ហេតុអ្វីបានជាការលេងមានសារសំខាន់?

on Thursday, 15 February 2018. Posted in Parenting Tips, Activities

importance of play

ការ​លេង​អាច​លើស​ពី​អ្វី​ដែល​គ្រាន់​តែ​ជា​ការ​សប្បាយ​សម្រាប់​ទារក និង​កុមារ។ វា​ជា​វិធី​ដែល​ពួក​គេ​អាច​រៀន​បាន​យ៉ាង​រហ័ស វិធី​ដែល​ពួក​គេ​អាច​ដឹង​ថា​ពួក​គេ​ជា​នរណា និង​ទី​កន្លែង​ដែល​គេ​កំពុង​រស់​នៅ​ប្រចាំ​ថ្ងៃ​នេះ​ថា​ជា​កន្លែង​អ្វី។

សារ​សំខាន់​នៃ​ការ​លេង

ការ​លេង គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​ធ្វើ​ជាមួយ​កូន​របស់​អ្នក​បាន ព្រោះ​ការ​លេង​មាន​សារ​សំខាន់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ។ ពេល​ដែល​អ្នក​ចំណាយ​ពេល​លេង​ជាមួយ​ពួក​គេ​អាច​ផ្ដល់​នូវ​វិធី​ដ៏​ច្រើន និង​ពេល​វេលា​ក្នុង​ការ​រៀន។

ការ​លេង​ក៏​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ៖

  • បណ្ដុះភាពជឿជាក់លើខ្លួនឯង
  • ទទួលអារម្មណ៍ស្រឡាញ់ សប្បាយចិត្ត និងសុវត្ថិភាព
  • អភិវឌ្ឍជំនាញសង្គម ភាសា និងទំនាក់ទំនង
  • រៀនពីការខ្វល់ពីអ្នកដទៃ និងបរិយាកាសជុំវិញខ្លួន
  • អភិវឌ្ឍជំនាញកាយសម្បទា

ប្រភេទផ្សេងៗនៃការលេង

ការ​លេង​ដោយ​សេរី មិន​មាន​លក្ខណៈ​ជា​សម្ព័ន្ធ គឺ​ជា​ប្រភេទ​នៃ​ការ​លេង​សម្រាប់​កុមារ​តូចៗ។ ការ​លេង​នេះ​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​កូន​របស់​អ្នក​ចង់​លេង។ ការ​លេង​ដោយ​សេរី ជា​ការ​លេង​ដោយ​មិន​បាន​គ្រោង​ទុក​ជា​មុន ហើយ​ការ​លេង​នេះ​អាច​ឱ្យ​កូន​របស់​អ្នក​ប្រើ​ក្ដី​ស្រមៃ​របស់​ពួក​គេ និង​ចាប់​ផ្ដើម​លេង​តាម​របៀប​ដែល​គេ​ចង់។

ឧទាហរណ៍នានាដែលសន្មតថាជាការលេងដោយសេរី៖

  • ការ​លេង​តែ​ម្នាក់​ឯង ឬ​ជាមួយ​អ្នក​ដទៃ​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិដ្ឋ រួម​មាន​សកម្មភាព​សិល្បៈ ឬ​តន្រ្តី​ជា​ដើម
  • ការ​លេង​បែប​ស្រមើ​ស្រមៃ ឧទាហរណ៍ ការ​បង្កើត​ផ្ទះ​ដោយ​ប្រើ​ប្រអប់ ឬ​ភួយ ការ​ស្លៀក​ពាក់​ប្លែកៗ ឬ​ការ​លេង​សៀក​ឆ្ពិន​ភ្នែក​ជា​ដើម
  • ការ​រុក​រក​កន្លែង​លេង​ថ្មី ឬ​កន្លែង​ដែល​ចូល​ចិត្ត​ដូច​ជា ទីធ្លា​លេង​ក្រោយ​ផ្ទះ សួន​ច្បារ និង​ទោង​ជា​ដើម ។ល។

អ្នក​អាច​ជា​ផ្នែក​មួយ​នៃ​ការ​លេង​របស់​កូនៗ។ ពេល​ខ្លះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺបង្ហាញ​កូនៗ​ពី​ផ្លូវ/វិធី​ត្រូវ ដូច​ជា​បង្ហាញ​កន្លែង​ទុក​សម្ភារ​ដែល​កូនៗ​ចង់​បាន​សម្រាប់​ការ​លេង​របស់​ពួក​គេ។ ហើយ​ពេល​ខ្លះ​ទៀត អ្នក​ប្រហែល​ជា​ត្រូវ​មាន​ភាព​រស់​រវើក​បន្តិច។

ការ​លេង​ដែល​មាន​ក្បួន​ត្រឹម​ត្រូវ គឺ​ជា​ការ​លេង​ដែល​មានលក្ខណៈ​ប្លែក។ វា​ត្រូវ​ការ​ឱ្យ​មាន​ការ​រៀប​ចំ​ទុក​មុន ទាំង​ពេល​វេលា និង​ទី​កន្លែង ហើយ​ភាគ​ច្រើន​ត្រូវ​បាន​រៀប​ចំ​ដោយ​មនុស្ស​ធំ។

ឧទាហរណ៍ខ្លះនៃការលេងលក្ខណៈនេះ។

  • ថ្នាក់​រៀន​ហែល​ទឹក​សម្រាប់​កុមារ​តូចៗ និង​សម្រាប់​កុមារ​ធំ៖ អ្នក​ប្រហែល​ជា​គិត​ថា​ការ​​ហែល​ទឹក​មាន​សារ​សំខាន់​សម្រាប់​ពួក​គេ ប៉ុន្តែ ពួកគេ​ប្រហែល​ជា​គិត​ថា​វាសប្បាយ​តែ​ប៉ុណ្ណោះ​
  • ក្រុម​និទាន​រឿង​សម្រាប់​កុមារ​តូចៗ​នៅ​ក្នុង​បណ្ណាល័យ​ក្នុង​តំបន់
  • ថ្នាក់​រៀន​រាំ តន្រ្ដី ឬ​ល្ខោន​សម្រាប់​កុមារ​គ្រប់​វ័យ
  • ហ្គេម​ដែល​ប្រើ​ប្រាជ្ញា
  • ហាត់​កីឡា ដូច​ជា​កីឡា​បាល់​ទាត់ បាល់​បោះ។ល។

វិធីដែលការលេងអាចអភិវឌ្ឍកូនៗ

ពេល​ដែល​កូន​អ្នក​ចាប់​ផ្ដើម​លូត​លាស់ វិធី​ដែល​គេ​លេង​នឹង​ត្រូវ​ផ្លាស់​ប្ដូរ គេ​នឹង​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិដ្ឋ​ជាង​មុន និង​មាន​បទពិសោធន៍​ជាមួយ​នឹង​ប្រដាប់​លេង ហ្គេម និង​គំនិត​ច្រើន​ជាង​មុន។ នេះ​ប្រហែល​មាន​ន័យ​ថា​នាង​ត្រូវ​ការ​ពេល​វេលា និង​កន្លែង​បន្ថែម​សម្រាប់​លេង។

ជាមួយ​គ្នា​នេះ​ដែរ កុមារ​មាន​ការ​ធ្វើ​បំលាស់​ទី​បាន​ច្រើន​លក្ខណៈ​ផ្សេង​គ្នា​ពេល​ដែល​គេ​ធំ​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​តែ​ម្នាក់​ឯង ការ​លេង​ជាមួយក្មេង​ដទៃ និង​ការ​ចូល​រួម​លេង​ជាមួយ​ក្មេង​ដទៃ។

ទារក
សម្រាប់​ទារក ​អ្វី​ដែល​ល្អ​សម្រាប់​លេង​ជាមួយ​បំផុត​នោះ គឺ​អ្នក។ គ្រាន់តែ​សម្លឹង​មើល​មុខ​របស់​អ្នក និង​ឮ​សំឡេង​របស់​អ្នក គឺ​ជា​ការ​លេង​សម្រាប់​ទារក​តូច​របស់​អ្នក ជា​ពិសេស ប្រសិន​បើ​អ្នក​កំពុង​ញញឹម​រក​ពួក​គេ​។

អ្នកប្រហែលជាចង់សាកល្បងនូវគំនិត និងសកម្មភាពលេង

  • តន្រ្តី ចម្រៀង ការ​តប់​លើ​ពោះ​កូន​ស្រាលៗ​ពេល​ដែល​អ្នក​ច្រៀង ប្រអប់​ដែល​ដាក់​របស់​ផ្សេងៗ​ ដែល​ជា​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ការ​ស្ដាប់ និង​ការ​ធ្វើ​ចលនា។
  • វត្ថុ​ដែល​មាន​ទំហំ រូបរាង និង​ពណ៌​ផ្សេងៗ​ដែល​ជួយ​ជំរុញ​ដល់​ការ​ចាប់​យក​ពី​ក្មេង។
  • គ្រឿង​សង្ហារឹម បាល់ ប្រដាប់​លេង ឬ​ប្រអប់​ដែល​អាច​ឱ្យ​កុមារ​តូច​វារ​លើ ឈរ និង​ដើរ។

ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ទៀង​ទាត់ និង​ការ​លេង​លើកម្រាល​ឥដ្ឋ​រាប​ស្មើ​ពិត​ជាមាន​សារ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូត​លាស់​របស់​ទារក។ ការ​ធ្វើ​លំហាត់​ប្រាណ​រាង​កាយ​នេះ​ជួយ​ឱ្យ​កូន​តូច​របស់​អ្នក​អភិវឌ្ឍ​ការ​គ្រប់គ្រង​ចលនា​ដោយ​ការ​ពង្រឹង​ផ្នែក​ក្បាល​ ក និង​សាច់​ដុំលើ​រាង​កាយ។ វា​ក៏​អាច​ឱ្យ​កូន​របស់​អ្នក​មើល​ឃើញ និង​ស្វែង​យល់​ពី​ពិភព​ជុំវិញ​ខ្លួន​ពួក​គេ​តាម​លក្ខណៈ​ផ្សេងៗ។

កុមារចេះដើរ
ខាង​ក្រោម​នេះ គឺ​ជា​គំនិត​ខ្លះៗ​ដែល​កូន​របស់​អ្នក​អាច​ចូលរួ​មដោយ​រីករាយ៖

  • របស់​ដែល​ធំ ហើយ​ស្រាល​ដូច​ជា ប្រអប់​ក្រដាស កន្រ្តក ឬ​បាល់​ផ្លុំ​ដែល​អាច​ជំរុញ​ឱ្យ​កូន​របស់​អ្នក​រត់ ចាប់ រុញ និង​ទម្លាក់​របស់​នានា។
  • ដីស ខ្សែ​ពួរ តន្រ្តី ឬ​ប្រអប់​ដាក់​របស់​ដែល​អាច​ឱ្យ​កូន​អ្នក​អាច​លោត ទាត់ ច្រំ ជាន់ និង​រត់​បាន​។
  • កង​បង្វិល ប្រអប់ ដុំ​ថ្ម​ធំ ឬ​ខ្នើយ​ដែល​ស័ក្តិសម​សម្រាប់​ការ​តោង​ឡើង ការ​ទប់​លំនឹង ការ​បង្វិល​ខ្លួន ការ​លោត​បែប​ញាប់​ញ័រ ឬ​ការ​រមៀល​ខ្លួន​ជា​ដើម។
  • ទួល ផ្លូវ​រូង​ក្រោម​ដី ឬ​ធ្នើ​បន្ទប់​ដែល​អាច​ឱ្យ​កូន​មាន​ការ​ធ្វើ​សកម្មភាព​រាង​កាយ​ខ្លះ​ដូច​ជា​វារ​ និង​ស្វែង​រក។

ប្រសិន​បើ​អ្នក​ចាក់​តន្រ្តី​ដែលពួក​គេ​ចូល​ចិត្ត​ពេល​អ្នក​កំពុង​លេង​ជាមួយ​ពួក​គេ គេ​អាច​នឹង​ទទួល​បាន​នូវ​ការ​ស្ដាប់​ចម្រៀង​កម្សាន្ត​ផង និង​លេង​ផង។ អ្នក​ប្រហែល​ជា​អាច​ច្រៀង រាំ និង​ទះដៃ​ទៅ​តាម​ចង្វាក់​ភ្លេង​ជាមួយ​កូនៗ​ផង​ដែរ។

កុមារដែលកំពុងសិក្សាថ្នាក់មត្តេយ្យកម្រិតទាប
ខាងក្រោមនេះគឺជាគំនិតខ្លះៗដើម្បីឱ្យកូនៗលេង៖

  • ប្រអប់​​ទឹកដោះគោ​ចាស់ៗ ស្លាបព្រា​ឈើ ផើង​ផ្កា​ទទេ ឈើ ក្រដាស​ញី ធុង​ជ័រ ឆ្នាំង​សំឡ​ និង​សម្លៀក​បំពាក់​ចាស់ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​លេង​ដែល​មិន​មាន​លក្ខណៈ​ស្មុគ​ស្មាញ
  • រូបផ្គុំ និង​ហ្គេម​ផ្គុំ​ផ្សេងៗ​ដែល​ជួយ​បង្កើន​ការ​ចង​ចាំ និង​ការ​ផ្ចង់​ស្មារតី​របស់​កុមារ​
  • ដីឥដ្ឋដែលជួយអភិវឌ្ឍជំនាញប្រើចលនាសាច់ដុំ
  • តន្រ្តី​ដែល​ពួក​គេ​ចូល​ចិត្ត ឬ​ឆ្នាំង និង​ខ្ទះ​សម្រាប់​បង្កើត​ជា​តន្រ្តី​ឱ្យ​គេ​រាំ​លេង
  • បាល់ និងថាសគប់អាចជំរុញឱ្យពួកគេអាចទាត់ គប់ និងរមៀលខ្លួន

ពេល​ដែល​អ្នក​លើក​ទឹក​ចិត្ត​កូន​របស់​អ្នក​ឱ្យ​ទាត់ ឬគប់ អ្នក​ត្រូវ​ព្យាយាម​ណែនាំ​ឱ្យពួក​គេ​រៀន​ប្រើ​ចលនា​នៃ​រាង​កាយ​របស់​ពួក​គេ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត។

កុមារដែលចាប់ផ្ដើមចូលរៀនបឋមសិក្សា
កូន​ដែល​កំពុង​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​អាច​មាន​ភាព​សប្បាយ​រីករាយ​ដោយ​គ្រាន់​តែ​មាន​វត្ថុ និង​សកម្មភាព​លេង​ដូច​ខាង​ក្រោម៖

  • គ្រឿង​សង្ហារឹម ក្រណាត់ កន្រ្តក​ដាក់​សម្លៀកបំពាក់​ដែល​ស្លៀក​រួច តង់ និង​ប្រអប់​ដែល​អាច​ប្រើ​សម្រាប់​ការ​សាង​សង់បាន។
  • វិធីសាស្ត្រ​ពិបាកៗ​ដែល​អ្នក​រៀប​ចំ​ដើម្បី​ឱ្យ​កូន​រៀន​ធ្វើ​បំលាស់​ទី​តាម​របៀប ផ្លូវ ទិស និង​ល្បឿន​ផ្សេង​គ្នា។
  • ចម្រៀង​លាយ​នឹង​ការ​លេង​ហ្គេម
  • ការ​ចម្អិន​អាហារ​ងាយៗ ឬ​ក៏​ការ​រៀប​ចំ​អាហារ​ដូច​ជា​ការ​ថ្លឹង ការ​កូរ ឬ​ការ​រៀប​ចំ​ដួស​ម្ហូប​ដាក់​ចាន​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​គណិតវិទ្យា ឬ​ជំនាញ​ប្រចាំថ្ងៃ។
  • ការ​ស្រមើ​ស្រមៃ​របស់​កូនៗ៖ ដោយ​ការ​ប្រើ​ការ​ស្រមើ​ស្រមៃ ពួក​គេ​នឹង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​តួ​អង្គ​វីរបុរស ឬ​តួអង្គ​ណាមួយ​នៅ​ក្នុង​រឿង​និទាន។

ប្រសិន​បើ​កូន​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍ អ្នក​អាច​ឱ្យ​ពួកគេ​សាក​ល្បង​ចូលរួម​លេង​កីឡា ឬ​សកម្មភាព​ជា​ក្រុម​ផ្សេងៗ​ដែល​ស័ក្ដិសម​សម្រាប់​វ័យ​របស់​ពួក​គេ។

ប្រសិនបើកូនអ្នកមិនចង់លេង

មាន​ពេល​ខ្លះ​ដែល​កូន​របស់​អ្នក​មិន​ចង់​លេង ឧទាហរណ៍ ពេល​ដែល​គេ​ហត់ ឬ​ធុញ​នឹង​ការ​ធ្វើ​សកម្មភាព​ដដែលៗ​ក្នុង​រយៈ​ពេល​វែង​ពេក។ ចំណុច​នេះ គឺ​ធម្មតា​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ប៉ុន្តែ ពេល​ខ្លះ ប្រសិន​បើ​កុមារ​ខ្វះ​ការ​លេង ឬ​ខ្វះ​ចំណង់​លេង វា​អាច​ជា​សញ្ញា​បង្ហាញ​ឱ្យ​ដឹង​ថា​ពួក​គេ​កំពុង​មាន​បញ្ហា​ផ្នែក​លូតលាស់៕

អត្ថបទដើម៖ Why play is important

Leave a comment

Please login to leave a comment. Optional login below.

LMS

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.