែង​រឿង​ខ្លី​អាច​អភិវឌ្ឍ​ការ​គិត​បែប​ច្នៃ​ប្រឌិដ្ឋ​របស់​កុមារ។ កុមារ​អាច​ធ្វើ​វា​បាន​ដោយ​មិន​បាន​ត្រៀម​ទុក ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​ពួក​គេ និង​ផ្ដល់​នូវ​សាច់​រឿង ឬ​ឃ្លា​ឃ្លោង​សម្រាប់​និយាយ នោះ​នឹង​កាន់​តែ​ប្រសើរ។
  7. ការ​លេង​ជា​ក្រុម៖ កុមារ​នឹង​លូតលាស់​ប្រកប​ដោយ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ប្រសិន​បើ​ពួកគេ​លេង​ជាមួយ​កុមារ​ដទៃ​ទៀត​ជា​ប្រចាំ។ ពួកគេ​ក៏​អាច​រៀន​ពី​របៀប​ផ្ដល់​ឥទ្ធិពល​ដល់​អ្នក​ដទៃ។
  8. ទទួល​យក​ការ​ផ្លាស់​ប្ដូរ៖ ប្រសិនបើ​ពួកគេ​និយាយ​ប្រាប់​អ្នក​ពី​គម្រោង​ដែល​ពួក​គេ​នឹង​ធ្វើ​ខុស​ពី​ថ្ងៃមុន សូម​កុំ​ចង​ចិញ្ចើម ហើយ​ខឹង​ពួកគេ​ឱ្យ​សោះ ព្រោះ​ពួក​គេ​ប្រហែល​ជា​បាន​គិត និង​ស្វែង​យល់​ថា​ពួក​គេ​អាច​ធ្វើអ្វី​ផ្សេង​ខុស​ពី​អ្វី​ដែល​ពួក​គេ​បាន​ប្រាប់​អ្នក​ថ្ងៃ​មុន ឧទាហរណ៍ ថ្ងៃ​មុន ពួក​គេ​ចង់​ធ្វើ​ជា​គ្រូ​ពេទ្យ ហើយ​ថ្ងៃ​នេះ​ពួក​គេ​ប្រាប់​អ្នក​ថា​ពួក​គេ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​វិញ​នោះ​ជា​ដើម។
  9. គ្រប់យ៉ាង​មិនមែន​សុទ្ធ​តែ​ផ្ដោត​សំខាន់​លើ​លុយ​ប៉ុណ្ណោះ​ទេ៖ កុំ​បង្ខំ​កូន​របស់​អ្នក​ឱ្យ​ចាប់​យក​តែ​ការងារ ឬ​មុខ​របរ​ណា​ដែល​អាច​រក​លុយ​បាន​ច្រើន។ ជីវិត​រីករាយ​សំខាន់​ជាង​លុយ​ទៅ​ទៀត។
  1. គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់៖ គ្រប់​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​ភាព​ជា​ខ្លួន​ឯង ហើយ​ថ្ងៃនេះ​ពិភពលោក​កាន់​តែ​មាន​សមភាព​ជាង​ពេល​មុនៗ។ ស្ទើរ​តែ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ធ្វើ​បាន​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​វា​មែន​ទែន។ សូម​កុំ​បោះបង់​មហិច្ចតា​ឱ្យ​សោះ៕

អត្ថបទដើម៖ 10 ways to nurture ambition in children

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: