Articles tagged with: Cambodia

កុមារ និងតន្រ្តី៖ អត្ថប្រយោជន៍នៃតន្រ្តីក្នុងការអភិវឌ្ឍរបស់កុមារ

on Monday, 12 June 2017. Posted in Parenting Tips, Activities

 vyly and music

ការច្រៀង ឬលេងតន្រ្តីមានការដើរតួយ៉ាងសំខាន់នៅក្នុងប្រពៃណីរបស់យើង។ ជាទូទៅ តន្រ្តីតែងតែបង្ហាញក្នុងគ្រប់ទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃរបស់យើងដែលមានដូចជា តាមរោងមហោស្រព កញ្ចក់ទូរទស្សន៍ ភាពយន្ដ កន្លែងកម្សាន្ដ ឬតាមកម្មវិធីនានា។ តន្រ្តីក៏អាចក្លាយជាផ្នែកមួយនៃប្រពៃណីរបស់គ្រួសារផងដែរ។

ចាប់តាំងពីចាប់កំណើតមក ឪពុកម្ដាយប្រើតន្រ្តីដើម្បីបំពេរកូនៗដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងក្ដីរីករាយ និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនៗ។ ឪពុកម្ដាយអាចបង្កើនចំណង់ទាំងនេះដោយសិក្សាថាតើតន្រ្តីមានឥទ្ធិពលយ៉ាងណាចំពោះការអភិវឌ្ឍរបស់កុមារ ការអភិវឌ្ឍជំនាញសង្គម និងអត្ថប្រយោជន៍នានាសម្រាប់កុមារគ្រប់វ័យ។

តន្រ្តី និងខួរក្បាល៖ អត្ថប្រយោជន៍នៃតន្ត្រី

តាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Southern California របស់មជ្ឈមណ្ឌលខួរក្បាល និងការច្នៃប្រឌិត ឆ្នាំ 2016 បានរកឃើញថា ការស្គាល់តន្រ្តីនៅវ័យកុមារពិតជាមានភាពទាក់ទងនឹងការអភិវឌ្ឍខួរក្បាល និងជំនាញភាសា និងជំនាញអានជាដើម។ យោងតាមគ្រឹះស្ថានសមាគមន៍តន្រ្តីជាតិ (NAMM Foundation) ការលេងឧបករណ៍តន្រ្តីអាចបង្កើនការសិក្សាគណិតវិទ្យា និងអាចបង្កើនពិន្ទុប្រឡង SAT ទៀតផង។

ប៉ុន្តែ ភាពជោគជ័យក្នុងការសិក្សាមិនមែនគ្រាន់តែជាអត្ថប្រយោជន៍នៃការសិក្សាតន្រ្តី និងការបង្ហាញពីតន្រ្តីនោះទេ។ តន្រ្តីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកុមារ និងជំនាញសម្រាប់ការចូលរៀនថ្នាក់ដំបូងដូចជា មានភាពវ័យឆ្លាត ចេះប្រាស្រ័យទាក់ទង ចេះប្រើអារម្មណ៍ ចេះប្រើចលនាសាច់ដុំ ស្គាល់ភាសា និងឆាប់ស្គាល់អក្សរជាដើម។ ការបង្ហាញតន្រ្តីដល់កុមារក្នុងអំឡុងពេលនៃការលូតលាស់អាចជួយពួកគេក្នុងការស្ដាប់សំឡេង ​និងនិយមន័យនៃពាក្យ។ ការរាំទៅតាមបទភ្លេងអាចជួយកុមារក្នុងការបង្កើនជំនាញនៃការប្រើចលនាខណៈដែលពួកគេអាចអនុវត្តការរាំបានដោយខ្លួនឯង។ សម្រាប់កុមារ និងមនុស្សពេញវ័យ តន្រ្តីអាចជួយបង្កើតការចងចាំឱ្យកាន់តែខ្លាំង។ 

ហេតុអ្វីបានជាតន្រ្តីមានសារសំខាន់លើសពីអត្ថប្រយោជន៍នៃការអភិវឌ្ឍនោះ? និយាយឱ្យសាមញ្ញទៅ តន្រ្តីផ្ដល់នូវភាពរីករាយដល់យើង។ គ្រាន់តែគិតដល់ចម្រៀងដ៏ពិរោះមួយ អាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។

ហ្គេមបែបតន្រ្តីសម្រាប់កុមារគ្រប់អាយុ

កុមារគ្រប់អាយុតែងបង្ហាញខ្លួនគេតាមរយៈតន្រ្តី។ កុមារតែងតែមានឥរិយាបថឆ្លើយតបទៅនឹងបទចម្រៀងដែលពួកគេឮឮដូចជាការធ្វើការវិការតាមចង្វាក់ភ្លេងជាដើម។ មានសិស្សថ្នាក់មត្តេយ្យកម្រិតទាបជាច្រើនបានបង្កើតបទចម្រៀងដោយខ្លួនឯងដោយមិនដឹងខ្លួននៅពេលដែលពួកគេលេង។ ចំណែកឯសិស្សថ្នាក់បឋមសិក្សាវិញរៀនច្រៀងចម្រៀងជាក្រុម ហើយក៏អាចលេងឧបករណ៍តន្រ្តីទៀតផង។ កុមារវ័យរាងធំបន្តិចចេះរាំចម្រៀងរបស់ក្រុមតន្រ្តីដែលពួកគេពេញចិត្ត ហើយពួកគេក៏ប្រើតន្រ្តីនោះដើម្បីបង្កើតមិត្តភាព និងចែករំលែកអារម្មណ៍។ ព្យាយាមសកម្មភាព និងហ្គេមទាំងនេះជាមួយកូនៗដើម្បីទទួលបានភាពរីករាយ និងការសិក្សាតន្រ្តី។

ទារក និងតន្រ្តី៖ ទារកស្គាល់ចង្វាក់ភ្លេងមុនពួកគេយល់ពាក្យទាំងឡាយក្នុងចម្រៀងនោះទៅទៀត។ ពួកគេតែងព្យាយាមធ្វើសំឡេងតាម និងចាប់ផ្ដើមធ្វើចលនាជាមួយនឹងសំឡេងតន្រ្តីពេលដែលពួកគេអាចធ្វើចលនាបាន។ មិនត្រឹមតែប៉ុណ្ណោះ សំឡេងតន្រ្តីបែបស្ងាត់ៗក៏អាចបន្ធូរអារម្មណ៍របស់ទារកបាន ជាពិសេសនៅពេលដែលពួកគេគេង។ ចំណែកឯតន្រ្តីប្រភេទសំឡេងឮៗវិញធ្វើឱ្យកុទារកមារតូចៗចាប់ផ្ដើមមានអារម្មណ៍ស្វាហាប់។ លោកអ្នកអាចសាកល្បងច្រៀងចម្រៀងសាមញ្ញ ខ្លីទៅកាន់កុមារតូចៗក្នុងសំឡេងខ្លាំង ឬសំឡេងស្រាល។ ព្យាយាមបង្កើតឃ្លាថ្មីមួយ ឬពីរអំពីការងូតទឹក ការស្លៀកពាក់ ឬការញ៉ាំអាហារនៅពេលដែលពួកគេកំពុងធ្វើសកម្មភាពទាំងនោះ។  

កុមារទើបចេះដើរ និងតន្រ្តី៖ កុមារទើបចេះដើរចូលចិត្តរាំ និងធ្វើចលនាទៅតាមចង្វាក់ភ្លេង។ គន្លឹះក្នុងការធ្វើឱ្យកុមារទើបចេះដើរមានប្រតិកម្មជាមួយនឹងបទចម្រៀង គឺត្រូវចាក់ចម្រៀងសារចុះឡើង ម្ដងហើយម្ដងទៀតដែលជំរុញឱ្យពួកគេអាចប្រើពាក្យ និងទន្ទេញពាក្យ។ បទចម្រៀងកំប្លែងៗអាចធ្វើឱ្យពួកគេសើច ដូច្នេះ លោកអ្នកសាកច្រៀងចម្រៀងស្រដៀងៗដោយបញ្ចូលនូវពាក្យពេចន៍កំប្លែងៗដូចជា “Mary had a little spider” ជំនួសឱ្យ “Mary had a little lamb” ហើយឱ្យពួកគេបង្កើតចង្វាក់ភ្លេងដោយទះដៃ ឬក្រឡុកឧបករណ៍ផ្សេងៗ។ 

កុមារកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប និងតន្ត្រី៖ កុមារកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាបចូលចិត្តច្រៀងណាស់។ ពួកគេប្រហែលជាមិនដឹងពីសមត្ថភាពខ្លួនឯងនោះទេ ហើយភាគច្រើនចូលចិត្តប្រើសំឡេងច្រៀងចោលលេង។ ពួកគេចូលចិត្តចម្រៀងណាដែលមានពាក្យ និងភ្លេងដដែលៗ ប្រើភ្លេងតាមចង្វាក់ពិតប្រាកដជាដើម។ កុមារទាំងនេះចូលចិត្តបទចម្រៀងកុមារ និងបទចម្រៀងដែលមានលក្ខណៈទាក់ទងនឹងប្រដាប់ប្រដាក្មេងលេង សត្វ សកម្មភាពលេង និងមនុស្ស។ ពួកគេក៏ចូលចិត្តប្រើម្រាមដៃរាំទោះបីជាមាន ឬគ្មានភ្លេងក៏ដោយ។  

កុមារស្ថិតក្នុងវ័យសិក្សាដំបូង និងតន្រ្តី៖ កុមារស្ថិតក្នុងវ័យសិក្សាដំបូងភាគច្រើនចូលចិត្តស្ដាប់ចម្រៀងកុមារដែលច្រៀងតាមទាក់ទងនឹងការរាប់ ការប្រកប ឬការចងចាំព្រឹត្តិការណ៍ណាមួយ។ កុមារក្នុងវ័យនេះចាប់ផ្ដើមបង្ហាញប្រភេទតន្ត្រីដែលគេចូលចិត្ត និងតន្ត្រីដែលគេមិនចូលចិត្ត។ ពួកគេប្រហែលជាអាចបង្ហាញចំណាប់អារម្មណ៍តាមរយៈការសិក្សាតន្រ្តីក្នុងការសិក្សាដូចជាក្នុងម៉ោងសិក្សាតន្ត្រីសម្រាប់កុមារជាដើម។

យុវវ័យ និងតន្ត្រី៖ យុវវ័យអាចប្រើបទពិសោធន៍នៃការលេងតន្រ្តី ឬស្ដាប់តន្រ្តីដើម្បីបង្កើតជាមិត្តភាព និងកំណត់ខ្លួនឯងឱ្យដាច់ចេញពីឪពុកម្ដាយ និងក្មេងតូចៗ។ ពួកគេតែងចង់ចេញក្រៅ និងស្ដាប់តន្រ្តីបន្ទាប់ពីចប់ម៉ោងរៀនជាមួយនឹងមិត្តភក្ដិ៕

សកម្មភាពនានាក្នុងការហ្វឹកហាត់ខួរក្បាលទាំងមូលរបស់កុមារ

on Friday, 02 June 2017. Posted in Parenting Tips, Activities

ការ​ហ្វឹក​ហាត់​តែ​ខួរ​ក្បាល​ផ្នែក​ខាង​ស្ដាំ​តែ​ម្យ៉ាង គឺ​មិន​គ្រប់​គ្រាន់​នោះ​ឡើយ។ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ទាំង​មូល ខួរ​ក្បាល​ទាំង​ពីរ​ផ្នែក​ត្រូវ​មាន​ទំនាក់​ទំនង​នឹង​គ្នា។ ខួរ​ក្បាល​របស់​កូន​អ្នក​តែង​តែ​លូត​លាស់​ជានិច្ច និង​មាន​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ជា​មួយ​គ្នា។ លោក ហ្សាក​ហ្គេ​លីន​ ណេ​អូ សហ​ស្ថាបនិក​នៃ Happy Train បាន​ណែនាំ​ពី​សកម្មភាព​ទាំង ៦ ដែល​អ្នក​អាច​ប្រើ​ដើម្បី​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កូន។  

Right brain training

1. សកម្មភាពចម្រុះ

ជំនួយ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បណ្ដុះ​ការ​លូត​លាស់​នៅ​ផ្នែក​ផ្សេងៗ​នៃ​ខួរ​ក្បាល។ ឧទាហរណ៍ សកម្មភាព​នានា​ដែល​ទាក់​ទង​នឹង​ការ​ប៉ះ ហិត​ក្លិន ភ្លក្ស ស្ដាប់ និយាយ ច្រៀង រាំ រត់ និង​លេង។ សកម្មភាព​មួយ​ប្រើ​ដើម្បី​ភ្ជាប់​ផ្នែក​ទាំង​ពីរ​នៃ​ខួរ​ក្បាល​មាន​ដូច​ជា​ការ​អាន​បណ្ណ​រូបភាព​លាយ​អក្សរ​ក្នុង​រយៈ​ពេល​លឿន​។ ខណៈ​ពេល​ដែល​ខួរ​ក្បាល​ផ្នែក​ខាង​ស្ដាំ​ប្រើ​ភ្នែក​ដើម្បី​ចាប់​យក​រូប​ភាព ខួរ​ក្បាល​ផ្នែក​ខាង​ស្ដាំ​ចាប់​ផ្ដើម​ដំណើរ​ការ​ពាក្យ។

2. តន្រ្តី និងចម្រៀង

ខណៈ​ដែល​កុមារ​ចាប់​ផ្ដើម​ធ្វើ​ចលនា​រាង​កាយ​ទៅ​តាម​ចង្វាក់​ភ្លេង និង​តន្រ្តី ពួក​គេ​អភិវឌ្ឍ​ការ​ប្រើ​រាយ​កាយ​របស់​ពួក​គេ។ ពួក​គេ​មាន​សមត្ថភាព​អាច​ចាំ​ចង្វាក់​ភ្លេង​ដែល​មាន​ប្រយោជន៍​មិន​ត្រឹម​តែ​សម្រាប់​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ការ​និយាយ​ផង​ដែរ។ សកម្មភាព​ដែល​មាន​ដូច​ជា​ការ​ច្រៀង​ចម្រៀង​កុមារ​អាច​ជួយ​កុមារ​ក្នុង​ការ​អភិវឌ្ឍ​ភាសា និង​ជំនាញ​ប្រើ​ចលនា។

3. សកម្មភាពសិល្បៈ

សិល្បៈ​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បង្ហាញ​ពី​អារម្មណ៍ បង្កើន​ការ​ចង​ចាំ និង​ជំនាញ​ស្នូល​ដូច​ជា​គិត អាន រៀន ចាំ និង​ការ​ផ្ចង់​ស្មារតី​ជាដើម។ គ្រាន់​តែ​សកម្មភាព​ធ្វើ​កិច្ច​ការ​ហត្ថកម្ម​សាមញ្ញ​មួយ​អាច​ជំរុញ​ទឹក​ចិត្ត​កុមារ​ឱ្យ​រៀន​ពី​ពណ៌ រូប​រាង និង​ទំហំ ឬក៏​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​ក្នុង​ការ​គូរ ឬ​លាប​ពណ៌​លើ​កិច្ចការ​ហត្ថកម្ម​នោះ​ផង​ដែរ។

4. ការថាតាមឡើងវិញ និងការអនុវត្ត

ការ​ថា​តាម​ឡើង​វិញ និង​ការ​អនុវត្ត គឺ​ជា​ការ​បង្កើន​ទំនាក់​ទំនង​យ៉ាង​រឹងមាំ​រវាង​ប្រព័ន្ធ​ស៊ាំ​នៃ​ខួរ​ក្បាល។ អ្នក​បង្កើត​បរិយាកាស​សិក្សា​ដែល​សម្បូរ​បែប​ដោយ​ប្រាកដ​ថា​កូន​របស់​លោក​អ្នក​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​ព័ត៌មាន​ថ្មីៗ និង​បទ​ពិសោធន៍​ប្លែកៗ។ លោក​អ្នក​អាច​បង្ហាញ​ប្រាប់​ពួក​គេ​ពី​វិធី​សាស្ត្រ​ក្នុង​ការ​សិក្សា​ និង​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ច្រើន​របៀប។  

5. ការលេងសម្ដែង

ការ​អភិវឌ្ឍ​ខួរ​ក្បាល​ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ឱកាស​នៃ​ការ​សិក្សា​ក្នុង​សង្គម និង​តំបន់​នៃ​ការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍។ ការ​លេង​សម្ដែង គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​ឱ្យ​កុមារ​ទទួល​បាន​នូវ​បទ​ពិ​សោធន៍​ជាមួយ​នឹង​តួ​ជីវិត​ផ្សេងៗ​ក្នុង​សង្គម និង​អារម្មណ៍។ នៅ​ពេល​ដែល​ពួក​គេ​ដើរ​តួ​ជា​នរណា​ម្នាក់ ពួក​គេ​រៀន​គិត​ពី​ទស្សនៈ​របស់​មនុស្ស​ម្នាក់​ផ្សេង។

6. ផ្ដល់ការអោប និងការសរសើរ

លោក​អ្នក​ត្រូវ​រំឭក និង​សរសើរ​កូនៗ​ពី​ការ​ព្យាយាម​របស់​ពួក​គេ។ លោក​អ្នក​អាច​ផ្ដល់​មតិ​ស្ថាបនា ឬ​ការ​ណែនាំ​នានា​ក្នុង​ពេល​កំពុង​រៀន។ កុមារ​ភាគ​ច្រើន​រៀន​បាន​យ៉ាង​រហ័ស​ក្រោម​ការ​ណែនាំ និង​ជំរុញ​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ។ នៅ​ពេល​ដែល​លោក​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណាក់​កាល​នៃ​ការ​សិក្សា​របស់​ពួក​គេ អ្នក​អាច​សម្គាល់​សមត្ថភាព របៀប​នៃ​ការ​សិក្សា ភាព​ខ្លាំង ភាព​ខ្សោយ ការ​រៀប​ចំ​ដំណើរ​សិក្សា​កាន់​តែ​រលូន និង​កាន់​តែ​មាន​ប្រសិទ្ធភាព​យ៉ាង​ច្បាស់។

ឪពុក​ម្ដាយ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​សារសំខាន់​សម្រាប់​បង្កើត​នូវ​បរិយាកាស​សិក្សា​ដ៏​មាន​សុវត្ថិភាព​។ តាំង​ពី​វ័យ​តូចៗ អ្នក​អាច​ផ្ដល់​ការ​គាំទ្រ និង​ការ​ចាប់​អារម្មណ៍​ដោយ​ឆ្លើយ​តប​នឹង​សញ្ញា​ណា​មួយ​ដែល​កូន​បង្ហាញ៕

ប្រភព៖ The New Age Parents

គន្លឹះដើម្បីទទួលបានជោគជ័យសម្រាប់ថ្នាក់បឋមសិក្សា

on Tuesday, 23 May 2017. Posted in Parenting Tips, Activities

Fotolia 68094383 S

ទម្លាប់ល្អ

កុមារ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចូល​គេង និង​ភ្ញាក់​ពី​គេង​ទៀង​ម៉ោង។ កុមារ​ត្រូវ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​ជា​អាហារ​ដ៏​សំខាន់​សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ថ្មី។ ប្រសិន​បើ​ពួក​គេ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែល​ត្រូវ​ស្លៀក​ពាក់ និង​រៀប​ចំ​កាតាប​នៅ​ពេល​ព្រឹក នោះ​លោក​អ្នក​គួរ​តែ​ណែ​នាំ​ឱ្យ​ពួក​គេ​ទម្លាប់​រៀបចំ​កិច្ចការ​ទាំង​នោះ​នៅ​ពេល​យប់​មុន​ពេល​ចូល​គេង​ដើម្បី​កុំ​ឱ្យ​មាន​ភាព​រាំង​ស្ទះ​នៅ​ពេល​ព្រឹក។ មួយ​វិញ​ទៀត ការ​ទម្លាប់​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​នៅ​ថ្ងៃ​តែ​មួយ​ពិត​ជា​មាន​សារ​សំខាន់​ក្នុង​ការ​បណ្ដុះ​ជំនាញ​សិក្សា។

ធ្វើកិច្ចការផ្ទះបានដោយខ្លួនឯង

ពេល​​ដែល​សិស្ស​អាច​អាន​ប្រធាន​ចោទ​នៃ​កិច្ចការ​ផ្ទះ​របស់​ពួក​គេ នោះ​ពួក​គេ​ប្រាកដ​ជា​អាច​ធ្វើ​កិច្ចការ​នោះ​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ។ សិស្ស​ប្រហែល​ជា​អាច​រក​ជំនួយ​ព្រោះ​ពួកគេ​ចូលចិត្ត​ឱ្យ​ឪពុក​ម្ដាយ​ខ្វល់​ខ្វាយ​ពី​ពួក​គេ ប៉ុន្តែ​ទង្វើ​នេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​តែង​តែ​សួរ​រក​ជំនួយ​ជានិច្ច តែ​ការ​ពិត​ពួក​គេ​មិន​ត្រូវ​ការ​ជំនួយ​ទាល់​តែ​សោះ។ នៅ​ពេល​ដែល​កូនៗ​ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​មិន​ចាំ​បាច់​រំឭក និង​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​ផ្ទាល់ នោះ​ហើយ​ជា​ពេល​ដែល​លោក​អ្នក​ត្រូវ​ទទួល​ស្គាល់​ពី​ភាព​ឯករាជ្យ​របស់​ពួក​គេ។

គិតគូរវែងឆ្ងាយ

កុមារ​ដែល​មាន​គោល​ដៅ​វែង​ឆ្ងាយ​ច្រើន​តែ​ចូល​ចិត្ត​រៀន​សូត្រ។ ការ​កំណត់​គោលដៅ​វែង​ឆ្ងាយ​ជាមួយ​នឹង​កូន​អាច​ជួយ​ភ្ជាប់​សកម្មភាព​បច្ចុប្បន្ន និង​អនាគត។ វា​មិន​លឿន​ពេក​ទេ​ដែល​លោក​អ្នក​ត្រូវ​តែ​ឱ្យ​ពួក​គេ​គិត​ពី​ការ​អភិវឌ្ឍ​ជំនាញ​គ្រប់​គ្រង​ពេល​វេលា​នោះ។ ការ​ប្រើ​ពេល​វេលា​ដោយ​ភាព​ឆ្លាត​វ័យ​ដោយ​បញ្ចប់​កិច្ចការ​ផ្ទះ និង​កិច្ចការ​ផ្សេងៗ​ទៀត​បាន​ឆាប់​រហ័ស​អាច​ធ្វើ​ឱ្យ​កុមារ​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​កម្សាន្ត​។

មានឥរិយាបទត្រឹមត្រូវក្នុងការសិក្សា

ឥរិយាបទ​របស់​មនុស្ស​មាន​ឥទ្ធិពល​ល្អ និង​អាក្រក់​ដល់​ភាព​ជោគ​ជ័យ​របស់​គេ។ ឪពុក​ម្ដាយ​ដែល​មាន​ឥរិយាបទ​ល្អ និង​ត្រឹម​ត្រូវ​ចំពោះ​ការ​សិក្សា និង​សាលារៀន​អាច​ធ្វើ​ឱ្យ​កូនៗ​របស់​ពួក​គេ​មាន​ភាព​រីក​រាយ​ផង​ដែរ។ មួយ​វិញ​ទៀត ចិត្ត​របស់​ពួក​គេ​ក៏​អាច​នឹង​ត្រូវ​ប៉ះពាល់​ដោយ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ដែល​មាន​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះ​គ្រូ ឬ​សាលា​ផង​ដែរ។ ការ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​សិក្សា​របស់​កូន​ដោយ​ការ​សួរ​សំណួរ​អាច​បង្កើន​ទឹក​ចិត្ត និង​ឥរិយាបទ​ក្នុង​ការ​សិក្សា។

ភ្ជាប់ទំនាក់ទំនងជាមួយគ្រូ

ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​នឹង​គ្រូ​របស់​កូន​អាច​ជួយ​អ្នក​ស្វែង​យល់​ថា​តើ​កូន​របស់​អ្នក​យ៉ាង​ម៉េច​នៅ​សាលា ហើយ​តើ​អ្នក​អាច​ជួយ​ពួក​គេ​បាន​យ៉ាង​ម៉េច​នៅ​ផ្ទះ។ ព្យាយាម​ជួប​គ្រូ​បង្រៀន​របស់​ពួក​គេ​ប្រហែល​ជា​ពីរ​ទៅ​បី​នាទី​នៅ​ដើម​ឆ្នាំ​សិក្សា។ ការ​ធ្វើការ​លក្ខណៈ​ជា​ក្រុម​ជាមួយ​សាលា​អាច​ធ្វើ​ឱ្យ​អ្នក​និង​កូន​អ្នក​ទទួល​បាន​ចំណេះ​ដឹង និង​ទំនាក់​ទំនង​យ៉ាង​រលូន​៕

អត្ថបទដើម៖ Tips for Elementary School Success

សារសំខាន់នៃការសិក្សារូបរាងនៅថ្នាក់មត្តេយ្យកម្រិតទាប (Preschool)

on Wednesday, 26 April 2017. Posted in Activities

ចាប់​ផ្ដើម​ពី​វ័យ​តូចៗ កុមារ​អាច​សម្គាល់​ពី​រូប​រាង​ខុសៗ​គ្នា​បើ​ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​ស្គាល់​ថា​រូប​រាង​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ក៏​ដោយ។ កុមារ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀន​ពី​រូប​រាង​ពិត​ប្រាកដ​ទាំង​នោះ ដូច​ជា​លេខ​នៃ​ផ្នែក​ណា​មួយ ឬ​តើ​រូប​រាង​នោះ​មើល​ទៅ​យ៉ាង​ដូច​ម្ដេច។ ការ​ផ្ដល់​ការ​អនុវត្ត​ច្រើន​ដល់​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​ជួយ​ពួក​គេ​មាន​ការ​យល់​ដឹង​ពី​លក្ខណៈ​នៃ​រូប​រាង​កាន់​តែ​ច្បាស់។ ចំណេះដឹង​នៃ​រូប​រាង​នោះ​ផ្ដល់​ឱ្យ​កុមារ​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ផ្នែក​ក្នុង​ការ​សិក្សា។

Preschool 1050x700

អក្ខរកម្ម៖ កុមារ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​មាន​សមត្ថភាព​អាច​សម្គាល់​រូប​រាង​នៃ​អក្សរ​ច្រើន​ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​បង្ហាញ​ដោយ​មាន​លាយ​ជា​រូប​រាង​ផ្សេងៗ។ វា​មិន​ត្រឹម​តែ​អាច​ជួយ​ពួក​គេ​ក្នុង​ការ​អាន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​ពួក​គេ​ក្នុង​ការ​សរសេរ​ផង​ដែរ។ កុមារ​ដែល​បាន​អនុវត្ត​ការ​រៀន​រូប​រាង និង​ខ្សែ​ច្រើន​ប្រភេទ​នោះ អាច​បំប្លែង​វា​ទៅ​ប្រើ​ក្នុង​ការ​សរសេរ​បាន​ទៀត​ផង។

គណិតវិទ្យា៖ ការ​យល់​ច្បាស់​ពី​រូប​រាង​អាច​ជួយ​កុមារ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ស្គាល់​ច្បាស់​ពី​លេខ និង​ថា​តើ​លេខ​នោះ​មាន​រូប​រាង​យ៉ាង​ដូច​ម្ដេច។ ការ​ស្គាល់​លេខ គឺជា​ជំនាញ​គណិតវិទ្យា​ដំបូង​សម្រាប់​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប មាន​ដូច​ជា​ការ​បូក​លេខ​ជា​ដើម។ រី​ឯ​រូប​រាង​វិញ​ស្ថិត​ក្នុង​ស្ដង់ដារ​នៃ​ធរណីមាត្រ​របស់​គណិតវិទ្យា។

ការ​រៀប​ចំ​ចំណាត់​ថ្នាក់ និង​ការ​ប្រៀប​ធៀប៖ ការ​សិក្សា​ពី​ភាព​ខុស​គ្នា​នៅ​ក្នុង​រូប​រាង​ទាម​ទារ​ឱ្យ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ផ្ដោត​សំខាន់​លើ​រូប​រាង​ជាក់​លាក់។ សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​សិក្សា​ដើម្បី​ប្រើ​ជំនាញ​សង្កេត​ដើម្បី​សម្គាល់​ពី​រូប​រាង​ផ្សេងៗ​គ្នា។ ពួក​គេ​ក៏​រៀន​ពី​ការ​ប្រៀប​ធៀប​រូប​រាង​ផ្សេងៗ និង​ក្រុម​រូបរាង​ប្រហាក់​ប្រហែល​គ្នា។ ជំនាញ​សង្កេត​ទាំង​នោះ​អាច​ប្រើ​បាន​គ្រប់​ផ្នែក។ ការ​សង្កេត និង​ការ​រៀបចំ​ចំណាត់​ថ្នាក់ គឺ​ជា​ជំនាញ​គន្លឹះ​នៅ​ក្នុង​វិទ្យាសាស្ត្រ។

ការ​ដោះ​ស្រាយ​បញ្ហា៖ សកម្មភាព​នានា​ក្នុង​ការ​ប្រើ​រូប​រាង​អាច​ជួយ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អភិវឌ្ឍ​ជំនាញ​ដោះ​ស្រាយ​បញ្ហា​ក្នុង​​ការ​លេង​ប្រដាប់​ប្រដា​ក្មេង​ដែល​មាន​រូបរាង​ផ្សេងៗ​ជា​ដើម។ នៅ​ពេល​ដែល​កុមារ​ស្គាល់​រូប​រាង​ជ្រុង ហើយ​គាត់​អាច​យក​របស់​នោះ​ទៅ​ដាក់​ក្នុង​ប្រឡោះ​ដែល​មាន​រាង​ជ្រុង​ដូច​គ្នា​ នោះ​ជា​អ្វី​ដែល​គាត់​អាច​ដោះ​ស្រាយ​បាន​ជាមួយ​នឹង​រូប​រាង។

មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត និង​ជួយ​កុមារ​ឱ្យ​រៀន​ពី​រូប​រាង ព្រោះ​រូបរាង​មាន​នៅ​គ្រប់​ទៅ​កន្លែង​ជុំវិញ​ពួក​យើង ហើយ​ក៏​ងាយ​នឹង​សម្គាល់​ផង​ដែរ ដូច​ជា​រូប​រាង​នៃ​ផ្ទះ រថយន្ត ជាដើម។ល។ លោក​អ្នក​ក៏​អាច​ប្រើ​សៀវភៅ​រូប​រាង​ដើម្បី​ជួយ​កូន​ឱ្យ​ស្គាល់​រូប​រាង​ប្លែកៗ​គ្នា។ អ្នក​ក៏​អាច​ប្រើ​ម្រាម​ដៃ​គូស​វាស​ដើម្បី​ស្វែង​យល់​ពី​រូបរាង​ក្នុង​លំហ​បាន​ផង​ដែរ៕

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: