ក្នុងរយៈពេលដំបូងនៃការអភិវឌ្ឍភាសាសម្រាប់កុមារ អ្នកត្រូវតែធ្វើជាអ្នកជំរុញទឹកចិត្ត និងប្ដេជ្ញាក្នុងអំឡុងពេលដែលអ្នកកំពុងជួយកូនក្នុងការរៀនជំនាញថ្មីៗ។ ជាទូទៅ គេជឿថា ទារកអភិវឌ្ឍមូលដ្ឋាននៃការអភិវឌ្ឍភាសាសម្រាប់រយៈពេល ១២ ខែដំបូង និងដំណាក់កាលនៃការវិវឌ្ឍភាសានេះត្រូវបន្តរហូតដល់ពួកគេមានអាយុខ្ទង់ ៣ ឆ្នាំ ជាពេលដែលកុមារចាប់ផ្ដើមយល់ និងនិយាយ។
ភាសា គឺជាមូលដ្ឋានគ្រឹះនៃសមត្ថភាពកុមារក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ បញ្ចេញអារម្មណ៍របស់គាត់ ហើយគាំទ្រនូវការដោះស្រាយបញ្ហា និងការគិតរបស់គាត់។ អ្នកត្រូវប្រាកដថា គ្រប់យ៉ាងដែលអ្នកដឹងពីជំហាននៃការអភិវឌ្ឍជំនាញភាសារបស់កូនក្នុងរយៈពេលដំបូង។
ជំហាននៃការអភិវឌ្ឍភាសារបស់កុមារ៖
ពេលដែលកូនរបស់អ្នកចាប់ផ្ដើមចូលដល់អាយុ ៣ ខែ អ្នកនឹងចាប់ផ្ដើមសម្គាល់សញ្ញានៃការទាក់ទងពីខាងកូនរបស់អ្នក ដែលជាសញ្ញាដំបូងនៃការអភិវឌ្ឍភាសារបស់កូនអ្នក។
ខាងក្រោមនេះ គឺជាជំហានសំខាន់ៗនៃការអភិវឌ្ឍភាសាក្នុងវ័យតូចៗ។
អាយុ ៣ ទៅ ១២ ខែ៖
ក្នុងអំឡុងពេលនេះ កូនរបស់អ្នកចូលចិត្តសើច ថ្ងូរ និងព្យាយាមធ្វើទំនាក់ទំនងដោយប្រើកាយវិការ។ អ្នកត្រូវចងចាំថា ការនិយាយដែលមានភាពមិនច្បាស់ដែលកូននិយាយនោះ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍភាសារបស់គេ ហើយអ្នកត្រូវតែលើកទឹកចិត្តឱ្យគេនិយាយតទៀត។ បើសិនជាអ្នកអាចដឹងថាការនិយាយដែលមិនច្បាស់របស់កូនតំណាងឱ្យពាក្យអ្វីប្រាកដនោះ អ្នកត្រូវជំរុញពួកគេឱ្យនិយាយពាក្យដែលច្បាស់នោះម្ដងបន្តិចៗកាន់តែច្រើនឡើងៗដើម្បីឱ្យពួកគេអាចនិយាយបាន។
អាយុ ១២ ទៅ ១៨ ខែ៖
ក្នុងអំឡុងពេលនេះ កូនរបស់អ្នកចាប់ផ្ដើមព្យាយាមនិយាយពាក្យមួយៗ ដាច់ៗ។ នេះ គឺជាអំឡុងពេលដែលអ្នកនឹងស្វែងរកវិធីដែលធ្វើឱ្យកូននិយាយ និងធ្វើទំនាក់ទំនងច្រើន ហើយប្រសិនបើអ្នកចាប់អារម្មណ៍ឃើញថាកូនរបស់អ្នកមានភាពស្ងាត់ចម្លែក អ្នកត្រូវនាំគេទៅពិនិត្យជាមួយនឹងគ្រូពេទ្យកុមារ។
អាយុ ១៨ ខែ ដល់ ២ ឆ្នាំ៖
ពេលដែលកូនរបស់អ្នកចូលដល់អាយុ ២ ឆ្នាំ ពាក្យរបស់ពួកគេនឹងរីកចម្រើន ហើយគាត់ប្រហែលជាអាចនិយាយដល់ទៅ ៣០០ ពាក្យ និងព្យាយាមនិយាយប្រយោគខ្លីៗ។ ការអភិវឌ្ឍភាសាក្នុងដំណាក់កាលនេះមានភាពខុសប្លែកគ្នាទៅតាមកុមារ ដូច្នេះ ប្រសិនបើកូនរបស់អ្នកនិយាយច្រើនជាងអ្នករំពឹងទុក សូមកុំមានការបារម្ភអ្វី ហើយគ្រាន់តែផ្ដល់ឱកាសឱ្យគេនិយាយ។
អាយុពី ២ ដល់ ៣ ឆ្នាំ៖
ក្នុងដំណាក់កាលនេះ កូនរបស់អ្នកនឹងអាចនិយាយបានយូរជាងមុន ប្រើឃ្លាច្រើនជាងមុន និងអាចចាប់ផ្ដើមឆ្លើយសំណួររបស់អ្នកដោយងាយ។ អ្នកដទៃនឹងយល់ពីអ្វីដែលកូនរបស់អ្នកនិយាយក្នុងចន្លោះអាយុនេះ ហើយគេក៏អាចលេង និងនិយាយក្នុងពេលតែមួយបានផងដែរ។
អាយុ ៣ ទៅ ៥ ឆ្នាំ៖
កូនរបស់អ្នកត្រូវចូលរៀនថ្នាក់មត្តេយ្យកម្រិតទាប (Preschool) ហើយអ្នកអាចនឹងរំពឹងឱ្យពួកគេនិយាយបានកាន់តែច្រើនដោយប្រើឃ្លាពិបាកៗ និងវែងៗជាងមុន។ គេនឹងចាប់ផ្ដើមចេះឆ្ងល់ ហើយនឹងសួរអ្នកនូវសំណួរជាច្រើនពីវត្ថុផ្សេងៗដែលនៅជុំវិញខ្លួននោះ។ នេះជាពេលដ៏ល្អក្នុងការជួយបង្កើនវេយ្យាករណ៍ និងពាក្យពេចន៍របស់គេដោយការជំរុញគេឱ្យអាននូវឃ្លាសាមញ្ញៗ ឬពាក្យនៅក្នុងសៀវភៅរូបភាព។
អាយុ ៥ ទៅ ៦ ឆ្នាំ៖
នេះជាឆ្នាំដំបូងសម្រាប់ការសិក្សានៅថ្នាក់មត្តេយ្យ និងបឋមសិក្សាសម្រាប់កូនអ្នក ហើយកូនរបស់អ្នកនឹងយល់កាន់តែច្រើនពីពាក្យមួយចំនួន និងវិធីផ្សំពាក្យទាំងនោះក្នុងការប្រើជាមួយគ្នា។ គេនឹងចាប់ផ្ដើមបង្កើតឃ្លាសម្រាប់និយាយកាន់តែល្អជាងមុន។
គន្លឹះក្នុងការជួយជំរុញដល់ការអភិវឌ្ឍភាសាសម្រាប់កុមារ៖
ពេលនេះ អ្នកចាប់ផ្ដើមយល់ពីគំនិតនៃការអភិវឌ្ឍភាសារបស់កុមារ ហើយយើងខ្ញុំក៏សូមផ្ដល់នូវគំនិតខ្លះៗដើម្បីជាជំនួយសម្រាប់លោកអ្នក។ ខាងក្រោមនេះ គឺជាបញ្ជីខ្លះៗនៃវិធីដ៏ល្អបំផុតដែលលោកអ្នកអាចលើកទឹកចិត្តកូនៗក្នុងការអភិវឌ្ឍភាសារបស់ពួកគេ។
1. ចាត់ទុកថាកូនអាចនិយាយ៖
បើទោះបីជាកូនរបស់អ្នកគ្រាន់តែបញ្ចេញសំឡេងប៉ប៉ាច់ប៉ប៉ោច ឬបង្កើតសំឡេងប្លែកៗ នេះមានន័យថាពួកគេកំពុងព្យាយាមនិយាយ ហើយវា គឺជាសញ្ញាណល្អមួយ។
2. តាមការដឹកនាំរបស់កូនអ្នកនៅក្នុងកិច្ចសន្ទនា៖
ប្រសិនបើគេចាប់ផ្ដើមសន្ទនាជាមួយអ្នក អ្នកត្រូវអនុញ្ញាតឱ្យគេនិយាយ និងពន្យល់ ហើយឆ្លើយតបទៅកាន់គេវិញដោយការអង្អែលខ្នងតិចៗ។ ការលើកទឹកចិត្តតិចតួច តែមានឥទ្ធិពលល្អដល់កូនរបស់អ្នក។
3. និយាយពាក្យ៖
ប្រសិនបើកូនរបស់អ្នកនិយាយពាក្យ ឬបញ្ចេញសំឡេងដោយជោគជ័យ អ្នកត្រូវនិយាយពាក្យនោះឡើងវិញជាច្រើនដងដើម្បីជួយគេឱ្យយល់កាន់តែច្រើន។
4. លើកទឹកចិត្តក្នុងការនិទានរឿងមុនចូលគេង៖
ការនិទានរឿងមុនចូលគេងអាចជួយឱ្យកូនរបស់អ្នកយល់ពីវត្ថុនានា និងអាចបង្កើតចំណង់ក្នុងការនិយាយពាក្យ។
5. ប្រើសៀវភៅរូបភាព៖
នេះជាពេលដ៏ល្អមួយក្នុងការយកសៀវភៅដែលមានរូបភាពធម្មតាៗសម្រាប់កូនរបស់អ្នក ហើយជួយគេក្នុងការអានពាក្យទាំងនោះ ដូចជា ball, tree, បាល់ ឬដើមឈើជាដើម។
6. ណែនាំពាក្យថ្មីៗឱ្យគេស្គាល់៖
បើទោះបីជាកូនរបស់អ្នកមិនទាន់យល់អ្វីនោះ ក៏មិនមានបញ្ហាអ្វីដែរ។ ពេលខ្លះ គេនឹងរៀននូវការប្រើប្រាស់ពាក្យត្រឹមត្រូវពេលដែលអ្នកព្យាយាមបង្រៀនពួកគេ។
7. និយាយប្រាប់ពួកគេពីអ្វីដែលកំពុងកើតឡើង៖
ប្រសិនបើអ្នកកំពុងនាំពួកគេទៅលេងនៅសួនធម្មជាតិ ហើយជួបប្រទះនឹងព្រឹត្តិការណ៍ណាមួយដែលធ្វើឱ្យកូនរបស់អ្នកមានក្ដីរំភើប សូមពណ៌នាពីព្រឹត្តិការណ៍នោះទៅកាន់ពួកគេ។
8. ពន្យល់ពីទម្លាប់ប្រចាំថ្ងៃ៖
អ្នកត្រូវបង្រៀនគេពីសកម្មភាពនានាប្រចាំថ្ងៃដូចជានៅក្នុងអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងពេលគេង។
សញ្ញាដែលត្រូវប្រយ័ត្នពេលដែលមានការយឺតយ៉ាវក្នុងការអភិវឌ្ឍរបស់កុមារ៖
ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមានសញ្ញា និងរោគសញ្ញាដែលកូនរបស់អ្នកមានការអភិវឌ្ឍ នោះពិតជាអស្ចារ្យ។ ផ្ទុយទៅវិញ តើអ្នកគួរធ្វើអ្វីប្រសិនបើកូនរបស់អ្នកមិនមានការអភិវឌ្ឍនោះ? ខាងក្រោមនេះគឺជាសញ្ញាដែលលោកអ្នកត្រូវប្រុងប្រយ័ត្នដែលអាចជួយអ្នកក្នុងការកត់សម្គាល់ពីបញ្ហាដែលកូនរបស់អ្នកជួបប្រទះក្នុងការអភិវឌ្ឍ៖
1. កូនរបស់អ្នកមិននិយាយពាក្យដូចជា ម៉ាក់ៗ ឬក៏ ប៉ាៗ។
2. កូនរបស់អ្នកមិនព្យាយាមនិយាយ។
3. កូនរបស់អ្នកហាក់ដូចជាមិនបញ្ចេញឱ្យដឹងពីអ្វីដែលគេចូលចិត្ត ឬចាប់អារម្មណ៍។
4. កូនរបស់អ្នកមិននិយាយសូម្បីតែមួយពាក្យ។
5. កូនរបស់អ្នកមិនប្រើដៃធ្វើកាយវិការដូចជា ការបក់ដៃ ការចាប់ដៃ ឬការចង្អុរ។
6. កូនរបស់អ្នកមិនមានការទាក់ទងអ្វីទាំងអស់ពេលដែលគេចង់ឱ្យអ្នកជួយគេ។
7. កូនរបស់អ្នកមិនធ្វើត្រាប់កាយវិការអ្វីទាំងអស់។
8. កូនរបស់អ្នកមិនឆ្លើយតបទៅនឹងការណែនាំដែលងាយៗ។
9. កូនរបស់អ្នកមិននិយាយពាក្យផ្សេងៗនៅក្នុងប្រយោគខ្លីៗ។
10. របស់អ្នកមានភាពលំបាកក្នុងការទាក់ទងជាមួយនឹងក្មេងដទៃ ឬមនុស្សនានា។
11. កូនរបស់អ្នកនិយាយត្រដិតជាប់គ្នាជាប្រចាំ។
12. កូនរបស់អ្នកបញ្ចេញសំឡេងនៃពាក្យនីមួយៗមិនច្បាស់ និងមិនត្រឹមត្រូវ។
ប្រសិនបើកូនរបស់អ្នកមានការប៉ះពាល់ដោយការយឺតយ៉ាវនៃការអភិវឌ្ឍ សូមកុំអស់សង្ឃឹម។ លោកអ្នកអាចជួយពួកគេក្នុងការព្យាបាលភាពលូតលាស់នៃការប្រើភាសាដែលមានការយឺតយ៉ាវដោយរកអ្នកជំនាញឱ្យជួយ។
យើងខ្ញុំសង្ឃឹមថាអ្នកចូលចិត្តអត្ថបទនេះ។ សូមចូលរួមក្នុងការអភិវឌ្ឍការអភិវឌ្ឍភាសារបស់កូនៗដូចជាការបន្ថែមនូវគុណតម្លៃនេះសមត្ថភាពសិក្សារបស់ពួកគេផងដែរ។ លើសពីនេះទៀត វាក៏អាចជួយបង្កើននូវទំនាក់ទំនងរវាងអ្នក និងកូនៗផងដែរ៕
អត្ថបទដើម៖ 8 Helpful Language Development Tips for Children