សកម្មភាពនានាក្នុងការហ្វឹកហាត់ខួរក្បាលទាំងមូលរបស់កុមារ
ការហ្វឹកហាត់តែខួរក្បាលផ្នែកខាងស្ដាំតែម្យ៉ាង គឺមិនគ្រប់គ្រាន់នោះឡើយ។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍខួរក្បាលទាំងមូល ខួរក្បាលទាំងពីរផ្នែកត្រូវមានទំនាក់ទំនងនឹងគ្នា។ ខួរក្បាលរបស់កូនអ្នកតែងតែលូតលាស់ជានិច្ច និងមានការអភិវឌ្ឍទំនាក់ទំនងកាន់តែខ្លាំងជាមួយគ្នា។ លោក ហ្សាកហ្គេលីន ណេអូ សហស្ថាបនិកនៃ Happy Train បានណែនាំពីសកម្មភាពទាំង ៦ ដែលអ្នកអាចប្រើដើម្បីអភិវឌ្ឍខួរក្បាលរបស់កូន។
1. សកម្មភាពចម្រុះ
ជំនួយនេះត្រូវបានប្រើដើម្បីបណ្ដុះការលូតលាស់នៅផ្នែកផ្សេងៗនៃខួរក្បាល។ ឧទាហរណ៍ សកម្មភាពនានាដែលទាក់ទងនឹងការប៉ះ ហិតក្លិន ភ្លក្ស ស្ដាប់ និយាយ ច្រៀង រាំ រត់ និងលេង។ សកម្មភាពមួយប្រើដើម្បីភ្ជាប់ផ្នែកទាំងពីរនៃខួរក្បាលមានដូចជាការអានបណ្ណរូបភាពលាយអក្សរក្នុងរយៈពេលលឿន។ ខណៈពេលដែលខួរក្បាលផ្នែកខាងស្ដាំប្រើភ្នែកដើម្បីចាប់យករូបភាព ខួរក្បាលផ្នែកខាងស្ដាំចាប់ផ្ដើមដំណើរការពាក្យ។
2. តន្រ្តី និងចម្រៀង
ខណៈដែលកុមារចាប់ផ្ដើមធ្វើចលនារាងកាយទៅតាមចង្វាក់ភ្លេង និងតន្រ្តី ពួកគេអភិវឌ្ឍការប្រើរាយកាយរបស់ពួកគេ។ ពួកគេមានសមត្ថភាពអាចចាំចង្វាក់ភ្លេងដែលមានប្រយោជន៍មិនត្រឹមតែសម្រាប់រាងកាយប៉ុណ្ណោះទេ តែក៏មានប្រយោជន៍សម្រាប់ការអភិវឌ្ឍការនិយាយផងដែរ។ សកម្មភាពដែលមានដូចជាការច្រៀងចម្រៀងកុមារអាចជួយកុមារក្នុងការអភិវឌ្ឍភាសា និងជំនាញប្រើចលនា។
3. សកម្មភាពសិល្បៈ
សិល្បៈគឺជាឧបករណ៍ដ៏អស្ចារ្យមួយសម្រាប់បង្ហាញពីអារម្មណ៍ បង្កើនការចងចាំ និងជំនាញស្នូលដូចជាគិត អាន រៀន ចាំ និងការផ្ចង់ស្មារតីជាដើម។ គ្រាន់តែសកម្មភាពធ្វើកិច្ចការហត្ថកម្មសាមញ្ញមួយអាចជំរុញទឹកចិត្តកុមារឱ្យរៀនពីពណ៌ រូបរាង និងទំហំ ឬក៏ផ្ដល់ឱកាសឱ្យពួកគេក្នុងការគូរ ឬលាបពណ៌លើកិច្ចការហត្ថកម្មនោះផងដែរ។
4. ការថាតាមឡើងវិញ និងការអនុវត្ត
ការថាតាមឡើងវិញ និងការអនុវត្ត គឺជាការបង្កើនទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រព័ន្ធស៊ាំនៃខួរក្បាល។ អ្នកបង្កើតបរិយាកាសសិក្សាដែលសម្បូរបែបដោយប្រាកដថាកូនរបស់លោកអ្នកត្រូវបានបង្ហាញឱ្យដឹងពីព័ត៌មានថ្មីៗ និងបទពិសោធន៍ប្លែកៗ។ លោកអ្នកអាចបង្ហាញប្រាប់ពួកគេពីវិធីសាស្ត្រក្នុងការសិក្សា និងដោះស្រាយបញ្ហាផ្សេងៗច្រើនរបៀប។
5. ការលេងសម្ដែង
ការអភិវឌ្ឍខួរក្បាលក៏មានការជាប់ពាក់ព័ន្ធនឹងឱកាសនៃការសិក្សាក្នុងសង្គម និងតំបន់នៃការអភិវឌ្ឍផ្នែកអារម្មណ៍។ ការលេងសម្ដែង គឺជាវិធីល្អមួយក្នុងការឱ្យកុមារទទួលបាននូវបទពិសោធន៍ជាមួយនឹងតួជីវិតផ្សេងៗក្នុងសង្គម និងអារម្មណ៍។ នៅពេលដែលពួកគេដើរតួជានរណាម្នាក់ ពួកគេរៀនគិតពីទស្សនៈរបស់មនុស្សម្នាក់ផ្សេង។
6. ផ្ដល់ការអោប និងការសរសើរ
លោកអ្នកត្រូវរំឭក និងសរសើរកូនៗពីការព្យាយាមរបស់ពួកគេ។ លោកអ្នកអាចផ្ដល់មតិស្ថាបនា ឬការណែនាំនានាក្នុងពេលកំពុងរៀន។ កុមារភាគច្រើនរៀនបានយ៉ាងរហ័សក្រោមការណែនាំ និងជំរុញទឹកចិត្តពីឪពុកម្ដាយរបស់ពួកគេ។ នៅពេលដែលលោកអ្នកជាប់ពាក់ព័ន្ធនឹងដំណាក់កាលនៃការសិក្សារបស់ពួកគេ អ្នកអាចសម្គាល់សមត្ថភាព របៀបនៃការសិក្សា ភាពខ្លាំង ភាពខ្សោយ ការរៀបចំដំណើរសិក្សាកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពយ៉ាងច្បាស់។
ឪពុកម្ដាយ គឺជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់សម្រាប់បង្កើតនូវបរិយាកាសសិក្សាដ៏មានសុវត្ថិភាព។ តាំងពីវ័យតូចៗ អ្នកអាចផ្ដល់ការគាំទ្រ និងការចាប់អារម្មណ៍ដោយឆ្លើយតបនឹងសញ្ញាណាមួយដែលកូនបង្ហាញ៕
ប្រភព៖ The New Age Parents