Articles in Category: Parenting Tips

បណ្ដុះភាពឯករាជ្យដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា

on Friday, 24 February 2017. Posted in Parenting Tips

គន្លឹះ​សម្រាប់​មើល​ថែ​កូន​ឱ្យ​ក្លាយ​ជា​ក្មេង​ដែល​មាន​ភាព​ឯករាជ្យ និង​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន 

946532

តើ​អ្វី​ជា​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង? ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ គឺ​ជា​ការ​ចេះឯករាជ្យ​លើ​ខ្លួន​ឯង។ អាកប្បកិរិយា​បែប​នេះ​ គឺ​ជា​ទស្សនៈ​មួយ​ដែល​ជួយ​ជម្រុញ​មនុស្ស​ម្នាក់​ឱ្យ​មាន​ភាព​ជឿ​ជាក់ អាច​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង និង​អាច​ធ្វើ​អ្វីៗ​បាន​ដោយ​ខ្លួន​ឯង។ ការ​យក​ពេល​វេលា​ក្នុង​ការ​បណ្ដុះ​នូវ​សមត្ថភាព និង​ចំណាប់​អារម្មណ៍​នៃ​ភាព​ឯករាជ្យ​ដល់​កុមារ​អាច​នឹង​ហួស​ហេតុ​ពេក ពិបាក និង​ហត់​នឿយ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ពិត​ជា​ទំនួល​ខុស​ត្រូវ​ដ៏​មាន​សារ​សំខាន់​មួយ​របស់​មាតា​បិតា​គ្រប់​រូប។ កុមារ​វ័យ​តូចៗ​ត្រូវ​បាន​រំពឹង​ថាធ្វើ​កិច្ចការ​សាមញ្ញៗ​រាល់​ថ្ងៃ​ដូច​ជា ពាក់​ស្បែកជើង​ដោយ​ខ្លួន​ឯង ចេះ​ស្គាល់​លេខ និង​ស្គាល់​អក្សរ​។ល។ ជួន​កាល កិច្ចការ​សាមញ្ញៗ​ដូច​ជា រើស​កន្លែង​អង្គុយ​ក៏​អាច​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​សម្រាប់​កុមារ​បាន​ផង​ដែរ។ ក្នុង​នាម​យើង​ជា​មនុស្សធំ​/មាតា​បិតា ការ​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន និង​ការ​ចេះ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​អាច​ធ្វើ​ឱ្យ​កិច្ចការ​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​គេអាច​ទទួល​យក​បាន។

ទន្ទឹម​នឹង​នេះ​ដែរ មាន​កិច្ចការ​ជា​ច្រើន​ដែល​មាតាបិតា​អាច​ធ្វើ​បាន​ដើម្បី​ជួយ​កូនៗ​ក្លាយ​ជា​មនុស្ស​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​បាន។ ខាង​ក្រោម​នេះ​ គឺ​ជា​អ្វី​ដែល​លោក​អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ។ 

បង្កើត​ទម្លាប់​ប្រចាំថ្ងៃ​ជាមួយ​កូន៖ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ធ្វើ​កិច្ចការ​សាមញ្ញៗ​ដោយ​ខ្លួន​គេ​ដូច​ជា ដុសធ្មេញ ញ៉ាំ​អាហារ ចង​ខ្សែ​ស្បែក​ជើង ស្លៀក​ពាក់​ខោ​អាវ ​ឬ​ដោះខោ​អាវ​ទុក​ភ្ជួរ​លើ​ទំពក់​ឱ្យ​មាន​របៀប​រៀប​រយ​ជា​ដើម។ អ្នក​អាច​បង្រៀន​ពួក​គេ​ពី​វិធី​ធ្វើ​កិច្ចការ​ទាំង​នោះ​ជាមុន បន្ទាប់​មក​ទៀត ឱ្យ​ពួក​គេ​ធ្វើ​ដោយ​ខ្លួន​ឯង។ 

ចាំ​ឈរ​មើល​ពី​ក្រោយ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​អ្វី​មួយ អ្នក​អាច​ចាំ​ឈរ​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ អ្នក​ត្រូវ​ចូល​ជួយ​គេ​ភ្លាមៗ​មុន​នឹង​មាន​បញ្ហា​អាក្រក់​កើត​ឡើង។ ប្រសិន​បើ​ពួក​គេ​សម្រេច​ចិត្ត​ជិះ​កង់​ដោយ​មិន​បាន​រៀន​ជិះ​ជាមុន​ នេះ​ប្រហែល​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​មើល​ថា​តើ​គេ​ពិត​ជា​អាច​ជិះ​កង់​បាន​មែន​ដែរ​ឬ​អត់។ កុមារ​វ័យ​ក្មេងៗ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គ្រោះ​ថ្នាក់ និង​សិក្សា​ពី​អ្វី​ដែល​រាង​កាយ​របស់​ពួក​គេ​អាច​ធ្វើ​បាន និង​មិន​អាច​ធ្វើ​បាន។ ពេល​ដែល​អ្នក​អនុញ្ញាត​ឱ្យ​កូន​ស្វែង​រក​នូវ​សមត្ថភាព​របស់​ពួក​គេ​ដោយ​មិន​មាន​ការ​និយាយ​ថា “ទេ” នោះ​គេ​នឹង​រៀន​ពី​ការ​ជឿជាក់​របស់​អ្នក​លើ​ពួក​គេ និង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ 

ឃ្លាត​ឆ្ងាយ​ពី​គ្នា៖ វិធី​សាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​កូន​អាច​អភិវឌ្ឍ​ខ្លួន​បាន គឺ​ការ​ឃ្លាត​ឆ្ងាយ​ពី​ម្ដាយ មិន​មែន​ម្ដាយ​ឃ្លាត​ឆ្លាយ​ពី​កូន​ទេ។  ការ​ដាក់​វិន័យ​អាច​នឹង​កើត​ឡើង​តិច​តួច​នៅពេល​ដែលកូនៗ​មិន​នៅ​ជិត​ម្ដាយ​។​

ឈប់​សម្រាក​ឱ្យ​ត្រឹម​ត្រូវ៖ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ឱ្យ​កូន​ដឹង​ពី​ពេល​វេលា​ដែល​អ្នក​បម្រុង​នឹង​ទៅ​ណា​មក​ណា​សូម្បី​តែ​ទៅ​បន្ទប់​ជិត​នោះ​ក៏​ដោយ។ វា​ពិត​ជា​សំខាន់​ណាស់​បើ​អ្នក​និយាយ “លា​ហើយ​កូន! ម៉ាក់/ប៉ា​ទៅ​ធ្វើ​ការ។ តិច​ទៀត​ម៉ាក់/ប៉ា​នឹង​ត្រឡប់​មក​វិញ។” ព្រោះ​ថា​ពាក្យ​សម្ដី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​កូន​ជឿ​ជាក់​អ្នក ហើយ​គេ​នឹង​ដឹង​ថា​អ្នក​ប្រាកដ​ជា​ប្រាប់​គេ​ថា​នឹង​មាន​អ្វី​កើត​ឡើង និង​អ្នក​ធ្វើអ្វី​ដែល​អ្នក​បាន​និយាយ។

អនុញ្ញាត​កូន​ឱ្យ​មាន​ពេល​លេង​គ្រប់​គ្រាន់៖ អនុញ្ញាត​កូន​ឱ្យ​ស្វែង​រក​គំនិត​ផ្ទាល់​ខ្លួន និង​ការ​គិត​សម្រាប់​ខ្លួន​គេ។ អ្នក​មិន​ត្រូវ​ព្រួយ​បារម្ភ​ពី​ការ​ពង្រាយ​ដែល​គេ​អាច​នឹង​ធ្វើ​ឡើយ ព្រោះ​នេះ​ជា​អ្វី​ដែល​កុមារ​តូចៗ​តែង​តែ​ធ្វើ។ ក្នុង​នោះ លោក​អ្នក​គ្រាន់​តែ​បង្កើត​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួក​គេ​ស្វែង​យល់​តែ​ប៉ុណ្ណោះ។ 

លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​តាម​លំដាប់​អាយុ៖ ពេល​ដែល​កូន​ចាប់​ផ្ដើម​ធំ​បន្តិច ពួក​គេ​អាច​ជួយ​កិច្ចការ​ស្រាលៗ​ដូច​ជា រៀប​ចំ​តុ ស្រោច​ផ្កា ឬ​ស្រោច​ដំណាំ លាង​សម្អាត​ប្រដាប់​លេង ឬ​បន្ទប់។ ពួក​គេ​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ដែល​ស័ក្ដិសម​សម្រាប់​វ័យ​របស់​ពួក​គេ និង​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​កាតព្វកិច្ច​ដែល​ពួក​គេ​គួរ​តែ​ធ្វើ។ ការ​ប្រគល់​ភាព​ទទួល​ខុស​ត្រូវ​នេះ​ដល់​ពួក​គេ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​ទទួល​បាន​ភាព​ជឿជាក់​ពី​ឪពុក​ម្ដាយ​ក្នុងការ​ធ្វើការងារ​របស់​ពួក​គេ។ 

អនុញ្ញាត​ឱ្យ​កូន​ធ្វើ​ការ​សម្រេច​ចិត្ត៖ នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ឱ្យ​កូន​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​នោះ​ទេ ប៉ុន្តែ​ អ្នក​លើក​ទឹក​ចិត្ត​គេ​ឱ្យ​ជ្រើសរើស​សម្លៀកបំពាក់​ដែល​គេ​ចង់​ស្លៀកពាក់​នៅ​ពេល​ព្រឹក ឬ​ក៏​ជ្រើស​រើស​អាហារ​ពេល​ល្ងាច​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ពេល​ដែល​កូន​របស់​អ្នក​មាន​អារម្មណ៍​ថា​ការ​សម្រេច​ចិត្តរបស់​គេ​ត្រូវ​បាន​គោរព និង​ទទួល​យក នោះ​គេ​នឹង​កសាង​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដែល​អាច​ជម្រុញ​ដល់​ការ​បង្កើត​ភាព​ឯករាជ្យ​របស់​ពួក​គេ។ 

ធ្វើ​ជា​អ្នក​សម្រប​សម្រួល៖ កុមារ​នឹង​មាន​ភាព​ឯករាជ្យ​ដោយ​ឯក​ឯង។ នេះ​មិន​មែន​ជា​ការងារ​របស់​អ្នក​ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ឯករាជ្យ​នោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​ផ្ដល់​នូវ​បរិស្ថាន​ដែល​អនុញ្ញាត​ពួក​គេ​ឱ្យ​ក្លាយ​ជាមនុស្ស​ឯករាជ្យ​។  

ផ្ដល់​សំឡេង​ទាក់​ទង និង​ផ្ដល់​ជំនួយ​ពី​ចម្ងាយ៖ ប្រសិន​បើ​កូន​របស់​អ្នក​ស្ថិត​នៅ​ក្នុង​បន្ទប់​ឆ្ងាយ​ពី​អ្នក​អាច​មើល​ឃើញ ហើយ​កំពុង​ជួប​បញ្ហា អ្នក​ត្រូវ​ផ្ដល់​ដំណឹង​ប្រាប់​ពួក​គេ​ថា​អ្នក​ជិត​ទៅ​​ដល់​ទី​នោះ​ដើម្បី​ជួយ​គេ​ហើយ។ ការ​រក្សា​កិច្ចសន្ទនា​ជាមួយ​កូន​ក្រៅ​បន្ទប់​ងូត​ទឹក​ក៏​ជា​វិធី​ល្អ​ម្យ៉ាង​ដែរ​ដើម្បី​ទប់​ស្កាត់​កង្វល់​ពេល​បែក​គ្នា។ ប្រសិន​បើកូន​អ្នក​ត្រូវ​ការ​ជំនួយ​ពេល​ដែល​គាត់​កំពុង​ធ្វើអ្វី​មួយ អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ និង​ផ្ដល់​ការ​ណែនាំ​ក្នុង​ការ​ធ្វើ​ប្រសើរ​ជាង​ធ្វើ​វា​ដោយ​ខ្លួន​អ្នក។ 

កសាង​ទំនាក់​ទំនង៖ ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ដឹង​ថា​អ្នក​ស្រឡាញ់​គេ​ប៉ុណ្ណា។ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ គឺ​ការ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ជាមួយ​គេ​ដោយ​ផ្ដល់​នូវ​ការ​អោប​ និង​ថើប ការ​ថែរក្សា និង​យោគ​យល់។ ជាមួយគ្នា​នេះ​ដែរ អ្នក​ក៏​គួរ​ជំរុញ​ឱ្យ​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មនុស្ស​ធំៗ​ដូច​ជា​លោកតា​លោកយាយ ឬ​មិត្តភក្ដិ​របស់​គ្រួសារ​ជា​ដើម។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បង្កើត​បរិស្ថាន​ដែល​ធ្វើឱ្យ​កូន​មាន​ផាសុកភាព និង​ជិតស្និទ្ធ​ជាមួយ​សមាជិក​នានា​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​មនុស្ស​តែ​ម្នាក់​ក្នុង​គ្រួសារ​នោះ​ទេ ព្រោះ​ការ​ជិតស្និទ្ធ​ទៅ​នឹង​មនុស្ស​តែ​ម្នាក់​ក្នុង​គ្រូសារ​មាន​ន័យថា​មនុស្ស​ម្នាក់​នោះ​កំពុង​ធ្វើ​ឱ្យ​គាត់​ខូច។ អ្នក​ត្រូវ​ណែនាំ​កូន​របស់​អ្នក​ឱ្យ​ស្គាល់​កុមារ​ដទៃ​ទៀត​ដើម្បី​បង្កើន​មិត្តភាព​ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​រីក​ចម្រើន​ផ្នែក​អារម្មណ៍ និង​មនោសញ្ចេតនា។ 

ធ្វើ​ជា​គំរូ៖ ក្នុង​នាម​យើង​ជា​ឪពុកម្ដាយ យើង​គួរ​តែ​មាន​ភាព​ជឿជាក់ និង​ធ្វើ​ជា​គំរូ​ដ៏​វិជ្ជមាន​មួយ។ ថ្ងៃ​ដំបូង​នៃ​ការ​ចូល​រៀន​អាច​នឹង​ពិបា​កសម្រាប់​ឪពុក​ម្ដាយ និង​កូន តែ​អ្នក​ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា​កង្វល់​នោះ។ ក្នុងនាម​យើង​ជា​មនុស្ស​ចាស់ យើង​ត្រូវ​តែ​រក្សា​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ធ្វើ​ជា​គំរូ​ដ៏​វិជ្ជមាន​សម្រាប់​កូនៗ​។ ទង្វើ​ទាំង​នេះ​អាច​ជួយ​ជំរុញ​កូន​ឱ្យ​ធ្វើ​តាម​អ្នក។ អ្នក​អាច​និយាយ​ទៅ​កាន់​កូន​ពី​អ្វីដែល​គេ​កំពុង​ខ្វល់ អ្វី​ដែល​គេ​គិត អ្វី​ដែល​គេ​ព្រួយ​បារម្ភ និង​អ្វី​ដែល​គេ​សួរ។ ការ​ធ្វើបែប​នេះ គេ​នឹង​យល់​ដឹង​ថា​គំនិត​របស់​ពួក​គេ​ត្រូវ​បាន​ទទួល​យក គោរព និង​ឮ ដូច្នេះ អ្នក​ត្រូវ​អនុញ្ញាត​គេ​ឱ្យ​បង្កើត​នូវ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​យល់​ដឹង​ដោយ​ខ្លួន​ឯង។ 

ជឿទុក​ចិត្ត​អ្នក​ដទៃ៖ អ្នក​ត្រូវ​ចាំ​ថា គ្រូ​បង្រៀន​រង់​ចាំ​ជានិច្ច។ អ្នក​ត្រូវ​លើក​ទឹកចិត្ត​កូន​ឱ្យ​ជឿ​ទុក​ចិត្ត​អ្នក​ដទៃ​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​គេ​ជាមួយ​នឹង​សហគមន៍ និង​តួនាទី​របស់​គេ​ក្នុង​សហគមន៍​នោះ។ ពេល​ដែល​គេ​ឃើញ​មនុស្ស​ធំ​ចែក​រំលែក និង​ទាក់​ទង​គ្នា គេ​ក៏​ចាប់​ផ្ដើម​យល់​ថា​តើ​គេ​គួរ​ធ្វើ​អ្វី​ផង​ដែរ។ ការ​ធ្វើ​បែប​នេះ​អាច​ឱ្យ​គេ​បង្កើត​សមត្ថភាព​ក្នុង​ការ​រាប់​អាន​មិត្តភក្ដិ បន្ត​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​កសាង​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ពេញ​មួយ​ជីវិត៕

English Version: Nurturing Independence in Children in Cambodia

គន្លឹះក្នុងការបង្កើតទម្លាប់ល្អក្នុងការសិក្សាដល់កុមារ

on Friday, 04 November 2016. Posted in Parenting Tips, Activities

student boy

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ជួយ​កុមារ​ឱ្យ​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា និង​ធ្វើ​កិច្ចការ​សាលា​ដោយ​ខ្លួន​ឯង៖

  1. ស្គាល់​គ្រូ​របស់​ពួក​គេ និង​ដឹង​អ្វី​ដែល​ពួក​គេ​ចង់​បាន៖ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​របស់​សាលា​ដូច​ជា សិក្ខា​សាលា​ជួប​ជុំ​មាតា​បិតា និង​គ្រូ​បង្រៀន លោក​អ្នក​អាច​សាក​សួរ​ពួក​គេ​ពី​គោលការណ៍​នៃ​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ និង​តួនាទី​ដែល​លោក​អ្នក​ត្រូវ​ចូល​រួម​ជាមួយ​កូនៗ។
  2. រៀប​ចំ​ទី​កន្លែង​ដែល​ធ្វើ​ឱ្យ​កូនៗ​​ចូល​ចិត្ត​ធ្វើ​លំហាត់ ឬ​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ​នៅផ្ទះ៖ លោកអ្នក​ត្រូវ​រៀប​ចំ​ទី​តាំង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់ ស្ងាត់ និង​មាន​ផាសុកភាព​សម្រាប់​កូនៗ​ងាយ​ក្នុង​ការ​សិក្សា។ បន្ថែម​ពី​នេះ ត្រូវ​រៀប​ចំ​សម្ភារ​សិក្សា​ដូច​ជា​ក្រដាស ខ្មៅ​ដៃ កាវ​ស្អិត ឬ​កន្ត្រៃ​ជា​ដើម​ដែល​កូនៗ​អាច​យក​មក​ប្រើ​ដោយ​ខ្លួន​ឯង​បាន​។
  3. កំណត់​កាល​វិភាគ​សិក្សា​ឱ្យ​បាន​ទៀង​ទាត់៖ កុមារ​មួយ​ចំនួន​ចូល​ចិត្ត​រៀន​នៅ​ពេល​រសៀល កុមារ​មួយ​ចំនួន​ទៀត​ចូល​ចិត្ត​រៀន​នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច។ លោក​អ្នក​ត្រូវ​ដឹង​ថា​ពេល​ណា​ដែល​កូន​របស់​លោក​អ្នក​អាច​រៀន​បាន​ដោយ​ប្រសិទ្ធភាព​បំផុត ហើយ​លោក​អ្នក​ត្រូវ​កំណត់​ពេល​វេលា និង​កាល​វិភាគ​រៀន​របស់​ពួកគេ​ឱ្យ​បាន​ទៀង​ទាត់។
  4. ជួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ផែន​ការ៖ លើក​ទឹក​ចិត្ត​កូន​របស់​លោក​អ្នក​ឱ្យ​ចេះ​រៀបចំ​ពេល​រៀន​ដែល​ពួកគេ​អាច​ធ្វើ​បាន។ បង្ហាត់​ពួក​គេ​ឱ្យ​ចេះ​បង្កើត​កាលវិភាគ​ប្រសិន​បើ​ចាំ​បាច់ ព្រោះ​ជំនាញ​នៃ​ការ​រៀបចំ​កាលវិភាគ​នេះ​នឹង​ជួយ​កូនៗ​របស់​លោក​អ្នក​ឱ្យ​ចេះ​គ្រប់​គ្រង​ពេល​វេលា និង​កិច្ចការ​ ហើយ​ពួកគេ​ក៏​អាច​កំណត់​ថ្ងៃ​ត្រូវ​បញ្ចប់​កិច្ចការ​របស់​ពួក​គេ​ផង​ដែរ។
  5. កាត់​បន្ថយ​ការ​រំខាន៖ លោកអ្នក​មិន​ត្រូវ​ឱ្យ​កូនៗ​រៀន​នៅ​ទី​កន្លែង​ដែល​មាន​សំឡេង​រំខាន​ដូច​ជា​ ទូរទស្សន៍ សំឡេង​តន្ត្រី​ឮៗ ឬ​សំឡេង​និយាយ​ទូរស័ព្ទ។ ប្រសិន​បើ​មាន​កុមារ​ដទៃ​ទៀត​នៅ​ក្នុង​ផ្ទះ​ជាមួយ ត្រូវ​ប្រាប់​ពួកគេ​ឱ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ឬ​លេង​នៅ​កន្លែង​ផ្សេង​ពី​ទីតាំង​ដែល​មាន​កូន​កំពុង​រៀន។
  6. ត្រូវ​ប្រាកដ​ថា​កូនៗ​របស់​លោក​អ្នក​ធ្វើ​កិច្ច​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ៖ ពួកគេ​នឹង​មិន​អាច​រៀន​ចេះ​ឡើយ​បើ​សិន​ជា​ពួក​គេ​រៀន​គិត​ដោយ​ខ្លួន​ឯង​នោះ។ ឪពុក​ម្ដាយ​អាច​ផ្ដល់​យោបល់ និង​ជួយ​ណែនាំ ប៉ុន្តែ​វា​គឺ​ជា​ការងារ​របស់​កូនៗ​ក្នុង​ការ​រៀន​សូត្រ។
  7. ត្រូវ​ធ្វើ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត និង​ត្រួត​ពិនិត្យ៖ ត្រួត​ពិនិត្យ​បើ​សិន​ជា​មាន​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់​ឱ្យ។ បង្កើត​ទម្លាប់​ការ​សិក្សា​រាល់​ថ្ងៃ លើក​ទឹក​ចិត្ត​កូនៗ​ឱ្យ​អាន និង​រំឭក​មេរៀន​ជា​រៀង​រាល់ថ្ងៃ។
  8. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន៖ កុមារ​តែងតែ​ធ្វើ​តាម​នូវ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ បើកូន​របស់​លោក​អ្នក​ឃើញ​រៀបចំ​ពេល​វេលា​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​ដោយ ដូច​ជា​ពេលវេលា​អាន​សៀវភៅ ឬ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ពួក​គេ​ប្រាកដ​ជា​ធ្វើ​តាម​លោក​អ្នក​ជាង​ការ​ទទួល​យក​នូវ​ការ​ប្រដៅ។
  9. សរសើរ​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ៖ លោក​អ្នក​ត្រូវ​ប្រាប់​ឱ្យ​ពួក​គេ​ដឹង​ពី​ការ​ខិត​ខំ​ព្យាយាម​របស់​ពួកគេ​នៅ​សាលារៀន ដោយ​មាន​ការ​លើក​ទឹក​ចិត្ត និង​សរសើរ​ពួក​គេ។ លោក​អ្នក​អាច​ធ្វើ​តារាង​អំពើ​ល្អ និង​សមិទ្ធិផល​ណា​មួយ ដោយ​បិទ​ជា​រូបភាព​ផ្កាយ​ជា​ដើម ចំពោះ​ទង្វើ ឬ​ការ​ខិត​ខំ​ល្អ​មួយ​។ ឬ​ក៏លោក​អ្នក​អាច​និយាយ​សរសើរ​ពីពួក​គេ​ដល់​ញាតិ​មិត្ត​ជា​ដើម។
  10. ប្រសិន​បើ​មាន​​បញ្ហា​​កើត​ឡើង​ជា​បន្ត​បន្ទាប់​លើ​កិច្ចការ​សាលា ត្រូវ​រក​ជំនួយ៖ និយាយ​ពី​បញ្ហា​នោះ​ជាមួយ​នឹង​គ្រូបង្រៀន​របស់​កូន​អ្នក។ កុមារ​ខ្លះ​មាន​បញ្ហា​មើល​ក្ដារ​ខៀន ហើយ​ត្រូវ​ការ​ពាក់​វែនតា​ ហើយ​កុមារ​ខ្លះ​ទៀត​ត្រូវ​ការ​តាម​ដាន​បញ្ហា​សិក្សា ឬ​ត្រូវ​ការ​ការ​ណែនាំ​ផ្នែក​អាកប្បកិរិយា។

សម្រាប់​កុមារ​តូចៗ​ដែល​កំពុង​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប និង​មត្តេយ្យ កិច្ចការ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​ធ្វើ​គ្រាន់​តែ​ជា​ការ​បង្កើត​ទម្លាប់​សិក្សា​ល្អ​ដល់​កុមារ​តែ​ប៉ុណ្ណោះ។ ដូច្នេះ លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​គ្រាន់តែ​តាម​ដាន ជំរុញ​ទឹក​ចិត្ត និង​ត្រួត​ពិនិត្យ​កូនៗ ហើយ​មិន​ត្រូវ​ដាក់​សម្ពាធ​ដល់​កូនៗ​ឱ្យ​ធ្វើ​កិច្ចការ​ល្អ​ឥត​ខ្ចោះ​ពេក​នោះ​ទេ៕

English version: FORMING GOOD STUDY HABITS WITH CHILDREN

បញ្ហាដំណេករបស់កុមារ និងដំណោះស្រាយ

on Wednesday, 19 October 2016. Posted in Parenting Tips

ជួយកុមារឱ្យគេងបានគ្រប់គ្រាន់

children sleeping

កុមារ​ចាំ​បាច់​ត្រូវ​ការ​គេង​ចាប់​ពី 10 ទៅ 11 ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រយៈ​ពេល 9 ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ។ គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ម៉ួម៉ៅ ឆាប់​ខឹង និង​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ ការ​ដាក់​ពួក​គេ​ឱ្យ​ចូល​គេង​ពិត​ជា​មាន​ភាព​ពិបាក ដូច្នេះ​សូម​លោក​អ្នក​ដែល​ជា​មាតាបិតា​របស់​កុមារ​ដែល​មិន​ចូល​ចិត្ត​គេង​អាន​នូវ​ដំណោះ​ស្រាយ​ខាង​ក្រោម​ដើម្បី​ទប់​ទល់​ជាមួយ​កូនៗ​ដែល​មិន​ចូល​ចិត្ត​គេង​ទាំង​នោះ។

បញ្ហាទី 1៖ ម្ដាយ ឬ​ឪពុក​ត្រូវ​បញ្ចប់​របាយការណ៍​ការងារ ដែល​ជា​មូលហេតុ​ក្នុង​ការ​ដាក់​កូន​ឱ្យ​ចូល​គេង​ក្នុង​លក្ខណៈ​ប្រញាប់ ឬ​រហ័ស​ជ្រុល។

ដំណោះ​ស្រាយ៖ ការ​ផ្ដល់​អាទិភាព​ដល់​ពេល​គេង​របស់​កូនៗ​ពិត​ជា​មាន​សារ​សំខាន់ បើ​ទោះ​បី​ជា​លោក​អ្នក​ត្រូវ​លះ​បង់​ពេល​វេលា​គេង​ផ្ទាល់​ខ្លួន​ក៏​ដោយ គឺ​លោក​អ្នក​ត្រូវ​រៀបចំ​កាល​វិភាគ​ឡើង​វិញ និង​ត្រូវ​នៅ​ដល់​យប់​ជ្រៅ​ដើម្បី​ធ្វើ​របាយការណ៍ ឬ​ការងារ​របស់​លោក​អ្នក​ប្រសើរ​ជាង​ធ្វើ​វា​មុន​ពេល​កូន​គេង​។ ទម្លាប់​នៃ​ការ​គេង​ទៀង​ទាត់ និង​ស្ងប់​ គឺ​ជា​គន្លឹះ​ធ្វើ​ឱ្យ​មាន​ការ​គេង​លក់​យ៉ាង​ស្កប់​ស្កល់។ លោកអ្នក​អាច​កំណត់​ទម្លាប់​នៃ​ការ​គេង​នោះ។ លោកអ្នក​អាច​ងូត​ទឹក​ឱ្យ​ពួក​គេ ដុស​ធ្មេញ​ឱ្យ​ពួក​គេ អាន​រឿង​និទាន​មុន​ចូល​គេង ធ្វើ​សរសៃ ឬ​ច្រៀង​ចម្រៀង​ឱ្យ​ពួក​គេ​ស្ដាប់។ លោកអ្នក​ក៏​អាច​ប្រើ​ពេល​វេលា​នេះ​ដើម្បី​លើក​សរសើរ​ពី​ទង្វើ​ល្អ​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ពេល​ថ្ងៃ ឬ​ក៏​និយាយ​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​មាន​មោទនភាព​ចំពោះ​ពួក​គេ។ ប្រសិន​បើ​លោក​អ្នក​ចាក់តន្រ្តី​ឱ្យ​ពួក​គេ​ស្ដាប់​វិញ លោក​អ្នក​ត្រូវ​ចាក់​ភ្លេង​ដដែល​នោះ​ជា​រៀង​រាល់​យប់។ សំឡេង​ធម្មជាតិ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ធ្វើ​ជា​ភ្លេង​បំពេរ​ពួក​គេ។ ព្យាយាម​អនុវត្ត​វិធី​សាស្ត្រ​ទាំង​នេះ​ ហើយ​សង្កេត​មើល​ថា​តើ​វិធីសាស្ត្រ​មួយណា​ងាយ​ស័ក្ដិសម​បំផុត​សម្រាប់​លោក​អ្នក និង​កូន។

បញ្ហាទី 2៖ កូនៗមិនចង់ចូលគេងសោះ។

ដំណោះ​ស្រាយ៖ ប្រសិន​បើ​កូន​របស់​លោក​អ្នក​ឮ​សំឡេង​មនុស្ស​ជជែក​គ្នា សើច ឬ​សំឡេង​ចេញ​ពី​កុំព្យូទ័រ​ ទូរទស្សន៍ ឬ​ទូរស័ព្ទ​ដៃ នោះ​កូន​របស់​លោក​អ្នក​ប្រាកដ​ជា​មិន​ចង់​ចូល​គេង​ឡើយ។ ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​ចូល​គេ​កាន់​តែ​ងាយ​ស្រួល លោក​អ្នក​ត្រូវ​ធ្វើ​ឱ្យ​មាន​បរិយាកាស​ស្ងាត់​ក្នុង​អំឡុង​ម៉ោង​ចុង​ក្រោយ​មុន​ចូល​គេង។ លោក​អ្នក​ត្រូវ​ទុក​ទូរទស្សន៍​នៅ​ក្រៅ​បន្ទប់​គេង ទុក​របស់​លេង និង​ហ្គេម​ដែល​មាន​សំឡេង​ឱ្យ​ឆ្ងាយ កំណត់​សកម្មភាព​ស្ងប់ស្ងាត់​សម្រាប់​គ្រួសារ​ទាំង​មូល ដូច​ជា​អាន​សៀវភៅ ឬ​ធ្វើ​សំណួរ​ល្បង​ប្រាជ្ញា​។ ការ​គេង​នឹង​កាន់​តែ​មាន​ភាពប្រសើរ​ជាងមុន​ប្រសិន​បើ​សមាជិក​ក្នុង​គ្រួសារ​រក្សា​ភាព​ស្ងៀម​ស្ងាត់​មុន​ពេល​ចូល​គេង។

បញ្ហាទី 3៖ កូន​របស់​លោក​អ្នក​នៅ​ដល់​យប់​ជ្រៅ​ពេក។ ពេល​ចូល​គេង​នៅ​ម៉ោង 8:30 ប៉ុន្តែ​គាត់​មិន​ដែលចូល​គេង​តាម​ម៉ោង​ទេ។

ដំណោះ​ស្រាយ៖ ប្រសិន​បើ​កូន​លោក​អ្នក​មិន​ហត់​នៅ​ពេល​គេង​ទេ សូម​ព្យាយាម​ដាស់​ពួក​គេ​ឱ្យ​ភ្ញាក់​ពី​គេង​ឱ្យ​លឿន​នៅ​ពេល​ព្រឹក ឬ​ក៏​ដាក់​កាល​វិភាគ​ឱ្យ​ពួក​គេ​គេង​លេង​ពេល​ពាក់​កណ្ដាល​ថ្ងៃ​ជា​ជាង​គេង​នៅ​ពេល​រសៀល។ លោក​អ្នក​ត្រូវ​តែ​រក្សា​ទម្លាប់​ចូល​គេង​ដដែល ដោយ​ព្យាយាម​កំណត់​ពេល​ឱ្យ​កូន​ចូល​គេង​ជានិច្ច។

បញ្ហាទី 4៖ កូនចេះតែភ្ញាក់ពេលពាក់កណ្ដាលអធ្រាត្រ ហើយមិនព្រមគេងវិញសោះ។

ដំណោះ​ស្រាយ៖ ប្រសិន​បើ​កូន​របស់​លោក​អ្នក​ភ្ញាក់​ពី​គេង​នៅ​ពាក់​កណ្ដាល​អធ្រាត្រ សូម​ឱ្យ​ពួក​គេ​សម្រួល​ខ្លួន​បន្តិច។ ប្រសិន​បើ​ពួក​គេ​នៅតែ​មិន​អាច​គេង​លក់​វិញ​បាន លោក​អ្នក​ប្រហែល​ជា​ត្រូវ​បំពេរ​ពួក​គេ ហើយ​ព្យាយាម​ប្រាប់​ពួក​គេ​ថា​ដល់​ពេល​គេង​ហើយ។ លោក​អ្នក​ត្រូវ​បំពេរ​ពួក​គេ​ឱ្យ​គេង​លក់​រាល់​យប់​រហូត​ដល់​ពួក​គេ​អាច​គេង​លក់​ដោយ​ខ្លួន​ឯង​ដោយ​មិន​មាន​ការ​បំពេរ។លោក​អ្នក​ក៏​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ពួក​គេ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ប៉ុណ្ណា​ដែរ ព្រោះ​ថា​ការ​ឃ្លាន​អាហារ​តែង​តែ​ធ្វើ​ឱ្យ​ក្មេងៗ​ភ្ញាក់​នៅ​ពេល​យប់ ដូច្នេះ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​បើ​សិន​ជា​កូនៗ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆ្អែត​គ្រប់​គ្រាន់។ លើសពី​នេះ ប្រសិន​បើ​លោក​អ្នក​មាន​ទឹកដោះ​គោ​ក្ដៅ​ឧណ្ឌៗ​ឱ្យ​ពួក​គេ​ផឹក គឺ​ជា​ទង្វើ​ដ៏​ប្រសើរ​បំផុត ព្រោះ​ថា​ទឹក​ដោះគោ​ដែល​មាន​សីតុណ្ហភាព​ឧណ្ឌ​ៗ​នោះ​អាច​ជួយ​ឱ្យ​ពួក​គេ​គេង​លក់​យ៉ាង​ស្កប់​ស្កល់។

បញ្ហាទី 5៖ អ្នក​មាន​អារម្មណ៍​ម៉ួរម៉ៅ​ចំពោះ​បញ្ហា​គេង​របស់​កូនៗ។ អ្នក​ហត់​នឹង​សំឡេង​ស្រែក​យំ និង​ត្អូញ​ត្អែរ​របស់​កូន ដូច្នេះ​ហើយ​អ្នក​ក៏​សម្រេច​ចិត្ត​ឱ្យ​កូនៗ​មើល​ទូរទស្សន៍ ហើយ​ក៏​គេង​លក់​នៅ​មុខ​ទូរទស្សន៍​តែ​ម្ដង​ទៅ។

ដំណោះ​ស្រាយ៖ បញ្ហា​ចូល​គេង​របស់​កូនៗ​អាច​ជា​ការ​សាក​ល្បង​ការ​ដោះស្រាយ​ឪពុកម្ដាយ ប៉ុន្តែ​ លោក​អ្នក​ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​សន្សឹមៗ។ លោក​អ្នក​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់​ច្រើន ហើយ​លោក​អ្នក​ក៏​ប្រហែល​ជា​ត្រូវ​ធ្វើ​ព្រងើយ​ខ្លះ​ពេល​ដែល​ឮ​សំឡេង​ថ្ងូរ យំ ឬ​ក៏​ត្អួញ​ត្អែរ​ជា​ដើម។ បើសិន​ជា​ពួក​គេ​ធ្វើ​លើស​ដែន​កំណត់ លោក​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ពី​ច្បាប់​ទម្លាប់ និង​អនុវត្ត​តាម​ទម្លាប់៕

English Version: Common Bedtime and How to Solve Them

វិធីងាយៗក្នុងការបង្កើនការចងចាំដល់កូនៗ

on Monday, 10 October 2016. Posted in Parenting Tips

ការ​ចងចាំ​ធ្វើ​ឱ្យ​ជីវិត​ដល់​កុមារ​មាន​ន័យ និង​អាច​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​គំនិត​ជា​ច្រើន​ក្នុង​ការ​និយាយ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​ជំនាញ​ភាសា​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​បណ្ដុះ​ការ​ចង​ចាំ​របស់​កុមារ។ 

preschooler with clay 

1. បង្កើតទម្លាប់៖ កុមារ​តូចៗ​ព្យាយាម​ជានិច្ច​ក្នុង​ការ​បង្កើត​ទម្លាប់​នានា ហើយ​ពួក​គេ​ក៏​អាច​អនុវត្ត​វា​បាន​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បង្កើន​ភាព​ចង​ចាំ។ ប្រសិន​បើ​កូន​អាយុ 1 ឆ្នាំ​ដឹង​ថា​គាត់​បាន​រំកិល​រក​កន្លែង​កក់​ក្ដៅ​បន្ទាប់​ពី​ងូត​ទឹក​រួច នោះ​គាត់​នឹង​ចាប់​ផ្ដើម​ទ្រាំ និង​ទម្លាប់។ នៅ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ធំ អ្នក​អាច​បង្កើន​ការ​ចង​ចាំ​ផ្នែក​ភាសា​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​សួរ​សំណួរ​ងាយៗ​ដូច​ជា “តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​កូន​ងូត​ទឹក​រួច?”។ 

2. លេង​ហ្គេម​ចង​ចាំ៖ សួរ​សំណួរ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ និង​មក​ពី​ក្រៅ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទះ​មិត្តភក្ដិ អ្នក​អាច​សួរ​គេ​ថា “តើ​អ្នក​ណា​រស់​នៅ​ផ្ទះ​នេះ?”។ ការ​លេង​ហ្គេម​របៀប​នេះ​បាន​ផ្ដល់​បទ​ពិសោធន៍​ដល់​កុមារ​ក្នុង​ការ​រំឮក​នូវ​ព័ត៌មាន​ដែល​គេ​ដឹង​ឡើង​វិញ។ 

3. បង្ហាញ​ពី​របៀប​អនុវត្ត​កិច្ចការ៖ ទារក​តែង​តែ​ធ្វើ​តម្រាប់​តាម​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ពួក​គេ​រៀន​ធ្វើ​អ្វី​មួយ អ្នក​គួរ​តែ​បង្ហាញ​ពួក​គេ​ពី​របៀប​ធ្វើ ហើយ​ទុក​ឱ្យ​ពួក​គេ​ធ្វើ​វិញ​ម្ដង។ ការ​ដែល​ឱ្យ​ពួក​គេ​អនុវត្ត​ជាង​ការ​មើល​តែ​នឹង​ភ្នែក ព្រោះ​ពេល​ដែល​ធ្វើ​សកម្មភាព ខួរ​ក្បាល​របស់​ពួក​គេ​នឹង​ថត​យក​សកម្មភាព ជំហាន​ដែល​ត្រូវ​ធ្វើ និង​ធ្វើ​ឱ្យ​ការ​ចង​ចាំ​កាន់​តែ​ច្បាស់​ជាង​មុន។ ពេល​ដែល​ទារក​អាច​រៀន​បាន​ពី​ឧទាហរណ៍ ឬ​គំរូ​ណា​មួយ ពួក​គេ​អាច​ចាំ​ល្អ និង​បាន​យូរ​បំផុត​ប្រសិន​បើ​លោក​អ្នក​បន្ត​អនុវត្ត​សកម្មភាព​នោះ​ដដែលៗ​ឱ្យ​ពួក​គេ​ឃើញ​ក្នុង​រយៈ​ពេល​ច្រើន​ថ្ងៃ​ជាប់​គ្នា។

4. និយាយ​ជាមួយ​កូន​ពី​បទ​ពិសោធន៍​របស់​ពួក​គេ៖ អ្នក​ត្រូវ​ផ្ដោត​សំខាន់​លើ​ព្រឹត្តិការណ៍​ណា​ដែល​ធ្វើ​ឱ្យ​កូនៗ​មាន​អារម្មណ៍​រំភើប ដូច​ជា​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​សួន​សត្វ​ជា​ដើម។ ពេល​ដែល​ពួក​គេ​មាន​វ័យ​កាន់​តែ​ធំ​បន្តិច អ្នក​អាច​ជួយ​ពួក​គេ​រៀប​ចំ​កម្រង​រឿង។ ការ​ចងចាំ​របស់​ពួក​គេ​នឹង​កាន់​តែ​ខ្លាំង​ទៅៗ​ ហើយ​ពួកគេ​នឹង​រៀន​ពី​ការ​ចង​ក្រង​ឱ្យ​ទៅ​ជា​ទម្រង់​មួយ​ច្បាស់​លាស់។ មិន​យូរ​ប៉ុន្មាន ពួក​គេ​នឹង​រំឮក​លោក​អ្នក​ពី​ពេល​វេលា​ល្អ​ដែល​បាន​ឆ្លង​កាត់​ជាមួយ​អ្នក៕

ប្រភព៖ Parents.com

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps:
Contact Us

Contact Us

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.