ការច្រៀង ឬលេងតន្រ្តីមានការដើរតួយ៉ាងសំខាន់នៅក្នុងប្រពៃណីរបស់យើង។ ជាទូទៅ តន្រ្តីតែងតែបង្ហាញក្នុងគ្រប់ទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃរបស់យើងដែលមានដូចជា តាមរោងមហោស្រព កញ្ចក់ទូរទស្សន៍ ភាពយន្ដ កន្លែងកម្សាន្ដ ឬតាមកម្មវិធីនានា។ តន្រ្តីក៏អាចក្លាយជាផ្នែកមួយនៃប្រពៃណីរបស់គ្រួសារផងដែរ។
ចាប់តាំងពីចាប់កំណើតមក ឪពុកម្ដាយប្រើតន្រ្តីដើម្បីបំពេរកូនៗដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងក្ដីរីករាយ និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនៗ។ ឪពុកម្ដាយអាចបង្កើនចំណង់ទាំងនេះដោយសិក្សាថាតើតន្រ្តីមានឥទ្ធិពលយ៉ាងណាចំពោះការអភិវឌ្ឍរបស់កុមារ ការអភិវឌ្ឍជំនាញសង្គម និងអត្ថប្រយោជន៍នានាសម្រាប់កុមារគ្រប់វ័យ។
តន្រ្តី និងខួរក្បាល៖ អត្ថប្រយោជន៍នៃតន្ត្រី
ឮតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Southern California របស់មជ្ឈមណ្ឌលខួរក្បាល និងការច្នៃប្រឌិត ឆ្នាំ 2016 បានរកឃើញថា ការស្គាល់តន្រ្តីនៅវ័យកុមារពិតជាមានភាពទាក់ទងនឹងការអភិវឌ្ឍខួរក្បាល និងជំនាញភាសា និងជំនាញអានជាដើម។ យោងតាមគ្រឹះស្ថានសមាគមន៍តន្រ្តីជាតិ (NAMM Foundation) ការលេងឧបករណ៍តន្រ្តីអាចបង្កើនការសិក្សាគណិតវិទ្យា និងអាចបង្កើនពិន្ទុប្រឡង SAT ទៀតផង។
ប៉ុន្តែ ភាពជោគជ័យក្នុងការសិក្សាមិនមែនគ្រាន់តែជាអត្ថប្រយោជន៍នៃការសិក្សាតន្រ្តី និងការបង្ហាញពីតន្រ្តីនោះទេ។ តន្រ្តីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកុមារ និងជំនាញសម្រាប់ការចូលរៀនថ្នាក់ដំបូងដូចជា មានភាពវ័យឆ្លាត ចេះប្រាស្រ័យទាក់ទង ចេះប្រើអារម្មណ៍ ចេះប្រើចលនាសាច់ដុំ ស្គាល់ភាសា និងឆាប់ស្គាល់អក្សរជាដើម។ ការបង្ហាញតន្រ្តីដល់កុមារក្នុងអំឡុងពេលនៃការលូតលាស់អាចជួយពួកគេក្នុងការស្ដាប់សំឡេង និងនិយមន័យនៃពាក្យ។ ការរាំទៅតាមបទភ្លេងអាចជួយកុមារក្នុងការបង្កើនជំនាញនៃការប្រើចលនាខណៈដែលពួកគេអាចអនុវត្តការរាំបានដោយខ្លួនឯង។ សម្រាប់កុមារ និងមនុស្សពេញវ័យ តន្រ្តីអាចជួយបង្កើតការចងចាំឱ្យកាន់តែខ្លាំង។
ហេតុអ្វីបានជាតន្រ្តីមានសារសំខាន់លើសពីអត្ថប្រយោជន៍នៃការអភិវឌ្ឍនោះ? និយាយឱ្យសាមញ្ញទៅ តន្រ្តីផ្ដល់នូវភាពរីករាយដល់យើង។ គ្រាន់តែគិតដល់ចម្រៀងដ៏ពិរោះមួយ អាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។
ហ្គេមបែបតន្រ្តីសម្រាប់កុមារគ្រប់អាយុ
កុមារគ្រប់អាយុតែងបង្ហាញខ្លួនគេតាមរយៈតន្រ្តី។ កុមារតែងតែមានឥរិយាបថឆ្លើយតបទៅនឹងបទចម្រៀងដែលពួកគេឮឮដូចជាការធ្វើការវិការតាមចង្វាក់ភ្លេងជាដើម។ មានសិស្សថ្នាក់មត្តេយ្យកម្រិតទាបជាច្រើនបានបង្កើតបទចម្រៀងដោយខ្លួនឯងដោយមិនដឹងខ្លួននៅពេលដែលពួកគេលេង។ ចំណែកឯសិស្សថ្នាក់បឋមសិក្សាវិញរៀនច្រៀងចម្រៀងជាក្រុម ហើយក៏អាចលេងឧបករណ៍តន្រ្តីទៀតផង។ កុមារវ័យរាងធំបន្តិចចេះរាំចម្រៀងរបស់ក្រុមតន្រ្តីដែលពួកគេពេញចិត្ត ហើយពួកគេក៏ប្រើតន្រ្តីនោះដើម្បីបង្កើតមិត្តភាព និងចែករំលែកអារម្មណ៍។ ព្យាយាមសកម្មភាព និងហ្គេមទាំងនេះជាមួយកូនៗដើម្បីទទួលបានភាពរីករាយ និងការសិក្សាតន្រ្តី។
ទារក និងតន្រ្តី៖ ទារកស្គាល់ចង្វាក់ភ្លេងមុនពួកគេយល់ពាក្យទាំងឡាយក្នុងចម្រៀងនោះទៅទៀត។ ពួកគេតែងព្យាយាមធ្វើសំឡេងតាម និងចាប់ផ្ដើមធ្វើចលនាជាមួយនឹងសំឡេងតន្រ្តីពេលដែលពួកគេអាចធ្វើចលនាបាន។ មិនត្រឹមតែប៉ុណ្ណោះ សំឡេងតន្រ្តីបែបស្ងាត់ៗក៏អាចបន្ធូរអារម្មណ៍របស់ទារកបាន ជាពិសេសនៅពេលដែលពួកគេគេង។ ចំណែកឯតន្រ្តីប្រភេទសំឡេងឮៗវិញធ្វើឱ្យកុទារកមារតូចៗចាប់ផ្ដើមមានអារម្មណ៍ស្វាហាប់។ លោកអ្នកអាចសាកល្បងច្រៀងចម្រៀងសាមញ្ញ ខ្លីទៅកាន់កុមារតូចៗក្នុងសំឡេងខ្លាំង ឬសំឡេងស្រាល។ ព្យាយាមបង្កើតឃ្លាថ្មីមួយ ឬពីរអំពីការងូតទឹក ការស្លៀកពាក់ ឬការញ៉ាំអាហារនៅពេលដែលពួកគេកំពុងធ្វើសកម្មភាពទាំងនោះ។
កុមារទើបចេះដើរ និងតន្រ្តី៖ កុមារទើបចេះដើរចូលចិត្តរាំ និងធ្វើចលនាទៅតាមចង្វាក់ភ្លេង។ គន្លឹះក្នុងការធ្វើឱ្យកុមារទើបចេះដើរមានប្រតិកម្មជាមួយនឹងបទចម្រៀង គឺត្រូវចាក់ចម្រៀងសារចុះឡើង ម្ដងហើយម្ដងទៀតដែលជំរុញឱ្យពួកគេអាចប្រើពាក្យ និងទន្ទេញពាក្យ។ បទចម្រៀងកំប្លែងៗអាចធ្វើឱ្យពួកគេសើច ដូច្នេះ លោកអ្នកសាកច្រៀងចម្រៀងស្រដៀងៗដោយបញ្ចូលនូវពាក្យពេចន៍កំប្លែងៗដូចជា “Mary had a little spider” ជំនួសឱ្យ “Mary had a little lamb” ហើយឱ្យពួកគេបង្កើតចង្វាក់ភ្លេងដោយទះដៃ ឬក្រឡុកឧបករណ៍ផ្សេងៗ។
កុមារកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប និងតន្ត្រី៖ កុមារកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាបចូលចិត្តច្រៀងណាស់។ ពួកគេប្រហែលជាមិនដឹងពីសមត្ថភាពខ្លួនឯងនោះទេ ហើយភាគច្រើនចូលចិត្តប្រើសំឡេងច្រៀងចោលលេង។ ពួកគេចូលចិត្តចម្រៀងណាដែលមានពាក្យ និងភ្លេងដដែលៗ ប្រើភ្លេងតាមចង្វាក់ពិតប្រាកដជាដើម។ កុមារទាំងនេះចូលចិត្តបទចម្រៀងកុមារ និងបទចម្រៀងដែលមានលក្ខណៈទាក់ទងនឹងប្រដាប់ប្រដាក្មេងលេង សត្វ សកម្មភាពលេង និងមនុស្ស។ ពួកគេក៏ចូលចិត្តប្រើម្រាមដៃរាំទោះបីជាមាន ឬគ្មានភ្លេងក៏ដោយ។
កុមារស្ថិតក្នុងវ័យសិក្សាដំបូង និងតន្រ្តី៖ កុមារស្ថិតក្នុងវ័យសិក្សាដំបូងភាគច្រើនចូលចិត្តស្ដាប់ចម្រៀងកុមារដែលច្រៀងតាមទាក់ទងនឹងការរាប់ ការប្រកប ឬការចងចាំព្រឹត្តិការណ៍ណាមួយ។ កុមារក្នុងវ័យនេះចាប់ផ្ដើមបង្ហាញប្រភេទតន្ត្រីដែលគេចូលចិត្ត និងតន្ត្រីដែលគេមិនចូលចិត្ត។ ពួកគេប្រហែលជាអាចបង្ហាញចំណាប់អារម្មណ៍តាមរយៈការសិក្សាតន្រ្តីក្នុងការសិក្សាដូចជាក្នុងម៉ោងសិក្សាតន្ត្រីសម្រាប់កុមារជាដើម។
យុវវ័យ និងតន្ត្រី៖ យុវវ័យអាចប្រើបទពិសោធន៍នៃការលេងតន្រ្តី ឬស្ដាប់តន្រ្តីដើម្បីបង្កើតជាមិត្តភាព និងកំណត់ខ្លួនឯងឱ្យដាច់ចេញពីឪពុកម្ដាយ និងក្មេងតូចៗ។ ពួកគេតែងចង់ចេញក្រៅ និងស្ដាប់តន្រ្តីបន្ទាប់ពីចប់ម៉ោងរៀនជាមួយនឹងមិត្តភក្ដិ៕