Articles tagged with: school

គន្លឹះទាំង ៨ ក្នុងការជួយកូនៗឱ្យមានភាពឯករាជ្យ

on Friday, 23 February 2018. Posted in Parenting Tips, Activities

ប្រសិនបើ​អ្នក​ចង់​ចិញ្ចឹម​កូន​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង កូន​ដែល​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង អ្នក​ត្រូវ​ផ្ដល់​សេរីភាព​ឱ្យ​ពួកគេ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ប្រភេទ​នោះ។ គន្លឹះ​សម្រាប់​ការ​ចិញ្ចឹម​កូន​ដែល​មាន​ភាព​ឯករាជ្យ​ត្រូវ​មាន​ចំណុច​តុល្យភាព​មួយ​ចំនួន។ អ្នក​ត្រូវតែ​មាន​ភាព​អត់ធ្មត់ ប៉ុន្តែ មិន​ធូរ​រលុង​ពេក​ដែរ​ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ពួកគេ​ចេះ​ឯករាជ្យ​លើ​ខ្លួន​ឯង។

education 19 700x586

បញ្ហា​ដែល​តែង​កើត​មាន​ទៅ​លើ​ឪពុកម្ដាយ គឺ​ពួកគេ​ព្យាយាម​ផ្ដល់​ការ​ណែនាំ និង​ជួយ​កូន​គ្រប់​ជំហាន​ទាំង​អស់។ វិធី​នេះ​មិន​ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើ​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​បំផ្លាញ​សមត្ថភាព​នៃ​ការ​ធ្វើការ​ជ្រើស​រើស​របស់​ពួក​គេ។ ប្រសិន​បើ​អ្នក​ឱ្យ​ពួក​គេ​ពឹង​ផ្អែក​លើ​អ្នក​ពេក នោះ​គេ​អាច​នឹង​មាន​អារម្មណ៍​ពិបាក​ចិត្ត និង​អាច​នឹង​រើ​បំរះ​នៅ​ថ្ងៃ​ណា​មួយ​ដែល​វា គឺ​ជា​ផល​វិបាក​សម្រាប់​អ្នក និង​គេ​ផង​ដែរ។

គន្លឹះទាំង ៨ ក្នុងការជួយឱ្យកូនៗមានភាពឯករាជ្យ៖

តើ​អ្នក​មាន​ភាព​ប្រាកដ​ដល់​កម្រិត​ណា​ក្នុង​ការ​រក្សា​លំនឹង​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​ភាព​ឯករាជ្យ? សូម​មក​អាន​នូវ​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឱ្យ​លោក​អ្នក​សម្រេច​គោល​បំណង​នេះ។

1. បង្កើតទម្លាប់៖

កុមារ​ត្រូវ​ការ​តុល្យភាព​រវាង​ច្បាប់​ទម្លាប់ និង​សេរីភាព​ដើម្បី​បណ្ដុះ​នូវ​ភាព​ឯករាជ្យ។ ពេល​ដែល​អ្នក​អនុញ្ញាត​ឱ្យ​គេ​គិត​ដោយ​ខ្លួន​ឯង​កាន់​តែ​ច្រើន គេ​នឹង​កាន់​តែ​មាន​ភាព​ឯករាជ្យ។

  • សុំ​ឱ្យ​កូន​រៀប​ចំ​សម្លៀក​បំពាក់​ទុក​ដោយ​ខ្លួន​ឯង ហើយឱ្យ​ពួកគេ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង​នៅ​ពេល​ព្រឹក​មុន​មក​សាលា។
  • អនុញ្ញាត​ឱ្យ​កូន​ជ្រើសរើស​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង និង​យក​ចាន​មក​ដួស​អាហារ​ដោយ​ខ្លួន​ឯង​ពេល​ញ៉ាំ​អាហារ​ ហើយ​យក​ចាន​ទៅ​ទុក​កន្លែង​លាង​ចាន​វិញ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​រាល់។
  • ទុក​ដាក់​សម្ភារ​ដាក់​អាហារ និង​សម្លៀកបំពាក់​របស់​ពួកគេ​នៅ​កន្លែង​ដែល​មាន​កម្ពស់​ទាប​អាច​ឱ្យ​គេអាច​យក​ដោយ​ខ្លួន​ឯង​បាន។

2. បង្រៀនពួកគេពីជំនាញដោះស្រាយបញ្ហា៖

ប្រសិន​បើ​កូន​របស់​អ្នក​មាន​បញ្ហា អ្នក​ត្រូវ​អនុញ្ញាត​ឱ្យ​គេ​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង ហើយ​កុំ​អាល​ប្រញាប់​ជួយ​គេ​អី។

  • ជម្លោះ​រវាង​បង​ប្អូន​តែង​តែ​កើត​មាន​ក្នុង​វ័យ​របស់​ពួក​គេ។
  • មិន​ត្រូវ​ជួយ​គេ តែ​ត្រូវ​ឱ្យ​គេ​រៀន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។
  • លេង​សម្ដែង​រឿង​ខ្លីៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ។

3. ការធ្លាក់មិនមែនជាការបញ្ចប់នោះទេ៖

គ្មាន​អ្វី​ខុស​នោះទេ​បើ​គ្រាន់​តែ​ប្រឡង​ធ្លាក់! បើ​ទោះ​បី​ជា​វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​កូន​មាន​កំហុស​បាន​ដែរ។ ដូច​នេះ គេនឹង​យល់​ពី​អ្វី​ដែល​គេ​បាន​ធ្វើ។

  • ជា​ឧទាហរណ៍ គាត់​អាច​ភ្លេច​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​ត្រូវ​ទទួល​វិន័យ​នៅ​សាលា។
  • នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណាក់កាល​សិក្សា​ដែល​នឹង​ជួយ​គេ​ឱ្យ​ចាំ​ក្នុង​ការ​បញ្ចប់​កិច្ចការ​របស់​ពួកគេ​នា​ពេល​ក្រោយ​ទៀត។
  • មិន​ត្រូវ​ស្ដី​បន្ទោស​គេ​ប្រសិន​បើ​គេ​ធ្វើ​ឱ្យ​កំពប់​ទឹក​ពេល​កំពុង​ចាក់​ទឹក​ចូល​ក្នុង​កែវ។ ត្រូវ​ប្រាប់​គេ​ពី​វិធី​សម្អាត និង​រំឮក​ឱ្យ​ពួក​គេ​ប្រយ័ត្ន​ឱ្យបាន​ច្រើន។

4. ត្រូវចេះយល់ចិត្ត៖

កូន​របស់​អ្នក​ចាំ​បាច់​ត្រូវ​តែ​ដឹង​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ពួកគេ​ប៉ុន​ណា ប៉ុន្តែ អ្នក​ត្រូវ​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង។

  • ត្រូវ​ឱ្យ​គេ​ដឹង​ថា​អ្នក​តែងតែ​នៅ​ក្បែរ​គេ​ជានិច្ច​មិន​ថា​កាលៈទេសៈ​ណា​ក៏​ដោយ។
  • ព្យាយាម​ឱ្យ​កូនៗ​យល់​ថា​អ្នក​ចង់​ឱ្យ​គេ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ជាង​ការ​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ។
  • ពេល​ដែល​អ្នក​ជំរុញ​ពួកគេ​ឱ្យ​មាន​ភាព​ឯករាជ្យ អ្នក​មិន​ត្រូវ​ឱ្យ​ពួកគេ​មាន​របួស​ស្នាមអ្វី​ឡើយ​នៅ​ក្នុង​ដំណាក់​កាល​នោះ។

5. សូមឱ្យគេមានភាពអំណត់៖

អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ឈរ​លើ​គោល​ជំហរ​នៃ​សិទ្ធិ​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន៖

  • ប្រសិន​បើអ្នក​​បញ្ជា​ទិញ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ត្រូវ​អនុញ្ញាត​ឱ្យ​គេ​កុម្ម៉ង់​ម្ហូប​ដោយ​ខ្លួន​ឯង។
  • ប្រសិន​បើ​អ្នក​កំពុង​ស្លៀក​ពាក់ គួរ​ឱ្យ​ពួក​គេ​ជ្រើសរើស​សម្លៀកបំពាក់​ស្លៀក​ដោយ​ខ្លួន​ឯង​ផង​ដែរ។
  • សួរ​គេ​ពី​អ្វីដែល​ពួកគេ​ចង់​ញ៉ាំ​សម្រាប់​ពេល​ល្ងាច​នេះ។
  • ហើយ​ពេល​ណា​គេ​ចង់​អង្គុយ​ធ្វើ​កិច្ចការ​សាលា។​

6. ផ្ដល់ជម្រើសសមហេតុសមផល៖

ដើម្បី​ជួយ​កូន​ឱ្យ​គិត​ដោយ​ឯករាជ្យ ត្រូវ​ផ្ដល់​ជម្រើស​សមហេតុ​សមផល​ឱ្យ​ពួកគេ។

  • ឧទាហរណ៍ អនុញ្ញាត​ឱ្យ​គេ​ជ្រើសរើស​រវាង​ភីហ្សា និង​មីឆា។
  • ឱ្យ​គេ​សម្រេច​ចិត្ត​ថា​តើ​គេ​គួរ​ស្រោច​ផ្កា​មុន ឬ​ក៏​ធ្វើ​កិច្ចការ​សាលា​មុន។
  • ត្រូវ​មាន​ដែន​កំណត់។ គេ​ត្រូវ​តែ​ដឹង​ច្បាស់​ពី​ព្រំដែន​របស់​ពួក​គេ និង​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក​ពី​គេ។

7. ផ្ដល់យោបល់ មិនមែនអន្តរាគមន៍៖

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ភាព​លំបាក​ក្នុង​ការ​ស្វែង​រក​បញ្ហា មិន​ត្រូវ​ប្រញាប់​ជួយ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​អាចផ្ដល់​​នូវ​ការ​ណែនាំ តែ​មិនមែន​ដំណោះ​ស្រាយ។

  • អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​គិត​ពី​វិធី​ដែល​អាច​ដោះស្រាយ​បញ្ហា។
  • អ្នក​ប្រហែល​ជា​អាច​នឹង​ភ្ញាក់​ផ្អើល​ពេល​ដែល​ឃើញ​គេ​មាន​ដំណោះ​ស្រាយ។

8. អនុញ្ញាតឱ្យគេមានទំនួលខុសត្រូវ៖

ប្រសិន​បើ​អ្នក​កំពុង​រៀប​ចំ​ដំណើរ​កម្សាន្ត សូម​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​រៀប​ចំ​សម្លៀក​បំពាក់ និង​សម្ភារ​របស់​ពួក​គេដោយ​ខ្លួន​ឯង។ អ្នក​អាច​បង្រៀន​ពួកគេ​ពី​វិធី​រៀប​ចំ​ក្នុង​រយៈ​ពេល​ពីរ​បី​ដង​ដំបូង។

  • ត្រូវ​ឱ្យ​ពួក​គេ​ចូលរួម​ចំណែក​ក្នុង​ដំណាក់​កាល​រៀប​ចំ ដូចនេះ កូន​របស់​អ្នក​នឹង​យល់​ពី​ដំណើរ​កម្សាន្ត និង​ឯករាជ្យ​ភាព។
  • សុំឱ្យ​ពួក​គេ​យួរ​កាបូប (ឬរុញកាបូប) ដោយ​ខ្លួន​ឯង​ពេល​ទៅ និង​ពេល​ត្រឡប់​មក​វិញ។

ដំណាក់​កាល​ទាំង​អស់​នៃ​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​អាច​នឹង​មាន​ភាព​យឺត ប៉ុន្តែ វា​សំខាន់​ដែល​អ្នក​ណែនាំកូន​គ្រប់​វិធី​ដែល​ពួក​គេ​ធ្វើ។ ផ្ដល់​នូវ​ឧបករណ៍ ឬ​សម្ភារ​ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់ និង​ក្លាយ​ជា​មនុស្ស​ដ៏​ជោគជ័យ​នា​ពេល​អនាគត៕

អត្ថបទដើម៖ Top 8 Tips To Make Your Child Independent

ហេតុអ្វីបានជាការលេងមានសារសំខាន់?

on Thursday, 15 February 2018. Posted in Parenting Tips, Activities

importance of play

ការ​លេង​អាច​លើស​ពី​អ្វី​ដែល​គ្រាន់​តែ​ជា​ការ​សប្បាយ​សម្រាប់​ទារក និង​កុមារ។ វា​ជា​វិធី​ដែល​ពួក​គេ​អាច​រៀន​បាន​យ៉ាង​រហ័ស វិធី​ដែល​ពួក​គេ​អាច​ដឹង​ថា​ពួក​គេ​ជា​នរណា និង​ទី​កន្លែង​ដែល​គេ​កំពុង​រស់​នៅ​ប្រចាំ​ថ្ងៃ​នេះ​ថា​ជា​កន្លែង​អ្វី។

សារ​សំខាន់​នៃ​ការ​លេង

ការ​លេង គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​ធ្វើ​ជាមួយ​កូន​របស់​អ្នក​បាន ព្រោះ​ការ​លេង​មាន​សារ​សំខាន់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ។ ពេល​ដែល​អ្នក​ចំណាយ​ពេល​លេង​ជាមួយ​ពួក​គេ​អាច​ផ្ដល់​នូវ​វិធី​ដ៏​ច្រើន និង​ពេល​វេលា​ក្នុង​ការ​រៀន។

ការ​លេង​ក៏​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ៖

  • បណ្ដុះភាពជឿជាក់លើខ្លួនឯង
  • ទទួលអារម្មណ៍ស្រឡាញ់ សប្បាយចិត្ត និងសុវត្ថិភាព
  • អភិវឌ្ឍជំនាញសង្គម ភាសា និងទំនាក់ទំនង
  • រៀនពីការខ្វល់ពីអ្នកដទៃ និងបរិយាកាសជុំវិញខ្លួន
  • អភិវឌ្ឍជំនាញកាយសម្បទា

ប្រភេទផ្សេងៗនៃការលេង

ការ​លេង​ដោយ​សេរី មិន​មាន​លក្ខណៈ​ជា​សម្ព័ន្ធ គឺ​ជា​ប្រភេទ​នៃ​ការ​លេង​សម្រាប់​កុមារ​តូចៗ។ ការ​លេង​នេះ​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​កូន​របស់​អ្នក​ចង់​លេង។ ការ​លេង​ដោយ​សេរី ជា​ការ​លេង​ដោយ​មិន​បាន​គ្រោង​ទុក​ជា​មុន ហើយ​ការ​លេង​នេះ​អាច​ឱ្យ​កូន​របស់​អ្នក​ប្រើ​ក្ដី​ស្រមៃ​របស់​ពួក​គេ និង​ចាប់​ផ្ដើម​លេង​តាម​របៀប​ដែល​គេ​ចង់។

ឧទាហរណ៍នានាដែលសន្មតថាជាការលេងដោយសេរី៖

  • ការ​លេង​តែ​ម្នាក់​ឯង ឬ​ជាមួយ​អ្នក​ដទៃ​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិដ្ឋ រួម​មាន​សកម្មភាព​សិល្បៈ ឬ​តន្រ្តី​ជា​ដើម
  • ការ​លេង​បែប​ស្រមើ​ស្រមៃ ឧទាហរណ៍ ការ​បង្កើត​ផ្ទះ​ដោយ​ប្រើ​ប្រអប់ ឬ​ភួយ ការ​ស្លៀក​ពាក់​ប្លែកៗ ឬ​ការ​លេង​សៀក​ឆ្ពិន​ភ្នែក​ជា​ដើម
  • ការ​រុក​រក​កន្លែង​លេង​ថ្មី ឬ​កន្លែង​ដែល​ចូល​ចិត្ត​ដូច​ជា ទីធ្លា​លេង​ក្រោយ​ផ្ទះ សួន​ច្បារ និង​ទោង​ជា​ដើម ។ល។

អ្នក​អាច​ជា​ផ្នែក​មួយ​នៃ​ការ​លេង​របស់​កូនៗ។ ពេល​ខ្លះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺបង្ហាញ​កូនៗ​ពី​ផ្លូវ/វិធី​ត្រូវ ដូច​ជា​បង្ហាញ​កន្លែង​ទុក​សម្ភារ​ដែល​កូនៗ​ចង់​បាន​សម្រាប់​ការ​លេង​របស់​ពួក​គេ។ ហើយ​ពេល​ខ្លះ​ទៀត អ្នក​ប្រហែល​ជា​ត្រូវ​មាន​ភាព​រស់​រវើក​បន្តិច។

ការ​លេង​ដែល​មាន​ក្បួន​ត្រឹម​ត្រូវ គឺ​ជា​ការ​លេង​ដែល​មានលក្ខណៈ​ប្លែក។ វា​ត្រូវ​ការ​ឱ្យ​មាន​ការ​រៀប​ចំ​ទុក​មុន ទាំង​ពេល​វេលា និង​ទី​កន្លែង ហើយ​ភាគ​ច្រើន​ត្រូវ​បាន​រៀប​ចំ​ដោយ​មនុស្ស​ធំ។

ឧទាហរណ៍ខ្លះនៃការលេងលក្ខណៈនេះ។

  • ថ្នាក់​រៀន​ហែល​ទឹក​សម្រាប់​កុមារ​តូចៗ និង​សម្រាប់​កុមារ​ធំ៖ អ្នក​ប្រហែល​ជា​គិត​ថា​ការ​​ហែល​ទឹក​មាន​សារ​សំខាន់​សម្រាប់​ពួក​គេ ប៉ុន្តែ ពួកគេ​ប្រហែល​ជា​គិត​ថា​វាសប្បាយ​តែ​ប៉ុណ្ណោះ​
  • ក្រុម​និទាន​រឿង​សម្រាប់​កុមារ​តូចៗ​នៅ​ក្នុង​បណ្ណាល័យ​ក្នុង​តំបន់
  • ថ្នាក់​រៀន​រាំ តន្រ្ដី ឬ​ល្ខោន​សម្រាប់​កុមារ​គ្រប់​វ័យ
  • ហ្គេម​ដែល​ប្រើ​ប្រាជ្ញា
  • ហាត់​កីឡា ដូច​ជា​កីឡា​បាល់​ទាត់ បាល់​បោះ។ល។

វិធីដែលការលេងអាចអភិវឌ្ឍកូនៗ

ពេល​ដែល​កូន​អ្នក​ចាប់​ផ្ដើម​លូត​លាស់ វិធី​ដែល​គេ​លេង​នឹង​ត្រូវ​ផ្លាស់​ប្ដូរ គេ​នឹង​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិដ្ឋ​ជាង​មុន និង​មាន​បទពិសោធន៍​ជាមួយ​នឹង​ប្រដាប់​លេង ហ្គេម និង​គំនិត​ច្រើន​ជាង​មុន។ នេះ​ប្រហែល​មាន​ន័យ​ថា​នាង​ត្រូវ​ការ​ពេល​វេលា និង​កន្លែង​បន្ថែម​សម្រាប់​លេង។

ជាមួយ​គ្នា​នេះ​ដែរ កុមារ​មាន​ការ​ធ្វើ​បំលាស់​ទី​បាន​ច្រើន​លក្ខណៈ​ផ្សេង​គ្នា​ពេល​ដែល​គេ​ធំ​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​តែ​ម្នាក់​ឯង ការ​លេង​ជាមួយក្មេង​ដទៃ និង​ការ​ចូល​រួម​លេង​ជាមួយ​ក្មេង​ដទៃ។

ទារក
សម្រាប់​ទារក ​អ្វី​ដែល​ល្អ​សម្រាប់​លេង​ជាមួយ​បំផុត​នោះ គឺ​អ្នក។ គ្រាន់តែ​សម្លឹង​មើល​មុខ​របស់​អ្នក និង​ឮ​សំឡេង​របស់​អ្នក គឺ​ជា​ការ​លេង​សម្រាប់​ទារក​តូច​របស់​អ្នក ជា​ពិសេស ប្រសិន​បើ​អ្នក​កំពុង​ញញឹម​រក​ពួក​គេ​។

អ្នកប្រហែលជាចង់សាកល្បងនូវគំនិត និងសកម្មភាពលេង

  • តន្រ្តី ចម្រៀង ការ​តប់​លើ​ពោះ​កូន​ស្រាលៗ​ពេល​ដែល​អ្នក​ច្រៀង ប្រអប់​ដែល​ដាក់​របស់​ផ្សេងៗ​ ដែល​ជា​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ការ​ស្ដាប់ និង​ការ​ធ្វើ​ចលនា។
  • វត្ថុ​ដែល​មាន​ទំហំ រូបរាង និង​ពណ៌​ផ្សេងៗ​ដែល​ជួយ​ជំរុញ​ដល់​ការ​ចាប់​យក​ពី​ក្មេង។
  • គ្រឿង​សង្ហារឹម បាល់ ប្រដាប់​លេង ឬ​ប្រអប់​ដែល​អាច​ឱ្យ​កុមារ​តូច​វារ​លើ ឈរ និង​ដើរ។

ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ទៀង​ទាត់ និង​ការ​លេង​លើកម្រាល​ឥដ្ឋ​រាប​ស្មើ​ពិត​ជាមាន​សារ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូត​លាស់​របស់​ទារក។ ការ​ធ្វើ​លំហាត់​ប្រាណ​រាង​កាយ​នេះ​ជួយ​ឱ្យ​កូន​តូច​របស់​អ្នក​អភិវឌ្ឍ​ការ​គ្រប់គ្រង​ចលនា​ដោយ​ការ​ពង្រឹង​ផ្នែក​ក្បាល​ ក និង​សាច់​ដុំលើ​រាង​កាយ។ វា​ក៏​អាច​ឱ្យ​កូន​របស់​អ្នក​មើល​ឃើញ និង​ស្វែង​យល់​ពី​ពិភព​ជុំវិញ​ខ្លួន​ពួក​គេ​តាម​លក្ខណៈ​ផ្សេងៗ។

កុមារចេះដើរ
ខាង​ក្រោម​នេះ គឺ​ជា​គំនិត​ខ្លះៗ​ដែល​កូន​របស់​អ្នក​អាច​ចូលរួ​មដោយ​រីករាយ៖

  • របស់​ដែល​ធំ ហើយ​ស្រាល​ដូច​ជា ប្រអប់​ក្រដាស កន្រ្តក ឬ​បាល់​ផ្លុំ​ដែល​អាច​ជំរុញ​ឱ្យ​កូន​របស់​អ្នក​រត់ ចាប់ រុញ និង​ទម្លាក់​របស់​នានា។
  • ដីស ខ្សែ​ពួរ តន្រ្តី ឬ​ប្រអប់​ដាក់​របស់​ដែល​អាច​ឱ្យ​កូន​អ្នក​អាច​លោត ទាត់ ច្រំ ជាន់ និង​រត់​បាន​។
  • កង​បង្វិល ប្រអប់ ដុំ​ថ្ម​ធំ ឬ​ខ្នើយ​ដែល​ស័ក្តិសម​សម្រាប់​ការ​តោង​ឡើង ការ​ទប់​លំនឹង ការ​បង្វិល​ខ្លួន ការ​លោត​បែប​ញាប់​ញ័រ ឬ​ការ​រមៀល​ខ្លួន​ជា​ដើម។
  • ទួល ផ្លូវ​រូង​ក្រោម​ដី ឬ​ធ្នើ​បន្ទប់​ដែល​អាច​ឱ្យ​កូន​មាន​ការ​ធ្វើ​សកម្មភាព​រាង​កាយ​ខ្លះ​ដូច​ជា​វារ​ និង​ស្វែង​រក។

ប្រសិន​បើ​អ្នក​ចាក់​តន្រ្តី​ដែលពួក​គេ​ចូល​ចិត្ត​ពេល​អ្នក​កំពុង​លេង​ជាមួយ​ពួក​គេ គេ​អាច​នឹង​ទទួល​បាន​នូវ​ការ​ស្ដាប់​ចម្រៀង​កម្សាន្ត​ផង និង​លេង​ផង។ អ្នក​ប្រហែល​ជា​អាច​ច្រៀង រាំ និង​ទះដៃ​ទៅ​តាម​ចង្វាក់​ភ្លេង​ជាមួយ​កូនៗ​ផង​ដែរ។

កុមារដែលកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប
ខាងក្រោមនេះគឺជាគំនិតខ្លះៗដើម្បីឱ្យកូនៗលេង៖

  • ប្រអប់​​ទឹកដោះគោ​ចាស់ៗ ស្លាបព្រា​ឈើ ផើង​ផ្កា​ទទេ ឈើ ក្រដាស​ញី ធុង​ជ័រ ឆ្នាំង​សំឡ​ និង​សម្លៀក​បំពាក់​ចាស់ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​លេង​ដែល​មិន​មាន​លក្ខណៈ​ស្មុគ​ស្មាញ
  • រូបផ្គុំ និង​ហ្គេម​ផ្គុំ​ផ្សេងៗ​ដែល​ជួយ​បង្កើន​ការ​ចង​ចាំ និង​ការ​ផ្ចង់​ស្មារតី​របស់​កុមារ​
  • ដីឥដ្ឋដែលជួយអភិវឌ្ឍជំនាញប្រើចលនាសាច់ដុំ
  • តន្រ្តី​ដែល​ពួក​គេ​ចូល​ចិត្ត ឬ​ឆ្នាំង និង​ខ្ទះ​សម្រាប់​បង្កើត​ជា​តន្រ្តី​ឱ្យ​គេ​រាំ​លេង
  • បាល់ និងថាសគប់អាចជំរុញឱ្យពួកគេអាចទាត់ គប់ និងរមៀលខ្លួន

ពេល​ដែល​អ្នក​លើក​ទឹក​ចិត្ត​កូន​របស់​អ្នក​ឱ្យ​ទាត់ ឬគប់ អ្នក​ត្រូវ​ព្យាយាម​ណែនាំ​ឱ្យពួក​គេ​រៀន​ប្រើ​ចលនា​នៃ​រាង​កាយ​របស់​ពួក​គេ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត។

កុមារដែលចាប់ផ្ដើមចូលរៀនបឋមសិក្សា
កូន​ដែល​កំពុង​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​អាច​មាន​ភាព​សប្បាយ​រីករាយ​ដោយ​គ្រាន់​តែ​មាន​វត្ថុ និង​សកម្មភាព​លេង​ដូច​ខាង​ក្រោម៖

  • គ្រឿង​សង្ហារឹម ក្រណាត់ កន្រ្តក​ដាក់​សម្លៀកបំពាក់​ដែល​ស្លៀក​រួច តង់ និង​ប្រអប់​ដែល​អាច​ប្រើ​សម្រាប់​ការ​សាង​សង់បាន។
  • វិធីសាស្ត្រ​ពិបាកៗ​ដែល​អ្នក​រៀប​ចំ​ដើម្បី​ឱ្យ​កូន​រៀន​ធ្វើ​បំលាស់​ទី​តាម​របៀប ផ្លូវ ទិស និង​ល្បឿន​ផ្សេង​គ្នា។
  • ចម្រៀង​លាយ​នឹង​ការ​លេង​ហ្គេម
  • ការ​ចម្អិន​អាហារ​ងាយៗ ឬ​ក៏​ការ​រៀប​ចំ​អាហារ​ដូច​ជា​ការ​ថ្លឹង ការ​កូរ ឬ​ការ​រៀប​ចំ​ដួស​ម្ហូប​ដាក់​ចាន​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​គណិតវិទ្យា ឬ​ជំនាញ​ប្រចាំថ្ងៃ។
  • ការ​ស្រមើ​ស្រមៃ​របស់​កូនៗ៖ ដោយ​ការ​ប្រើ​ការ​ស្រមើ​ស្រមៃ ពួក​គេ​នឹង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​តួ​អង្គ​វីរបុរស ឬ​តួអង្គ​ណាមួយ​នៅ​ក្នុង​រឿង​និទាន។

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍ អ្នក​អាច​ឱ្យ​ពួកគេ​សាក​ល្បង​ចូលរួម​លេង​កីឡា ឬ​សកម្មភាព​ជា​ក្រុម​ផ្សេងៗ​ដែល​ស័ក្ដិសម​សម្រាប់​វ័យ​របស់​ពួក​គេ។

ប្រសិនបើកូនអ្នកមិនចង់លេង

មាន​ពេល​ខ្លះ​ដែល​កូន​របស់​អ្នក​មិន​ចង់​លេង ឧទាហរណ៍ ពេល​ដែល​គេ​ហត់ ឬ​ធុញ​នឹង​ការ​ធ្វើ​សកម្មភាព​ដដែលៗ​ក្នុង​រយៈ​ពេល​វែង​ពេក។ ចំណុច​នេះ គឺ​ធម្មតា​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ប៉ុន្តែ ពេល​ខ្លះ ប្រសិន​បើ​កុមារ​ខ្វះ​ការ​លេង ឬ​ខ្វះ​ចំណង់​លេង វា​អាច​ជា​សញ្ញា​បង្ហាញ​ឱ្យ​ដឹង​ថា​ពួក​គេ​កំពុង​មាន​បញ្ហា​ផ្នែក​លូតលាស់៕

អត្ថបទដើម៖ Why play is important

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ

on Monday, 05 February 2018. Posted in Classes, Parenting Tips, Activities

170921161253 1 540x360

បទ​ពិសោធន៍​របស់​កុមារ​តូចៗ​មាន​ឥទ្ធិពល និង​កំណត់​ពី​វិធី​ដែល​ខួរ​ក្បាល​អភិវឌ្ឍ។

សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ពី​វិធី​ដែល​អាច​ជួយ​កូនៗ​អាច​រំញោច​ការ​វិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​តាំង​ពី​វ័យ​តូចៗ​របស់​កូន និង​ជួយ​ពួក​គេ​ឱ្យ​ឈាន​ដល់​ចំណុច​ដែល​ជា​សក្ដា​នុភាព​សម្រាប់​អនាគត​របស់​ពួក​គេ។

ខួរ​ក្បាល​របស់​កុមារ

តើ​យើង​នឹង​នៅ​កន្លែង​ណា​បើ​សិន​ជា​យើង​មិន​មាន​ខួរ​ក្បាល?

យន្តការ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​គ្រប់គ្រង​រាល់​ទង្វើ​ដែល​យើង​ធ្វើ ផ្ដើម​ចេញ​ពី​ការ​ញ៉ាំ និង​ផឹក ដល់​ការ​គិត​ ការ​រៀន និង​ការ​ទទួល​យក​នូវ​បទ​ពិសោធន៍​ផ្នែក​អារម្មណ៍​ជា​ដើម។

កុមារ​ម្នាក់​មាន​កោសិកា​ខួរ​ក្បាល 100 ពាន់​លាន និង​មាន​ទំនាក់​ទំនង 5 ពាន់​កោរដិ។ អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង ចំនួន​នៃ​ទំនាក់​ទំនង​នេះ​កើន​ឡើង​គុណ​នឹង 20 ដង។ កោសិកា​ខួរ​ក្បាល​នីមួយៗ​អាច​ភ្ជាប់​ជាមួយ​នឹង​កោសិកា​ផ្សេងៗ​ទៀត​បាន​ច្រើន​ជាង 15000។

កុមារ​អាយុ 3 ឆ្នាំ​ម្នាក់​មាន​ការ​ភ្ជាប់​រវាង​ខួរ​ក្បាល​មាន​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ 2 ដង ហើយ​ប្រសិន​បើ​គេ​មិន​ប្រើ​វា​ទេ វា​នឹង​បាត់​បង់។ ពេល​ដែល​កុមារ​ចាប់​ផ្ដើម​មាន​អាយុ 5 ឆ្នាំ ទំនាក់​ទំនង​ខួរ​ក្បាល 90% នឹង​ចាប់​ផ្ដើម​ចង​ជា​បណ្ដុំ។

កុមារ​នឹង​មិន​មាន​ពេល​សាក​ល្បង​ទទួល​យក​បទ​ពិសោធន៍ និង​ឱកាស​នានា​ដែល​មាន​សារ​សំខាន់​ជាង​ពេល​ដែល​ពួក​គេ​នៅ​តូច​ឡើយ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​នៅ​វ័យ​តូចៗ
ខួរ​ក្បាល​ជា​ផ្នែក​គ្រប់គ្រង​កណ្ដាល​នៃ​រាង​កាយ​របស់​យើង ប៉ុន្តែ​ តើ​យើង​ធ្វើ​យ៉ាង​ណា​ទើប​អាច​ជួយ​ខួរ​ក្បាល​កូនៗ​ឱ្យ​ឈាន​ដល់​ចំណុច​សក្ដានុពល​នោះ?

 
បទ​ពិសោធន៍​នៃ​ការ​ប្រើ​ញាណ​នៅ​វ័យ​ដំបូង​បង្កើត​នូវ​ការ​ផ្សារ​ភ្ជាប់​ថ្មី​រវាង​កោសិកា​ខួរ​ក្បាល និង​បទ​ពិសោធន៍​ដែល​ជំរុញ​ការ​អភិវឌ្ឍ។

ចំនួន​នៃ​ការ​ភ្ជាប់​រវាង​កោសិកា​ខួរ​ក្បាល កើន​ឡើង ឬ​ថយ​ចុះ អាស្រ័យ​លើ​បរិយាកាស និង​បទ​ពិសោធន៍​ដែល​កុមារ​ទទួល​យក។

កុមារ​បន្ត​រៀន​សូត្រ​ពេញ​មួយ​ជីវិត ប៉ុន្តែ ពួក​គេ​មិន​ចាប់​យក​ជំនាញ​ថ្មី​បាន​លឿន​ដូច​ជា​កាល​ពី​ពួក​គេ​នៅ​តូចៗ​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​សំខាន់​ក្នុង​ការ​ផ្ដល់​​ឱកាស​ដ៏​អស្ចារ្យ​​សម្រាប់​​ការ​​សិក្សា និង​អភិវឌ្ឍ​ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​ពេល​ដែល​ចិត្ត​របស់​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ទទួល​យក​ព័ត៌មាន​ថ្មីៗ។

វិធី 9 យ៉ាងក្នុងការរំញោចការអភិវឌ្ឍខួរក្បាលរបស់កុមារ

កុមារ​ត្រូវ​ការ​បង្ហាញ​ផ្លូវ​ដែល​អាច​ស្វែង​រក​នូវ​ព័ត៌មាន​ថ្មី និង​បទ​ពិសោធន៍​ថ្មី​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ និង​អាច​ឱ្យ​គេ​ពង្រីក​ការ​គិត និង​ការ​យល់​ដឹង។

ពួក​គេ​គួរ​តែ​សាកល្បង​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​រៀន ដូច​នឹង​ឱកាស​ដែល​ទាក់​ទង​ជាមួយ​នឹង​ប្រភព​នៃ​ការ​សិក្សា​ផ្សេងៗ​ជា​ដើម។
ឧទាហរណ៍៖

1. ការលេង

ការ​លេង​មិន​ត្រឹម​តែ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មូលដ្ឋានគ្រឹះ​អាច​ឱ្យ​កុមារ​រៀន​បាន​ផង​ដែរ។

ប្រើ​ហ្គេម ប្រដាប់​លេង និង​សម្ភារ​សិក្សា​ដែល​កុមារ​អាច​ប្រើ​សម្រាប់​រៀន។

កុមារ​នឹង​ផ្សារ​ភ្ជាប់​ការ​លេង​កាន់​តែ​យូរ​ជាមួយ​នឹង​ប្រភព​ធនធាន​ដែល​ស្រដៀង​នឹង​បរិយាកាស​ដែល​ពួក​គេ​កំពុង​រស់​នៅ។

2. ការនិយាយ

ដើម្បី​ឱ្យ​កោសិកា​ខួរ​ក្បាល​មាន​ចលនា ចាប់​ផ្ដើម​និយាយ។ កុមារ​តូចៗ​ចាប់​យក​គ្រប់​ពាក្យ។ ពេល​ដែល​អ្នក​ចែក​រំលែក​ទៅ​ពួក​គេ​កាន់​តែ​ច្រើន ពួក​គេ​រៀន​កាន់​តែ​ច្រើន​ដូច​គ្នា។

អ្វី​ដែល​អ្នក​និយាយ​មិន​សំខាន់​ដូច​របៀប​ដែល​អ្នក​និយាយ និង​សំឡេង​ដែល​អ្នក​ប្រើ​នោះ​ទេ។

កុមារ​តូចៗ​ត្រូវ​ការ​ឮ​ប្រយោគ​ឃ្លា​ពេញ​ដើម្បី​​អភិវឌ្ឍ​ពាក្យ​របស់​ពួក​គេ។

លោក​អ្នក​អាច​ជួយ​កូនៗ​របស់​លោក​អ្នក​ក្នុង​ការ​ប្រើ​ពាក្យ​ដើម្បី​ឱ្យ​ពួកគេ​មាន​ការ​យល់​ដឹង​ពី​ពិភព​ជុំវិញ​ពួក​គេ ក្នុង​នោះមាន​ដូច​ជា​ពាក្យ​ដែល​រៀប​រាប់​ពី​អារម្មណ៍ វត្ថុ​នានា និង​សម្ភារ​ប្រើ​ប្រចាំ​ថ្ងៃ។

ជំនួស​ឱ្យ​ការ​និយាយ​ថា “នោះ! មើល​ទៅ​មេឃ!” លោក​អ្នក​ត្រូវ​និយាយ​ថា “នោះ​មើល​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រឡះ។” វិញ។

ព្យាយាម​ឆ្លើយ​សំណួរ​ដែល​អ្នក​សួរ។ ប្រសិន​បើ​អ្នក​មិន​អាច​ឆ្លើយ​ទេ អ្នក​គួរ​តែ​នាំ​គេ​ស្វែង​រក​ចម្លើយ​ទាំង​អស់​គ្នា​តាម​រយៈ​ការ​អាន​សៀវភៅ ឬ​ប្រើ​អ៊ិនធើណែត តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​បាន។

3. ការអាន

ការ​អាន ឬ​ការ​ស្វែង​រក​អ្វី​មួយ​តាម​រយៈ​សៀវភៅ​ជាមួយ​កូន​របស់​អ្នក​ពិត​ជា​សំខាន់ ប៉ុន្តែ ការ​សួរ​សំណួរ​ និង​ការ​បង្កើត​ការ​ពិភាក្សា​លើ​អ្វី​ដែល​អ្នក​បាន​អាន និង​រូបភាព​ដែល​អ្នក​បាន​ឃើញ គឺ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ពង្រីក​ការ​គិត និង​ការ​រៀន​របស់​កូនៗ។

តើ​អ្នក​គួរ​អាន​ឱ្យ​កូនៗ​ទើប​កើត ឬ​ក្មេង​តូចៗ​ស្ដាប់​ដែរ​ទេ? ចម្លើយ​នោះ គឺ​ពិត​ជា​ត្រូវ​អាន ព្រោះ​ថា​កុមារ​មិនមែន​ក្មេង​ពេក ឬ​ចាស់​ពេក​ក្នុង​ការ​ស្ដាប់​ការ​អាន​របស់​អ្នក​ឡើយ​។

4. តន្រ្តី

តន្រ្តី​​ផ្សារ​ភ្ជាប់​គ្រប់​ចំណុច​ទាំង​អស់​នៃ​ខួរ​ក្បាល និង​រំញោច​ដល់​តួនាទី​ខួរ​ក្បាល​ជា​ច្រើន​ឱ្យ​មាន​ចលនា​។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​បទពិសោធន៍​ពី​តន្រ្តី​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ជា​ពិសេស​បទ​ភ្លេង និង​ការ​ច្រៀង​តាម​តន្រ្តី ឬ​ចម្រៀង។

5. សិល្បៈ

សិល្បៈ​ផ្សារ​ភ្ជាប់​ចំណុច​នានា​នៃ​ខួរ​ក្បាល​ដែល​ជួយ​ដល់​ការ​ពង្រីក​ការ​សិក្សា​ញាណ ការ​យល់​ដឹង​ អារម្មណ៍ និង​កាយ​សម្បទា​របស់​កុមារ។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​ឱកាស​ច្រើន​ក្នុង​ការ​គូរ លាប​ពណ៌ សាង​សង់ និង​បង្កើត​វត្ថុ​សិល្បៈ​នានា។

6. ចលនា/ការហាត់ប្រាណ

ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឱ្យ​បេះដូង​លោត​ញាប់​ជាង​មុន គឺ​មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កាយ​សម្បទា​របស់​កុមារ និង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា បន្ទាប់​ពី​កុមារ​បាន​ធ្វើ​ការ​ហាត់​ប្រាណ រាង​កាយ​របស់​ពួកគេ​ចាប់​ផ្ដើម​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​អនុញ្ញាត​ឱ្យ​ខួរ​ក្បាល​របស់​ពួកគេ​មាន​ការ​សិក្សា​ប្រសើរ​ជាង​មុន។

សកម្មភាព និង​ចលនា​រាង​កាយ​ជំរុញ​ឱ្យ​ខួរ​ក្បាល​មាន​ការ​អភិវឌ្ឍ និង​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​ទំនាក់​ទំនង​ក្នុង​ការ​សិក្សា​កាន់​តែ​លូត​លាស់។

ការ​ហាត់​ប្រាណ​ជា​ប្រចាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ផ្សេងៗ​មាន​សារ​សំខាន់​ក្នុង​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សុខភាព​ខួរ​ក្បាល​របស់​កុមារ​ល្អ។

7. ក្ដីស្រឡាញ់

ទំនាក់​ទំនង​ដែល​មាន​ការ​គាំទ្រ និង​ការ​ស្រឡាញ់ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​លូតលាស់​របស់​ខួរ​ក្បាល​របស់​កុមារ។

កុមារ​រៀន​ពី​ការ​ខ្វាយ​ខ្វល់ និង​វិធី​ទទួល​យក​អារម្មណ៍​តាន​តឹង​ដែល​អ្នក​ផ្ដល់​ឱ្យ ដូច្នេះ ប្រសិន​បើ​អ្នក​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត កូន​របស់​អ្នក​នឹង​មាន​ដូច​គ្នា។

កូន​របស់​អ្នក​ត្រូវ​ការ​ឱ្យ​អ្នក​ស្រឡាញ់​ពួក​គេ ថ្នាក់​ថ្នម​ពួក​គេ និង​លើក​ទឹក​ចិត្ត​ពួក​គេ។

តាម​ការ​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​ខួរ​ក្បាល​ពី 30 ទៅ 60 ភាគ​រយ​អាស្រ័យ​លើ​ទំនាក់​ទំនង​ជាមួយ​នឹង​បរិយាកាស និង​មនុស្ស​ជុំវិញ។

8. អាហារូបត្ថម្ភ

អ្នក​ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​ខួរ​ក្បាល​ ដែល​អាហារ​ទាំង​នោះ​មាន​ដូច​ជា បន្លែ​ពណ៌​បៃតង គ្រាប់​សណ្ដែកដី ត្រី ផ្លែ​ឈើ​ស្រស់ សាច់​សត្វ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ។

ចំណែក​ឯ​វីតាមីន និងជាតិរ៉ែ​ចាំ​បាច់​ប្រចាំថ្ងៃ​ក៏​មាន​ចំណែក​ក្នុង​ការ​វិវឌ្ឍ​របស់​ខួរ​ក្បាល​ផង​ដែរ។

សូម​លើក​ទឹក​ចិត្ត​កូនៗ​របស់​អ្នក​ឱ្យ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​វា​អាច​ជួយ​កូនៗ​អ្នក​ឱ្យ​មាន​ស្មារតី​ល្អ ​ព្រម​ទាំង​គ្រប់​គ្រង​កម្រិត​ថាមពល​ក្នុង​រាង​កាយ​របស់​ពួកគេ​បាន​ទៀត​ផង។

9. ការគេង

ពេល​ដែល​កុមារ​គេង​លក់ ខួរ​ក្បាល​របស់​ពួកគេ​ដំណើរ​ការ​រាល់​នូវ​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​នៅ​ពេល​ថ្ងៃ។

ក្នុង​អំឡុង​ពេល​នេះ ការ​ចង​ចាំ​របស់​កុមារ​មាន​ភាព​ខ្លាំង និង​អាច​ចាប់​យក​ជំនាញ និង​កិច្ចការ​ថ្មីៗ​បាន​យ៉ាង​រហ័ស។

ដូច្នេះ វា​ពិត​ជា​ចាំបាច់​សម្រាប់​កុមារ​ក្នុង​ការ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​តម្រូវ​ការ​គេង​នោះ គឺ​ចន្លោះ​ពី 9 ទៅ 10 ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ គឺ​ជា​គន្លឹះ​សម្រាប់​អនាគត​របស់​ពួក​គេ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​កំណើត​របស់​ពួកគេ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ ទោះ​បី​ជា​ឆ្នាំ​ទាំង​នោះ​កន្លង​ទៅ​ឆាប់​រហ័ស​ក៏​ដោយ។

ចូរ​ចំណាយ​ពេល​លេង និយាយ អាន ច្រៀង សើច រាំ បង្កើត និងសប្បាយ​ជាមួយ​កូន​ឱ្យ​បាន​ច្រើន។

ជំរុញ​កូនៗ​ឱ្យ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ គេង​បាន​គ្រប់​គ្រាន់ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កូន​របស់​អ្នក​នឹង​មាន​ជីវិត​ពោរ​ពេញ​ទៅ​ដោយ​សក្ដានុពល​ប្រសិន​បើ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នក៕

អត្ថបទដើម៖ Early brain development & learning

តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

on Tuesday, 23 January 2018. Posted in Classes, Parenting Tips, Activities

គ្រប់​ពាក្យ​ដែល​កុមារ​រៀន គ្រប់​អាកប្បកិរិយា​ដែល​កុមារ​បញ្ចេញ និង​គ្រប់​បទពិសោធន៍​ថ្មីៗ​ដែល​កុមារ​ជួប​ប្រទះ គឺ​ជា​ការ​បណ្ដាក់​ទុន​សម្រាប់​អនាគត​របស់​ពួក​គេ។ ការ​អប់រំ​កុមារ​តូច គឺជា​ការ​សំលៀង និង​បង្កើត​រូបរាង​ឱ្យ​កុមារ​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណើរ​ជីវិត​របស់​ពួកគេ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ដែល​បាន​ផ្ដល់​ដោយ​ការ​អប់រំ​កុមារ​តូច។

nursery edu to primary with diana

ការរៀនសហការ

ការ​​អប់រំ​​កុមារ​​តូច​​អនុញ្ញាត​​កុមារ​​​ឱ្យ​រៀន​ពី​ការ​​សហការ ចែក​​រំលែក ខំ​​ព្យាយាម និង​​ផ្លាស់​​ប្ដូរ​​វេន​​ក្នុង​​បរិយាកាស​​កន្លែង​​ដែល​​មាន​​សុវត្ថិភាព​​ក្នុង​​ការ​​រៀន​​ដែល​​មាន​​អ្នក​​ជំនាញ​​​ចាំ​ណែនាំ​​ពួក​​គេ។ បើ​​ទោះ​​បី​ជា​​វា​​អាច​​នឹង​​​ជា​​មេរៀន​​​ដ៏​​ពិបាក វា​​ក៏​​អាច​​ជា​​ការ​​ចាំបាច់​​សម្រាប់​​កុមារ​​ក្នុង​​ការ​​រៀន​​សហការ​​ជាមួយ​​អ្នក​​ដទៃ​​តាំង​​​ពី​​វ័យ​​ក្មេង។

ការយល់ដឹងពីការចូលក្នុងសង្គម

ការ​​ចូល​​ចំណោម​​ជាមួយ​​អ្នក​​ដទៃ​​ក្រៅ​ពី​​គ្រួសារ​​ដែល​​ជា​​តំបន់​​មាន​​សុវត្ថិភាព​​ដល់​​កុមារ​នោះ​ គឺ​​ជា​មូលដ្ឋានគ្រឹះ​ដំបូង​ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​កុមារ។ ឪពុក​ម្ដាយ​យល់​ពី​ភាព​សំខាន់​នៃ​ការ​ណែនាំ​កូនៗ​ឱ្យ​ក្មេង​ដទៃ និង​គាំទ្រ​ការ​ផ្លាស់ប្ដូរ​របស់​ពួកគេ​នៅ​ក្នុង​ក្រុម​ផ្ទាល់​ខ្លួន។ ការ​អនុញ្ញាត​កូនៗ​ឱ្យ​រាប់​អាន​ជាមួយ​ក្មេង​ដទៃ​អាច​ជួយ​ពួក​គេ​ឱ្យ​ជំនះ​ភាព​ខ្មាស់​អៀន និង​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

ការ​អភិវឌ្ឍជាមូលដ្ឋានសម្រាប់ផ្នែកសំខាន់ៗ

ការ​អភិវឌ្ឍ​ជាមូលដ្ឋាន គឺ​ជា​ការ​កសាង​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សង្គម រាង​កាយ​ ចិត្ត​សាស្ត្រ និង​អារម្មណ៍។ គ្រូ​បង្រៀន​កុមារ​តូច​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​ជំនួយ​សម្រាប់​គ្រប់​កុមារ និង​បង្កើត​សកម្មភាព និង​កម្មវិធី​សម្រាប់​ពួក​គេ។ ជាមួយគ្នា​នេះ​ផង​ដែរ មិត្ត​ភក្ដិ​ក៏​មាន​សារ​សំខាន់​សម្រាប់​ករណី​នេះ​ដែរ ព្រោះ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សកម្មភាព​ដែល​មាន​ការ​សហការ​គ្នា និង​អាច​ជួយ​បាន។

មានភាពរីករាយ និងកម្លាំងក្នុងការរៀនមិនឈប់ឈរ

មេរៀន​ត្រូវ​តែ​ផ្ដល់​ជូន​សម្រាប់​កុមារ​ក្នុង​លក្ខណៈ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​សប្បាយៗ​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កុមារ​ឱ្យ​ក្លាយ​ជា​អ្នក​រៀន​សូត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព។ វា​ជា​ការ​ពិត​ក្នុង​ការ​ធ្វើ​ជា​គំរូ​សម្រាប់​កុមារ​ទាំង​នេះក្នុង​ការ​រៀន​សូត្រ​ប្រកប​ដោយ​ភាព​រីករាយ និង​ចំណង់។ ក្ដី​ស្រឡាញ់​របស់​កុមារ​ដែល​មាន​ចំពោះ​ការ​សិក្សា​ត្រូវ​ចាក់​គ្រឹះ​តាំង​ពី​ពេល​ពួក​គេ​ដល់​វ័យ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប។

ការយល់ដឹងពីគុណតម្លៃនៃការសិក្សាតាមរយៈបទពិសោធន៍

អ្នក​អប់រំ​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​ធ្វើ​ជា​គំរូ និង​ផ្ដល់​​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែងដើម្បី​ជួយ​ពួក​គេ​ឱ្យ​ចាប់​យក​តម្លៃ​នៃ​ការ​សិក្សា និង​ការ​រៀន​សូត្រ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ទោះបី​ជា​ឪពុកម្ដាយ គឺ​ជា​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​សម្រាប់​កុមារ ក៏​ប៉ុន្តែ ការ​ឱ្យ​ពួក​គេ​ចូល​រៀន​នៅ​សាលារៀន​ក៏​អាច​ផ្ដល់​នូវ​បរិយាកាស​ថ្មី​នៅ​ក្នុង​ការ​អប់រំ​ដែល​នៅ​ជាមួយ​គេ​ក្នុង​ដំណើរ​ជីវិត​នៃ​ការ​សិក្សា​ទៅ​អនាគត។

ការរៀនអំពីគុណតម្លៃនៃការគោរព

ថ្នាក់​រៀន​មតេយ្យ​កម្រិត​ទាប​បង្រៀន​កុមារ​ឱ្យ​ចេះ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​គោរព​សម្រាប់​អ្នក​ដទៃ។ នេះ​រួម​បញ្ចូល​ទាំង​មនុស្ស កម្មសិទ្ធិ និង​បរិស្ថាន។ សកម្មភាព​នេះ​នឹង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ការ​រៀន​នៅ​សាលា​ដែល​កុមារ​ចែក​រំលែក​របស់​ផ្សេងៗ និង​គ្រូ​បង្រៀន​បង្រៀន​ពី​របៀប​របប និង​កាតព្វ​កិច្ច​របស់​ប្រជាជន។

ការដឹងពីរបៀបធ្វើការជាក្រុម

ការ​អប់រំ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​បង្ហាញ​ពី​សារសំខាន់​នៃ​ការងារ​ក្រុម​ដែល​អាច​បង្រៀន​ឱ្យ​ពួក​គេ​ចេះ​គោរព​គំនិត ឬ​មតិ​របស់​អ្នក​ដទៃ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ វា​ក៏​អាច​បង្រៀន​ពី​គុណ​តម្លៃ​នៃ​ការ​ស្ដាប់ និង​សមភាព។ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ជា​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ក្រុម ពី​ព្រោះ​បុគ្គល​ដែល​អាច​រៀន​ពី​វិធី​ធ្វើការ​ក្នុង​ក្រុម​ពេល​ដែល​ពួកគេ​មាន​វ័យ​តូចៗ​នឹង​ងាយ​ស្រួល​ក្នុង​ការ​សម្រប​តាម​ស្ថានភាព​ផ្សេងៗ និង​អាច​ទទួល​បាន​ការងារ​រហ័ស។

ការអភិវឌ្ឍភាពអំណត់

ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជួយ​កូនៗ​ឱ្យ​អាច​អភិវឌ្ឍ​ភាព​អត់​ធ្មត់​តាំង​ពី​នៅតូច។ ដោយ​ការ​អភិវឌ្ឍ​នូវ​បរិយាកាស​មួយ​ដែលមាន​សុវត្ថិភាព យុត្តិធម៌ និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ គឺ​ជា​ការ​បង្កើត​នូវ​ការ​រំពឹង​ទុក​ដ៏​ប្រាកដ ហើយ​ក្មេងៗ​ក៏​អាច​មាន​សមត្ថភាព​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ និង​ខ្លួន​ពួក​គេ។

គ្រូ​បង្រៀន​ត្រូវ​តែ​ផ្ដល់​នូវ​បរិយាកាស​ដ៏​ប្រកួត​ប្រជែង​មួយ​ដែល​កុមារ​អាច​រៀន​តាម​រយៈ​ការ​អនុវត្ត​តាំង​ពី​លើក​ដំបូង។ បើ​ទោះបី​ជា​កុមារ​មាន​ការ​វាយ​តប់​គ្នា ឬ​ធ្លាប់​ចាញ់​ហ្គេម​ជា​ញឹកញាប់​ក៏​ដោយ​ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​បង្កើត​នូវ​វិធីសាស្ត្រ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ជីវិត​កាន់​តែ​ប្រសើរ។

ការអភិវឌ្ឍជំនាញដើម្បីផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ

ក្នុង​អំឡុង​ពេល​រៀន​ថ្នាក់​អប់រំ​កុមារ​តូច កុមារ​អាច​រុក​រក​គ្រប់​ឱកាស​ទាំង​អស់​ដែល​អាច​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​បទពិសោធន៍​ថ្មីៗ បរិយាកាស​ថ្មី និង​មិត្ត​ភក្ដិ​ថ្មី​ជា​ដើម។ ពួកគេ​មាន​ចិត្ត​ស្រមើ​ស្រមៃ និង​ប្រកប​ដោយ​ថាមពល។

ការអនុវត្តភាពអត់ធ្មត់

ជា​រៀងរាល់​ថ្ងៃ មនុស្ស​ពេញវ័យ​ត្រូវ​ឆ្លង​ការ​នូវ​ស្ថានភាព​គ្រប់​បែប​យ៉ាង​ដែល​ភាព​អត់ធ្មត់​របស់​ពួកគេ​ត្រូវ​បាន​គេ​យក​មក​សាក​ល្បង។ កុមារ​ត្រូវ​ការ​ឱកាស​ដើម្បី​ប្រឡូក​ចូល​ក្នុង​បទពិសោធន៍​សង្គម​យ៉ាង​ច្រើន​ដែល​បទពិសោធន៍​ទាំង​នោះ​អាច​ឱ្យ​ពួកគេ​ស្វែង​រក និង​អនុវត្ត​ភាព​អត់ធ្មត់​របស់​ពួក​គេ។ ការ​បង្រៀន​តាម​រយៈ​ការ​ផ្ដល់​ជា​គំរូ បទ​ពិសោធន៍​សង្គម និង​ឧទាហរណ៍​នឹង​ជួយ​ពួក​គេ​ឱ្យ​អភិវឌ្ឍ​ភាព​អំណត់​របស់​ពួក​គេ និង​ស្វែង​យល់​ពី​សារ​សំខាន់​នៃ​ការ​រង់ចាំ​ដើម្បី​ដល់​វេន​របស់​ពួក​គេ។ នៅ​ក្នុង​សាលា​ដែល​មាន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប មាន​ការ​រៀប​ចំ​ទោង​ឱ្យ​កុមារ​ជិះ​លេង​កម្សាន្ត ហើយ​កុមារ​ត្រូវ​តែ​ចែក​រំលែក​កន្លែង​លេង​តាម​លំដាប់​លំដោយ៕

អត្ថបទដើម៖ How Early Childhood Education Helps a Child Develop his Life Skills

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: