សារសំខាន់នៃការចូលរួមរបស់ឪពុកម្ដាយក្នុងការសិក្សារបស់កូន
ការចូលរួមរបស់ឪពុកម្ដាយត្រូវបានគេចាត់ទុកថាជាចំណែកសំខាន់មួយក្នុងការសិក្សារបស់កូន។ វាអាចបង្កើតនូវភាពខុសប្លែកក្នុងជីវិតសិក្សារបស់កូនរបស់អ្នក ទាំងក្នុងភាពជោគជ័យក្នុងការសិក្សា និងការរីករាយនៅសាលារៀន។
ហេតុអ្វីបានជាត្រូវមានការចូលរួម?
ការចូលរួមរបស់ឪពុកម្ដាយត្រូវបានគេសម្គាល់ដោយមានការផ្សារភ្ជាប់នឹងការអភិវឌ្ឍឥរិយាបថ វត្តមានទៀងទាត់នៅសាលា និងអាកប្បកិរិយាវិជ្ជមាន។ បន្ថែមពីនេះទៀត ការចូលរួមរបស់អ្នកអាចបង្ហាញកូនរបស់អ្នកថាអ្នកយកចិត្តទុកដាក់ចំពោះការសិក្សារបស់ពួកគេ។ មូលហេតុនេះហើយដែលធ្វើឱ្យកូនៗឱ្យតម្លៃលើសារសំខាន់នៃការសិក្សា និងអាចឱ្យពួកគេយល់ពីគោលបំណងដែលពួកគេកំពុងធ្វើអ្វីមួយថែមទៀតផង។
ការចូលរួមរបស់ឪពុកម្ដាយផ្ដល់នូវបណ្ដាញគាំទ្រសម្រាប់កូនដែលមានសារសំខាន់ពេលដែលពួកគេត្រូវជួបប្រទះនឹងឧបសគ្គក្នុងការសិក្សា ឬបញ្ហានានាទាក់ទងនឹងមិត្តភាព ឬក៏សកម្មភាពសិក្សាបន្ថែមជាដើម។ នេះមានន័យថាអ្នកដឹងច្បាស់ថាវិថីអប់រំណាដែលកូនលោកអ្នកកំពុងដើរ និងអាចចូលរួមចំណែកពេលគេមានបញ្ហា ឬទទួលជោគជ័យទៀតផង។
សរុបមក កុមារណាដែលមានឪពុកម្ដាយចូលរួមក្នុងការសិក្សាអប់រំជាមួយ ច្រើនតែមានការគោរពខ្លួនឯងច្រើន មានវិន័យល្អ មានការជំរុញទឹកចិត្តខ្លួនឯងខ្ពស់ អាចទទួលបាននិទ្ទេសល្អក្នុងការសិក្សាដោយមិនចាំបាច់ត្រូវគិតពីជីវភាព សង្គម ឬសញ្ជាតិអ្វីឡើយ។
អត្ថប្រយោជន៍សម្រាប់អ្នក
ដូចគ្នានឹងការបង្កើតកម្លាំងជំរុញទឹកចិត្ត និងការផ្ដល់នូវវិន័យដល់កូនៗដែរ ការចូលរួមចំណែករបស់លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នក។ ការដែលអ្នកចូលរួមក្នុងការសិក្សារបស់កូន អ្នកនឹងដឹងថាតើកូនមានតម្រូវការផ្នែកអារម្មណ៍ និងផ្នែកសង្គមអ្វីខ្លះ។
ការចូលរួមរបស់ឪពុកម្ដាយបង្កើតនូវចំណងដ៏រឹងមាំជាមួយកូនៗ និងអាចបង្កើនទំនុកចិត្តនៃភាពជាឪពុកម្ដាយកាន់តែខ្លាំង ព្រមទាំងអាចសម្រេចចិត្តបានគ្រប់រឿងពេលដែលទាក់ទងនឹងការសិក្សារបស់កូន។
វាក៏អាចធ្វើឱ្យទំនាក់ទំនងរវាងអ្នកនឹងខាងសាលារៀនកាន់តែល្អ អាចធ្វើឱ្យទំនាក់ទំនងរវាងគ្រូ ឪពុកម្ដាយ និងសិស្សកាន់តែជិតដិត។ ចំណុចទាំងនេះហើយដែលអាចធ្វើឱ្យអ្នកមានជំនឿចិត្តច្រើនជាងមុននៅសាលារៀនចំពោះការសិក្សាអប់រំរបស់កូន។ សាលាដែលមានទំនាក់ទំនងជាមួយឪពុកម្ដាយសិស្សក្នុងកម្រិតខ្ពស់តែងតែមានការជួយគាំទ្រសហគមន៍បានល្អ និងមានកិត្តិនាមវិជ្ជមាន។ ជាងនេះទៀត ពេលដែលកូនរបស់អ្នកឃើញអ្នកមានទំនាក់ទំនងជាមួយសាលាចំពោះការសិក្សារបស់ពួកគេ ពួកគេនឹងយល់ពីសារសំខាន់នៃការសិក្សារបស់ពួកគេ។
អត្ថប្រយោជន៍សម្រាប់កូនរបស់អ្នក
ការស្រាវជ្រាវមួយបានបង្ហាញថា 2/3 នៃគ្រូបង្រៀនជឿថាការចូលរួមពីឪពុកម្ដាយចំពោះការសិក្សារបស់កូនអាចឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ដូចការរៀបរាប់ខាងលើ កុមារនឹងទទួលបានពិន្ទុល្អជាងមុន និងមានចិត្តចង់រៀនជាងមុនពេលដែលឪពុកម្ដាយគេមានការចូលរួមជាមួយពួកគេ។ ក្នុងនោះមានហេតុផលមួយចំនួនសម្រាប់ការអះអាងនេះ។
ការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញផងដែរថា ការចូលរួមរបស់ឪពុកម្ដាយជួយឱ្យកូនមានស្មារតី និងអាចឱ្យពួកគេយល់ថាការសិក្សារបស់ពួកគេ គឺជាចំណាប់អារម្មណ៍ដ៏មានតម្លៃសម្រាប់មនុស្សធំ។ ព្រោះតែកុមារចូលចិត្តធ្វើត្រាប់តាមមនុស្សធំ យើងជាឪពុកម្ដាយត្រូវតែចូលរួមយ៉ាងសកម្មក្នុងការសិក្សារបស់ពួកគេ ដើម្បីឱ្យពួកគេអាចរៀនពីសារសំខាន់នៃការសិក្សា និងព្យាយាមធ្វើតាមឪពុកម្ដាយរបស់ពួកគេ។ វាក៏អាចជួយឱ្យកូនរបស់អ្នកយល់ថាការសិក្សារបស់ពួកគេមិនមែនសម្រាប់តែពួកគេប៉ុណ្ណោះទេ។ វាក៏ជាកិច្ចសហការរបស់សិស្ស គ្រូ និងឪពុកម្ដាយរបស់ពួកគេផងដែរ។ ពេលដែលអ្នកទាំង ៣ សហការគ្នានោះនឹងទទួលបានលទ្ធផលវិជ្ជមាននាពេលអនាគត។ កុមារដែលមានការជួយពីឪពុកម្ដាយ គេនឹងមានអារម្មណ៍ចង់រៀនខ្លាំង ហើយវត្តមាននៅសាលាក៏កាន់តែសំខាន់សម្រាប់ពួកគេ។
ការចូលរួមពីអ្នកក៏អាចជំរុញសុខភាពផ្លូវចិត្តកូនផងដែរ។ វាជួយឱ្យមានទំនាក់ទំនងរវាងកូន និងឪពុកម្ដាយ ដែលអាចបង្កើតនូវការគោរពខ្លួនឯង និងភាពជឿជាក់ខ្ពស់។ វាក៏អាចជួយកុមារឱ្យភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តរបស់ពួកគេ និងបង្កើតជំនាញទំនាក់ទំនងក្នុងសង្គមជាដើម។
ដោយសារតែការចូលរួមពីឪពុកម្ដាយមានសារសំខាន់ច្រើនសម្រាប់អ្នក គ្រូបង្រៀន និងកូនហើយនោះ អ្នកត្រូវជួយគាត់ដោយគិតថាអ្នកអាចធ្វើអ្វីខ្លះដើម្បីអាចចូលរួមជាមួយពួកគេបាន៕
អត្ថបទដើម៖ The Importance of Parental Involvement in Your Child's Education
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, primary, school