Articles tagged with: Liberty International School

គន្លឹះក្នុងការអានសម្រាប់កុមារ

on Thursday, 02 February 2017. Posted in Activities

reading

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះៗ​ដែល​លោក​អ្នក​ជា​មាតា​បិតា​អាច​ប្រើ​ប្រាស់​បាន​ដើម្បី​ឱ្យ​កូនៗ​រៀន​អាន៖

  • រៀបចំ​ពេល​វេលា​អាន​សៀវភៅ ឬ​អត្ថបទ​នា​នា​ជាមួយ​កូន។ កុមារ​ជា​ច្រើន​ចូលចិត្ត​ការ​អាន​សៀវភៅ​រឿង​មុន​ពេល​ចូល​គេង ដែល​នេះ​គឺ​ជា​វិធី​សាស្ត្រ​ល្អ​មួយ​សម្រាប់​ការ​អាន​បន្ទាប់​ពី​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ ហើយ​ចាប់​ផ្ដើម​ចូល​គេង​។
  • ទុក​សៀវភៅ​នៅ​ក្នុង​បន្ទប់​របស់​កូន​អ្នក​ដើម្បី​ឱ្យ​ពួក​គេ​អាច​អាន​សៀវភៅ​បាន​ដោយ​ខ្លួន​គេ។ អ្នក​ត្រូវ​ប្រាកដ​ថា​បន្ទប់​របស់​គេ​ជា​បន្ទប់​ដែល​អាច​អាន​សៀវភៅ​បាន ដោយ​មាន​គ្រែ ឬ​កៅអី​មាន​ផាសុកភាព មាន​ធ្នើ​ដាក់​សៀវភៅ និង​មាន​អំពូល​បំភ្លឺ​គ្រប់គ្រាន់។
  • អាន​សៀវភៅ​ដែល​កូន​អ្នក​ចូលចិត្ត​ស្ដាប់។ បន្ទាប់​មក​ទៀត កូន​អ្នក​អាច​នឹង​រៀន​ចេះ​ពាក្យ​ថ្មីៗ​ពី​សៀវភៅ​ដែល​គេ​ចូល​ចិត្ត។ លោក​អ្នក​ក៏​អាច​ប្រើ​ឃ្លា​ក្នុង​ផ្នែក​ណា​មួយ​ដោយ​រំលង​ពាក្យ​ណា​មួយ ហើយឱ្យ​ពួក​គេ​បំពេញ​ឃ្លា​នោះ​ឱ្យ​បាន​ត្រឹម​ត្រូវ។
  • លោក​អ្នក​អាច​បង្កើត​ជា​ហ្គេម​ទាក់​ទង​នឹង​អក្សរ លេខ ពណ៌ រូប​រាង និង​ពាក្យ​ដើម្បី​បង្កើន​ចំណង់​ចំណូល​ចិត្ត និង​ការ​ងឿង​ឆ្ងល់​ដល់​កូន ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​រីក​ចម្រើន​ការ​ចងចាំ​ និង​ចេះ​ពាក្យថ្មី​ឆាប់​រហ័ស៕

គន្លឹះក្នុងការបង្កើតទម្លាប់ល្អក្នុងការសិក្សាដល់កុមារ

on Friday, 04 November 2016. Posted in Parenting Tips, Activities

student boy

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ជួយ​កុមារ​ឱ្យ​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា និង​ធ្វើ​កិច្ចការ​សាលា​ដោយ​ខ្លួន​ឯង៖

  1. ស្គាល់​គ្រូ​របស់​ពួក​គេ និង​ដឹង​អ្វី​ដែល​ពួក​គេ​ចង់​បាន៖ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​របស់​សាលា​ដូច​ជា សិក្ខា​សាលា​ជួប​ជុំ​មាតា​បិតា និង​គ្រូ​បង្រៀន លោក​អ្នក​អាច​សាក​សួរ​ពួក​គេ​ពី​គោលការណ៍​នៃ​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ និង​តួនាទី​ដែល​លោក​អ្នក​ត្រូវ​ចូល​រួម​ជាមួយ​កូនៗ។
  2. រៀប​ចំ​ទី​កន្លែង​ដែល​ធ្វើ​ឱ្យ​កូនៗ​​ចូល​ចិត្ត​ធ្វើ​លំហាត់ ឬ​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ​នៅផ្ទះ៖ លោកអ្នក​ត្រូវ​រៀប​ចំ​ទី​តាំង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់ ស្ងាត់ និង​មាន​ផាសុកភាព​សម្រាប់​កូនៗ​ងាយ​ក្នុង​ការ​សិក្សា។ បន្ថែម​ពី​នេះ ត្រូវ​រៀប​ចំ​សម្ភារ​សិក្សា​ដូច​ជា​ក្រដាស ខ្មៅ​ដៃ កាវ​ស្អិត ឬ​កន្ត្រៃ​ជា​ដើម​ដែល​កូនៗ​អាច​យក​មក​ប្រើ​ដោយ​ខ្លួន​ឯង​បាន​។
  3. កំណត់​កាល​វិភាគ​សិក្សា​ឱ្យ​បាន​ទៀង​ទាត់៖ កុមារ​មួយ​ចំនួន​ចូល​ចិត្ត​រៀន​នៅ​ពេល​រសៀល កុមារ​មួយ​ចំនួន​ទៀត​ចូល​ចិត្ត​រៀន​នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច។ លោក​អ្នក​ត្រូវ​ដឹង​ថា​ពេល​ណា​ដែល​កូន​របស់​លោក​អ្នក​អាច​រៀន​បាន​ដោយ​ប្រសិទ្ធភាព​បំផុត ហើយ​លោក​អ្នក​ត្រូវ​កំណត់​ពេល​វេលា និង​កាល​វិភាគ​រៀន​របស់​ពួកគេ​ឱ្យ​បាន​ទៀង​ទាត់។
  4. ជួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ផែន​ការ៖ លើក​ទឹក​ចិត្ត​កូន​របស់​លោក​អ្នក​ឱ្យ​ចេះ​រៀបចំ​ពេល​រៀន​ដែល​ពួកគេ​អាច​ធ្វើ​បាន។ បង្ហាត់​ពួក​គេ​ឱ្យ​ចេះ​បង្កើត​កាលវិភាគ​ប្រសិន​បើ​ចាំ​បាច់ ព្រោះ​ជំនាញ​នៃ​ការ​រៀបចំ​កាលវិភាគ​នេះ​នឹង​ជួយ​កូនៗ​របស់​លោក​អ្នក​ឱ្យ​ចេះ​គ្រប់​គ្រង​ពេល​វេលា និង​កិច្ចការ​ ហើយ​ពួកគេ​ក៏​អាច​កំណត់​ថ្ងៃ​ត្រូវ​បញ្ចប់​កិច្ចការ​របស់​ពួក​គេ​ផង​ដែរ។
  5. កាត់​បន្ថយ​ការ​រំខាន៖ លោកអ្នក​មិន​ត្រូវ​ឱ្យ​កូនៗ​រៀន​នៅ​ទី​កន្លែង​ដែល​មាន​សំឡេង​រំខាន​ដូច​ជា​ ទូរទស្សន៍ សំឡេង​តន្ត្រី​ឮៗ ឬ​សំឡេង​និយាយ​ទូរស័ព្ទ។ ប្រសិន​បើ​មាន​កុមារ​ដទៃ​ទៀត​នៅ​ក្នុង​ផ្ទះ​ជាមួយ ត្រូវ​ប្រាប់​ពួកគេ​ឱ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ឬ​លេង​នៅ​កន្លែង​ផ្សេង​ពី​ទីតាំង​ដែល​មាន​កូន​កំពុង​រៀន។
  6. ត្រូវ​ប្រាកដ​ថា​កូនៗ​របស់​លោក​អ្នក​ធ្វើ​កិច្ច​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ៖ ពួកគេ​នឹង​មិន​អាច​រៀន​ចេះ​ឡើយ​បើ​សិន​ជា​ពួក​គេ​រៀន​គិត​ដោយ​ខ្លួន​ឯង​នោះ។ ឪពុក​ម្ដាយ​អាច​ផ្ដល់​យោបល់ និង​ជួយ​ណែនាំ ប៉ុន្តែ​វា​គឺ​ជា​ការងារ​របស់​កូនៗ​ក្នុង​ការ​រៀន​សូត្រ។
  7. ត្រូវ​ធ្វើ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត និង​ត្រួត​ពិនិត្យ៖ ត្រួត​ពិនិត្យ​បើ​សិន​ជា​មាន​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ។ បង្កើត​ទម្លាប់​ការ​សិក្សា​រាល់​ថ្ងៃ លើក​ទឹក​ចិត្ត​កូនៗ​ឱ្យ​អាន និង​រំឭក​មេរៀន​ជា​រៀង​រាល់ថ្ងៃ។
  8. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន៖ កុមារ​តែងតែ​ធ្វើ​តាម​នូវ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ បើកូន​របស់​លោក​អ្នក​ឃើញ​រៀបចំ​ពេល​វេលា​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​ដោយ ដូច​ជា​ពេលវេលា​អាន​សៀវភៅ ឬ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ពួក​គេ​ប្រាកដ​ជា​ធ្វើ​តាម​លោក​អ្នក​ជាង​ការ​ទទួល​យក​នូវ​ការ​ប្រដៅ។
  9. សរសើរ​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ៖ លោក​អ្នក​ត្រូវ​ប្រាប់​ឱ្យ​ពួក​គេ​ដឹង​ពី​ការ​ខិត​ខំ​ព្យាយាម​របស់​ពួកគេ​នៅ​សាលារៀន ដោយ​មាន​ការ​លើក​ទឹក​ចិត្ត និង​សរសើរ​ពួក​គេ។ លោក​អ្នក​អាច​ធ្វើ​តារាង​អំពើ​ល្អ និង​សមិទ្ធិផល​ណា​មួយ ដោយ​បិទ​ជា​រូបភាព​ផ្កាយ​ជា​ដើម ចំពោះ​ទង្វើ ឬ​ការ​ខិត​ខំ​ល្អ​មួយ​។ ឬ​ក៏លោក​អ្នក​អាច​និយាយ​សរសើរ​ពីពួក​គេ​ដល់​ញាតិ​មិត្ត​ជា​ដើម។
  10. ប្រសិន​បើ​មាន​​បញ្ហា​​កើត​ឡើង​ជា​បន្ត​បន្ទាប់​លើ​កិច្ចការ​សាលា ត្រូវ​រក​ជំនួយ៖ និយាយ​ពី​បញ្ហា​នោះ​ជាមួយ​នឹង​គ្រូបង្រៀន​របស់​កូន​អ្នក។ កុមារ​ខ្លះ​មាន​បញ្ហា​មើល​ក្ដារ​ខៀន ហើយ​ត្រូវ​ការ​ពាក់​វែនតា​ ហើយ​កុមារ​ខ្លះ​ទៀត​ត្រូវ​ការ​តាម​ដាន​បញ្ហា​សិក្សា ឬ​ត្រូវ​ការ​ការ​ណែនាំ​ផ្នែក​អាកប្បកិរិយា។

សម្រាប់​កុមារ​តូចៗ​ដែល​កំពុង​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប និង​មត្តេយ្យ កិច្ចការ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ​គ្រាន់​តែ​ជា​ការ​បង្កើត​ទម្លាប់​សិក្សា​ល្អ​ដល់​កុមារ​តែ​ប៉ុណ្ណោះ។ ដូច្នេះ លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​គ្រាន់តែ​តាម​ដាន ជំរុញ​ទឹក​ចិត្ត និង​ត្រួត​ពិនិត្យ​កូនៗ ហើយ​មិន​ត្រូវ​ដាក់​សម្ពាធ​ដល់​កូនៗ​ឱ្យ​ធ្វើ​កិច្ចការ​ល្អ​ឥត​ខ្ចោះ​ពេក​នោះ​ទេ៕

English version: FORMING GOOD STUDY HABITS WITH CHILDREN

វិធីងាយៗក្នុងការបង្កើនការចងចាំដល់កូនៗ

on Monday, 10 October 2016. Posted in Parenting Tips

ការ​ចងចាំ​ធ្វើ​ឱ្យ​ជីវិត​ដល់​កុមារ​មាន​ន័យ និង​អាច​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​គំនិត​ជា​ច្រើន​ក្នុង​ការ​និយាយ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​ជំនាញ​ភាសា​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​បណ្ដុះ​ការ​ចង​ចាំ​របស់​កុមារ។ 

preschooler with clay 

1. បង្កើតទម្លាប់៖ កុមារ​តូចៗ​ព្យាយាម​ជានិច្ច​ក្នុង​ការ​បង្កើត​ទម្លាប់​នានា ហើយ​ពួក​គេ​ក៏​អាច​អនុវត្ត​វា​បាន​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បង្កើន​ភាព​ចង​ចាំ។ ប្រសិន​បើ​កូន​អាយុ 1 ឆ្នាំ​ដឹង​ថា​គាត់​បាន​រំកិល​រក​កន្លែង​កក់​ក្ដៅ​បន្ទាប់​ពី​ងូត​ទឹក​រួច នោះ​គាត់​នឹង​ចាប់​ផ្ដើម​ទ្រាំ និង​ទម្លាប់។ នៅ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ធំ អ្នក​អាច​បង្កើន​ការ​ចង​ចាំ​ផ្នែក​ភាសា​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​សួរ​សំណួរ​ងាយៗ​ដូច​ជា “តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​កូន​ងូត​ទឹក​រួច?”។ 

2. លេង​ហ្គេម​ចង​ចាំ៖ សួរ​សំណួរ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ និង​មក​ពី​ក្រៅ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទះ​មិត្តភក្ដិ អ្នក​អាច​សួរ​គេ​ថា “តើ​អ្នក​ណា​រស់​នៅ​ផ្ទះ​នេះ?”។ ការ​លេង​ហ្គេម​របៀប​នេះ​បាន​ផ្ដល់​បទ​ពិសោធន៍​ដល់​កុមារ​ក្នុង​ការ​រំឮក​នូវ​ព័ត៌មាន​ដែល​គេ​ដឹង​ឡើង​វិញ។ 

3. បង្ហាញ​ពី​របៀប​អនុវត្ត​កិច្ចការ៖ ទារក​តែង​តែ​ធ្វើ​តម្រាប់​តាម​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ពួក​គេ​រៀន​ធ្វើ​អ្វី​មួយ អ្នក​គួរ​តែ​បង្ហាញ​ពួក​គេ​ពី​របៀប​ធ្វើ ហើយ​ទុក​ឱ្យ​ពួក​គេ​ធ្វើ​វិញ​ម្ដង។ ការ​ដែល​ឱ្យ​ពួក​គេ​អនុវត្ត​ជាង​ការ​មើល​តែ​នឹង​ភ្នែក ព្រោះ​ពេល​ដែល​ធ្វើ​សកម្មភាព ខួរ​ក្បាល​របស់​ពួក​គេ​នឹង​ថត​យក​សកម្មភាព ជំហាន​ដែល​ត្រូវ​ធ្វើ និង​ធ្វើ​ឱ្យ​ការ​ចង​ចាំ​កាន់​តែ​ច្បាស់​ជាង​មុន។ ពេល​ដែល​ទារក​អាច​រៀន​បាន​ពី​ឧទាហរណ៍ ឬ​គំរូ​ណា​មួយ ពួក​គេ​អាច​ចាំ​ល្អ និង​បាន​យូរ​បំផុត​ប្រសិន​បើ​លោក​អ្នក​បន្ត​អនុវត្ត​សកម្មភាព​នោះ​ដដែលៗ​ឱ្យ​ពួក​គេ​ឃើញ​ក្នុង​រយៈ​ពេល​ច្រើន​ថ្ងៃ​ជាប់​គ្នា។

4. និយាយ​ជាមួយ​កូន​ពី​បទ​ពិសោធន៍​របស់​ពួក​គេ៖ អ្នក​ត្រូវ​ផ្ដោត​សំខាន់​លើ​ព្រឹត្តិការណ៍​ណា​ដែល​ធ្វើ​ឱ្យ​កូនៗ​មាន​អារម្មណ៍​រំភើប ដូច​ជា​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​សួន​សត្វ​ជា​ដើម។ ពេល​ដែល​ពួក​គេ​មាន​វ័យ​កាន់​តែ​ធំ​បន្តិច អ្នក​អាច​ជួយ​ពួក​គេ​រៀប​ចំ​កម្រង​រឿង។ ការ​ចងចាំ​របស់​ពួក​គេ​នឹង​កាន់​តែ​ខ្លាំង​ទៅៗ​ ហើយ​ពួកគេ​នឹង​រៀន​ពី​ការ​ចង​ក្រង​ឱ្យ​ទៅ​ជា​ទម្រង់​មួយ​ច្បាស់​លាស់។ មិន​យូរ​ប៉ុន្មាន ពួក​គេ​នឹង​រំឮក​លោក​អ្នក​ពី​ពេល​វេលា​ល្អ​ដែល​បាន​ឆ្លង​កាត់​ជាមួយ​អ្នក៕

ប្រភព៖ Parents.com

បង្រៀនកូនៗឱ្យក្លាយជាមិត្តភក្ដិល្អ

on Thursday, 06 October 2016. Posted in Parenting Tips

កុមារ​ចាប់​ផ្ដើម​បង្កើត​មិត្តភាព​ដ៏​មាន​ន័យ និង​ពេញ​លេញ​ក្នុង​ចន្លោះ​អាយុ​ពី 4 ទៅ 5 ឆ្នាំ។ ទំនាក់​ទំនង​ទាំង​នោះ​មាន​ដូច​ជា​ទំនាក់​ទំនង​រវាង​មិត្ត​រួម​ថ្នាក់ មិត្ត​ជិត​ខាង បង​ប្អូន​ជីដូន​មួយ និង​មិត្តភក្ដិ​របស់​ឪពុក​ម្ដាយ​ជា​ដើម។ មិត្ត​ភាព​ទាំង​នេះ​ត្រូវ​បាន​រីក​លូត​លាស់​ឡើង​តាម​រយៈ​ការ​ចូល​រួម​ពី​ឪពុក​ម្ដាយ និង​កូនៗ​ ហើយ​ពួក​គាត់​តែង​តែ​ជួយ​ពួក​គេ​ឱ្យ​ក្លាយ​ជា​មិត្តភក្ដិ​ល្អ។ មាន​ជំនាញ​សំខាន់ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​មិត្ត​ល្អ និង​ការ​ណែនាំ​ផ្នែក​សង្គម និង​ស្មារតី​ពី​ឪពុក​ម្ដាយ​នឹង​ជួយ​ឱ្យ​ទំនាក់​ទំនង​របស់​ពួក​គេ​កាន់​តែ​មាន​ផ្លែ​ផ្កា។

good friend

នៅ​ពេល​ដែល​លោក​អ្នក​ជួយ​ណែនាំ​កូន​ឱ្យ​ក្លាយ​ជា​មនុស្ស​រួស​រាយ លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចេះធ្វើ​ការ​សម្រេច​ចិត្ត​ឆ្លាត​វៃ និង​ចេះ​ឆ្លើយ​តប​ទៅ​កាន់​មិត្តភក្ដិ​ដែល​កំពុង​មាន​សម្ពាធ នោះ​ពួក​គេ​នឹង​កាន់​តែ​មាន​ភាព​ជោគជ័យ​ក្នុង​មិត្តភាព​របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ណែនាំ​ទាំង​នេះ។

ភាពដូចគ្នា

នេះ​អាច​ថា​កុមារ​ដែល​នៅ​ក្នុង​ក្រុម​បាល់​ទាត់​ជាមួយ​គ្នា នៅ​ក្នុង​ថ្នាក់​ជាមួយ​គ្នា រស់​នៅ​ផ្ទះ​ក្បែរ​គ្នា ដែល​មាន​អាយុ​ខុស​គ្នា​តិច​តួច ឬ​អាយុ​ស្មើ​គ្នា។ ភាព​ដូច​គ្នា​នេះ​មាន​ចំពោះ​កូន​របស់​លោក​អ្នក និង​មិត្តភក្ដិ​របស់​ពួក​គេ​ដែល​មាន​ការ​ចែក​រំលែក​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា ដូច​ជា​គូរ​រូប តែងចម្រៀង លេង​បិទ​ពួន​ ឬ​ជិះ​កង់​ជា​ដើម ដែល​សុទ្ធ​តែ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ទាក់​ទង​គ្នា។ ដូច្នេះ សូម​លោក​អ្នក​ជួយ​កូនៗ និង​មិត្តភក្ដិ​របស់​ពួកគេ​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ និង​ស្វែង​រក​អ្វី​ដែល​ពួក​គេ​មាន​ដូច​គ្នា។

ចេះជួយគ្នា

មិត្តភក្ដិ​តែងតែ​ជួយ​គ្នា​ជានិច្ច​ពេល​ដែល​មិត្តភក្ដិ​កើត​ទុក្ខ ឬ​មិន​សប្បាយ​ចិត្ត។ ពួកគេ​តែង​តែ​ឱ្យ​ស្មា​ផ្អែក​ លើក​ទឹក​ចិត្ត​គ្នា​ឱ្យ​រឹង​មាំ និង​ជួយ​យក​អាសារ​គ្នា​ពេល​លំបាក។ ពួក​គេ​ក៏​តែងតែ​អបអរ​សាទរ​ពេល​ដែល​ជោគ​ជ័យ ឬ​ឈ្នះ​លើ​កិច្ចការ​ណា​មួយ។

មិននិយាយដើមគ្នា

មិត្តភក្ដិ​ល្អ គឺ​ជា​មិត្តភក្ដិ​ស្មោះ​ត្រង់ ហើយ​មិន​ដែល​ចេះ​និយាយ​អាក្រក់​ពី​គ្នា​ទោះ​ក្នុង​លក្ខណៈ ឬ​ស្ថាន​ភាព​ណា​ក៏​ដោយ។ បង្រៀន​កូន​លោក​អ្នក​កុំ​ឱ្យ​និយាយ​ពាក្យ​អសុរស​ពី​មិត្ត​របស់​ពួក​គេ ហើយ​សួរ​ពួក​គេ​ថា​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិន​បើ​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​ពួក​គេ​និយាយ​អាក្រក់​ពី​គេ​នៅ​ពី​ក្រោយ​ខ្នង ឬ​ក៏​ធ្វើ​អាក្រក់​ដាក់​ពួក​គេ។ នោះ​ពួក​គេ​នឹង​យល់​ពី​អារម្មណ៍​មួយ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិន​បើ​កូន​របស់​លោក​អ្នក​ស្ដាប់​ឮ​នរណា​ម្នាក់​និយាយ​អាក្រក់​ពី​មិត្ត​របស់​គេ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​ការពារ​សម្ដី​ឱ្យ​មិត្ត​ភក្ដិ។ មិត្តភក្ដិ​ល្អ គឺ​ជា​មិត្តភក្ដិ​ដែល​ស្មោះ​ត្រង់។

ចែករំលែក

មិត្តភក្ដិ​ល្អ​តែង​តែ​ចែក​រំលែក​របស់ បទ​ពិសោធន៍ ផ្ទះ និង​ជីវិត​ជាមួយ​នឹង​មិត្តភក្ដិ។ ប្រសិន​បើ​កូន​លោក​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ការ​ចែក​រំលែក​ជាមួយ​មិត្តភក្ដិ សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចែក​អ្វី​ដែល​គេ​មាន ដូចជា​របស់​លេង ឬ​ចំណី​ជាដើម។

ចេះ​និយាយពាក្យសុំទោស

ជា​មិត្តភក្ដិ​នឹង​គ្នា​តែងតែ​មាន​គំនិត​ខ្វែង​គ្នា​ខ្លះ ឬ​ធ្វើ​ទង្វើ​មិន​គប្បី​ដាក់​មិត្តភក្ដិ ហើយ​វា​ពិត​ជា​សំខាន់​សម្រាប់​ពួក​គេ​ក្នុង​ការ​ទទួល​ស្គាល់​កំហុស និង​សុំទោស​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ​ លោក​អ្នក​ចាំ​បាច់​ត្រូវ​ជួយ​សម្រប​សម្រួល​ពួក​គេ​ក្នុង​កិច្ចសន្ទនា​ណា​ដែល​អាច​ឈាន​ទៅ​រក​ការ​ខ្វែង​គំនិត​គ្នា និង​ជួយ​ពួក​គេ​ក្នុង​ការ​ប្រើ​សំឡេង ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​តម្លើង​សរសៃ​ក​ដាក់​គ្នា។

ត្រូវថែរក្សាមិត្តចាស់ និងមិត្តថ្មីឱ្យគង់វង្ស

ការ​មាន​មិត្តភក្ដិ​ថ្មី​គឺ​ជា​រឿង​ល្អ​មួយ តែ​លោក​អ្នក​ត្រូវ​បង្រៀន​កូនៗ​ឱ្យ​ចេះ​ថែ​រក្សា​មិត្ត​ភក្ដិ​ចាស់ៗ​របស់​ពួក​គេ​ឱ្យ​គង់​វង្ស។ មិត្ត​ល្អ មិន​មែន​ស្ថិត​លើ​មិត្ត​ចាស់ ឬ​មិត្ត​ថ្មី​នោះ​ឡើយ។ ពេល​ដែល​ក្មេងៗ​មាន​មិត្តភក្ដិ​ថ្មី​ ត្រូវ​ឱ្យ​ពួក​គេ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​គេ​មិន​បោះបង់​មិត្តភក្ដិ​ចាស់ ឬ​ក៏​ធ្វើ​ឱ្យ​មិត្តភក្ដិ​ចាស់​មាន​អារម្មណ៍​ខ្វះ​ភាព​ជិត​ស្និទ្ធ​ឡើយ។ លោក​អ្នក​អាច​ណែនាំ​ពួក​គេ​ឱ្យ​នាំ​មិត្ត​ចាស់ និង​មិត្ត​ថ្មី​ស្គាល់​គ្នា៕

ប្រភព៖ Living and Life Designed

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: