វិធីសាស្ត្រក្នុងការជួយកូនៗនៅរដូវកាលប្រឡង
ជំនួយក្នុងការរំឭកមេរៀន
អាថ៌កំបាំងក្នុងការប្រឡងបានពិន្ទុល្អនៅក្នុងការប្រឡង គឺការចេះរៀបចំផែនការ។ អ្នកអាចជួយកូនៗដើម្បីបង្កើតផែនការរំឭកមេរៀន និងវិធីសាស្ត្ររៀនដែលអាចឱ្យពួកគេមានអារម្មណ៍ចង់រៀន។
គន្លឹះក្នុងការរៀបចំការរំឭកមេរៀន៖
- រៀបចំកាលវិភាគរំឭកមេរៀនសម្រាប់មុខវិជ្ជានីមួយៗ
- បំបែកពេលរំឭកមេរៀនជាផ្នែកៗ ដោយមានពេលសម្រាកបន្តិចនៅចុងម៉ោងនៃមុខវិជ្ជានីមួយៗ
- ត្រូវប្រាកដថាកូនរបស់អ្នកមានសៀវភៅ និងសម្ភារសិក្សាគ្រប់គ្រាន់សម្រាប់រំឭកមេរៀន
- សរសេរកំណត់ត្រាផ្សេងៗនៅលើក្រដាសសម្គាល់តូចៗដើម្បីទុកជាសញ្ញាណរំឭក
- ទិញសម្ភារសិក្សាថ្មីដូចជាប៊ិកគូសចំណាំ និងប៊ិកសរសេរដើម្បីឱ្យការរំឭកមេរៀនកាន់តែគួរឱ្យចាប់អារម្មណ៍
- ពិនិត្យមើលកំណត់ត្រាដែលបានមកពីរៀននៅសាលាជាមួយកូនខណៈពេលដែលពួកគេរំឭកមេរៀននៃប្រធានបទណាមួយ
- បង្កើតពេលឱ្យកូនអនុវត្តលើក្រដាសកិច្ចការ
- ផ្ដល់ការគាំទ្រគ្រប់ពេល
វិធីដ៏ល្អបំផុតដើម្បីគាំទ្រដល់កូនៗដែលកំពុងស្ថិតក្នុងភាពតានតឹងពេលកំពុងរំលឹកមេរៀន ឬដំណាក់កាលប្រឡង អ្នកត្រូវធ្វើឱ្យជីវិតនៅផ្ទះរបស់ពួកគេមានសភាពស្ងប់ និងរីករាយតាមដែលអាចធ្វើទៅបាន។ វាពិតជាមានប្រសិទ្ធភាពប្រសិនបើសមាជិកក្នុងគ្រួសារប្រយ័ត្នពីការដាក់សម្ពាធទៅដល់ពួកគេ។
ប្រសិនបើកូនរបស់អ្នកកំពុងរៀនសម្រាប់ការប្រឡងចុងក្រោយ សូមព្យាយាមនៅផ្ទះជាមួយពួកគេឱ្យបានច្រើនដើម្បីឱ្យគេ និងអ្នកអាចពិភាក្សាគ្នាបាន។
ត្រូវប្រាកដថាមានអាហារសម្រន់ដែលផ្ដល់នូវសុខភាពល្អគ្រប់គ្រាន់នៅក្នុងទូទឹកក ឬទូអាហារ ហើយព្យាយាមផ្ដល់នូវអាហារដែលល្អ មានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ក្នុងពេលដ៏ទៀងទាត់។ លើកទឹកចិត្តពួកគេឱ្យចូលញ៉ាំអាហារជាមួយនឹងគ្រួសារ បើទោះបីជាពួកគេរវល់រំលឹកមេរៀនក៏ដោយ ហើយវាក៏ពិតជាមានសារសំខាន់ផងដែរក្នុងការផ្លាស់ប្ដូរបរិយាកាសពីការប្រើសៀវភៅ ឬកុំព្យូទ័រមួយរយៈ។ ជាងនេះទៅទៀត អ្នកគួរលើកទឹកចិត្តកូនៗឱ្យហាត់ប្រាណឱ្យទៀងទាត់ ឬក៏ដើរលេងជុំវិញផ្ទះដើម្បីឱ្យរំសាយអារម្មណ៍តានតឹងខ្លះមុននឹងចាប់ផ្ដើមចូលមេរៀនថ្មី។
មិនត្រូវដាក់តម្រូវការច្រើនពេកក្នុងពេលកូនកំពុងប្រឡងឡើយ។ ការដាក់សម្ពាធទាំងនេះកាន់តែធ្វើឱ្យកូនកាន់តែមានភាពតានតឹង និងពិបាកក្នុងការរំលឹកមេរៀន និងប្រឡង។
វាពិតជាសំខាន់ក្នុងការគេងបានគ្រប់គ្រាន់នៅយប់មុនថ្ងៃប្រឡង ដូច្នេះ អ្នកត្រូវដាស់តឿនពួកគេឱ្យចូលគេងពីព្រលប់ និងត្រូវប្រាកដថាគេញ៉ាំអាហារពេលព្រឹកត្រឹមត្រូវនៅថ្ងៃប្រឡង។
សំណូក ការប៉ាវ និងរង្វាន់
ក្មេងៗខ្លះត្រូវបានសូកប៉ាន់ដើម្បីឱ្យប្រឡងបានលទ្ធផលល្អ ហើយខ្លះទៀតត្រូវបានផ្ដល់ជាលុយ ឬរង្វាន់ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ។ ប៉ុន្តែ ការផ្ដល់សំណូកបែបនេះមិនមែនជាគំនិតល្អឡើយ បើការប្រឹងប្រែងទាំងនោះ គឺដោយសារតែលុយ ឬរង្វាន់នោះ ហើយវាក៏ជាសញ្ញាណអវិជ្ជមានមួយដែលមានផលប៉ះពាល់ដល់អារម្មណ៍របស់កូន។
អ្នកត្រូវជំរុញឱ្យពួកគេខិតខំរៀន និងខំប្រឡងដើម្បីអនាគតរបស់ពួកគេផ្ទាល់ មិនមែនដើម្បីលុយ ឬរង្វាន់ ឬក៏ដើម្បីធ្វើឱ្យអ្នកសប្បាយចិត្តនោះទេ។ ត្រូវពន្យល់ពួកគេថាការប្រឡងមិនមែនជាចុងបញ្ចប់នៃជីវិតរបស់ពួកគេទេ តែវាជាផ្លូវមួយសម្រាប់ឈានទៅរកអនាគត ដូចជាការឈានទៅកាន់វិទ្យាល័យ មហាវិទ្យាល័យ ឬធ្វើការ។ លទ្ធផលប្រឡងល្អ គឺជាភាពជោគជ័យមួយដែលគេអាចទទួលបានប្រកបដោយមោទនភាព។
អ្នកត្រូវប្រាកដថាកូនអ្នកដឹងថាអ្នកចង់ឱ្យគេធ្វើការងារអ្វី ហើយអ្នកនឹងមានមោទនភាពប្រសិនបើគេអាចធ្វើបានល្អ។ ទន្ទឹមនឹងនេះដែរ សំណូកមិនត្រូវបានណែនាំឱ្យប្រើនោះឡើយ តែវានឹងមិនមានបញ្ហាទេបើសិនជាអ្នកចង់ផ្ដល់នូវការលើកទឹកចិត្តខ្លះ ដូចជាការទិញនំខេកឱ្យ ឬទិញនំឱ្យញ៉ាំបន្ទាប់ពីពួកគេបញ្ចប់ការរំលឹកមេរៀន ឬការប្រឡង។ មួយវិញទៀត ពេលពួកគេប្រឡងចប់ អ្នកក៏អាចនាំគេទៅញ៉ាំអាហារដ៏ឆ្ងាញ់មួយ ឬក៏នាំពួកគេទៅមើលភាពយន្តជាដើម៕
អត្ថបទដើម៖ Helping Your Child Through Exams