គន្លឹះក្នុងការបង្កើតទម្លាប់ល្អក្នុងការសិក្សាដល់កុមារ
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការជួយកុមារឱ្យបង្កើតទម្លាប់ល្អក្នុងការសិក្សា និងធ្វើកិច្ចការសាលាដោយខ្លួនឯង៖
- ស្គាល់គ្រូរបស់ពួកគេ និងដឹងអ្វីដែលពួកគេចង់បាន៖ ការចូលរួមក្នុងព្រឹត្តិការណ៍នានារបស់សាលាដូចជា សិក្ខាសាលាជួបជុំមាតាបិតា និងគ្រូបង្រៀន លោកអ្នកអាចសាកសួរពួកគេពីគោលការណ៍នៃការធ្វើកិច្ចការផ្ទះដែលគ្រូបានដាក់ឱ្យធ្វើ និងតួនាទីដែលលោកអ្នកត្រូវចូលរួមជាមួយកូនៗ។
- រៀបចំទីកន្លែងដែលធ្វើឱ្យកូនៗចូលចិត្តធ្វើលំហាត់ ឬកិច្ចការសាលាដែលគ្រូបានដាក់ឱ្យធ្វើនៅផ្ទះ៖ លោកអ្នកត្រូវរៀបចំទីតាំងដែលមានពន្លឺគ្រប់គ្រាន់ ស្ងាត់ និងមានផាសុកភាពសម្រាប់កូនៗងាយក្នុងការសិក្សា។ បន្ថែមពីនេះ ត្រូវរៀបចំសម្ភារសិក្សាដូចជាក្រដាស ខ្មៅដៃ កាវស្អិត ឬកន្ត្រៃជាដើមដែលកូនៗអាចយកមកប្រើដោយខ្លួនឯងបាន។
- កំណត់កាលវិភាគសិក្សាឱ្យបានទៀងទាត់៖ កុមារមួយចំនួនចូលចិត្តរៀននៅពេលរសៀល កុមារមួយចំនួនទៀតចូលចិត្តរៀននៅពេលល្ងាចបន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច។ លោកអ្នកត្រូវដឹងថាពេលណាដែលកូនរបស់លោកអ្នកអាចរៀនបានដោយប្រសិទ្ធភាពបំផុត ហើយលោកអ្នកត្រូវកំណត់ពេលវេលា និងកាលវិភាគរៀនរបស់ពួកគេឱ្យបានទៀងទាត់។
- ជួយពួកគេក្នុងការរៀបចំផែនការ៖ លើកទឹកចិត្តកូនរបស់លោកអ្នកឱ្យចេះរៀបចំពេលរៀនដែលពួកគេអាចធ្វើបាន។ បង្ហាត់ពួកគេឱ្យចេះបង្កើតកាលវិភាគប្រសិនបើចាំបាច់ ព្រោះជំនាញនៃការរៀបចំកាលវិភាគនេះនឹងជួយកូនៗរបស់លោកអ្នកឱ្យចេះគ្រប់គ្រងពេលវេលា និងកិច្ចការ ហើយពួកគេក៏អាចកំណត់ថ្ងៃត្រូវបញ្ចប់កិច្ចការរបស់ពួកគេផងដែរ។
- កាត់បន្ថយការរំខាន៖ លោកអ្នកមិនត្រូវឱ្យកូនៗរៀននៅទីកន្លែងដែលមានសំឡេងរំខានដូចជា ទូរទស្សន៍ សំឡេងតន្ត្រីឮៗ ឬសំឡេងនិយាយទូរស័ព្ទ។ ប្រសិនបើមានកុមារដទៃទៀតនៅក្នុងផ្ទះជាមួយ ត្រូវប្រាប់ពួកគេឱ្យរក្សាភាពស្ងៀមស្ងាត់ ឬលេងនៅកន្លែងផ្សេងពីទីតាំងដែលមានកូនកំពុងរៀន។
- ត្រូវប្រាកដថាកូនៗរបស់លោកអ្នកធ្វើកិច្ចសាលាដែលគ្រូបានដាក់ឱ្យធ្វើ៖ ពួកគេនឹងមិនអាចរៀនចេះឡើយបើសិនជាពួកគេរៀនគិតដោយខ្លួនឯងនោះ។ ឪពុកម្ដាយអាចផ្ដល់យោបល់ និងជួយណែនាំ ប៉ុន្តែវាគឺជាការងាររបស់កូនៗក្នុងការរៀនសូត្រ។
- ត្រូវធ្វើជាអ្នកជំរុញទឹកចិត្ត និងត្រួតពិនិត្យ៖ ត្រួតពិនិត្យបើសិនជាមានកិច្ចការសាលាដែលគ្រូបានដាក់ឱ្យ។ បង្កើតទម្លាប់ការសិក្សារាល់ថ្ងៃ លើកទឹកចិត្តកូនៗឱ្យអាន និងរំឭកមេរៀនជារៀងរាល់ថ្ងៃ។
- ធ្វើជាគំរូល្អដល់កូន៖ កុមារតែងតែធ្វើតាមនូវអ្វីដែលពួកគេបានឃើញ។ បើកូនរបស់លោកអ្នកឃើញរៀបចំពេលវេលាទោះបីជារវល់យ៉ាងណាក៏ដោយ ដូចជាពេលវេលាអានសៀវភៅ ឬធ្វើអ្វីដែលមានប្រយោជន៍ ពួកគេប្រាកដជាធ្វើតាមលោកអ្នកជាងការទទួលយកនូវការប្រដៅ។
- សរសើរពីអ្វីដែលពួកគេបានធ្វើ៖ លោកអ្នកត្រូវប្រាប់ឱ្យពួកគេដឹងពីការខិតខំព្យាយាមរបស់ពួកគេនៅសាលារៀន ដោយមានការលើកទឹកចិត្ត និងសរសើរពួកគេ។ លោកអ្នកអាចធ្វើតារាងអំពើល្អ និងសមិទ្ធិផលណាមួយ ដោយបិទជារូបភាពផ្កាយជាដើម ចំពោះទង្វើ ឬការខិតខំល្អមួយ។ ឬក៏លោកអ្នកអាចនិយាយសរសើរពីពួកគេដល់ញាតិមិត្តជាដើម។
- ប្រសិនបើមានបញ្ហាកើតឡើងជាបន្តបន្ទាប់លើកិច្ចការសាលា ត្រូវរកជំនួយ៖ និយាយពីបញ្ហានោះជាមួយនឹងគ្រូបង្រៀនរបស់កូនអ្នក។ កុមារខ្លះមានបញ្ហាមើលក្ដារខៀន ហើយត្រូវការពាក់វែនតា ហើយកុមារខ្លះទៀតត្រូវការតាមដានបញ្ហាសិក្សា ឬត្រូវការការណែនាំផ្នែកអាកប្បកិរិយា។
សម្រាប់កុមារតូចៗដែលកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប និងមត្តេយ្យ កិច្ចការដែលគ្រូបានដាក់ឱ្យធ្វើគ្រាន់តែជាការបង្កើតទម្លាប់សិក្សាល្អដល់កុមារតែប៉ុណ្ណោះ។ ដូច្នេះ លោកអ្នកដែលជាឪពុកម្ដាយគ្រាន់តែតាមដាន ជំរុញទឹកចិត្ត និងត្រួតពិនិត្យកូនៗ ហើយមិនត្រូវដាក់សម្ពាធដល់កូនៗឱ្យធ្វើកិច្ចការល្អឥតខ្ចោះពេកនោះទេ៕
English version: FORMING GOOD STUDY HABITS WITH CHILDREN- Tags: children, education, Liberty International School, Phnom Penh, pre school, school, study habit