Articles tagged with: pre school

ត្រៀមខ្លួនសម្រាប់ថ្នាក់មត្តេយ្យកម្រិតទាប៖ តើអាយុប៉ុន្មានទើបសមនឹងឱ្យកូនចូលរៀនបំផុត?

on Thursday, 15 November 2018. Posted in Classes, Parenting Tips, Activities, Curriculum

តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​រៀប​ចំ​ឱ្យ​កូន​តូចៗ​របស់​អ្នក​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប? នេះ គឺ​ជា​សំណួរ​មួយ​ដែល​អាច​ផ្ញើ​ទៅ​ដល់​បេះដូង​ឪពុក​ម្ដាយ​ថ្មី​ថ្មោង។ ហើយ​តើ​ឪពុក​ម្ដាយ​ណា​ចង់​ដក​ឃ្លា​នៅ​ឆ្ងាយ​ពី​កូន​តូច​ជា​ទី​ស្រឡាញ់​នោះ? ឪពុក​ម្ដាយ​ខ្លះ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រហែល ២ ឆ្នាំម្ល៉េះ ហើយ​ឪពុក​ម្ដាយ​ខ្លះ​ទៀត​បាន​បញ្ជូន​កូន​ទៅ​រៀន​រាង​យឺត​បន្តិច​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។

preschool20boys20painting

តាម​ប្រសាសន៍​របស់​អ្នក​ស្រី ធីណា ហ្សាម៉ូរ៉ា នាយិកា​នៃ​សាលា​នេស​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​បាន​ឱ្យ​ដឹង​ថា “កុមារ​មិន​តម្រូវ​ឱ្យ​ទៅ​សាលា​មុន​ពួក​គេ​មាន​អាយុ ៥ ឆ្នាំ​ដាច់​ខាត​នោះ​ទេ។ ប៉ុន្តែ មាន​កម្មវិធី​សិក្សា​ល្អៗ​សម្រាប់​កុមារ​តូចៗ​ដែល​អ្នក​ចាប់​ផ្ដើម​ឱ្យ​កូន​រៀន​តាំង​ពី​អាយុ​ជាង ១ ឆ្នាំ។ កម្មវិធី​នេះ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​សង្គម និង​ការ​ប្រើ​ចលនា​សាច់​ដុំ។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ២ ដល់ ៤ ឆ្នាំ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប គឺ​មាន​ប្រយោជន៍​សម្រាប់​ជំនាញ​សង្គម និង​អារម្មណ៍ ព្រោះ​វា​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត ឬ​ក៏​បង​ប្អូន​របស់​គេ​ជា​ដើម។ ជំនាញ​អាន​អក្សរ​កម្រិត​មូលដ្ឋាន​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​អភិវឌ្ឍ។ អ្វី​ដែល​សំខាន់​នោះ គឺ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​ផ្ដល់​នូវ​បទពិសោធន៍​ដែល​សប្បាយ​រីករាយ​ដល់​កូន​របស់​អ្នក​ក្នុង​ការ​ជួប​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត ដោយ​ពួក​គេ​អាច​ស៊ាំ​នឹង​ទម្លាប់​ល្អៗ និង​អភិវឌ្ឍ​គ្រប់​ជំនាញ​ដែល​ពួក​គេ​កំពុង​ចាប់​ផ្ដើម​សិក្សា និង​ស្វែង​យល់។”

អ្នកស្រី​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កុមារ​នីមួយៗ​អាច​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ប៉ុន្តែ​ សាលា​មួយ​ចំនួន​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​រៀន​ចូល​បន្ទប់​ទឹក​ជា​មុន​សិន ឬ​ក៏​អាច​នឹង​ចង់​ដឹង​ប្រសិន​បើ​មិន​មាន​តម្រូវ​ការ​ពិសេស​ខ្លះ​ដែល​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ពេទ្យ​កុមារ​ជាមុន​ដូច​ជា​ការ​ពន្យារ​ពេល​និយាយ (កុមារ​មិន​អាច​និយាយ​បាន​ដូច​ក្មេង​ដទៃ​ក្នុង​អាយុ​ប្រហាក់​ប្រហែល​គ្នា) ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដូច​ជា​អង្គុយ ឈរ ដើរ ចាប់​កាន់​របស់ ។ល។ ឬ​ក៏​មាន​បញ្ហា​នានា​ដែល​ត្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ក្មេង​ដទៃ​ជាដើម។ ប្រសិន​បើ​ពួក​គេ​មិន​មាន​បញ្ហា​ទាំង​អស់​នេះ​ទេ ពួក​គេ​អាច​ចូល​រៀន​ដោយ​រីក​រាយ។”

ទន្ទឹម​នឹង​នេះ​ដែរ មិន​មាន​ក្បួន​ច្បាប់​ពិបាក​ពេក ឬ​រហ័ស​ពេក​សម្រាប់​អាយុ​ដែល​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​នោះ​ទេ។ ប៉ុន្តែ មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ពិចារណា​ក្នុង​ការ​កំណត់​ការ​ត្រៀម​ខ្លួន​ចូល​រៀន​ដើម្បី​ឱ្យ​ពួក​គេ​ទម្លាប់​នឹង​សាលា​រៀន​។ អ្នក​ត្រូវ​ចាំ​ថា កូន​របស់​អ្នក​អាច​នឹង​យល់​ថា​ទម្លាប់​នៃ​ការ​សិក្សា​នៅ​សាលា​ខុស​គ្នា​ពី​ទម្លាប់​ដែល​ពួកគេ​រស់​នៅ​ឯ​ផ្ទះ។

1- ឯករាជ្យ​ភាព៖ តើ​កូន​របស់​អ្នក​ត្រូវ​ការ​ជំនួយ​ប៉ុន្មាន​រាល់​ថ្ងៃ? ថ្នាក់​មត្តេយ្យ​សិក្សា​កម្រិត​ទាប​តម្រូវ​ឱ្យ​សិស្ស​យល់​ដឹង​ដោយ​ខ្លួន​ឯង ជា​ពិសេស គឺ​ការ​យល់​ដឹង​ពី​អនាម័យ និង​ការ​ថែ​រក្សា​ខ្លួន។ កូន​របស់​អ្នក​ត្រូវ​ចេះ​បន្ទោបង់​ដោយ​ខ្លួន​ឯង ចេះ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​ដោយ​ខ្លួន​ឯង ចេះ​សម្អាត និង​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ចេះ​រៀបចំ​ទុក​ដាក់​របស់​លេង​រួច​ដោយ​ខ្លួន​ឯង និង​ចេះចូល​គេង​ដោយ​ខ្លួន​ឯង ដែល​ទាំង​នេះ គឺ​ជា​ជំនាញ​ខ្លះៗ​ដែល​ពួក​គេ​ត្រូវ​មាន​។

សមត្ថភាព​កូន​របស់​អ្នក​ត្រូវ​ផ្ដោត​សំខាន់ និង​គ្រប់គ្រង​ខ្លួន​ឯង​សម្រាប់​ពេល​ណា​មួយ​ដែល​ត្រូវ​មាន​កិច្ចការ​ផ្ទាល់​ខ្លួន​ និង​សកម្មភាព​ខ្លះ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​ផ្ចង់​ស្មារតី​ដើម្បី​បញ្ចប់។

​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ពេល​បែកគ្នា​អាច​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ដែល​អ្នក​ជូន​គេ​ដល់​មុខ​សាលា ជា​ពិសេស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​នោះ។

ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទម្លាប់​នឹង​បញ្ហា​នេះ អ្នក​អាច​ជួយ​បាន​ដោយ​អនុញ្ញាត​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​ទំនុក​ចិត្ត និង​ការ​ចេះ​ពឹង​ពាក់​លើ​ខ្លួន​ឯង។ អ្នក​ត្រូវ​តាម​ដាន​តើ​អ្វី​ដែល​អាច​ឱ្យ​ពួក​គេ​លេង​ដោយ​ខ្លួន​ឯង​។ អ្នក​អាច​បង្ហាញ​នូវ​សកម្មភាព​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ស័ក្ដិសម​សម្រាប់​អាយុ​របស់​ពួក​គេ​ឱ្យ​គេ​លេង​ពេល​ដែល​អ្នក​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​នោះ។ វិធី​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​ឱ្យ​កូន​របស់​អ្នក​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​សម្រាប់​ភាព​ឯករាជ្យ​បន្តិច​ម្ដងៗ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ឃ្លាត​គ្នា និង​បញ្ហា​ចម្លែកៗ អ្នក​ត្រូវ​ឱ្យគេ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត និង​ចំណាយ​ពេល​ជាមួយ​នឹង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ក៏​អាច​ជួយ​សម្រាល​បញ្ហា​នេះ​បាន​ដែរ។ កុមារ​ដែល​មាន​អ្នក​មើល​ថែ​ច្រើន​ជាង​ម្នាក់ ឬ​ទម្លាប់​រស់​នៅ​ជាមួយ​មនុស្ស​ឯ​ទៀត​ពេល​ដែល​អ្នក​មិន​នៅក្បែរ ច្រើន​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​នឹង​មនុស្ស​ថ្មីៗ និង​កន្លែង​ថ្មីៗ។

2- ស្មគ្រចិត្ត​ក្នុង​ការ​ចូល​រួម៖ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ច្រើន​តែ​មាន​ដូច​ជា​ការ​ច្រៀង​ជា​ក្រុម ការ​និទាន​រឿង ដែល​តម្រូវ​ឱ្យ​កុមារ​ត្រូវ​អង្គុយ​ស្ងៀម​ដើម្បី​ស្ដាប់ និង​រៀន​ជាមួយ​គ្នា។ កុមារ​ដែល​រពឹស​តាំង​ពី​កំណើត អាច​នឹង​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​នូវ​ការ​អភិវឌ្ឍ​ចំណុច​នេះ​ដែល​តម្រូវ​ឱ្យ​គេ​ត្រូវ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នោះ។

ការ​ណែនាំ​​កូន​របស់​អ្នក​បន្តិច​ម្ដងៗ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នានា​ក៏​អាច​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ក្មេង​ដទៃ។ ហើយ​ការ​លេង​ជា​ក្រុម​ជាមួយ​នឹង​បង​ប្អូន​ជីដូន​មួយ​របស់​ពួក​គេ ឬ​ក៏​កូន​មិត្ត​របស់​អ្នក​ក៏​អាច​ចូលរួម​ចំណែក​ឱ្យ​ពួកគេ​ងាយ​ក្នុងការ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅ​សាលា​ផង​ដែរ។

3- ការ​ត្រៀម​ខ្លួន​សម្រាប់​ទម្លាប់​នានា៖ ភាព​តាន​តឹង​របស់​កុមារ​នឹង​ត្រូវ​កាត់​បន្ថយ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​មាន​ទំនុកចិត្ត។ ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​អនុវត្ត​តាម​កាល​វិភាគ​ធម្មតា​ដែល​កុមារ​ដឹង​ថា​ត្រូវ​រំពឹង​អ្វីខ្លះ​ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ និង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង។ ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ទម្លាប់​បាន​ទេ​ អ្នក​ត្រូវ​រៀបចំ​កាល​វិភាគ​ក្នុង​ការ​ធ្វើកិច្ចការ​ដដែល​ក្នុង​ម៉ោង និង​ពេល​ដដែល​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​កូន​របស់​អ្នក​ចាប់​ផ្ដើម​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​កំណត់ នោះ​អ្នក​កំពុង​ទទួល​បាន​ជោគជ័យ​ហើយ។

4- ថាមពល​ក្នុង​ម៉ោង​សិក្សា៖ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​អាច​នឹង​ត្រូវ​ឱ្យ​សិស្ស​សិក្សា​ពី៣ ទៅ ៤ ម៉ោង​ ដល់​ពេញ​មួយ​ថ្ងៃ។ ការ​កំណត់​នេះ​ត្រូវ​ប្រើ​សម្រាប់​កុមារ​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សិក្សា និង​កុមារ​ដែល​កំពុង​តែ​សម្រប​ខ្លួន​តាម​ទម្លាប់​ថ្មី មនុស្ស​ថ្មី និង​បរិយាកាស​ថ្មី។ សកម្មភាព​ដែល​បាន​រៀបចំ​ទាំងឡាយ​ត្រូវ​ប្រើ​ដើម្បី​ឱ្យ​សិស្ស​ប្រើ​កម្លាំង និង​ថាមពល​របស់​ពួកគេ​ឱ្យ​ដល់​ចប់​ម៉ោង​សិក្សា។ ត្រូវ​សង្កេត​មើល​ឱ្យ​ម៉ត់ចត់​ប្រសិន​បើ​កូនងាយ​នឹង​ហត់ ហើយ​ចង់​គេង​ច្រើន​ខុស​ពី​ធម្មតា។ អ្នក​អាច​ជួយ​កូន​ឱ្យ​គេង​ពេល​យប់​ឱ្យ​បាន​ទៀង​ទាត់ និង​គេង​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច។ កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​រយៈ​ពេល​ខ្លី​ប្រាកដ​ជា​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង​ដែល​អាច​ឱ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​មាន​មេរៀន​ច្រើនៗ​នោះ។

5- ហេតុ​ផល​របស់​អ្នក៖ ចំណុច​បញ្ចប់ គឺ​អ្នក​ត្រូវ​គិត​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ឱ្យ​កូន​ចូល​រៀន។ តើ​នេះ​ព្រោះ​តែ​អ្នក​មាន​អារម្មណ៍​ថា​កូន​គួរ​តែ​ចូល​រៀន​ដើម្បី​ឱ្យ​ស៊ាំ​ជាមួយ​នឹង​បរិយាកាស​របស់​សាលា ឬ​ក៏​អ្នក​គ្រាន់តែ​ស្វែងរក​សេវាកម្ម​មើល​ថែ​កូន​ប៉ុណ្ណោះ? តើ​អ្នក​បារម្ភ​ថា​កូន​របស់​អ្នក​អាច​នឹង​ត្រូវ​ទុក​ចោល​ទេ?

អ្នក​ត្រូវ​ចាំ​ថា ក្ដី​ស្រឡាញ់ ផ្ទះ​ដ៏​កក់​ក្ដៅ គ្រួសារ និង​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ល្អ​សម្រាប់​កូន​របស់​អ្នក​នា​ពេល​អនាគត​។ ហើយ​ក៏​មាន​ជម្រើស​ច្រើន​ដើម្បី​ជ្រើសរើស​ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រៀន​ដើម្បី​ឱ្យ​បាន​វត្តមាន​ពេញ​នោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​របស់​កុមារ។

យ៉ាង​ណា​មិញ ប្រសិន​បើ​ហេតុ​ផល​សំខាន់​របស់​អ្នក គឺ​ជា​ហេតុផល​ដែល​អ្នក​ចង់​ឃើញ​គេ​ចង់​រៀន និង​ស្វែង​យល់​ពី​អ្វី​ថ្មីៗ​ដែល​កូន​មាន និង​ការ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត នោះ​អាច​នឹង​ដល់ពេល​ត្រូវ​ឱ្យ​កូន​ចូល​រៀន​ហើយ៕

អត្ថបទដើម៖ Preschool Readiness: What's the Best Age to Get Your Child to School?

 

អត្ថបទផ្សេងទៀត៖

ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?

ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ

ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ

ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ

តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

សារសំខាន់នៃការសិក្សាពីរភាសា

 

សាលា​អន្តរជាតិ លីបឺធី បាន​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​អប់រំ​កុមារ​តូច​ដែល​មាន​គុណភាព​ដ៏​ល្អ​ដោយ​មាន​ការ​សិក្សា​នូវ​កម្មវិធី​សិក្សា​ជា​លក្ខណៈ​អន្តរជាតិ។ ទទួល​ចុះ​ឈ្មោះ​ជា​រៀង​រាល់​ថ្ងៃ។ សូម​មក​កាន់​សាលា​ដោយ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​បន្ថែម។

Liberty has an established, mature Early Childhood Education program complete with an international preschool curriculum. Enrollment is ongoing, please drop by the school for more information.
______________________________
សាលា​អន្តរជាតិ លីបឺធី | Liberty International School
Tel: 023 631 2857 / 095 712 165
# 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh
Googly maps: https://goo.gl/maps/Jp2c2icBi8R2
www.libertycambodia.com
#internationalschool #phnompenh

ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?

on Thursday, 08 November 2018. Posted in Classes, Parenting Tips, Activities, Curriculum

Child Care Picture 647x399

វគ្គ​សិក្សា​កម្រិត​មតេ្តយ្យ​ផ្ដល់​ជូន​នូវ​ការ​សិក្សា និង​ការ​ថែ​ទាំ​សម្រាប់​កុមារ​តូចៗ​នឹង​ជួយ​ឱ្យ​ពួក​គាត់​មាន​ការ​លូត​លាស់​ជំនាញ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ថ្នាក់​បឋម​សិក្សា។

ពេល​ដែល​អ្នក​គិត​ពី​ថ្នាក់​មតេ្តយ្យ តើ​អ្នក​ប្រមើល​គិត​ពី​អ្វី? តើ​អ្នក​ខ្លាច​ថា​កូន​របស់​អ្នក​នៅ​កូន​ពេក​ក្នុង​ការ​ចូល​រៀន​មែន​ទេ? តើ​អ្នក​មាន​ភាព​ភ័យ​ខ្លាច​ថា​កូន​របស់​អ្នក​មិន​ទម្លាប់​នឹង​ការ​ឃ្លាត​ពី​អ្នក​ឬ? ប៉ុន្តែ អ្នក​មិន​គួរ​បារម្ភ​ពី​បញ្ហា​ទាំង​នោះ​ទេ ពី​ព្រោះ​ថ្នាក់​មតេ្ដយ្យ​មាន​តែ​ជួយ​ដល់​កូន​របស់​អ្នក​ប៉ុណ្ណោះ។

អត្ថ​ប្រយោជន៍​សម្រាប់​វគ្គ​សិក្សា​របស់​កុមារ​តូច

ក្មេងៗ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ចូល​រៀន​ថ្នាក់​មតេ្ដយ្យ ពីព្រោះ​​ពួក​គេ​នឹង​ចាប់​ផ្ដើម​រៀន​ស្គាល់​លេខ អក្សរ និង​រូប​រាង​នៃ​រូបភាព​ដែល​មាន​នៅ​ទី​នោះ។ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត ពួក​គេ​នឹង​អភិវឌ្ឍ​ជំនាញ​សង្គម និង​អារម្មណ៍​របស់​ពួក​គេ។ ពួកគេ​នឹង​រៀន​ពី​ការ​ចុះ​សម្រុង​ជាមួយ​ក្មេង​ដទៃ​ទៀត និង​ការ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។

ថ្នាក់​មតេ្ដយ្យ​ផ្ដល់​ឱ្យ​កុមារ​គ្រប់​រូប​នូវ​ឱកាស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្មេង​ដទៃ រៀន​អំពី​ខ្លួន​របស់​ពួក​គេ​ផ្ទាល់ រៀន​ពី​ការ​ដោះ​ស្រាយ​បញ្ហា បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

  • ថ្នាក់​មតេ្ដយ្យ​ផ្ដល់​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​ និង​ការ​ប្រាស្រ័យ​ទាក់​ទង
  • ថ្នាក់​មតេ្ដយ្យ​ផ្ដល់​ឱកាស​ឱ្យ​ក្មេងៗ​ទម្លាប់​នឹង​បរិយាកាស​សិក្សា​ដែល​មាន​ការ​រៀប​ចំ​តាម​គ្រូ​បង្រៀន​ជា​អ្នក​កំណត់
  • ថ្នាក់​មតេ្ដយ្យ​នឹង​ជួយ​ក្មេងៗ​ក្នុង​ការ​រៀប​ចំ​សម្រាប់​ថ្នាក់​បឋម​សិក្សា​ដែល​ជា​កន្លែង​ប្រជុំ​ដោយ​មេរៀន​កាន់​តែ​ច្រើន​
  • ថ្នាក់​មតេ្ដយ្យ​នឹង​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ជំនាញទំនាក់​ទំនង និង​អារម្មណ៍​របស់​ពួក​គេ
  • ថ្នាក់​មតេ្ដយ្យ​នឹង​ជួយ​ដល់​ក្មេងៗ​ឱ្យ​រៀន​ស្វែង​រក​ចម្លើយ​ទៅ​នឹង​សំនួរ​ជា​ច្រើន​របស់​ដែល​ពួក​គេមាន

ពួក​គេ​នឹង​រៀន​ពី ABC និង​លេខ​ 123

ថ្នាក់​មតេ្ដយ្យ​ផ្ដល់​ជូន​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​រៀន​ពី​ការ​ទំនាក់​ទំនង និង​ការ​សិក្សា​ដែល​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​ទទួល​ជោគជ័យ​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា។​

លោកគ្រូ​អ្នកគ្រូ​ប្រើប្រាស់​វិធី​ផ្សេងៗ​ជា​ច្រើន​ក្នុង​ការ​ជួយ​ឱ្យ​ក្មេង​ទាំង​ការ​គិត និង​ការ​រៀន​ពី​ទ្រឹស្ដី។ កុមារ​ពង្រឹង​ជំនាញ​ក្នុង​ការ​គិត និង​ការ​រៀន​ពី​សង្គម និង​ជំនាញ​នៃ​ការ​ធ្វើ​ចលនា​របស់​ពួក​គេ​តាម​រយៈ​ការ​លេង​។​ ឧទាហរណ៍ ការ​គូរ​រូប​ជាមួយ​ខ្មៅ​ដៃ​ពណ៍ ឬ​ខ្មៅ​ដៃ អាច​ធ្វើ​ឱ្យ​ពួក​គេ​ពង្រឹង​ការ​ធ្វើ​ចលនា។ ការ​លោត​ និង​ការ​រត់​ធ្វើ​ឱ្យ​សាច់​ដុំ​របស់​ពួក​គេ​រឹង​​មាំ និង​មាន​តុល្យ​ភាព។ ការ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​ជួយ​ឱ្យ​ពួក​គេ​រីក​ចម្រើន​ផ្នែក​ភាសា និង​ទំនាក់​ទំនង​របស់​ពួក​គេ។ ការ​លេង​អាច​ជួយ​កុមារ​ក្នុង​ការ​ទំនាក់​ទំនង​ខាង​ផ្នែក​អារម្មណ៍ និង​ការ​អនុវត្ត​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ៕

អត្ថបទដើម៖ Why Early Childhood Education Matters?

វិធីបង្រៀនកូនឱ្យចេះទទួលខុសត្រូវលើទង្វើរបស់ខ្លួន

on Tuesday, 25 September 2018. Posted in Parenting Tips, Activities

កុមារ​ទាំង​អស់​អាច​នឹង​ចេះ​បង្កើត​នូវ​លេស​សម្រាប់​ទង្វើ​របស់​ខ្លួន​ក្នុង​ពេល​ណា​មួយ ឧទាហរណ៍​ដូចជា “វា​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​ទេ។” ដែល​ជា​ឃ្លា​ដែល​កុមារ​ចូល​ចិត្ត​ប្រើ​ពេល​ដែល​គេ​ធ្វើ​ខុស​ ឬ​ខូច​របស់​អ្វី​មួយ។ ប៉ុន្តែ សម្រាប់​កុមារ​មួយ​ចំនួន ការ​កុហក​ដែល​ជា​ទម្លាប់​មិន​ដែល​ដាច់​នោះ​អាច​ក្លាយ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

bigstock Happy group of kids smiling at 50861390

ប្រសិន​បើ​កូន​របស់​អ្នក​និយាយ​ថា “ខ្ញុំ​បាន​វាយ​នាង ព្រោះ​នាង​បាន​ទាត់​ខ្ញុំ​មុន។” ឬ “មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ដែល​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ផ្ទះ ព្រោះ​អ្នក​គ្រូរបស់​ខ្ញុំ​មិន​បាន​ផ្ដល់​ពេល​ឱ្យ​ខ្ញុំ​ធ្វើ​គ្រប់គ្រាន់​ក្នុង​ការ​យក​សៀវភៅ​ពេល​ចេញ​ពី​រៀន។” ដែល​ឃ្លានេះ​ពិត​ជា​សំខាន់ និង​បង្ហាញ​នូវមូលហេតុ​ច្បាស់​លាស់។ បើមិន​អ៊ីចឹង​នោះ​​ទេ កូន​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ​ដែល​ចូលចិត្ត​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ដែល​គេ​បាន​ធ្វើ។

រក្សាភាពស្ងប់

ជៀស​វាង​ការ​ឈ្លោះ​ជាមួយ​នឹង​កូន​របស់​អ្នក​ពេល​ដែល​គេ​សួរ​ពី​អ្វី​ដែល​មិន​មែន​ជា​កំហុស​របស់​អ្នក។ មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប្រើ​កម្លាំង​បាយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ឆ្លើយ​តប​នូវ​ទង្វើ​ទាំង​នោះ​ដោយ​ស្ងប់។ ត្រូវ​បញ្ជាក់​ឱ្យច្បាស់​ពី​លេស​របស់​ពួកគេ​ចំពោះ​ទង្វើ​ដែល​គេ​បាន​ធ្វើ​នោះ​មិនមែន​មាន​ន័យ​ថា​គេ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ឡើយ។

បង្ហាញ​ប្រាប់​គេ​ថា គេ​កំពុង​ប្រើ​លេស ហើយ​រំលឹក​គេ​ពី​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។ អ្នក​ត្រូវ​និយាយ​ថា “កូន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​កូន​បាន​ធ្វើ។” ឬ “កូន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​រក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។”

ជំរុញភាពទទួលខុសត្រូវផ្ទាល់ខ្លួន

បង្រៀន​​កូន​អ្នក​ពី​ភាព​ខុសគ្នា​រវាង​ការ​ពន្យល់​បក​ស្រាយ និង​លេស។ ឧទាហរណ៍ ការ​ប្រាប់​គ្រូ​បង្រៀន​របស់​គេ​ថា​គេ​អវត្ត​មាន មិន​បាន​មក​រៀន​ ព្រោះ​តែ​គេ​ឈឺ គឺ​ជា​ការ​ពន្យល់ រី​ឯ​ការ​ប្រាប់​គ្រូ​របស់​គេ​ថា​ឆ្កែ​របស់​គេ​បាន​ខាំ​ដាច់​សៀវភៅ​​កិច្ចការ​ផ្ទះ​នោះ គឺ​ជា​លេស។

ការ​ពន្យល់​ជា​ផ្នែក​មួយ​នៃ​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន ខណៈ​លេស គឺ​ជា​ការ​ដាក់​បន្ទុក​ដល់​ការ​ស្ដី​បន្ទោស​ដល់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។ ការ​ពន្យល់​ត្រូវ​ប្រើ​សម្រាប់​អ្នក​ដទៃ​ឱ្យ​យល់​ពី​ស្ថានភាព ខណៈ​លេស​ត្រូវ​ប្រើ​ដើម្បី​លាក់​បាំង​កំហុស។

កុមារ​ខ្លះ (ក៏​ដូច​ជា​មនុស្ស​ធំ​ពេញ​វ័យ​ដែរ) មាន​ភាព​ពិបាក​ក្នុង​​ការ​សម្គាល់​ភាព​ខុស​គ្នា។ ប៉ុន្តែ វា​ពិត​ជា​ស័ក្ដិសម​នឹង​ព្យាយាម​ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​យល់​ពី​ភាព​ខុស​គ្នា​ដ៏​ធំ​រវាង​ការ​ដាក់​កំហុស​ទៅ​អ្នក​ដទៃ និង​ការ​ទទួល​ស្គាល់​នូវ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។

បង្កើត​សាច់​រឿង​ខ្លះៗ និង​ឱ្យ​កូន​សម្គាល់​ថា​ពេល​ណា​អ្នក​កំពុង​បង្កើត​លេស និង​ពេល​ណា​អ្នកកំពុងផ្ដល់នូវការពន្យល់។ ការអនុវត្តនេះអាចជួយកូនរបស់អ្នកឱ្យចេះសម្គាល់ភាពខុសគ្នារបស់សាច់រឿងទាំងពីរនេះ។

ជំរុញពួកគេឱ្យបង្ហាញនូវការពន្យល់ និងលេសពេលដែលអ្នកឱ្យពួកគេមើលរឿង ឬអានសៀវភៅរឿង។ ពេលដែលការយល់ដឹងរបស់ពួកគេរីកចម្រើន នោះគេនឹងពួកគេក្នុងការសម្គាល់ថាពេលណានរណាម្នាក់កំពុងព្យាយាមគេចវេសពីទំនួលខុសត្រូវរបស់ខ្លួន។

បង្រៀនពីជំនាញដោះស្រាយបញ្ហា

ពេល​ដែល​កូន​របស់​អ្នក​ព្យាយាម​បន្ទោស​អ្នក​ដទៃ​សម្រាប់​កំហុស ឬ​បញ្ហា​របស់​ខ្លួន​ឯង​នោះ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​គេ​ឱ្យ​ងាក​ត្រឡប់​មើល​ពី​ជម្រើស​ដែល​គេ​ត្រូវ​រើស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លើ​បញ្ហា​នោះ។ ឧទាហរណ៍ ប្រសិន​បើ​គេ​និយាយ​ថា “ខ្ញុំ​ប្រឡង​មិន​សូវ​បាន​ពិន្ទុ​ល្អ ព្រោះ​តែ​គ្រូ​របស់​ខ្ញុំ​មិន​បាន​ពន្យល់​ខ្ញុំ​ពី​របៀប​ធ្វើ​លំហាត់​នោះ។” ហើយ​ត្រូវ​សួរ​គេ​វិញ​ថា “តើ​កូន​គួរ​តែ​ធ្វើអ្វី​ខ្លះ​ពី​ការ​ប្រឡង​នោះ?”។ អ្នក​ត្រូវ​និយាយ​ពី​អ្វី​ដែល​គេ​អាច​សួរ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់ ឬ​ក៏​ស្វែង​រក​ជំនួយ ជា​ជាង​ទម្លាក់​កំហុស​ទៅ​គ្រូ​បង្រៀន​សម្រាប់​ការ​ទទួល​បាន​ពិន្ទុ​តិច​របស់​គេ។

វា​ក៏​មាន​សារសំខាន់​ផង​ដែរ​ដែល​កូន​របស់​អ្នក​អាច​សម្គាល់​នូវ​ជម្រើស​ដែល​គេ​គួរ​ជ្រើសរើស និង​ឆ្លើយ​តប។ ប្រសិន​បើ​បង​ស្រី​របស់​គេ​វាយ​គេ គេ​មិន​ត្រូវ​វាយ​នាង​វិញ​ទេ។ ប៉ុន្តែ គេ​ត្រូវ​សុំ​ឱ្យ​អ្នក​ដទៃ​ជួយ ប្រាប់​នាង​ឱ្យ​ឈប់​វាយ​គេ ឬ​ក៏​ចាក​ចេញ​ពី​កន្លែង​នោះ។ អ្នក​ត្រូវ​បង្រៀន​គេ​ថា​មិន​ថា​មាន​អ្វី​កើត​ឡើង​ជុំវិញ​គេ​ឡើយ គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ជម្រើស​របស់​គេ។

បង្ហាញ​ពី​ការ​មេរៀន​ដែល​បាន​មក​ពី​កំហុស

អ្នក​ត្រូវ​បង្រៀន​កូន​របស់​អ្នក​ថា​រាល់​កំហុស​ដែល​កើត​មាន​ឡើង គឺ​ជា​ឱកាស​ក្នុង​រៀន​សូត្រ។ ពេល​ដែល​កុមារ​យល់​ពី​កំហុស នោះ​ពួក​គេ​នឹង​រៀន​ពី​កំហុស​នោះ ហើយ​ពួក​គេ​នឹង​កាត់​បន្ថយ​ការ​បិទ​បាំង​កំហុស ឬ​ក៏​ទម្លាក់​កំហុស​ទៅ​ឱ្យ​អ្នក​ដទៃ។ អ្នក​ត្រូវ​បង្ហាញ​គេ​ថា ការ​បង្កើត​កំហុស​មិន​មែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​រៀន​សូត្រ​ពី​កំហុស​នោះ ហើយ​ពួកគេ​នឹង​មិន​ប្រព្រឹត្ត​កំហុស​ដដែលៗ​ទៀត​ឡើយ។

សរសើរ​កូនៗ​ពេល​ដែល​គេ​និយាយ​ប្រាប់​ការ​ពិត ឬ​ក៏​ទទួល​ខុសត្រូវ​លើ​ទង្វើ​ដែល​គេ​បាន​ធ្វើ។ ពេល​ដែល​គេ​និយាយ​ថា “ខ្ញុំ​មិន​គួរ​វាយ​នាង​ទេ​បើ​សិន​ជា​នាង​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​។” នោះ​អ្នក​ត្រូវ​រំលឹក​គេ​ជា​រឿយៗ​ថាមិនមាន​អ្នកណា​ម្នាក់​បង្ខំ​គេ​ឱ្យ​ធ្វើអ្វី​ដែល​គេ​កំពុង​ជ្រើសរើស​ធ្វើ​នោះ​ទេ ហើយ​ពេល​ដែល​គេ​និយាយ​តាម​សម្រួល​ពី​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ខុស​ពី​ការ​វាយ​មនុស្ស​នៅ​ពេល​ក្រោយ៕

អត្ថបទដើម៖ How to Teach Your Child to Take Responsibility for His Behavior

គន្លឹះមានប្រយោជន៍ក្នុងការអភិវឌ្ឍភាសាសម្រាប់កុមារ

on Friday, 06 July 2018. Posted in Parenting Tips

children with chidlren at school

ក្នុង​រយៈ​ពេល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ភាសា​សម្រាប់​កុមារ អ្នក​ត្រូវ​តែ​ធ្វើ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត និង​ប្ដេជ្ញា​ក្នុង​អំឡុង​ពេល​ដែល​អ្នក​កំពុង​ជួយ​កូន​ក្នុង​ការ​រៀន​ជំនាញ​ថ្មីៗ។ ជាទូទៅ គេ​ជឿ​ថា ទារក​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ភាសា​សម្រាប់​រយៈ​ពេល ១២ ខែ​ដំបូង និង​ដំណាក់កាល​នៃ​ការ​វិវឌ្ឍ​ភាសា​នេះ​ត្រូវ​បន្ត​រហូត​ដល់​ពួក​គេ​មាន​អាយុ​ខ្ទង់ ៣ ឆ្នាំ ជា​ពេល​ដែល​កុមារ​ចាប់​ផ្ដើម​យល់ និង​និយាយ។

ភាសា​ គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សមត្ថភាព​កុមារ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ បញ្ចេញ​អារម្មណ៍​របស់​គាត់ ហើយ​គាំទ្រ​នូវ​ការ​ដោះស្រាយ​បញ្ហា និង​ការ​គិត​របស់​គាត់។ អ្នក​ត្រូវ​ប្រាកដ​ថា គ្រប់​យ៉ាង​ដែល​អ្នក​ដឹង​ពី​ជំហាន​នៃ​ការ​អភិវឌ្ឍ​ជំនាញ​ភាសា​របស់​កូន​ក្នុង​រយៈ​ពេល​ដំបូង។

ជំហាន​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​កុមារ៖

ពេល​ដែល​កូន​របស់​អ្នក​ចាប់​ផ្ដើម​ចូល​ដល់​អាយុ ៣ ខែ អ្នក​នឹង​ចាប់​ផ្ដើម​សម្គាល់​សញ្ញា​នៃ​ការ​ទាក់​ទង​ពី​ខាង​កូន​របស់​អ្នក ដែល​ជា​សញ្ញា​ដំបូង​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​កូន​អ្នក។

ខាង​ក្រោម​នេះ គឺ​ជា​ជំហាន​សំខាន់ៗ​នៃ​ការ​អភិវឌ្ឍ​ភាសា​ក្នុង​វ័យ​តូចៗ។

អាយុ ៣ ទៅ ១២ ខែ៖

ក្នុង​អំឡុង​ពេល​នេះ កូន​របស់​អ្នក​ចូល​ចិត្ត​សើច ថ្ងូរ និង​ព្យាយាម​ធ្វើ​ទំនាក់​ទំនង​ដោយ​ប្រើ​កាយ​វិការ។ អ្នក​ត្រូវ​ចង​ចាំ​ថា ការ​និយាយ​ដែល​មាន​ភាព​មិន​ច្បាស់​ដែល​កូន​និយាយ​នោះ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​គេ ហើយ​អ្នក​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​គេ​និយាយ​តទៀត។ បើ​សិន​ជា​អ្នក​អាច​ដឹង​ថា​ការ​និយាយ​ដែល​មិន​ច្បាស់​របស់​កូន​តំណាង​ឱ្យ​ពាក្យ​អ្វី​ប្រាកដ​នោះ អ្នក​ត្រូវ​ជំរុញ​ពួក​គេ​ឱ្យ​និយាយ​ពាក្យ​ដែល​ច្បាស់​នោះ​ម្ដង​បន្តិចៗ​កាន់​តែ​ច្រើន​ឡើងៗ​ដើម្បី​ឱ្យ​ពួក​គេ​អាច​និយាយ​បាន។

អាយុ ១២ ទៅ ១៨ ខែ៖

ក្នុង​អំឡុង​ពេល​នេះ កូន​របស់​អ្នក​ចាប់​ផ្ដើម​ព្យាយាម​និយាយ​ពាក្យ​មួយៗ ដាច់ៗ។ នេះ គឺ​ជា​អំឡុង​ពេល​ដែល​អ្នក​នឹង​ស្វែង​រក​វិធី​ដែល​ធ្វើ​ឱ្យ​កូន​និយាយ និង​ធ្វើ​ទំនាក់ទំនង​ច្រើន ហើយ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​ថា​កូន​របស់​អ្នក​មាន​ភាព​ស្ងាត់​ចម្លែក អ្នក​ត្រូវ​នាំ​គេ​ទៅ​ពិនិត្យ​ជាមួយ​នឹង​គ្រូ​ពេទ្យ​កុមារ។

អាយុ ១៨ ខែ ដល់ ២ ឆ្នាំ៖

ពេល​ដែល​កូន​របស់​អ្នក​ចូល​ដល់​អាយុ ២ ឆ្នាំ ពាក្យ​របស់​ពួកគេ​នឹង​រីក​ចម្រើន ហើយ​គាត់​ប្រហែល​ជា​អាច​និយាយ​ដល់​ទៅ ៣០០ ពាក្យ និង​ព្យាយាម​និយាយ​ប្រយោគ​ខ្លីៗ។ ការ​អភិវឌ្ឍ​ភាសា​ក្នុង​ដំណាក់​កាល​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​កុមារ ដូច្នេះ ប្រសិន​បើ​កូន​របស់​អ្នក​និយាយ​ច្រើន​ជាង​អ្នក​រំពឹង​ទុក សូម​កុំ​មាន​ការ​បារម្ភ​អ្វី ហើយ​គ្រាន់​តែ​ផ្ដល់​ឱកាស​ឱ្យ​គេ​និយាយ។

អាយុពី ២ ដល់ ៣ ឆ្នាំ៖

ក្នុង​ដំណាក់កាល​នេះ កូន​របស់​អ្នក​នឹង​អាច​និយាយ​បាន​យូរ​ជាង​មុន ប្រើ​ឃ្លា​ច្រើន​ជាង​មុន និង​អាច​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​របស់​អ្នក​ដោយ​ងាយ។ អ្នក​ដទៃ​នឹង​យល់​ពី​អ្វី​ដែល​កូន​របស់​អ្នក​និយាយ​ក្នុង​ចន្លោះ​អាយុ​នេះ ហើយ​គេ​ក៏​អាច​លេង និង​និយាយ​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ។

អាយុ ៣ ទៅ ៥ ឆ្នាំ៖

កូន​របស់​អ្នក​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប (Preschool) ហើយ​អ្នក​អាច​នឹង​រំពឹង​ឱ្យ​ពួក​គេ​និយាយ​បាន​កាន់​តែ​ច្រើន​ដោយ​ប្រើ​ឃ្លា​ពិបាកៗ និង​វែងៗ​ជាង​មុន។ គេ​នឹង​ចាប់​ផ្ដើម​ចេះ​ឆ្ងល់ ហើយ​នឹង​សួរ​អ្នក​នូវ​សំណួរ​ជា​ច្រើន​ពី​វត្ថុ​ផ្សេងៗ​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ។ នេះ​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​ជួយ​បង្កើន​វេយ្យាករណ៍ និង​ពាក្យ​ពេចន៍​របស់​គេ​ដោយ​ការ​ជំរុញ​គេ​ឱ្យ​អាន​នូវ​ឃ្លា​សាមញ្ញៗ ឬ​ពាក្យ​នៅ​ក្នុង​សៀវភៅ​រូបភាព។

អាយុ ៥ ទៅ ៦ ឆ្នាំ៖

នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​មត្តេយ្យ និង​បឋម​សិក្សា​សម្រាប់​កូន​អ្នក ហើយ​កូន​របស់​អ្នក​នឹង​យល់​កាន់​តែ​ច្រើន​ពី​ពាក្យ​មួយ​ចំនួន និង​វិធី​ផ្សំ​ពាក្យ​ទាំង​នោះ​ក្នុង​ការ​ប្រើ​ជាមួយ​គ្នា។ គេ​នឹង​ចាប់​ផ្ដើម​បង្កើត​ឃ្លា​សម្រាប់​និយាយ​កាន់​តែ​ល្អ​ជាង​មុន។

គន្លឹះ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ភាសា​សម្រាប់​កុមារ៖

ពេល​នេះ អ្នក​ចាប់​ផ្ដើម​យល់​ពី​គំនិត​នៃ​ការ​អភិវឌ្ឍ​ភាសា​របស់​កុមារ ហើយ​យើង​ខ្ញុំ​ក៏​សូម​ផ្ដល់​នូវ​គំនិត​ខ្លះៗ​ដើម្បី​ជា​ជំនួយ​សម្រាប់​លោក​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ខ្លះៗ​នៃ​វិធី​ដ៏​ល្អ​បំផុត​ដែល​លោក​អ្នក​អាច​លើក​ទឹក​ចិត្ត​កូនៗ​ក្នុង​ការ​អភិវឌ្ឍ​ភាសា​របស់​ពួក​គេ។

1. ចាត់ទុកថាកូនអាចនិយាយ៖

បើ​ទោះ​បី​ជា​កូន​របស់​អ្នក​គ្រាន់​តែ​បញ្ចេញ​សំឡេង​ប៉ប៉ាច់​ប៉ប៉ោច ឬ​បង្កើត​សំឡេង​ប្លែកៗ នេះ​មាន​ន័យ​ថាពួក​គេ​កំពុង​ព្យាយាម​និយាយ ហើយ​វា​ គឺ​ជា​សញ្ញាណ​ល្អ​មួយ។

 2. តាមការដឹកនាំរបស់កូនអ្នកនៅក្នុងកិច្ចសន្ទនា៖

ប្រសិន​បើ​គេ​ចាប់​ផ្ដើម​សន្ទនា​ជាមួយ​អ្នក អ្នក​ត្រូវ​អនុញ្ញាត​ឱ្យ​គេ​និយាយ និង​ពន្យល់ ហើយ​ឆ្លើយ​តប​ទៅ​កាន់​គេ​វិញ​ដោយ​ការ​អង្អែល​ខ្នង​តិចៗ។ ការ​លើក​​ទឹក​ចិត្ត​តិច​តួច តែ​មាន​ឥទ្ធិពល​ល្អ​ដល់​កូន​របស់​អ្នក។

 3. និយាយពាក្យ៖

ប្រសិន​បើ​កូន​របស់​អ្នក​និយាយ​ពាក្យ ឬ​បញ្ចេញ​សំឡេង​ដោយ​ជោគជ័យ អ្នក​ត្រូវ​និយាយ​ពាក្យ​នោះ​ឡើង​វិញ​ជា​ច្រើន​ដង​ដើម្បី​ជួយ​គេ​ឱ្យ​យល់​កាន់​តែ​ច្រើន។

4. លើក​ទឹក​ចិត្ត​ក្នុង​ការ​និទាន​រឿង​មុនចូល​គេង៖

ការ​និទាន​រឿង​មុន​ចូល​គេង​អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​យល់​ពី​វត្ថុ​នានា និង​អាច​បង្កើត​ចំណង់​ក្នុង​ការ​និយាយ​ពាក្យ។

 5. ប្រើសៀវភៅរូបភាព៖

នេះ​ជា​ពេល​ដ៏​ល្អ​មួយ​ក្នុង​ការ​យក​សៀវភៅ​ដែល​មាន​រូបភាព​ធម្មតាៗ​សម្រាប់​កូន​របស់​អ្នក ហើយ​ជួយ​គេ​ក្នុង​ការ​អាន​ពាក្យ​ទាំង​នោះ ដូចជា ball, tree, បាល់ ឬ​ដើម​ឈើ​ជា​ដើម។

 6. ណែនាំ​ពាក្យ​ថ្មីៗ​ឱ្យ​គេ​ស្គាល់៖

បើ​ទោះ​បី​ជា​កូន​របស់​អ្នក​មិន​ទាន់​យល់​អ្វី​នោះ ក៏​មិនមាន​បញ្ហា​អ្វីដែរ។ ពេល​ខ្លះ គេ​នឹង​រៀន​នូវ​ការ​ប្រើ​ប្រាស់​ពាក្យ​ត្រឹម​ត្រូវ​ពេល​ដែល​អ្នក​ព្យាយាម​បង្រៀន​ពួកគេ។

7. និយាយ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង៖

ប្រសិន​បើ​អ្នក​កំពុង​នាំ​ពួកគេ​ទៅ​លេង​នៅ​សួន​ធម្មជាតិ ហើយ​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​ណាមួយ​ដែល​ធ្វើ​ឱ្យ​កូន​របស់​អ្នក​មាន​ក្ដី​រំភើប សូម​ពណ៌នា​ពី​ព្រឹត្តិការណ៍​នោះ​ទៅ​កាន់​ពួក​គេ។

 8. ពន្យល់​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ៖

អ្នក​ត្រូវ​បង្រៀន​គេ​ពី​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ​ដូចជា​នៅ​ក្នុង​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃ​ត្រង់ អាហារ​ពេល​ល្ងាច និង​ពេល​គេង។

សញ្ញា​ដែល​ត្រូវ​ប្រយ័ត្ន​ពេល​ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​របស់​កុមារ៖

ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា​មាន​សញ្ញា និង​រោគ​សញ្ញា​ដែល​កូន​របស់​អ្នក​មាន​ការ​អភិវឌ្ឍ នោះ​ពិត​ជា​អស្ចារ្យ។ ផ្ទុយ​ទៅ​វិញ តើ​អ្នក​គួរ​​ធ្វើអ្វី​ប្រសិន​បើ​កូន​របស់​​អ្នក​មិន​មាន​ការ​អភិវឌ្ឍ​នោះ? ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ដែល​លោកអ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​កត់​សម្គាល់​ពី​បញ្ហា​ដែល​កូន​របស់​អ្នក​ជួប​ប្រទះ​ក្នុង​ការ​អភិវឌ្ឍ៖

1. កូន​របស់​អ្នក​មិន​និយាយ​ពាក្យ​ដូចជា ម៉ាក់ៗ ឬក៏ ប៉ាៗ។

2. កូន​របស់​អ្នក​មិន​ព្យាយាម​និយាយ។

3. កូន​របស់​អ្នក​ហាក់​ដូច​ជា​មិន​បញ្ចេញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​គេ​ចូល​ចិត្ត ឬ​ចាប់​អារម្មណ៍។

4. កូន​របស់​អ្នក​មិន​និយាយ​សូម្បី​តែ​មួយ​ពាក្យ។

5. កូន​របស់​អ្នក​មិន​ប្រើ​ដៃ​ធ្វើ​កាយ​វិការ​ដូចជា ការ​បក់ដៃ ការ​ចាប់​ដៃ ឬ​ការ​ចង្អុរ។

6. កូន​របស់​អ្នក​មិន​មានការ​ទាក់ទង​អ្វី​ទាំង​អស់​ពេល​ដែល​គេ​ចង់​ឱ្យ​អ្នកជួយ​គេ។

7. កូន​របស់​អ្នក​មិន​ធ្វើ​ត្រាប់​កាយ​វិការ​អ្វី​ទាំង​អស់។

8. កូន​របស់​អ្នក​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ណែនាំ​ដែល​ងាយៗ​។

9. កូន​របស់​អ្នក​មិន​និយាយ​ពាក្យ​ផ្សេងៗ​នៅ​ក្នុង​ប្រយោគ​ខ្លីៗ។

10. របស់​អ្នក​មាន​ភាព​លំបាក​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ក្មេង​ដទៃ ឬ​មនុស្ស​នានា។

11. កូន​របស់​អ្នក​និយាយ​ត្រដិត​ជាប់​គ្នា​ជា​ប្រចាំ។

12. កូន​របស់​អ្នក​បញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ​មិន​ច្បាស់ និង​មិន​ត្រឹម​ត្រូវ។

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ការ​ប៉ះពាល់​ដោយ​ការ​យឺត​យ៉ាវ​នៃ​ការអភិវឌ្ឍ សូម​កុំ​អស់​សង្ឃឹម។ លោក​អ្នក​អាច​ជួយ​ពួក​គេ​ក្នុង​ការ​ព្យាបាល​ភាព​លូតលាស់​នៃ​ការ​ប្រើ​ភាសាដែល​មាន​ការ​យឺតយ៉ាវ​ដោយ​រក​អ្នក​ជំនាញ​ឱ្យ​ជួយ។

យើង​ខ្ញុំ​សង្ឃឹមថា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ។ សូម​ចូល​រួមក្នុង​ការ​អភិវឌ្ឍ​ការ​អភិវឌ្ឍ​ភាសា​របស់​កូនៗ​ដូច​ជា​ការ​បន្ថែម​នូវ​គុណ​តម្លៃ​នេះ​សមត្ថភាព​សិក្សា​របស់​ពួក​គេ​ផង​ដែរ។ លើស​ពី​នេះ​ទៀត វា​ក៏​អាច​ជួយ​បង្កើន​នូវ​ទំនាក់​ទំនង​រវាង​អ្នក និង​កូនៗ​ផង​ដែរ៕

អត្ថបទដើម៖ 8 Helpful Language Development Tips for Children

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: