តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?
គ្រប់ពាក្យដែលកុមាររៀន គ្រប់អាកប្បកិរិយាដែលកុមារបញ្ចេញ និងគ្រប់បទពិសោធន៍ថ្មីៗដែលកុមារជួបប្រទះ គឺជាការបណ្ដាក់ទុនសម្រាប់អនាគតរបស់ពួកគេ។ ការអប់រំកុមារតូច គឺជាការសំលៀង និងបង្កើតរូបរាងឱ្យកុមារដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរជីវិតរបស់ពួកគេ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានផ្ដល់ដោយការអប់រំកុមារតូច។
ការរៀនសហការ
ការអប់រំកុមារតូចអនុញ្ញាតកុមារឱ្យរៀនពីការសហការ ចែករំលែក ខំព្យាយាម និងផ្លាស់ប្ដូរវេនក្នុងបរិយាកាសកន្លែងដែលមានសុវត្ថិភាពក្នុងការរៀនដែលមានអ្នកជំនាញចាំណែនាំពួកគេ។ បើទោះបីជាវាអាចនឹងជាមេរៀនដ៏ពិបាក វាក៏អាចជាការចាំបាច់សម្រាប់កុមារក្នុងការរៀនសហការជាមួយអ្នកដទៃតាំងពីវ័យក្មេង។
ការយល់ដឹងពីការចូលក្នុងសង្គម
ការចូលចំណោមជាមួយអ្នកដទៃក្រៅពីគ្រួសារដែលជាតំបន់មានសុវត្ថិភាពដល់កុមារនោះ គឺជាមូលដ្ឋានគ្រឹះដំបូងដើម្បីឈានទៅដល់ចំណុចផ្សេងៗទៀតនៅក្នុងជីវិតរបស់កុមារ។ ឪពុកម្ដាយយល់ពីភាពសំខាន់នៃការណែនាំកូនៗឱ្យក្មេងដទៃ និងគាំទ្រការផ្លាស់ប្ដូររបស់ពួកគេនៅក្នុងក្រុមផ្ទាល់ខ្លួន។ ការអនុញ្ញាតកូនៗឱ្យរាប់អានជាមួយក្មេងដទៃអាចជួយពួកគេឱ្យជំនះភាពខ្មាស់អៀន និងបង្កើនទំនុកចិត្តលើខ្លួនឯង។
ការអភិវឌ្ឍជាមូលដ្ឋានសម្រាប់ផ្នែកសំខាន់ៗ
ការអភិវឌ្ឍជាមូលដ្ឋាន គឺជាការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍផ្នែកសង្គម រាងកាយ ចិត្តសាស្ត្រ និងអារម្មណ៍។ គ្រូបង្រៀនកុមារតូចត្រូវបានបណ្ដុះបណ្ដាលឱ្យមានការប្ដេជ្ញាចិត្តក្នុងការធ្វើជាជំនួយសម្រាប់គ្រប់កុមារ និងបង្កើតសកម្មភាព និងកម្មវិធីសម្រាប់ពួកគេ។ ជាមួយគ្នានេះផងដែរ មិត្តភក្ដិក៏មានសារសំខាន់សម្រាប់ករណីនេះដែរ ព្រោះសិស្សថ្នាក់មត្តេយ្យកម្រិតទាបត្រូវបានរាប់បញ្ចូលក្នុងសកម្មភាពដែលមានការសហការគ្នា និងអាចជួយបាន។
មានភាពរីករាយ និងកម្លាំងក្នុងការរៀនមិនឈប់ឈរ
មេរៀនត្រូវតែផ្ដល់ជូនសម្រាប់កុមារក្នុងលក្ខណៈដ៏គួរឱ្យចាប់អារម្មណ៍ និងសប្បាយៗដែលអាចជំរុញទឹកចិត្តកុមារឱ្យក្លាយជាអ្នករៀនសូត្រដ៏មានប្រសិទ្ធភាព។ វាជាការពិតក្នុងការធ្វើជាគំរូសម្រាប់កុមារទាំងនេះក្នុងការរៀនសូត្រប្រកបដោយភាពរីករាយ និងចំណង់។ ក្ដីស្រឡាញ់របស់កុមារដែលមានចំពោះការសិក្សាត្រូវចាក់គ្រឹះតាំងពីពេលពួកគេដល់វ័យចូលរៀនថ្នាក់មត្តេយ្យកម្រិតទាប។
ការយល់ដឹងពីគុណតម្លៃនៃការសិក្សាតាមរយៈបទពិសោធន៍
អ្នកអប់រំថ្នាក់អប់រំកុមារតូចត្រូវធ្វើជាគំរូ និងផ្ដល់នូវបទពិសោធន៍ជាក់ស្ដែងដើម្បីជួយពួកគេឱ្យចាប់យកតម្លៃនៃការសិក្សា និងការរៀនសូត្រកាន់តែមានប្រសិទ្ធភាពជាងមុន។ ទោះបីជាឪពុកម្ដាយ គឺជាផ្នែកមួយដែលមានឥទ្ធិពលខ្លាំងបំផុតរបស់សម្រាប់កុមារ ក៏ប៉ុន្តែ ការឱ្យពួកគេចូលរៀននៅសាលារៀនក៏អាចផ្ដល់នូវបរិយាកាសថ្មីនៅក្នុងការអប់រំដែលនៅជាមួយគេក្នុងដំណើរជីវិតនៃការសិក្សាទៅអនាគត។
ការរៀនអំពីគុណតម្លៃនៃការគោរព
ថ្នាក់រៀនមតេយ្យកម្រិតទាបបង្រៀនកុមារឱ្យចេះស្គាល់ពីគុណតម្លៃនៃការគោរពសម្រាប់អ្នកដទៃ។ នេះរួមបញ្ចូលទាំងមនុស្ស កម្មសិទ្ធិ និងបរិស្ថាន។ សកម្មភាពនេះនឹងមានភាពកាន់តែប្រសើរឡើងសម្រាប់ការរៀននៅសាលាដែលកុមារចែករំលែករបស់ផ្សេងៗ និងគ្រូបង្រៀនបង្រៀនពីរបៀបរបប និងកាតព្វកិច្ចរបស់ប្រជាជន។
ការដឹងពីរបៀបធ្វើការជាក្រុម
ការអប់រំថ្នាក់មត្តេយ្យកម្រិតទាបបង្ហាញពីសារសំខាន់នៃការងារក្រុមដែលអាចបង្រៀនឱ្យពួកគេចេះគោរពគំនិត ឬមតិរបស់អ្នកដទៃ។ ទន្ទឹមនឹងនេះផងដែរ វាក៏អាចបង្រៀនពីគុណតម្លៃនៃការស្ដាប់ និងសមភាព។ សកម្មភាពថ្នាក់មត្តេយ្យកម្រិតទាបជាច្រើនផ្ដោតសំខាន់ទៅលើការងារក្រុម ពីព្រោះបុគ្គលដែលអាចរៀនពីវិធីធ្វើការក្នុងក្រុមពេលដែលពួកគេមានវ័យតូចៗនឹងងាយស្រួលក្នុងការសម្របតាមស្ថានភាពផ្សេងៗ និងអាចទទួលបានការងាររហ័ស។
ការអភិវឌ្ឍភាពអំណត់
ឪពុកម្ដាយ និងគ្រូបង្រៀនថ្នាក់អប់រំកុមារតូចត្រូវតែធ្វើការជាមួយគ្នាដើម្បីជួយកូនៗឱ្យអាចអភិវឌ្ឍភាពអត់ធ្មត់តាំងពីនៅតូច។ ដោយការអភិវឌ្ឍនូវបរិយាកាសមួយដែលមានសុវត្ថិភាព យុត្តិធម៌ និងមានទំនាក់ទំនងជាមួយមនុស្សជុំវិញ គឺជាការបង្កើតនូវការរំពឹងទុកដ៏ប្រាកដ ហើយក្មេងៗក៏អាចមានសមត្ថភាពអភិវឌ្ឍជំនាញរបស់ពួកគេក្នុងការគ្រប់គ្រងអារម្មណ៍ និងខ្លួនពួកគេ។
គ្រូបង្រៀនត្រូវតែផ្ដល់នូវបរិយាកាសដ៏ប្រកួតប្រជែងមួយដែលកុមារអាចរៀនតាមរយៈការអនុវត្តតាំងពីលើកដំបូង។ បើទោះបីជាកុមារមានការវាយតប់គ្នា ឬធ្លាប់ចាញ់ហ្គេមជាញឹកញាប់ក៏ដោយ នេះគឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតនូវវិធីសាស្ត្រសម្រាប់ការប្រកួតប្រជែងក្នុងជីវិតកាន់តែប្រសើរ។
ការអភិវឌ្ឍជំនាញដើម្បីផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ
ក្នុងអំឡុងពេលរៀនថ្នាក់អប់រំកុមារតូច កុមារអាចរុករកគ្រប់ឱកាសទាំងអស់ដែលអាចឱ្យពួកគេស្វែងយល់ពីបទពិសោធន៍ថ្មីៗ បរិយាកាសថ្មី និងមិត្តភក្ដិថ្មីជាដើម។ ពួកគេមានចិត្តស្រមើស្រមៃ និងប្រកបដោយថាមពល។
ការអនុវត្តភាពអត់ធ្មត់
ជារៀងរាល់ថ្ងៃ មនុស្សពេញវ័យត្រូវឆ្លងការនូវស្ថានភាពគ្រប់បែបយ៉ាងដែលភាពអត់ធ្មត់របស់ពួកគេត្រូវបានគេយកមកសាកល្បង។ កុមារត្រូវការឱកាសដើម្បីប្រឡូកចូលក្នុងបទពិសោធន៍សង្គមយ៉ាងច្រើនដែលបទពិសោធន៍ទាំងនោះអាចឱ្យពួកគេស្វែងរក និងអនុវត្តភាពអត់ធ្មត់របស់ពួកគេ។ ការបង្រៀនតាមរយៈការផ្ដល់ជាគំរូ បទពិសោធន៍សង្គម និងឧទាហរណ៍នឹងជួយពួកគេឱ្យអភិវឌ្ឍភាពអំណត់របស់ពួកគេ និងស្វែងយល់ពីសារសំខាន់នៃការរង់ចាំដើម្បីដល់វេនរបស់ពួកគេ។ នៅក្នុងសាលាដែលមានថ្នាក់មត្តេយ្យកម្រិតទាប មានការរៀបចំទោងឱ្យកុមារជិះលេងកម្សាន្ត ហើយកុមារត្រូវតែចែករំលែកកន្លែងលេងតាមលំដាប់លំដោយ៕
អត្ថបទដើម៖ How Early Childhood Education Helps a Child Develop his Life Skills