បង្រៀនកូនៗឱ្យយល់តម្លៃរបស់ "លុយ"
"លុយមិនអាចទិញសុភមង្គលបានទេ តែបើគ្មានលុយ សុភមង្គលក៏គ្មានដែរ" នេះគឺជាឃ្លាមួយដែលគេតែងនិយាយតៗគ្នា ហើយលោកអ្នកដែលជាឪពុកម្ដាយ ឬអាណាព្យាបាលគួរតែបង្រៀនកូនៗរបស់អស់លោកអ្នកឱ្យយល់ពីប្រយោគនេះ។ មួយវិញទៀត លោកអ្នកក៏គួរពន្យល់កូនៗឱ្យយល់ច្បាស់ពីតម្លៃ និងសារសំខាន់របស់លុយ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងលុយប្រកបដោយជោគជ័យ និងវៃឆ្លាត។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះដែលលោកអ្នកអាចបង្រៀនកូនៗឱ្យស្គាល់ និងយល់ថាលុយដែលពួកគេកំពុងចាយមានន័យយ៉ាងណា។
- ផ្ដល់លុយចាយដោយមានចំនួនកំណត់៖ លោកអ្នកគួរឱ្យលុយពួកគេសម្រាប់ចំណាយប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែដោយចំនួនតិច តែសមល្មមក្នុងការចាយ ដែលនេះជាមធ្យោបាយមួយអាចឱ្យពួកគេយល់ពីតម្លៃនៃលុយ ហើយពួកគេប្រាកដជាមិនខ្ជះខ្ជាយលុយកាក់នោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកដៃទូលាយ កូនសុំប៉ុន្មាន ក៏ឱ្យប៉ុណ្ណឹង ច្បាស់ជាធ្វើឱ្យកូនទម្រើស ចាយលុយខ្ជះខ្ជាយមិនខាន។
- បើពួកគេចង់បានអ្វី ត្រូវចេះសន្សំលុយទិញដោយខ្លួនឯង៖ ក្មេងៗមួយចំនួនតែងតែចង់បានសម្ភារលេងថ្មីជានិច្ច ហើយសម្ភារៈទាំងនោះមានដូចជាម៉ាស៊ីនហ្គេម តុក្កតា ឬស្គីជាដើម។ លោកអ្នកត្រូវណែនាំពួកគេឱ្យចេះសន្សំលុយដើម្បីទិញសម្ភារដែលពួកគេចង់បាន។ ពួកគេអាចយកលុយចំណាយប្រចាំថ្ងៃដើម្បីសន្សំ។ មួយវិញទៀត ប្រសិនបើលោកអ្នកចង់ជួលពួកគេធ្វើកិច្ចការជុំវិញផ្ទះស្រាលៗ ត្រូវប្រាកដថាលោកអ្នកឱ្យថ្លៃឈ្នួលតិចជាងអ្នកជិតខាង។
- ជំរុញ ឬលើកទឹកចិត្តពួកគេឱ្យចេះបរិច្ចាគ៖ លោកអ្នកត្រូវបង្រៀនកូនៗឱ្យស្គាល់ភាពក្រីក្រ ហើយបង្ហាញពួកគេថា លុយបន្តិចបន្តួចរបស់ពួកគេអាចផ្លាស់ប្ដូរជីវិតនរណាម្នាក់ឱ្យប្រសើរឡើង។ វិធីសាស្រ្តនេះអាចឱ្យពួកគេស្គាល់តម្លៃលុយ ហើយថែមទាំងមានចិត្តល្អ និងសណ្ដោសទៀតផង។
- បើកគណនីសន្សំក្នុងធនាគារឱ្យពួកគេ៖ ពេលកូនៗរបស់លោកអ្នកធំពេញវ័យហើយ លោកអ្នកអាចបើកគណនីសន្សំប្រាក់នៅធនាគារឱ្យពួកគេដើម្បីឱ្យពួកគេអាចទទួលបានការប្រាក់ពីការសន្សំ និងអាចជួយឱ្យពួកគេយល់ពីដំណើរការនៃប្រព័ន្ធហិរញ្ញវត្ថុ។
- ត្រូវឱ្យពួកគេរួមចំណែកក្នុងការសន្សំលុយទុកបង់ថ្លៃឈ្នួលសាលា៖ ថ្លៃឈ្នួលសាលាដែលមានតម្លៃថ្លៃៗបានដាក់សម្ពាធដល់មាតាបិតាទាំងឡាយ ដូច្នេះ ពួកគេអាចឱ្យកូនៗចេះសន្សំលុយរៀងៗខ្លួនបន្ថែមដើម្បីចូលរួមចំណែកបង់ថ្លៃសាលា៕
ដកស្រង់ និងប្រែសម្រួលពីសៀវភៅ 925 Ideas to Help You Save Money, Get Out of Debt and Retire a Millionaire
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, school