សារសំខាន់នៃការសិក្សារូបរាងនៅថ្នាក់មត្តេយ្យកម្រិតទាប (Preschool)
ចាប់ផ្ដើមពីវ័យតូចៗ កុមារអាចសម្គាល់ពីរូបរាងខុសៗគ្នាបើទោះបីជាពួកគេមិនទាន់ស្គាល់ថារូបរាងទាំងនោះមានឈ្មោះអ្វីក៏ដោយ។ កុមារត្រូវការពេលវេលាដើម្បីរៀនពីរូបរាងពិតប្រាកដទាំងនោះ ដូចជាលេខនៃផ្នែកណាមួយ ឬតើរូបរាងនោះមើលទៅយ៉ាងដូចម្ដេច។ ការផ្ដល់ការអនុវត្តច្រើនដល់សិស្សថ្នាក់មត្តេយ្យកម្រិតទាបអាចជួយពួកគេមានការយល់ដឹងពីលក្ខណៈនៃរូបរាងកាន់តែច្បាស់។ ចំណេះដឹងនៃរូបរាងនោះផ្ដល់ឱ្យកុមារនូវអត្ថប្រយោជន៍ច្រើនផ្នែកក្នុងការសិក្សា។
អក្ខរកម្ម៖ កុមារថ្នាក់មត្តេយ្យកម្រិតទាបមានសមត្ថភាពអាចសម្គាល់រូបរាងនៃអក្សរច្រើនប្រសិនបើពួកគេត្រូវបានបង្ហាញដោយមានលាយជារូបរាងផ្សេងៗ។ វាមិនត្រឹមតែអាចជួយពួកគេក្នុងការអានប៉ុណ្ណោះទេ តែវាក៏អាចជួយពួកគេក្នុងការសរសេរផងដែរ។ កុមារដែលបានអនុវត្តការរៀនរូបរាង និងខ្សែច្រើនប្រភេទនោះ អាចបំប្លែងវាទៅប្រើក្នុងការសរសេរបានទៀតផង។
គណិតវិទ្យា៖ ការយល់ច្បាស់ពីរូបរាងអាចជួយកុមារថ្នាក់មត្តេយ្យកម្រិតទាបស្គាល់ច្បាស់ពីលេខ និងថាតើលេខនោះមានរូបរាងយ៉ាងដូចម្ដេច។ ការស្គាល់លេខ គឺជាជំនាញគណិតវិទ្យាដំបូងសម្រាប់សិស្សថ្នាក់មត្តេយ្យកម្រិតទាប មានដូចជាការបូកលេខជាដើម។ រីឯរូបរាងវិញស្ថិតក្នុងស្ដង់ដារនៃធរណីមាត្ររបស់គណិតវិទ្យា។
ការរៀបចំចំណាត់ថ្នាក់ និងការប្រៀបធៀប៖ ការសិក្សាពីភាពខុសគ្នានៅក្នុងរូបរាងទាមទារឱ្យសិស្សថ្នាក់មត្តេយ្យកម្រិតទាបផ្ដោតសំខាន់លើរូបរាងជាក់លាក់។ សិស្សថ្នាក់មត្តេយ្យកម្រិតទាបសិក្សាដើម្បីប្រើជំនាញសង្កេតដើម្បីសម្គាល់ពីរូបរាងផ្សេងៗគ្នា។ ពួកគេក៏រៀនពីការប្រៀបធៀបរូបរាងផ្សេងៗ និងក្រុមរូបរាងប្រហាក់ប្រហែលគ្នា។ ជំនាញសង្កេតទាំងនោះអាចប្រើបានគ្រប់ផ្នែក។ ការសង្កេត និងការរៀបចំចំណាត់ថ្នាក់ គឺជាជំនាញគន្លឹះនៅក្នុងវិទ្យាសាស្ត្រ។
ការដោះស្រាយបញ្ហា៖ សកម្មភាពនានាក្នុងការប្រើរូបរាងអាចជួយសិស្សថ្នាក់មត្តេយ្យកម្រិតទាបអភិវឌ្ឍជំនាញដោះស្រាយបញ្ហាក្នុងការលេងប្រដាប់ប្រដាក្មេងដែលមានរូបរាងផ្សេងៗជាដើម។ នៅពេលដែលកុមារស្គាល់រូបរាងជ្រុង ហើយគាត់អាចយករបស់នោះទៅដាក់ក្នុងប្រឡោះដែលមានរាងជ្រុងដូចគ្នា នោះជាអ្វីដែលគាត់អាចដោះស្រាយបានជាមួយនឹងរូបរាង។
មានវិធីជាច្រើនក្នុងការជំរុញទឹកចិត្ត និងជួយកុមារឱ្យរៀនពីរូបរាង ព្រោះរូបរាងមាននៅគ្រប់ទៅកន្លែងជុំវិញពួកយើង ហើយក៏ងាយនឹងសម្គាល់ផងដែរ ដូចជារូបរាងនៃផ្ទះ រថយន្ត ជាដើម។ល។ លោកអ្នកក៏អាចប្រើសៀវភៅរូបរាងដើម្បីជួយកូនឱ្យស្គាល់រូបរាងប្លែកៗគ្នា។ អ្នកក៏អាចប្រើម្រាមដៃគូសវាសដើម្បីស្វែងយល់ពីរូបរាងក្នុងលំហបានផងដែរ៕