ធ្វើយ៉ាងណាទើបក្លាយជាម្ដាយរីករាយ?
ម្ដាយតែងតែមានការងារមមារញឹកជាប្រចាំ បើមិនការងារក្នុងផ្ទះ ក៏ការងារក្រៅផ្ទះដែរ ហើយការងារទាំងនោះក៏តែងតែធ្វើឱ្យពួកគេមានភាពស្មុគស្មាញក្នុងចិត្តផងដែរ។ ដើម្បីឱ្យកង្វល់ទាំងនោះរសាយទៅ យើងខ្ញុំសូមបង្ហាញចំណុចមួយចំនួនដែលអាចជួយមាតាទាំងឡាយឱ្យមានភាពរីករាយឡើងវិញ។
1. ស្វែងរកជំនួយ៖
ម្ដាយដែលរីករាយ មិនដែលខ្លាចនឹងនិយាយសុំការជួយពីគ្រួសារ ឬមិត្តភក្ដិឡើយ គឺពួកគេគ្រាន់តែនិយាយថា "ជួយមើលកូនឱ្យខ្ញុំបន្តិច" នៅពេលដែលរវល់ដកឃ្លាមិនរួច នោះប្រាកដជាមានអ្នកជួយជាមិនខាន។ ដូច្នេះ អ្នកក៏មិនសូវស្មុគស្មាញរឿងការងារផង និងរឿងកូនផងនោះទេ។
2. ចេញក្រៅដើម្បីស្រូបយកខ្យល់អាកាស៖
នៅក្នុងផ្ទះយូរពេក អាចនាំឱ្យមានភាពតានតឹង និងអារម្មណ៍អាប់អួរ។ ប្រសិនបើបានចេញក្រៅឃើញពន្លឺថ្ងៃ ស្រូបខ្យល់អាកាស និងដើរកម្សាន្តឱ្យធូរអារម្មណ៍ នោះចិត្តរបស់លោកអ្នកក៏រីករាយស្រស់ថ្លាតាមនោះដែរ។
3. មានស្វាមីដែលផ្ដល់ភាពរីករាយជានិច្ច៖
ជាការពិតណាស់ ពេលដែលអ្នកមានស្វាមីល្អ អារម្មណ៍សប្បាយជានិច្ច នោះអ្នកប្រាកដជាសប្បាយចិត្តតាមផងដែរ។
4. ញ៉ាំ គេង និងធ្វើខ្លួនឱ្យរីករាយ៖
ក្នុងរយៈពេលនៃការមើលថែកូនដែលទើបកើត អាចឱ្យអ្នកមិនមានពេលសម្រាក ឬគេងគ្រប់គ្រាន់ ប៉ុន្តែ ពួកគេធំលូតលាស់លឿនណាស់ ដូច្នេះ អ្នកក៏អាចសម្រាកពេលគ្រប់គ្រាន់ផងដែរ។ សូមកុំភ្លេចទទួលទានអាហារឱ្យបានឆ្ងាញ់ និងគេងឱ្យបានស្កប់ស្កល់ នោះអារម្មណ៍របស់លោកអ្នកប្រាកដជាមានភាពស្រស់ស្រាយ។
5. ធ្វើល្អជាមួយអ្នកជិតខាង៖
ការជួយគ្នាជាទង្វើល្អ ហើយការដែលអ្នកចេះជួយយកអាសារអ្នកជិតខាង មិនថារឿងតូច ឬធំ នោះពេលដែលអ្នកមានបញ្ហាពួកគេប្រាកដជាជួយអ្នកវិញមិនខាន។
6. ស្រឡាញ់អ្វីដែលខ្លួនមាន៖
ការច្រណែនលើអ្នកដែលមានអ្វីដែលយើងមិនមាន នោះវារឹតតែធ្វើឱ្យអ្នកមានភាពក្ដៅក្រហាយក្នុងខ្លួន មិនសប្បាយចិត្តប៉ុណ្ណោះ។ ចូរស្រឡាញ់អ្វីដែលខ្លួនកំពុងមាន មិនថារបស់នោះតូច ធំ ថោកឬថ្លៃឡើយ ប៉ុន្តែ កុំភ្លេចព្យាយាមអភិវឌ្ឍខ្លួនឱ្យប្រសើរជាងនេះមួយកម្រិតទៀត។
7. ដើរកម្សាន្តជាមួយមិត្តភក្ដិស្រីៗ៖
ម្ដាយដែលរីករាយភាគច្រើនមានមិត្តភក្ដិដែលជាម្ដាយរីករាយដូចគ្នា។ ពួកគេតែងតែចែករំលែកបទពិសោធន៍ក្នុងការមើលថែទាំកូនទៅវិញទៅមក។ អ្នកអាចណាត់មិត្តភក្ដិស្រីៗទាំងនោះទៅដើរកម្សាន្តមួយខែម្ដងក៏បានដើម្បីភាពជិតស្និទ្ធរវាងមិត្តភក្ដិ និងអាចផ្លាស់ប្ដូរយោបល់គ្នាអំពីជីវិត និងជីវភាពគ្រួសារផងដែរ។
8. រៀបផែនការផ្ទាល់ខ្លួនដើម្បីឱ្យស្រស់ស្រាយអារម្មណ៍៖
បន្ទាប់ពីបំពេញការងារនឿយហត់ហើយ សូមសាកល្បងទៅញ៉ាំអាហារនៅក្រៅ ទៅម៉ាស្សាមុខ ទៅហែលទឹក ឬទៅមើលកុនក៏បាន ព្រោះសកម្មភាពទាំងនេះអាចជួយលោកអ្នកឱ្យមានអារម្មណ៍ល្អ។
ប្រភព៖ Parents.com