បណ្ដុះចិត្តឱ្យចូលចិត្តបរិច្ចាគ
អំពើសប្បុរសធម៌ និងទឹកចិត្តចូលចិត្តបរិច្ចាគត្រូវបានផុសឡើងនៅក្នុងកម្រិតថ្មីមួយគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានគ្រោះមហន្តរាយធម្មជាតិ សង្គ្រាម និងការបំផ្លាញពីភេរវករនៅជុំវិញពិភពលោក។ បន្ទាប់ពីបានឃើញទិដ្ឋភាពដ៏សោកសង្រេងនោះមកតាមរយៈទូរទស្សន៍ជាដើមនោះ ធ្វើឱ្យមនុស្សចាប់ចេះគិត និងយល់ពីភាពខ្វះខាត និងទុក្ខសោករបស់ជនរងគ្រោះ និងចាប់ផ្ដើមចេញថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់ជនរងគ្រោះដែលកំពុងត្រូវការជំនួយទាំងនោះ។
មានឪពុកម្ដាយជាច្រើនបានចាប់យកឱកាសនេះបង្រៀនកូនៗរបស់ពួកគេឱ្យស្វែងយល់ពីកិច្ចការសប្បុរស និងអត្ថប្រយោជន៍ដែលពួកគេអាចជួយអ្នកដទៃបានទាន់ពេលវេលាក្នុងខណៈពេលដែលជន រងគ្រោះទាំងនោះកំពុងត្រូវការជំនួយជាបន្ទាន់។ ពួកគេអាចបង្កើតគម្រោងគ្រួសារសប្បុរស ដែលអាចឱ្យកូនរបស់ពួកគេជួយបានដូចជា ប្រើថវិកាបរិច្ចាគ សរសេរសែក និងរៀបចំការផ្ញើសំបុត្រជាដើម។ ទន្ទឹមនឹងនេះ ពួកគេបានអនុញ្ញាតឱ្យកូនរបស់ពួកគេចូលរួមកែប្រែភាពឈឺចាប់ និងទុក្ខសោកនៃការបាត់បង់ ឱ្យទៅជាក្ដីស្រឡាញ់ពីមនុស្សនានានៅពាក់កណ្ដាលពិភពលោក។
ជាការពិតណាស់ គ្រោះមហន្តរាយក្នុងពេលថ្មីៗនេះ បានផ្ដល់នូវឱកាសមួយក្នុងការបង្រៀនកូនៗអំពីកិច្ចការសប្បុរស។ ចុះប្រសិនបើឪពុកម្ដាយមួយចំនួនចង់ឱ្យមេរៀនសប្បុរសធម៌នេះកើតមានលើសពីម្ដងនោះ ហើយប្រសិនបើពួកគេចង់ឱ្យទឹកចិត្តបរិច្ចាគតែងតែមានក្នុងចិត្តរបស់កូនៗពួកគេ តើពួកគេត្រូវធ្វើយ៉ាងណាដើម្បីបណ្ដុះទម្លាប់សប្បុរសទាំងនោះបាន?
គម្រោងសប្បុរសសម្រាប់គ្រួសារ
ដើម្បីជួយកូនៗរបស់លោកអ្នកឱ្យមានទម្លាប់បរិច្ចាគ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម។
1- បរិច្ចាគសម្លៀកបំពាក់
អ្នកប្រាកដជាមានសម្លៀកបំពាក់ដែលលែងស្លៀកពាក់ ហើយទុកចោលក្នុងទូជាមិនខាន។ បើមានសម្លៀកបំពាក់ច្រើនដូចនេះ ហេតុអ្វីក៏មិនយកខ្លះទៅបរិច្ចាគដល់អ្នកដែលត្រូវការសម្លៀកបំពាក់ តែគ្មានលទ្ធភាព? លោកអ្នកអាចលើកទឹកចិត្តដល់កូនៗឱ្យប្រមូលសម្លៀកបំពាក់ដែលពួកគេលែងស្លៀក ឬលែងត្រូវការដើម្បីបរិច្ចាគបាន។ មិនត្រឹមតែសម្លៀកបំពាក់ប៉ុណ្ណោះទេដែលអាចបរិច្ចាគបាន ពួកគេក៏អាចប្រមូលរបស់លេងដែលពួកគេចង់បរិច្ចាគដាក់ចូលក្នុងប្រអប់សប្បុរសរបស់ពួកគេបានផងដែរ។ គុណតម្លៃដែលពួកគេទទួលបាន គឺពិតជាមានភាពអស្ចារ្យ។
2- ជួយអ្នកជិតខាង
ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាងពិតជាមានសារសំខាន់ខ្លាំងណាស់។ ចំណែកឯការជួយគ្នាទៅវិញទៅមក គឺកាន់តែសំខាន់ទៅទៀត។ លោកអ្នកអាចបង្រៀនកូនៗឱ្យយល់ដឹងពីការជួយធុរៈអ្នកដទៃក្នុងពេលដែលគេមានបញ្ហា។
3- ការបរិច្ចាគឈាម
រាល់ពេលដែលលោកអ្នកទៅបរិច្ចាគឈាម គួរតែនាំកូនៗទៅជាមួយដើម្បីបង្ហាញពីគំរូដល់ពួកគេ។ លោកអ្នកត្រូវនិយាយប្រាប់ពួកគេពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម។
4- ធ្វើពិធីខួបកំណើតបែបសប្បុរស
លោកអ្នកអាចប្រារព្ធពិធីខួបកំណើតមួយសម្រាប់ទទួលអំណោយក្នុងការបរិច្ចាគដល់អ្នកដទៃ។ ឧទាហរណ៍ ក្នុងពិធីខួបកំណើតអំឡុងពេលដែលកូនកំពុងរៀនថ្នាក់ដំបូង លោកអ្នកអាចស្នើសុំដល់អ្នកចូលរួមកម្មវិធីខួបកំណើតរបស់កូននាំមកជាមួយនូវសៀវភៅថ្មី ឬប្រើរួចដើម្បីដាក់ក្នុងការបរិច្ចាគទៅកាន់សហគមន៍ដែលត្រូវការសៀវភៅសម្រាប់កុមារ។
5- ជួយដល់សត្វ
លោកអ្នកត្រូវបង្រៀនកូនៗឱ្យចេះស្រឡាញ់សត្វ និងឱ្យចំណីសត្វ។ មានសត្វអនាថាជាច្រើនកំពុងអត់ចំណី ដូច្នេះ នេះជាពេលដ៏ល្អដែលពួកគេអាចផ្ដល់ចំណីខ្លះដល់សត្វទាំងនោះ។
6- ផ្ដល់អាហារដល់អ្នកដែលខ្វះខាត
លោកអ្នកអាចបង្កើតកន្ត្រកអាហារដើម្បីឱ្យកូនៗដាក់អាហារចូល និងបរិច្ចាគនៅក្នុងពិធីបុណ្យ ឬថ្ងៃឈប់សម្រាកណាមួយដល់គ្រួសារដែលក្រខ្សត់ គ្មានអាហារបរិភោគគ្រប់គ្រាន់។ អាហារដែលពួកគេអាចបរិច្ចាគបានមានដូចជាម្ហូប បាយ ភេសជ្ជៈ ទឹកស្អាត ផ្លែឈើ ឬបង្អែមជាដើម។
7- ផ្លាស់ប្ដូរដើម្បីភាពរីកចម្រើន
លោកអ្នកអាចបង្កើតក្រឡសប្បុរសមួយ ដែលសមាជិកក្នុងគ្រួសារទាំងអស់អាចបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ពួកគេបន្តិចបន្តួចដាក់ក្នុងក្រឡនោះ។ ពេលដែលក្រឡពេញហើយ លោកអ្នកអាចយកថវិកាដែលមានក្នុងក្រឡនោះទៅបរិច្ចាគឱ្យគម្រោងសប្បុរស ឬជំនួយណាមួយដែលកូនៗពេញចិត្ត ដូចជា គម្រោងជំនួយដល់កុមារកំព្រា មនុស្សចាស់ជរា អ្នកកើតជំងឺ សត្វព្រៃ ។ល។ ឬក៏អាចយកថវិកាទាំងនោះទិញជាសម្ភារផ្គត់ផ្គង់ដល់សហគមន៍ណាមួយជាដើម។
8- ជួយមនុស្សចាស់
លោកអ្នកអាចណែនាំកូនៗឱ្យចេះជួយមនុស្សចាស់ ដូចជាជូនពួកគាត់ឆ្លងថ្នល់ ស្រោចផ្កា ដាំផ្កា ។ល។ អាចជួយសម្រាលភាពលំបាករបស់ពួកគាត់ខ្លះ។
ការអនុវត្តនូវគំនិតទាំងនេះ អាចជួយឱ្យកូនៗរបស់លោកអ្នកយល់ដឹងពីអំពើសប្បុរស គឺអាចកើតមានមិនត្រឹមតែក្នុងពេលមានអាសន្នប៉ុណ្ណោះទេ តែត្រូវតែមានជានិច្ច។ លោកអ្នកអាចជួយពួកគេឱ្យចេះគោរពដល់ជីវិត និងតម្រូវការរបស់អ្នកដទៃ ខណៈពេលដែលពួកគេកំពុងបរិច្ចាគធនធានណាមួយដែលពួកគេមាន នោះពួកគេអាចយល់ពីសារដ៏សំខាន់អំពីភាពជឿជាក់របស់លោកអ្នកចំពោះពួកគេក្នុងការប្រព្រឹត្តអំពើល្អ និងទឹកចិត្តបរិច្ចាគ៕
ប្រែសម្រួលពីសៀវភៅ The 10 Commitments: Parenting with Purpose