Articles tagged with: education

ជំនាញជីវិតសំខាន់ៗដើម្បីបង្រៀនកូនៗ

on Monday, 25 September 2017. Posted in Parenting Tips

teachersmotivate2

នៅក្នុង​ពិភព​ដែល​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស វិធី​ចិញ្ចឹម​កូនៗ​នឹង​ក្លាយ​ជា​បញ្ហា​ខុស​ប្លែក​គ្នា​ពី​វិធី​ដែល​ឪពុកម្ដាយ​យើង​ចិញ្ចឹម​យើង។ អ្វី​ដែល​ខុស​ប្លែកគ្នា​ច្រើន​អាច​ទាក់ទង​នឹង​តម្រូវ​ការ​ក្នុង​ការ​រៀប​ចំ​អនាគត​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​រស់​នៅ​ក្នុង​ពិភពលោក​ថាមវន្ដ និង​សាកល​ភាវូបនីយកម្ម​ជាង​មុន។ 

ក្នុង​ពន្លឺ​នៃ​អនាគត​បែប​ថាមវន្ដ និង​មិន​អាច​ទាយ​បាន​នោះ លោកអ្នក​ត្រូវ​ឱ្យ​កូនៗ​មាន​ជំនាញ​សំខាន់​ខាង​ក្រោម​ទាំង ៥ ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទោះបី​ជា​ពួកគេ​មាន​វ័យ​នៅ​តូចៗ​ក៏ដោយ។

1. វិធីគ្រប់គ្រងលុយកាក់

ដោយ​ផ្អែក​លើ​អាយុ​របស់​កូន​អ្នក អ្នក​ចាំបាច់​ត្រូវ​មាន​ជំនាញ ៣ សម្រាប់​បង្ហាញ​ពួក​គេ​ក្នុង​ការ​គ្រប់​គ្រង​លុយ​ដូច​ជា សន្សំ រក និង​ចំណាយ។

ជាទូទៅ មាន​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​ណែនាំ​ថា​អ្នកគួរ​តែ​ឱ្យ​កូនៗ​មាន​ទំនួល​ខុសត្រូវ​លើ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។ ចូរ​ឱ្យ​ពួកគេ​សិក្សា​ពី​ផលវិបាក​ដែល​ពួកគេ​ទទួល​បាន​ប្រសិន​បើ​ពួកគេ​ចាយ​លុយ​លើស​កម្រិត​ក្នុង​ពេល​ឥឡូវ ដើម្បី​ឱ្យ​ពួកគេ​ជៀសវាង​ក្នុង​ការ​ចាយ​លុយ​ខុស​ក្នុង​ឆ្នាំ​បន្ទាប់​ដើម្បី​ឱ្យ​ពួកគេ​យក​លុយ​ដែល​នៅ​សល់​ពី​ការ​ចាយ​វាយ​ប្រាក់​ប្រចាំ​របស់​ពួកគេ​សន្សំ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ ដែល​នេះ​មាន​ន័យ​ថា ពួកគេ​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ការ​ចំណាយ​ក្នុង​ដំណើរ​កម្សាន្ត។

2. វិធីដោះស្រាយជាមួយនឹងភាពតានតឹង (stress)

ភាព​តានតឹង​មិនមែន​សុទ្ធតែ​អាក្រក់​នោះ​ទេ។ មាន​ភាព​តាន​តឹង​ខ្លះ​បាន​ដើរ​តួ​ជា​អ្នក​ជម្រុញ​ទឹក​ចិត្ត​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ។ ពេល​ដែល​អ្នក​គ្រប់គ្រង​វា​មិន​បាន​ត្រឹម​ត្រូវ ភាព​តាន​តឹង​អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​។

អ្នកគួរ​តែណែនាំ​កូនៗ​ឱ្យ​ចេះ​ហាត់​ប្រាណ និង​ទទួលទាន​អាហារ​ផ្ដល់​នូវ​សុខភាព​ល្អ​ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​តបត​នឹង​ភាព​តាន​តឹង។ ត្រូវ​ព្យាយាម​ផ្ដល់​ឧទាហរណ៍​នៃ​គំនិត​ដ៏​វិជ្ជមាន​ជានិច្ច ព្រោះ​ចុងក្រោយ អ្វីៗ​នឹង​មាន​ភាព​ល្អ​ឡើង​វិញ ហើយ​បើ​ទោះ​បី​ជា​គ្មាន​ការ​បញ្ចប់​ដ៏​ល្អ​តាម​ការ​គិត​នោះ ក៏​មិន​មែន​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​ដែរ។

3. វិធីសម្របនឹងការផ្លាស់ប្ដូរ

នៅ​ក្នុង​ពិភព​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រហូត​នោះ ការ​ផ្លាស់​ប្ដូរ​ដូច​ជា​មាន​តែ​ការ​ប្រឈម​នឹង​ការ​រីក​លូត​លាស់​របស់​កូនៗ​តែ​ប៉ុណ្ណោះ។ តើ​យើង​គួរ​រៀប​ចំ​ពួក​គេ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពួកគេ​សម្រប​ខ្លួន​បាន​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ឥត​ឈប់ឈរ​នេះ?

ចម្លើយ​គឺ​សាមញ្ញ​បំផុត នោះ​គឺ​ការ​ដឹកនាំ​ដោយ​ឧទាហរណ៍។ ជា​ឧទាហរណ៍ ពេល​ដែលមាន​កាល​វិភាគ​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​ជៀស​មិន​រួច​កើត​ឡើង ត្រូវ​ឱ្យ​កូនៗ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នោះ។ មិន​ត្រូវ​ប្រតិកម្ម​ហួស​ហេតុ​ទេ​ពេល​កាល​វិភាគ​កិច្ចការ​ប៉ះពាល់​ដល់​គម្រោង​ប្រចាំថ្ងៃ​នោះ។ គេ​អាច​បង្ហាញ​ភាព​ខក​ចិត្ត​បាន តែ​ត្រូវ​តែ​រក​ដំណោះស្រាយ​ជា​ដាច់​ខាត។ ឧទាហរណ៍ អ្នក​អាច​និយាយ​ទៅ​កាន់​កូនៗ​ថា​ “ម៉ាក់​អត់​សូវ​សប្បាយ​ចិត្ត​សោះ​ដែល​ពិធី​ជប់លៀង​ត្រូវ​បាន​រំសាយ ហើយ​ម៉ាក់​ដឹង​ថា​ពួក​យើង​សុទ្ធ​តែ​រង់​ចាំ​ចូល​រួម​កម្មវិធី​នោះ។ ចឹង​ពួក​យើង​មើល​តុក្កតា ឬ​ទៅ​លេង​ទោង​បាន​ទេ?” ការ​ផ្ដល់​នូវ​ជម្រើស​ដល់​ពួកគេ​ក្នុង​ការ​ជ្រើស​រើស​អាច​អភិវឌ្ឍ​វិន័យ និង​ភាព​បត់បែន​តាម​កាលៈ​ទេសៈ។

ក្នុងនាម​ជា​ឪពុក​ម្ដាយ យើង​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​កូនៗ​ក្នុង​ការ​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ។ ជំនួស​ពីការ​ជជែក​វែកញែក​ពី​អ្វី​ដែល​កើត​ឡើង​ខុស​ពី​ការ​គ្រោង​ទុក ដោយ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត និង​ត្រូវ​ចង​ចាំ​ជានិច្ច​ក្នុង​ការ​ធ្វើ​ជា​គំរូ​ថា​វា​គ្មាន​អ្វី​កើត​ឡើង​ទេ​ពេល​ដែល​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ វា​គឺ​ជា​ការ​ឆ្លើយ​តប​របស់​យើង​ក្នុង​ការ​ផ្លាស់ប្ដូរ​ដើម្បី​កំណត់​ពី​ភាព​រីករាយ និង​សុភមង្គល​របស់​យើង។

4. វិធីបង្កើតនូវជម្រើសដ៏ត្រឹមត្រូវ

ដូច​ជំនាញ​ដែល​យើង​បាន​រៀបរាប់​ខាង​លើ កុមារ​អាច​ជ្រើសរើស​យក​នូវ​ទម្លាប់​ជា​អចិន្ត្រៃយ៍​ដោយ​ធ្វើ​ចុះ​ធ្វើ​ឡើង​ពី​អ្វី​ដែល​ពួក​គេ​សង្កេត​ក្នុង​ពេល​កំពុង​លូត​លាស់។ ទម្លាប់​ទាំង​នេះ​ក៏​អាច​ទាក់​ទង​នឹង​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ និង​ការ​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ 

ប្រសិន​បើ​កូន​អ្នក​ឃើញ​អ្នក​កំពុង​កាន់​ធុង​ការ៉េម​ទៅ​ញ៉ាំ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង វា​នឹង​ផ្ដល់​គំរូ​ដល់​កូន​អ្នក​ដើម្បី​ធ្វើ​រឿង​ដូច​គ្នា។ ដូច្នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​ខ្លួន​យើង​ផង និង​សម្រាប់​កូន​យើង​ផង។ ដើម្បី​បង្កើត​នូវ​ជម្រើស​អាហារ​ដ៏​មាន​សុខភាព​ល្អ​ដូច​ជា​ការ​ញ៉ាំ​ផ្លែឈើ​ជា​ជាង​ការ​ញ៉ាំ​នំ​ឃុកឃី។ ទម្លាប់ទាំង​នេះ​នឹង​ផ្ដល់​សញ្ញា​ថា​ផ្លែឈើ​ស្រស់ៗ​មាន​ឥទ្ធិពល​ល្អ​សម្រាប់​រាង​កាយ។ សរុប​មក​ នេះ​ជា​ទម្លាប់​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ទទួល​ទាន​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ​កាន់​តែ​ក្មេង កាន់​តែ​ល្អ​។

5. វិធីទទួលយកនូវភាពខុសប្លែកគ្នា

កុមារ​ម្នាក់ៗ​តែង​មាន​ការ​លូតលាស់​ក្នុង​តំបន់​ផ្សេងគ្នា ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​រូបរាង ពណ៌​សម្បុរ និង​ទម្លាប់​ខុស​គ្នា ដែល​អាច​ផ្ដល់​នូវ​ភាព​មិន​សូវ​មិន​ចុះ​សម្រុង​គ្នា ឬ​ក៏​បង្កើត​ជា​ភាព​ភ័យ​ខ្លាច​ភ្ញាក់​ផ្អើល​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។

ការ​បង្ហាញ​កូនៗ​តាំងពី​តូច​ពី​មនុស្ស​ជុំវិញ​ខ្លួន មិនថា​ពួកគេ​មាន​សាសនា​អ្វី ឬ​ក៏​មាន​សញ្ជាតិ​អ្វី និង​វប្បធម៌​បែប​ណា​នោះ​ទេ។ អ្នក​ត្រូវ​រំឭក​ពួក​គេ​ពី​សារសំខាន់​នៃ​ការ​បើក​ចិត្ត​ទូលាយ​ជានិច្ច។ មិនមែន​គ្រាន់​តែ​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​ខុស​ពី​យើង មាន​ន័យ​ថា​ពួកគេ​ខុស​នោះ​ឡើយ។ អ្នក​ត្រូវ​បង្ហាញ​ពួក​គេ​នូវ​ភាព​ខុស​ប្លែក​គ្នា​ដែល​អាច និង​គួរ​តែប្រព្រឹត្ត​យ៉ាង​ដូចម្ដេច។ ភាព​ខុស​ប្លែក​គ្នា គឺ​ជា​អ្វី​ដែលធ្វើ​ឱ្យ​ជីវិត​មាន​ភាព​ស្រស់​ស្អាត។

វា​ប្រហែល​ជា​ពិបាក​ដើម្បី​ឱ្យ​ជំនាញ​សំខាន់ៗ​ទាំង​នោះ​អាច​ឱ្យ​កូនៗ​របស់​យើង​ត្រូវ​ប្រើ​ក្នុង​ជីវិត​រ​បស់​ពួក​គេ ដោយ​យើង​អាច​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជំរុញ​ពួក​គេ​ឱ្យ​ចេះ​គ្រប់​គ្រង​ជីវិត​ដែល​មិន​អាច​ទាយ​បាន និង​ដំណើរ​ជីវិត​ដ៏​ស្រស់​ស្អាត​នា​ពេល​អនាគត៕

អត្ថបទដើម៖ Essential Life Skills to Impart Your Child

សារសំខាន់នៃការសិក្សាអក្សរ និងលេខនៅថ្នាក់អប់រំកុមារតូច

on Thursday, 14 September 2017. Posted in Activities

Lyda and block math n letter

តើ​ការ​សិក្សា​អក្សរ និង​លេខ​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​កុមារ​តូចៗ?

យើង​ធ្លាប់​គិត​ដល់​ការ​សិក្សា​អក្សរ​ដែល​មាន​ជំនាញ​ដូចជា អាន និង​សរសេរ​នៅ​ពេល​ដែល​កូនៗ​របស់​យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀន។ បច្ចុប្បន្ន យើង​ទាំងអស់គ្នា​សុទ្ធតែ​យល់​ការ​សិក្សា​អក្សរ​ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភាសា​ដំបូង​របស់​ក្មេង​តូចៗ ដូចជា​ពួក​គេ​អាច​ស្គាល់​នូវ​អ្វី​ដែល​ពួក​គេ​ឮ អ្វី​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជុំវិញ​ខ្លួន ពួកគេ​អាច​រៀន​ទន្ទេញ ឬ​ថា​តាម​អ្វី​ដែល​ពួកគេ​បាន​ឮ ហើយ​បន្ទាប់​មក​ទៀត​នឹង​រៀន​តាម​សៀវភៅ រឿង​និទាន ទូរទស្សន៍ ឬ​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​បច្ចេកវិទ្យា​នានា។   

ការ​ស្ដាប់ ការ​មើល និង​ការ​និយាយ​អំពី​រូបភាព និង​ការ​គូរ​សញ្ញា​សម្គាល់​នៅ​លើ​ដី​ខ្សាច់ ឬ​ក្រដាស គឺ​ជា​ជំនាញ​នៃ​ការ​សិក្សា​អក្សរ​ដំបូង។ តន្រ្តី និង​ភ្លេង គឺ​ជាផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​យើង​ទាំង​អស់​គ្នា​ ហើយវា​ក៏​មាន​សារសំខាន់​ផង​ដែរ​នៅ​ក្នុង​ការអភិវឌ្ឍ​ជំនាញ​សិក្សា​អក្សរ និង​លេខ​ដំបូង។

ការ​សិក្សា​លេខ គឺជា​ការសិក្សា​ដែល​លើស​ពី​ការ​ចេះ​ត្រឹមតែ​បូក ដក គុណ ចែក និង​ការ​ប្រើ​លេខ។ ក្នុង​ការ​សិក្សា​​វ័យ​តូចៗ ការ​អភិវឌ្ឍ​ការ​សិក្សា​លេខ ឬ​គណិតវិទ្យា​ជាប់​ពាក់​ព័ន្ធ​នឹង​ទារក​ដែល​អាច​ឮ​ការ​ប្រើ​គណិតវិទ្យា​នៅ​ក្នុង​ការ​លេង​របស់​ពួកគេ​ដោយ​មាន​ការ​ច្រៀង​ចម្រៀង​លេខ ចម្រៀង​ដែល​មាន​ពាក្យ​ទាក់​ទង​នឹង​ការ​រៀប​ចំ ការ​វាស់ ឬ​ការ​ប្រៀប​ធៀប ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ជំនាញ​គណិតវិទ្យា​ដំបូង​ដែល​យើង​គួរ​ជំរុញ​កូនៗ​ឱ្យ​អភិវឌ្ឍ​វា។

ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​អក្សរ និង​លេខ​នៅ​វ័យតូចៗ​មាន​សារ​សំខាន់?

កុមារ​ដែល​មិន​រៀន​អាន សរសេរ និង​ធ្វើ​ទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្រិត​សិក្សា​ដំបូង​ទេ​នោះ​ ពួក​គេ​ច្រើន​តែ​ឆាប់​បោះ​បង់​ការ​សិក្សា​ចោល អាច​នឹង​គ្មាន​ការងារ​ធ្វើ​នា​ពេល​អនាគត ឬ​ទទួល​បាន​ការ​ងារ​ដែល​មាន​ជំនាញ​ទាប (ឧ. កម្មករ) មាន​សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​ខ្សោយ និង​អាច​ឈាន​ទៅ​ដល់​ការ​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក ឬ​ក៏​អាច​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ជាប់​គុក​ជា​ដើម។ 

ភាព​ពិបាក​នៃ​ការ​សិក្សា​អក្សរ​ផ្សារ​ភ្ជាប់​ទៅ​ដល់​ការ​គេច​សាលា ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​សង្គម​ដូច​ជា​សេព​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​ញៀន​ជា​ដើម ចំណែក​ឯ​សុខភាព​វិញ​ក៏​មាន​ការ​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ និង​អាច​មាន​សុខភាព​ទ្រុឌទ្រោម​ជា​ដើម។ ផល​ប៉ះពាល់​ក្នុង​សង្គម​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ក​ផល​អវិជ្ជមាន​ដល់​សមិទ្ធិផល​របស់​កុមារ​ក្នុង​ការ​រស់​នៅ​ជា​មនុស្ស​ដ៏​មាន​សក្ដានុពល​ពេញ​លេញ​នោះទៀត​ផង។ 

ការ​អភិវឌ្ឍ​ទំនាក់​ទំនង និង​ជំនាញ​នៃ​ការ​ប្រើ​ភាសា​និយាយ​របស់​កុមារ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ភាសា និង​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​គំនិត និង​ភាសា​គណិតវិទ្យា​បាន​ឆាប់​រហ័ស។

ជា​ធាតុផ្សំ​នៃ​ការ​អប់រំ​ជា​លក្ខណៈ​មូលដ្ឋាន​សម្រាប់​ការ​សិក្សា​ដ៏​យូរ​អង្វែង ជំនាញ​អក្សរ ឬ​ភាសា គឺជា​គន្លឹះ​មួយ​ដែល​អាច​ពង្រឹង​សមត្ថភាព​របស់​មនុស្ស និង​ការ​ទទួល​បាន​សិទ្ធិ​នានា​ជាច្រើន​ទៀត។ សរុប​មក អក្សរ ឬភាសា និង​លេខ ឬ​គណិតវិទ្យា​នាំ​យក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​ត្រឹម​តែ​ដល់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំង​មូល​ផង​ដែរ៕

យោងតាម៖ French, G (2012) Early Literacy and Numeracy Matters: Enriching Literacy and Numeracy Experiences in Early Childhood. Dublin: Barnardos.

English version: The importance of literacy and numeracy in early childhood

ការអប់រំកុមារតូច

on Monday, 17 July 2017. Posted in Parenting Tips, Activities

Chhayhout coloring

ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​របស់​មនុស្ស​ទូទៅ​មាន​តាំង​ពី​កំណើត​រហូត​ដល់​អាយុ 8 ឆ្នាំ។ ដោយ​សារ​តែ​ក្នុង​រយៈ​ពេល ៨ ឆ្នាំ​នោះ​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ ការ​អប់រំ​សម្រាប់​កុមារ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ពួក​គេ។ ក្នុង​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ក្នុង​វ័យ​កុមារ​នេះ កុមារ​ភាគ​ច្រើន​រៀន​សូត្រ​ពី​សកម្មភាព​សប្បាយ​រីករាយ ឬ​លេង។ យោង​តាម​ការ​ស្រាវជ្រាវ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ឱ្យ​ដឹង​ថា 8 ឆ្នាំ​ដំបូង​នៃ​ជីវិត គឺ​ជា​ពេល​វេលា​នៃ​ការ​អភិវឌ្ឍ​របស់​មនុស្ស​ដែល​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ចាប់​ផ្ដើម​ដំណើរ​ការ។ អាហារូបត្ថម្ភ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន និង​ការ​អប់រំ​ក្នុង​អំឡុង​ឆ្នាំ​ទាំង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ។ ផ្ទុយទៅ​វិញ​កង្វះ​អាហា​រូបត្ថម្ភ និង​ការ​អប់រំ ជា​ពិសេស កង្វះ​នៃ​ការ​លេង និង​ការ​ធ្វើ​សកម្មភាព​ដែល​ទាក់ទង​នឹង​ការ​​សិក្សា​​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ។ ដូច្នេះ ការ​អប់រំ​កុមារ​ដែល​កុមារ​ទទួល​បាន​អាច​មាន​ផល​ប៉ះពាល់​យូរ​អង្វែង​ក្នុង​ជីវិត​របស់​ពួក​គេ។

Mominic and blocks

យោង​តាម​ការ​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ក្នុង​វ័យ​ក្មេង​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អប់រំ ដូច្នេះ ឪពុក​ម្តាយ​គួរ​តែ​ចាប់​ផ្តើម​អប់រំ​កូនៗ​តាំង​ពី​ពួក​គេ​នៅ​មាន​អាយុ​តិច។ ពួកគេ​មិន​គួរ​រង់​ចាំ​រហូត​ដល់​ពួក​គេ​មាន​អាយុ​ចូល​សាលារៀន​នោះ​ទេ។ កុមារ​ដែល​ចាប់​ផ្តើម​ទទួល​ការ​អប់រំ​នៅ​វ័យ​ក្មេង​តែង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ផ្នែក​ផ្លូវ​ចិត្ត សង្គម និង​ការ​អភិវឌ្ឍ​ខួរ​ក្បាល។ សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​អភិវឌ្ឍ​ខួរ​ក្បាល​ក្នុង​អំឡុង​ពេល​វ័យ​ក្មេង​មាន​អត្រា​ខ្ពស់​បំផុត។

Menghok

ឪពុក​ម្តាយ​ត្រូវ​យល់​ថា​រយៈ​ពេល ៨ ឆ្នាំ​ដំបូង​នៃ​ជីវិត​កូនៗ គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អត្ត​សញ្ញាណ​របស់​ពួកគេ។ ក្នុង​កំឡុង​ឆ្នាំ​ទាំង​នេះ កុមារ​អភិវឌ្ឍ​អត្ត​សញ្ញាណ​ខ្លួន​ឯង ហើយ​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​ចាប់​ផ្តើម​អភិវឌ្ឍ​ការ​យល់​ដឹង​អំពី​របៀប​ដែល​ឥរិយាបថ​ផ្ទាល់​ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​ពួក​គេ។ ដូច្នេះ កុមារ​អាច​ទទួល​ការ​អប់រំ​តាម​រយៈ​ការ​លេង និង​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​អប់រំ។ ដូចគ្នា​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​សិក្សា​ភាគ​ច្រើន​ជឿជាក់​ថា ការ​លេង និង​ការ​ធ្វើ​សកម្មភាព​ដែល​មាន​ការ​សិក្សា​រួម​បញ្ចូល​អាច​ផ្ដល់​ផល​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍​របស់​កុមារ។ ដោយ​សារ​តែ​ការ​លេង​តម្រូវ​ឱ្យ​មាន​ការ​ប្រើប្រាស់​សាច់ដុំ​នៃ​រាង​កាយ និង​មុខងារ​ផ្លូវ​ចិត្ត​ច្រើន កុមារ​ក៏​អាច​អភិវឌ្ឍ​ជំនាញ​ជាច្រើន​ផង​ដែរ។ ការ​លេង​ដែល​រួម​បញ្ចូល​ការ​សិក្សា​ក៏​អាច​ជួយ​កុមារ​ក្នុង​ការ​អភិវឌ្ឍ​សីលធម៌ និង​ជំនាញ​សង្គម​ផង​ដែរ៕

អត្ថបទដើម៖ Early Childhood Education

មូលហេតុទាំង ៥ ដែលកុមារីគួរតែលេងកីឡា

on Monday, 10 July 2017.

girlsplayingsport

ហេតុអ្វី​បាន​ជា​ត្រូវ​លេង​កីឡា? អ្នក​ប្រហែល​ជា​និយាយ​ថា​ដើម្បី​ហាត់​ប្រាណ ហើយ​អ្នក​ក៏​អាច​និយាយ​ត្រឹម​ត្រូវ​ដែរ។ ចុះ​ដើម្បី​សប្បាយ​វិញ? នោះ​ក៏​ជា​ការ​ពិត​ម្យ៉ាង​ដែរ។ ប៉ុន្តែ នៅ​មាន​មូល​ហេតុ​ជា​ច្រើន​ទៀត​។ ជាការ​ពិត​ណាស់ យ៉ាង​ហោច​ក៏​មាន​មូល​ហេតុ​ចំនួន ៥ ដែរ ដែល​គួរ​លេង​កីឡា។ យើង​តាម​គ្រឹះស្ថាន​កីឡា​សម្រាប់​ស្រ្តី​បាន​ឱ្យ​ដឹង​ថា កុមារី​ដែល​លេង​កីឡា​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ជាង​ការ​ដែល​មាន​ត្រឹម​តែ​រាង​កាយ​មាំ​មួន​នោះ។

  1. កុមារី​​ដែល​លេង​កីឡា​តែង​មាន​ការ​សិក្សា​ល្អ​ក្នុង​សាលា​រៀន។ អ្នក​ប្រហែល​ជា​គិត​ថា​អត្តពលកម្ម​នឹង​ត្រូវ​ចំណាយ​ច្រើន​រំខាន​ដល់​ការ​សិក្សា ប៉ុន្តែ ការ​ស្រាវជ្រាវ​បង្ហាញ​ឱ្យ​ដឹង​ថា កុមារី​ដែល​លេង​កីឡា​ច្រើន​តែ​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ​ជាង​កុមារី​ដែល​មិន​លេង​កីឡា​សោះ។ ការ​ហាត់​ប្រាណ​ជួយ​បង្កើន​ការ​សិក្សា ការ​ចង​ចាំ និង​ការ​ផ្ចង់​ស្មារតី​សិក្សា ដែល​អាច​ជួយ​ឱ្យ​កុមារី​ទទួល​បាន​អត្ថ​ប្រយោជន៍​នៅ​ក្នុង​ថ្នាក់​រៀន​របស់​ពួក​គេ។
  2. កុមារី​ដែល​លេង​កីឡា​យល់​ដឹង​ពី​កិច្ច​ការ​​ក្រុម និង​ជំនាញ​កំណត់​គោល​ដៅ។ កីឡា​បង្រៀន​ពី​ជំនាញ​ជីវិត​ដ៏​មាន​តម្លៃ។ ពេល​ដែល​អ្នក​ហ្វឹក​ហាត់​ជាមួយ​គ្រូ​បង្វឹក ឬ​មិត្ត​រួម​ក្រុម ដើម្បី​ឈ្នះ​ហ្គេម និង​សម្រេច​សមិទ្ធិផល​ នោះ​អ្នក​កំពុង​រៀន​ពី​វិធី​ឆ្ពោះទៅ​រក​ភាព​ជោគ​ជ័យ។ ជំនាញ​ទាំង​នោះ​នឹង​អាច​បម្រើ​អ្នក​ឱ្យ​ក្លាយ​ជា​មនុស្ស​ពូកែ​ក្នុង​ការងារ និង​ជីវិត​គ្រួសារ។
  3. កីឡា​ល្អ​សម្រាប់​សុខភាព​កុមារី។ បន្ថែម​ទៅ​លើ​ការ​មាន​រាង​សម​សួន និង​រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​ហើយ​នោះ កុមារី​ដែល​លេង​កីឡា​មិន​ចូលចិត្ត​ជក់​បារី ហើយ​មាន​អត្រា​ទាប​ក្នុង​ការ​កើត​ជំងឺ​មហារី​សុដន់ ឬ​ជំងឺ​ពុក​ឆ្អឹង។
  4. លេង​កីឡា​ជម្រុញ​ឱ្យ​មាន​ជំនឿ​ចិត្ត​ផ្ទាល់​ខ្លួន​ខ្ពស់។ កុមារី​ដែល​លេង​កីឡា​តែង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង។ តើ​បណ្ដាល​មក​ពី​អ្វី? កីឡា​ជួយ​បណ្ដុះ​ភាព​ជឿ​ជាក់​ពេល​ដែល​អ្នក​ដឹង​ថា​អ្នក​អាច​អនុវត្ត រីក​ចម្រើន​ និង​សម្រេច​គោល​ដៅ​របស់​អ្នក។ កីឡា​ក៏​ជា​សកម្មភាព​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ល្អ​ផង​ដែរ ព្រោះ​វា​ជួយ​កុមារី​រក្សា​រូប​រាង រក្សា​ទម្ងន់ និង​បង្កើត​មិត្ត​ថ្មី។
  5. ការ​ហាត់​ប្រាណ​កាត់​បន្ថយ​សម្ពាធ។ ការ​លេង​កីឡា​អាច​កាត់​បន្ថយ​ភាព​តាន​តឹង និង​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាង​មុន។ តើ​វា​អាច​ជួយ​ដោយ​របៀប​ណា? គីមី​នៃ​ប្រព័ន្ធ​ខួរ​ក្បាល​បញ្ចេញ​នៅ​ពេល​ដែល​ការ​ហាត់​ប្រាណ​ជួយ​ធ្វើ​ឱ្យ​អារម្មណ៍​របស់​មនុស្ស​ប្រសើរ​ឡើង។ មិត្តភក្ដិ គឺ​ជា​អ្នក​ជួយ​ធ្វើ​ឱ្យ​អារម្មណ៍​រីក​រាយ​ផ្សេង​ទៀត ហើយ​ការ​ដែល​នៅ​ក្នុង​ក្រុម​កីឡា​ក៏​ជួយ​បង្កើត​ចំណង​មិត្តភាព​ឱ្យ​រឹង​មាំ។ ពេល​ដែល​អ្នក​ដឹង​ថា​មិត្ត​រួម​ក្រុម​នឹង​គាំ​ទ្រ​អ្នក នោះ​អ្នក​នឹង​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត៕
Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: