Articles tagged with: Phnom Penh

តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?

on Tuesday, 23 January 2018. Posted in Classes, Parenting Tips, Activities

គ្រប់​ពាក្យ​ដែល​កុមារ​រៀន គ្រប់​អាកប្បកិរិយា​ដែល​កុមារ​បញ្ចេញ និង​គ្រប់​បទពិសោធន៍​ថ្មីៗ​ដែល​កុមារ​ជួប​ប្រទះ គឺ​ជា​ការ​បណ្ដាក់​ទុន​សម្រាប់​អនាគត​របស់​ពួក​គេ។ ការ​អប់រំ​កុមារ​តូច គឺជា​ការ​សំលៀង និង​បង្កើត​រូបរាង​ឱ្យ​កុមារ​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណើរ​ជីវិត​របស់​ពួកគេ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ដែល​បាន​ផ្ដល់​ដោយ​ការ​អប់រំ​កុមារ​តូច។

nursery edu to primary with diana

ការរៀនសហការ

ការ​​អប់រំ​​កុមារ​​តូច​​អនុញ្ញាត​​កុមារ​​​ឱ្យ​រៀន​ពី​ការ​​សហការ ចែក​​រំលែក ខំ​​ព្យាយាម និង​​ផ្លាស់​​ប្ដូរ​​វេន​​ក្នុង​​បរិយាកាស​​កន្លែង​​ដែល​​មាន​​សុវត្ថិភាព​​ក្នុង​​ការ​​រៀន​​ដែល​​មាន​​អ្នក​​ជំនាញ​​​ចាំ​ណែនាំ​​ពួក​​គេ។ បើ​​ទោះ​​បី​ជា​​វា​​អាច​​នឹង​​​ជា​​មេរៀន​​​ដ៏​​ពិបាក វា​​ក៏​​អាច​​ជា​​ការ​​ចាំបាច់​​សម្រាប់​​កុមារ​​ក្នុង​​ការ​​រៀន​​សហការ​​ជាមួយ​​អ្នក​​ដទៃ​​តាំង​​​ពី​​វ័យ​​ក្មេង។

ការយល់ដឹងពីការចូលក្នុងសង្គម

ការ​​ចូល​​ចំណោម​​ជាមួយ​​អ្នក​​ដទៃ​​ក្រៅ​ពី​​គ្រួសារ​​ដែល​​ជា​​តំបន់​​មាន​​សុវត្ថិភាព​​ដល់​​កុមារ​នោះ​ គឺ​​ជា​មូលដ្ឋានគ្រឹះ​ដំបូង​ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​កុមារ។ ឪពុក​ម្ដាយ​យល់​ពី​ភាព​សំខាន់​នៃ​ការ​ណែនាំ​កូនៗ​ឱ្យ​ក្មេង​ដទៃ និង​គាំទ្រ​ការ​ផ្លាស់ប្ដូរ​របស់​ពួកគេ​នៅ​ក្នុង​ក្រុម​ផ្ទាល់​ខ្លួន។ ការ​អនុញ្ញាត​កូនៗ​ឱ្យ​រាប់​អាន​ជាមួយ​ក្មេង​ដទៃ​អាច​ជួយ​ពួក​គេ​ឱ្យ​ជំនះ​ភាព​ខ្មាស់​អៀន និង​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

ការ​អភិវឌ្ឍជាមូលដ្ឋានសម្រាប់ផ្នែកសំខាន់ៗ

ការ​អភិវឌ្ឍ​ជាមូលដ្ឋាន គឺ​ជា​ការ​កសាង​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សង្គម រាង​កាយ​ ចិត្ត​សាស្ត្រ និង​អារម្មណ៍។ គ្រូ​បង្រៀន​កុមារ​តូច​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​ជំនួយ​សម្រាប់​គ្រប់​កុមារ និង​បង្កើត​សកម្មភាព និង​កម្មវិធី​សម្រាប់​ពួក​គេ។ ជាមួយគ្នា​នេះ​ផង​ដែរ មិត្ត​ភក្ដិ​ក៏​មាន​សារ​សំខាន់​សម្រាប់​ករណី​នេះ​ដែរ ព្រោះ​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សកម្មភាព​ដែល​មាន​ការ​សហការ​គ្នា និង​អាច​ជួយ​បាន។

មានភាពរីករាយ និងកម្លាំងក្នុងការរៀនមិនឈប់ឈរ

មេរៀន​ត្រូវ​តែ​ផ្ដល់​ជូន​សម្រាប់​កុមារ​ក្នុង​លក្ខណៈ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​សប្បាយៗ​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កុមារ​ឱ្យ​ក្លាយ​ជា​អ្នក​រៀន​សូត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព។ វា​ជា​ការ​ពិត​ក្នុង​ការ​ធ្វើ​ជា​គំរូ​សម្រាប់​កុមារ​ទាំង​នេះក្នុង​ការ​រៀន​សូត្រ​ប្រកប​ដោយ​ភាព​រីករាយ និង​ចំណង់។ ក្ដី​ស្រឡាញ់​របស់​កុមារ​ដែល​មាន​ចំពោះ​ការ​សិក្សា​ត្រូវ​ចាក់​គ្រឹះ​តាំង​ពី​ពេល​ពួក​គេ​ដល់​វ័យ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប។

ការយល់ដឹងពីគុណតម្លៃនៃការសិក្សាតាមរយៈបទពិសោធន៍

អ្នក​អប់រំ​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​ធ្វើ​ជា​គំរូ និង​ផ្ដល់​​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែងដើម្បី​ជួយ​ពួក​គេ​ឱ្យ​ចាប់​យក​តម្លៃ​នៃ​ការ​សិក្សា និង​ការ​រៀន​សូត្រ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ទោះបី​ជា​ឪពុកម្ដាយ គឺ​ជា​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​សម្រាប់​កុមារ ក៏​ប៉ុន្តែ ការ​ឱ្យ​ពួក​គេ​ចូល​រៀន​នៅ​សាលារៀន​ក៏​អាច​ផ្ដល់​នូវ​បរិយាកាស​ថ្មី​នៅ​ក្នុង​ការ​អប់រំ​ដែល​នៅ​ជាមួយ​គេ​ក្នុង​ដំណើរ​ជីវិត​នៃ​ការ​សិក្សា​ទៅ​អនាគត។

ការរៀនអំពីគុណតម្លៃនៃការគោរព

ថ្នាក់​រៀន​មតេយ្យ​កម្រិត​ទាប​បង្រៀន​កុមារ​ឱ្យ​ចេះ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​គោរព​សម្រាប់​អ្នក​ដទៃ។ នេះ​រួម​បញ្ចូល​ទាំង​មនុស្ស កម្មសិទ្ធិ និង​បរិស្ថាន។ សកម្មភាព​នេះ​នឹង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ការ​រៀន​នៅ​សាលា​ដែល​កុមារ​ចែក​រំលែក​របស់​ផ្សេងៗ និង​គ្រូ​បង្រៀន​បង្រៀន​ពី​របៀប​របប និង​កាតព្វ​កិច្ច​របស់​ប្រជាជន។

ការដឹងពីរបៀបធ្វើការជាក្រុម

ការ​អប់រំ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​បង្ហាញ​ពី​សារសំខាន់​នៃ​ការងារ​ក្រុម​ដែល​អាច​បង្រៀន​ឱ្យ​ពួក​គេ​ចេះ​គោរព​គំនិត ឬ​មតិ​របស់​អ្នក​ដទៃ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ វា​ក៏​អាច​បង្រៀន​ពី​គុណ​តម្លៃ​នៃ​ការ​ស្ដាប់ និង​សមភាព។ សកម្មភាព​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ជា​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ក្រុម ពី​ព្រោះ​បុគ្គល​ដែល​អាច​រៀន​ពី​វិធី​ធ្វើការ​ក្នុង​ក្រុម​ពេល​ដែល​ពួកគេ​មាន​វ័យ​តូចៗ​នឹង​ងាយ​ស្រួល​ក្នុង​ការ​សម្រប​តាម​ស្ថានភាព​ផ្សេងៗ និង​អាច​ទទួល​បាន​ការងារ​រហ័ស។

ការអភិវឌ្ឍភាពអំណត់

ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន​ថ្នាក់​អប់រំ​កុមារ​តូច​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជួយ​កូនៗ​ឱ្យ​អាច​អភិវឌ្ឍ​ភាព​អត់​ធ្មត់​តាំង​ពី​នៅតូច។ ដោយ​ការ​អភិវឌ្ឍ​នូវ​បរិយាកាស​មួយ​ដែលមាន​សុវត្ថិភាព យុត្តិធម៌ និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ គឺ​ជា​ការ​បង្កើត​នូវ​ការ​រំពឹង​ទុក​ដ៏​ប្រាកដ ហើយ​ក្មេងៗ​ក៏​អាច​មាន​សមត្ថភាព​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ និង​ខ្លួន​ពួក​គេ។

គ្រូ​បង្រៀន​ត្រូវ​តែ​ផ្ដល់​នូវ​បរិយាកាស​ដ៏​ប្រកួត​ប្រជែង​មួយ​ដែល​កុមារ​អាច​រៀន​តាម​រយៈ​ការ​អនុវត្ត​តាំង​ពី​លើក​ដំបូង។ បើ​ទោះបី​ជា​កុមារ​មាន​ការ​វាយ​តប់​គ្នា ឬ​ធ្លាប់​ចាញ់​ហ្គេម​ជា​ញឹកញាប់​ក៏​ដោយ​ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​បង្កើត​នូវ​វិធីសាស្ត្រ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ជីវិត​កាន់​តែ​ប្រសើរ។

ការអភិវឌ្ឍជំនាញដើម្បីផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ

ក្នុង​អំឡុង​ពេល​រៀន​ថ្នាក់​អប់រំ​កុមារ​តូច កុមារ​អាច​រុក​រក​គ្រប់​ឱកាស​ទាំង​អស់​ដែល​អាច​ឱ្យ​ពួក​គេ​ស្វែង​យល់​ពី​បទពិសោធន៍​ថ្មីៗ បរិយាកាស​ថ្មី និង​មិត្ត​ភក្ដិ​ថ្មី​ជា​ដើម។ ពួកគេ​មាន​ចិត្ត​ស្រមើ​ស្រមៃ និង​ប្រកប​ដោយ​ថាមពល។

ការអនុវត្តភាពអត់ធ្មត់

ជា​រៀងរាល់​ថ្ងៃ មនុស្ស​ពេញវ័យ​ត្រូវ​ឆ្លង​ការ​នូវ​ស្ថានភាព​គ្រប់​បែប​យ៉ាង​ដែល​ភាព​អត់ធ្មត់​របស់​ពួកគេ​ត្រូវ​បាន​គេ​យក​មក​សាក​ល្បង។ កុមារ​ត្រូវ​ការ​ឱកាស​ដើម្បី​ប្រឡូក​ចូល​ក្នុង​បទពិសោធន៍​សង្គម​យ៉ាង​ច្រើន​ដែល​បទពិសោធន៍​ទាំង​នោះ​អាច​ឱ្យ​ពួកគេ​ស្វែង​រក និង​អនុវត្ត​ភាព​អត់ធ្មត់​របស់​ពួក​គេ។ ការ​បង្រៀន​តាម​រយៈ​ការ​ផ្ដល់​ជា​គំរូ បទ​ពិសោធន៍​សង្គម និង​ឧទាហរណ៍​នឹង​ជួយ​ពួក​គេ​ឱ្យ​អភិវឌ្ឍ​ភាព​អំណត់​របស់​ពួក​គេ និង​ស្វែង​យល់​ពី​សារ​សំខាន់​នៃ​ការ​រង់ចាំ​ដើម្បី​ដល់​វេន​របស់​ពួក​គេ។ នៅ​ក្នុង​សាលា​ដែល​មាន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប មាន​ការ​រៀប​ចំ​ទោង​ឱ្យ​កុមារ​ជិះ​លេង​កម្សាន្ត ហើយ​កុមារ​ត្រូវ​តែ​ចែក​រំលែក​កន្លែង​លេង​តាម​លំដាប់​លំដោយ៕

អត្ថបទដើម៖ How Early Childhood Education Helps a Child Develop his Life Skills

ការពិតដ៏គួរឱ្យចាប់អារម្មណ៍ទាំង ៤ យ៉ាងអំពីកូនរបស់អ្នក

on Friday, 12 January 2018. Posted in Parenting Tips, Activities

599aa6451900002500dd4900

តើ​អ្នក​ដឹង​ពី​កូន​បាន​ច្រើន​កម្រិត​ណា​ដែរ? ប្រហែល​ជា​មាន​ថ្ងៃ​ខ្លះ​អ្នក​ភ្ញាក់​ផ្អើល​ពេល​ដែល​ឃើញ​កូន​និយាយ​ពាក្យ​ដែល​អ្នក​មិន​ដឹង ហើយ​ពេល​ខ្លះ​ទៀត អ្នក​ឃើញ​គេ​កំពុង​រាំ​យ៉ាង​ស្ទាត់​ជំនាញ​នៅ​ក្នុង​បន្ទប់​ពេល​ដែល​គេ​ឮ​បទ​ចម្រៀង។ ទាំង​នេះ​គ្រាន់​តែ​ជា​ទេពកោសល្យ​ដែល​លាក់​ទុក​ក្នុង​ពួកគេ​ដែល​យើង​មិន​ដឹង​ថា​ពួកគេ​មាន​តែ​ប៉ុណ្ណោះ។

ដូច​នេះ សូម​អ្នក​ទាំងអស់​គ្នា​មក​ស្វែង​យល់​ពី​ចំណុច​នានា​ដូច​តទៅ៖

តើ​ដឹង​ទេ​ថា​កូន​ក្មេង​ទាំងអស់​សុទ្ធតែ​គួរ​ឱ្យ​ស្រឡាញ់?
ទូទៅ គ្រប់​ទារក​ដែល​ទើប​កើត​ទាំង​អស់​សុទ្ធ​តែ​គួរ​ឱ្យ​ស្រឡាញ់ មិន​ថា​ពួក​គេ​ជា​ជន​ជាតិ​អ្វី​ឡើយ។ ជា​ការ​ពិត​ណាស់ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​បាន​បង្កើត​ទ្រឹស្ដី “គម្រោង​ទារក” ដែល​គម្រោង​នេះ​បង្ហាញ​ដល់​ពួក​យើង​ពី​លក្ខណៈ​ស្រដៀង​គ្នា​របស់​ទារក។

ទារក​ភាគ​ច្រើន​មាន​ក្បាល​មូល ភ្នែក​ធំៗ ថ្ពាល់​ធំៗ និង​រាង​កាយ​ទន់។ ហេតុ​ដូច​នេះ​ហើយ​ទើប​ពេល​ដែល​យើង​ឃើញ​ទារក​ម្ដង​ណា យើង​អាច​ប្រើ​ពាក្យ​បរិយាយ​ពី​គេ​បាន​តែ​មួយ​គត់​ គឺគួរ​ឱ្យ​ស្រឡាញ់។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ឪពុក​ម្ដាយ និង​បរិយាកាស​ជុំវិញ​ពួក​គេ​មាន​ឥទ្ធិពល​ធំ​បំផុត​លើ​កូនៗ?

ឥរិយាបថ និង​អាកប្បកិរិយា​របស់​កូន​ក្មេង​ភាគ​ច្រើន​ត្រូវ​បាន​ចម្លង​មក​ពី​គ្រួសារ​របស់​គេ និង​បរិយាកាស​​ជុំវិញ​ដែល​គេ​កំពុង​រស់​នៅ។ ហេតុ​ដូចនេះ​ហើយ​ទើប​កុមារ​ខ្លះ​ដែល​មក​ពីគ្រួសារ​ល្អ​ច្រើន​តែ​មាន​អាកប្បកិរិយា​ល្អ។ ពួកគេ​ទទួល​បាន​ការ​មើល​ថែ​យ៉ាង​ល្អ​ឥតខ្ចោះ​ដែល​ភាព​ល្អ​នេះ​មាន​ឥទ្ធិពល​លើ​ភាព​ជឿជាក់​ និង​អាកប្បកិរិយា​របស់​ពួកគេ​ទាំង​ក្នុង​ការ​សិក្សា និង​អាជីព​នា​ពេល​អនាគត។

ជាង​នេះ​ទៀត កុមារ​ដែល​បាន​ទទួល​ឱកាស​ក្នុង​ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង និង​ទទួល​វិន័យ​អប់រំ​យ៉ាង​ល្អ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ​ជាង​កុមារ​ដែល​មិន​មាន​ការ​រៀន​សូត្រ ឬ​ទទួល​ការ​អប់រំ​វិន័យ។

តើ​អ្នក​ដឹង​ទេ​ថា “ការ​និយាយ​បែប​កូន​ក្មេង” គឺ​ជា​ឧបករណ៍​ធ្វើ​ទំនាក់​ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​កាន់​កូនៗ​?
តើ​អ្នក​ធ្លាប់​បាន​សង្កេត​មើល​ដែរ​ទេ​ថា​ឪពុក​ម្ដាយ ជា​ពិសេស​ម្ដាយ មាន​ទេពកោសល្យ​ពី​កំណើត​ក្នុង​ការ​និយាយ​ដូច​ជា​ក្មេង​ពេល​ដែល​និយាយ​ជាមួយ​កូន​របស់​ពួក​គេ? នេះ គឺ​ជា​ភាសា​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ ការ​និយាយ​បែប​កូន​ក្មេង ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កូន​តូច។

មូលហេតុ​ដែល​ឪពុក​ម្ដាយ​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ភាសា​នេះ គឺ​ព្រោះ​តែ​ភាព​រណ្ដំ​នៃ​សំឡេង​របស់​ពួក​គេ។ ទារក​អាច​ចាប់​បាន​ពាក្យ​ទាំង​នោះ ហើយ​វា​អាច​ជួយ​ពួកគេ​ក្នុង​ការ​ស្វែង​យល់​ពាក្យ ព្រោះ​ថា​ពាក្យ​នីមួយៗ​ត្រូវ​បាន​និយាយ​យ៉ាង​ច្បាស់ និង​ងាយ​យល់។

តើ​អ្នក​មាន​ដឹង​ទេ​ថា​ការ​មើល​កម្មវិធី​ទូរទស្សន៍​របស់​កុមារ​មិនមែន​សុទ្ធ​តែ​មាន​ប្រយោជន៍?
ផ្ទុយ​ស្រឡះ​ពី​ជំនឿ​ទូទៅ ការ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មើល​កម្មវិធី​ទូរទស្សន៍ មិន​អាច​ជួយ​ពួក​គេ​ឱ្យ​រៀន​បាន​ឆាប់​រហ័ស​ឡើយ។ កម្មវិធី​ទាំង​នេះ​ប្រហែល​ជា​មិន​មែន​ជា​កម្មវិធី​អប់រំ ប៉ុន្តែ វា​អាច​គ្រាន់​តែ​ជា​កម្មវិធី​កម្សាន្ត​សម្រាប់​ក្មេង​តូច​តែ​ប៉ុណ្ណោះ ជា​ពិសេស​កម្មវិធី​ដែល​មាន​ពណ៌ និង​ចម្រៀង​នោះ។ ចិត្ត​វិទូ​ជា​ច្រើន​នៅ​តែ​ចង់​ឱ្យ​មាតា​បិតា​ចំណាយ​ពេល​ជាមួយ​កូនៗ​ឱ្យ​បាន​ច្រើន។

កូន​របស់​អ្នក​ គឺ​ជា​វត្ថុ​តូច​ដ៏​អស្ចារ្យ​មួយ។ ពួក​គេ​អាច​ធ្វើ​កិច្ចការ​ច្រើន​ដែល​យើង​មិន​ដឹង។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​ត្រូវ​មើល​ថែ​ពួក​គេ និង​ប្រាកដ​ថា​អ្វី​ដែល​ពួក​គេ​រៀន និង​មើល​ឃើញ​ គឺ​ពិត​ជា​សម​ស្រប​នឹង​អាយុ​របស់​ពួក​គេ៕

អត្ថបទដើម៖ 4 Fascinating Facts About Your Child

អត្ថប្រយោជន៍នៃតន្រ្តីសម្រាប់កុមារវ័យតូចៗ

on Thursday, 11 January 2018. Posted in Classes, Parenting Tips, Activities

Ly Lang and drum

ទស្សនវិទូ ប្លាតូ បាននិយាយថា “តន្ត្រីគឺជាច្បាប់នៃសីលធម៌។ វាផ្ដល់នូវព្រលឹងដល់ភពផែនដី ស្លាបដល់ចិត្ត ការហោះហើរដល់ការស្រមើមៃ និងមន្ដស្នេហ៍ និងភាពរីករាយដល់ជីវិត និងអ្វីៗគ្រប់យ៉ាង។” ការផ្ដល់ឱកាសដល់កូនៗក្នុងការរៀនលេងឧបករណ៍តន្រ្តី ឬរៀនចម្រៀង អាចផ្ដល់នូវអត្ថប្រយោជន៍ដល់ពួកគេយ៉ាងច្រើន។

  • ការអភិវឌ្ឍខួរក្បាល
    តន្រ្តីមិនត្រឹមតែធ្វើឱ្យយើងរីករាយប៉ុណ្ណោះទេ តែវាថែមទាំងជួយអភិវឌ្ឍខួរក្បាលទៀតផង។ ចាប់ផ្ដើមចាក់ចម្រៀងឱ្យកូនស្ដាប់ពេលដែលពួកគេនៅតូចៗអាចបង្កើនភាពវៃឆ្លាតរបស់ពួកគេ។ ការសិក្សាបានបង្ហាញថា កុមារដែលលេងឧបករណ៍តន្រ្តីច្រើនតែរៀនពូកែជាងអ្នកដែលមិនលេងឧបករណ៍តន្រ្តីសោះ។ ការលេងឧបករណ៍តន្រ្តីជួយឱ្យខួរក្បាលបង្កើតនូវជំហានថ្មីៗ។ តន្រ្តី និងចម្រៀងក៏អាចជួយកូនៗរបស់លោកអ្នកមានការចងចាំល្អ។ តន្រ្តីមិនត្រឹមតែជួយពួកគេក្នុងពេលបច្ចុប្បន្ននោះទេ តែក៏អាចជួយពួកគេពេលដែលពួកគេរីកលូតលាស់ពេញវ័យផងដែរ។
  • វិន័យ និងទំនួលខុសត្រូវ
    ការលេងឧបករណ៍តន្រ្តី និងការរៀនច្រៀងអាចបង្រៀនកូនរបស់អ្នកពីវិន័យ និងទំនួលខុសត្រូវ ដែលនេះគឺជាចរិតលក្ខណៈដែលពួកគេនឹងត្រូវការពេលដែលពួកគេពេញវ័យ។ កូនរបស់អ្នកនឹងរៀនពីវិធីចំណាយពេលវេលាឱ្យឆ្លាតវៃពេលដែលពួកគេអនុវត្ត និងរៀនថាតើត្រូវចំណាយការខំប្រឹងប៉ុន្មាន បើខំប្រឹងកាន់តែច្រើន កាន់តែល្អ។ កូនៗរបស់អ្នកមិនត្រឹមតែរៀនពីការគោរពវិន័យ និងការទទួលខុសត្រូវប៉ុណ្ណោះទេ តែពួកគេក៏អាចរៀនពីការស្ដាប់យ៉ាងប្រុងប្រយ័ត្ន និងផ្ចង់ស្មារតីលើអ្វីដែលពួកគេកំពុងធ្វើទៀតផង។
  • ភាពអំណត់
    គុណប្រយោជន៍មួយទៀតដែលតន្រ្តីមានឥទ្ធិពលលើកុមារនោះគឺ វាបង្រៀនពួកគេឱ្យមានភាពអត់ធ្មត់ខ្ពស់។ ការរៀនច្រើនតាមបច្ចេកទេសត្រឹមត្រូវ ឬរៀនលេងឧបករណ៍តន្រ្តីណាមួយចាំបាច់ត្រូវចំណាយពេលរៀន។ ភាពល្អឥតខ្ចោះមិនមែនកើតឡើងត្រឹមតែមួយថ្ងៃនោះទេ។ កូនៗរបស់អ្នកនឹងរៀនពីការខំធ្វើការងារ និងអត់ធ្មត់ពេលដែលពួកគេរៀនអ្វីថ្មី។
  • កាត់បន្ថយភាពតានតឹង និងបង្ហាញពីខ្លួនឯង
    មនុស្សយើងកាន់តែចាស់ កាន់តែមានភាពតានតឹង។ ពួកគេត្រូវបែងចែកគ្នាឱ្យដាច់រវាងកន្លែងធ្វើការ សាលារៀន និងការរីករាយក្នុងសង្គម ហើយវាពិតជាពិបាកក្នុងការស្វែងរកសេចក្ដីសុខ​ឱ្យខ្លួនឯង។ ការចាក់តន្រ្តីស្ដាប់ ឬច្រៀងអាចជួយកូនៗរបស់អ្នកក្នុងការកាត់បន្ថយភាពតានតឹងពេលដែលពួកគេធំឡើង។ តន្រ្តីអាចជួយមនុស្សឱ្យគ្រប់គ្រងអារម្មណ៍ពេលដែលពួកគេមានអារម្មណ៍ពិបាកចិត្ត។ កូនៗរបស់អ្នកអាចប្រើសំឡេង ឬសមត្ថភាពរបស់ពួកគេដើម្បីបង្ហាញពីអារម្មណ៍ដែលពិបាកចិត្ត។ ដូចដែលតន្រ្តីអាចជួយមនុស្សឱ្យឆ្លងកាត់ពេលវេលាមិនល្អ តន្រ្តីក៏ជួយឱ្យពួកគេបង្ហាញភាពវិជ្ជមានរបស់ខ្លួនឯងផងដែរ។
  • ជំនាញសង្គម
    តន្រ្តីគឺជាសិល្បៈមួយដែលពិតជាអាចឱ្យមនុស្សអាចរាប់អានគ្នា។ វាគឺជាភាសាមួយដែលមនុស្សអាចយល់។ ការផ្ដល់ឱកាសឱ្យកូនៗច្រៀងចម្រៀង ឬលេងឧបករណ៍តន្រ្តីអាចជួយពួកគេរាប់អានមិត្តភក្ដិ និងបង្រៀនពួកគេពីវិធីក្នុងការទាក់ទងជាមួយអ្នកដទៃ។ ការចូលក្នុងក្រុមដែលចូលចិត្តតន្រ្តីអាចបង្រៀនកូនៗរបស់អ្នកឱ្យចេះធ្វើការជាមួយកុមារដែលមានវ័យប្រហាក់ប្រហែលនឹងពួកគេ។

សូមផ្ដល់ឱកាសដល់កូនៗឱ្យទទួលយកនូវអត្ថប្រយោជន៍ពីការច្រៀង និងលេងឧបករណ៍តន្រ្តី។ ផ្ដល់ឱកាសឱ្យពួកគេក្នុងការរៀនអ្វីដែលថ្មីនៅថ្ងៃនេះ។ លោកអ្នកអាចចុះឈ្មោះពួកគេឱ្យរៀនជាមួយនឹងគ្រូភ្លេង ឬគ្រូបង្រៀនច្រៀង៕

អត្ថបទដើម៖ Benefits of Music at a Young Age

កិច្ចការប្រចាំថ្ងៃដែលកុមារអាចធ្វើបានតាមវ័យរបស់ពួកគេ

on Wednesday, 10 January 2018. Posted in Parenting Tips, Activities

Family Chores

តើអ្នកកំពុងត្រៀមឱ្យកូនៗរបស់អ្នកក្លាយជាមនុស្សដែលឯករាជ្យមែនទេ? ការបង្រៀនកូនៗពីបំណិនជីវិតមិនត្រឹមតែមានសារសំខាន់សម្រាប់ការថែរក្សាខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យគេមានអារម្មណ៍ថាពួកគេមានសិទ្ធិ និងអំណាចគ្រប់គ្រាន់ទៅលើការការធ្វើកិច្ចការក្នុងសង្គម និងបញ្ជាក់ហេតុផលនានា និងអាចជួយឱ្យពួកគេមានការអភិវឌ្ឍការឱ្យតម្លៃលើខ្លួនឯងយ៉ាងល្អ។ ខាងក្រោមនេះគឺជាបញ្ជីចន្លោះវ័យដែលអាចធ្វើបានក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។

អាយុចាប់ពី ២ ទៅ ៣ ឆ្នាំ៖ ការងារស្រាលៗ

អាយុចន្លោះនេះគឺជាពេលដែលកូនរបស់អ្នកចាប់ផ្ដើមរៀនពីជំនាញជាមូលដ្ឋាន។ កុមារដែលឈានចូលដល់អាយុ ៣ ឆ្នាំ គួរតែអាច៖

  • រៀបចំទុកដាក់ប្រដាប់លេងដោយខ្លួនឯងបន្ទាប់ពីលេងរួច
  • ស្លៀកពាក់ដោយខ្លួនឯង (ដោយមានការជួយពីអ្នក)
  • ទុកសម្លៀកបំពាក់ដែលស្លៀកពាក់រួចទៅក្នុងកន្ត្រក
  • បន្ទាប់ពីទទួលទានអាហាររួច ត្រូវយកចានទៅទុកកន្លែងលាងចានដោយខ្លួនឯង
  • ជួយរៀបចំតុ
  • ចេះដុសធ្មេញ និងលុបមុខដោយមានជំនួយខ្លះពីអ្នក

អាយុចាប់ពី ៤ ទៅ ៥ ឆ្នាំ៖ ស្គាល់ឈ្មោះ និងលេខ

នៅពេលដែលកូនរបស់អ្នកឈានចូលដល់អាយុនេះ ជំនាញសុវត្ថិភាពពិតជាសំខាន់សម្រាប់ពួកគេ។ ពួកគេគួរតែដឹង៖

  • ឈ្មោះពេញ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ខ្លួនឯង និងអ្នកផ្ទះ
  • ចេះហៅទូរស័ព្ទពេលមានគ្រោះអាសន្នណាមួយកើតឡើង

ពួកគេក៏គួរតែរៀនពី៖

  • ការចេះសម្អាតកិច្ចការស្រាលៗដូចជាសម្អាតធូលីដីនៅកន្លែងដែលពួកគេអាចឈោងដល់ និងរៀបចំតុបន្ទាប់ពីញ៉ាំអាហាររួច
  • ដាក់ចំណីឱ្យសត្វចិញ្ចឹម (បើមាន)
  • កំណត់អត្តសញ្ញាណរបស់លុយ និងយល់ពីរបៀបនៃការប្រើលុយ
  • ដុសធ្មេញ សិតសក់ និងលាងមុខដោយមិនមានជំនួយ
  • ជួយក្នុងកិច្ចការបោកគក់ដូចជារៀបចំសម្លៀកបំពាក់ទុកឱ្យស្រួល និងយកខោអាវដែលប្រឡាក់ ឬស្លៀកពាក់ហើយទៅទុកកន្លែងបោកគក់
  • ជ្រើសរើសខោអាវស្លៀកពាក់ដោយខ្លួនឯង

អាយុចាប់ពី ៦ ទៅ ៧ ឆ្នាំ៖ ស្គាល់ពីរបៀបចម្អិនអាហារងាយៗ

កុមារក្នុងវ័យនេះអាចចាប់ផ្ដើមជួយអ្នកក្នុងការចម្អិនអាហារ និងអាចរៀនពី៖

  • លាយ កូរ និងកាត់ជាមួយកាំបិតដែលមិនធ្វើឱ្យមុតដៃក្មេង។
  • ចម្អិនអាហារងាយៗដូចជាការធ្វើនំប៉័ងសាំងវិចជាដើម។
  • ជួយរៀបចំគ្រឿងទេសដែលប្រើរួចដាក់ចូលក្នុងទូវិញ។
  • លាងចាន

កូនអ្នកក៏គួរតែរៀនពី៖

  • ការប្រើសម្ភារសម្អាតងាយប្រកបដោយសុវត្ថិភាព
  • សម្អាតបន្ទប់ទឹកបន្ទាប់ពីប្រើរួច
  • រៀបចំគ្រែគេងដោយមិនមានជំនួយពីអ្នក
  • ងូតទឹកដោយខ្លួនឯង

អាយុចាប់ពី ៨ ទៅ ៩ ឆ្នាំ៖ ចំពោះសម្ភារផ្ទាល់ខ្លួន

ក្នុងវ័យនេះ កូនរបស់អ្នកគួរតែស្គាល់ពីកាតព្វកិច្ចក្នុងការថែរក្សាសម្ភារផ្ទាល់ខ្លួន។ កិច្ចការទាំងនេះរួមមាន៖

  • បត់សម្លៀកបំពាក់ដោយខ្លួនឯង
  • រៀនដេរ
  • មើលថែរបស់លេង ឬរបស់ប្រើដែលទុកនៅក្រៅផ្ទះមានដូចជាកង់ ឬស្គីជាដើម

ពួកគេក៏គួរតែរៀនពី៖

  • ការថែរក្សាអនាម័យផ្ទាល់ខ្លួនដោយមិនចាំបាច់មានអ្នកណាប្រាប់
  • ប្រើអំបោស និងប្រដាប់ចូកសម្រាមឱ្យបានត្រឹមត្រូវ
  • អានក្បួនធ្វើម្ហូប និងចម្អិនអាហារងាយៗ
  • ជួយបង្កើតបញ្ជីមុខម្ហូប និងគ្រឿងផ្សំដែលត្រូវទិញ
  • កត់ត្រានូវសារដែលមាននៅក្នុងទូរស័ព្ទ ឬបានទទួលទូរស័ព្ទ
  • ជួយស្រោចទឹក និងមើលថែរក្សាផ្កា និងរុក្ខជាតិ
  • យកសម្រាមទៅទុកនៅក្រៅផ្ទះ

អាយុចាប់ពី ១០ ទៅ ១៣ ឆ្នាំ៖ ការបង្កើនភាពឯករាជ្យផ្ទាល់ខ្លួន

អាយុ ១០ ឆ្នាំ គឺជាវ័យដែលកូនរបស់អ្នកអាចចាប់ផ្ដើមបង្ហាញនូវជំនាញដែលបង្ហាញពីភាពឯករាជ្យហើយ។ ពួកគេគួរតែដឹងពី៖

  • ការនៅផ្ទះម្នាក់ឯង
  • ទៅហាងទំនិញ និងទិញទំនិញដោយខ្លួនឯង
  • ប្ដូរកម្រាលពូកដោយខ្លួនឯង
  • ប្រើម៉ាស៊ីនបោកខោអាវ និងសម្ងួតខោអាវ
  • គ្រោង និងរៀបចំអាហារដោយប្រើគ្រឿងផ្សំច្រើន
  • ប្រើម៉ាស៊ីនឡ (ម៉ាស៊ីនដុតនំ)ដើម្បីអាំង ឬដុតអាហារ

កូនរបស់អ្នកក៏គួរតែរៀនពី៖

  • ការអានស្លាកសញ្ញា
  • អ៊ុតសម្លៀកបំពាក់ដោយខ្លួនឯង
  • រៀនពីការប្រើសម្ភារជួសជុលងាយៗ
  • ជម្រះស្មៅ
  • មើលថែប្អូន ឬអ្នកជិតខាង

អាយុចាប់ពី ១៤ ទៅ ១៨ ឆ្នាំ៖ ត្រូវតែរៀនពីជំនាញដែលត្រូវប្រើប្រចាំថ្ងៃខ្លាំងជាងមុន

នៅមុនវ័យ ១៤ ឆ្នាំ កូនរបស់អ្នកគួរតែមានភាពស្ទាត់ជំនាញក្នុងកិច្ចការស្រាលៗពីមុនមកហើយ។ បន្ថែមពីនេះទៀត កូនរបស់អ្នកក៏គួរតែអាច៖

  • ចេះសម្អាតកន្លែងដែលស្មុគស្មាញជាងមុន និងជួសជុល ដូចជាការផ្លាស់ប្ដូរប្រអប់របស់ម៉ាស៊ីនបូមធូលី សម្អាតចង្ក្រាន និងជួសជុលបំពង់ទឹក
  • អាន និងយល់ពីឈ្មោះថ្នាំដែលបង្ហាញ និងបរិមាណប្រើ
  • ទៅសម្ភាសរកការងារធ្វើ
  • រៀបចំ និងចម្អិនអាហារបើចាំបាច់

មនុស្សពេញវ័យ៖ រៀបចំក្នុងការរស់នៅដោយខ្លួនឯង

កូនរបស់អ្នកនឹងត្រូវតែដឹងពីការចិញ្ចឹមខ្លួនឯងពេលដែលពួកគេត្រូវទៅរៀននៅសាកលវិទ្យាល័យ ឬរើផ្ទះទៅនៅខាងក្រៅ។ ក្នុងនោះក៏មានកិច្ចការមួយចំនួនដែលពួកគេត្រូវដឹងមុននឹងរើចេញទៅក្រៅ ដែលកិច្ចការទាំងនេះមានដូចជា៖

  • ការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យ និងពេទ្យធ្មរញ និងការណាត់ជួបផ្សេងទៀតដែលមានសារសំខាន់ដល់សុខភាព
  • មានការយល់ដឹងខ្លះៗពីហិរញ្ញវត្ថុ និងអាចគ្រប់គ្រងគណនីដាក់ប្រាក់នៅធនាគារ បង់លុយ និងប្រើបណ្ណឥណទានបានដោយខ្លួនឯង
  • យល់ពីកិច្ចសន្យានានាដូចជាការជួលផ្ទះ ឬបង់រំលស់រថយន្តជាដើម៕

អត្ថបទដើម៖ I did it all by myself! An age-by-age guide to teaching your child life skills

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.