ការសិក្សាគណិតវិទ្យាតាំងពីវ័យតូចៗចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់សិស្ស
ប្រែសម្រួលពី៖ DreamBox Learn
ជំនាញមួយក្នុងចំណោមជំនាញចាំបាច់ជាច្រើនទៀតដើម្បីទទួលភាពជោគជ័យក្នុងសតវត្សទី ២១ នេះ គឺជំនាញគណិតវិទ្យា ដែលជាមុខវិជ្ជាដែលកំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃការសិក្សាអប់រំរបស់កុមារ។
យោងតាមសមាគមជាតិសម្រាប់ការអប់រំរបស់កុមារ ជំនាញគណិតវិទ្យាដែលកុមារសិក្សាក្នុងខណៈដែលពួកគេមានវ័យក្មេង គឺជាការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាដើម្បីសម្រេចបំណងនាពេលអនាគត និងអាចជាមគ្គុទេសន៍ត្រួសត្រាយផ្លូវ ឬក៏ពួកគេអាចបង្កើតមូលដ្ឋានគ្រឹះដោយខ្លួនឯងដើម្បីជួប និងជម្នះរាល់ការប្រកួតប្រជែងថ្មីៗពេលដែលពួកគេធំពេញវ័យ។
តាមការបកស្រាយរបស់អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ ណតវេស្ទឺន លោក ហ្គ្រេក ដុនខេន បានឱ្យដឹងថា៖ “ភាពស្ទាត់ជំនាញក្នុងមុខវិជ្ជាគណិតវិទ្យាមិនត្រឹមតែអាចដឹងមុននូវការប្រើប្រាស់គណិតវិទ្យានាពេលអនាគតដោយជោគជ័យប៉ុណ្ណោះទេ តែវាក៏អាចឱ្យអ្នកដឹងមុននូវការអានដ៏ជោគជ័យនាពេលអនាគតផងដែរ។”
តាមការស្រាវជ្រាវរបស់លោកទៅលើសិស្សថ្នាក់មត្តេយ្យកម្រិតទាប (Preschool) បានបង្ហាញយ៉ាងច្បាស់ពីសារសំខាន់ដ៏ច្រើនមហាសាលរបស់ជំនាញគណិតវិទ្យាក្នុងវ័យក្មេងៗរបស់ពួកគេ។ ផ្អែកទៅលើការស្រាវជ្រាវបានឱ្យដឹងថា សិស្សដែលបានចូលរៀនថ្នាក់មត្តេយ្យដែលមានជំនាញគណិតវិទ្យាស្រាប់ និងមានសមត្ថភាពអាចដោះស្រាយលំហាត់គណិតបាន ភាគច្រើនតែងទទួលភាពជោគជ័យក្នុងការសិក្សា និងមានសមត្ថភាពអាចដោះស្រាយបញ្ហាសង្គម និងផ្លូវអារម្មណ៍នានា។
លោក ដុនខេន ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ក្រុមការងាររបស់លោកបានស្វែងយល់ពីកត្តាសំខាន់បំផុតនោះ គឺកុមារដែលចាប់ផ្ដើមចូលរៀនដោយមានការចេះស្ទាត់នូវមុខវិជ្ជាគណិតសម្រាប់វ័យពួកគេ និងការចេះអក្សរ នឹងទទួលភាពជោគជ័យក្នុងការសិក្សារបស់ពួកគេ”។
ជាមួយគ្នានេះដែរ ការស្រាវជ្រាវ និងគំនិតរបស់អ្នកជំនាញជាច្រើនក៏បានយល់ស្របនឹងការរកឃើញរបស់លោក ដុនខេន ដែរ។ ទោះបីជាយុទ្ធសាស្ត្រនៃការបង្រៀនគណិតវិទ្យានៅក្នុងថ្នាក់រៀនមានការជាប់ពាក់ព័ន្ធនឹងការផ្ដល់ឱកាសដល់សិស្សក្នុងការទទួលភាពជោគជ័យជាច្រើនសតវត្សមកហើយ ហើយឪពុកម្ដាយក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយកូនៗរបស់ពួកគេនៅផ្ទះដោយការលើកនិយាយពីលេខ និងគណិតវិទ្យា។
មានសកម្មភាពគណិតវិទ្យាសាមញ្ញៗជាច្រើនដែលឪពុកម្ដាយអាចធ្វើឡើងដើម្បីផ្សារភ្ជាប់ជាមួយកូនៗរបស់ពួកគេ និងរៀបចំសម្រាប់ការសិក្សាគណិតវិទ្យាថ្នាក់បឋម។ ឧទាហរណ៍ ឪពុកម្ដាយរបស់កូនតូចៗអាចចង្អុរបង្ហាញលេខនៅលើសញ្ញាណាមួយពេលកំពុងបើកបរ ឬដើរតាមផ្លូវ។ វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការបន្ថែម “លេខ” ទៅក្នុងការសន្ទនាប្រចាំថ្ងៃ ដោយលោកអ្នកអាចសួរកុមារពីចំនួនប្រដាប់លេងដែលពួកគេគ្រោងនឹងលេង ឬក៏ចំនួនរថយន្តដែលកំពុងធ្វើចរាចណ៍លើផ្លូវមានប៉ុន្មានជាដើម។
ដោយមានការជួយពីឪពុកម្ដាយ គ្រូបង្រៀនអាចបង្កើតសមត្ថភាពនៃការប្រើគណិតវិទ្យាបានដោយណែនាំកុមារពីគន្លឹះនៃមេរៀនគណិតវិទ្យា និងជំរុញឱ្យមានការចេះដោះស្រាយបញ្ហាផ្សេងៗនៅសាលារៀន។ វីដេអូអប់រំ និងកម្មវិធីសិក្សាបន្ថែមក៏អាចជួយបង្កើនសមត្ថភាពស្វែងយល់ពីគណិតវិទ្យារបស់សិស្សដែលត្រៀមខ្លួនអភិវឌ្ឍជាពិភពលោកដ៏ទំនើបនេះបានផងដែរ។
យោងតាមសមាគមជាតិសម្រាប់ការអប់រំរបស់កុមារ (NAEYC) កុមារបង្ហាញពីចំណាប់អារម្មណ៍ដោយធម្មជាតិពីគណិតវិទ្យានៅវ័យក្មេង ហើយវាពិតជាសំខាន់សម្រាប់ឪពុកម្ដាយ និងគ្រូបង្រៀនអាចឆ្លៀតឱកាសនេះរៀបចំការសិក្សារបស់កុមារដើម្បីកសាងមូលដ្ឋានគ្រឹះដែលអាចធ្វើឱ្យចំណង់ចំណូលចិត្តរបស់ពួកគេ និងការផ្សារភ្ជាប់ពិភពគណិតវិទ្យាបន្តទៅអនាគត។
ប្រសិនបើឪពុកម្ដាយ និងគ្រូបង្រៀនអាចពិភាក្សាគ្នាពីការសិក្សា និងការប្រើប្រាស់គណិតវិទ្យាក្នុងជីវិតរបស់កូន នោះពួកគេនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការដើរលើផ្លូវដ៏ជោគជ័យក្នុងសតវត្សទី ២១ នេះ៕
English version: Learning Math Early on is important for Student Success