ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ

on Monday, 05 February 2018. Posted in Classes, Parenting Tips, Activities

170921161253 1 540x360

បទ​ពិសោធន៍​របស់​កុមារ​តូចៗ​មាន​ឥទ្ធិពល និង​កំណត់​ពី​វិធី​ដែល​ខួរ​ក្បាល​អភិវឌ្ឍ។

សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ពី​វិធី​ដែល​អាច​ជួយ​កូនៗ​អាច​រំញោច​ការ​វិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​តាំង​ពី​វ័យ​តូចៗ​របស់​កូន និង​ជួយ​ពួក​គេ​ឱ្យ​ឈាន​ដល់​ចំណុច​ដែល​ជា​សក្ដា​នុភាព​សម្រាប់​អនាគត​របស់​ពួក​គេ។

ខួរ​ក្បាល​របស់​កុមារ

តើ​យើង​នឹង​នៅ​កន្លែង​ណា​បើ​សិន​ជា​យើង​មិន​មាន​ខួរ​ក្បាល?

យន្តការ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​គ្រប់គ្រង​រាល់​ទង្វើ​ដែល​យើង​ធ្វើ ផ្ដើម​ចេញ​ពី​ការ​ញ៉ាំ និង​ផឹក ដល់​ការ​គិត​ ការ​រៀន និង​ការ​ទទួល​យក​នូវ​បទ​ពិសោធន៍​ផ្នែក​អារម្មណ៍​ជា​ដើម។

កុមារ​ម្នាក់​មាន​កោសិកា​ខួរ​ក្បាល 100 ពាន់​លាន និង​មាន​ទំនាក់​ទំនង 5 ពាន់​កោរដិ។ អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង ចំនួន​នៃ​ទំនាក់​ទំនង​នេះ​កើន​ឡើង​គុណ​នឹង 20 ដង។ កោសិកា​ខួរ​ក្បាល​នីមួយៗ​អាច​ភ្ជាប់​ជាមួយ​នឹង​កោសិកា​ផ្សេងៗ​ទៀត​បាន​ច្រើន​ជាង 15000។

កុមារ​អាយុ 3 ឆ្នាំ​ម្នាក់​មាន​ការ​ភ្ជាប់​រវាង​ខួរ​ក្បាល​មាន​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ 2 ដង ហើយ​ប្រសិន​បើ​គេ​មិន​ប្រើ​វា​ទេ វា​នឹង​បាត់​បង់។ ពេល​ដែល​កុមារ​ចាប់​ផ្ដើម​មាន​អាយុ 5 ឆ្នាំ ទំនាក់​ទំនង​ខួរ​ក្បាល 90% នឹង​ចាប់​ផ្ដើម​ចង​ជា​បណ្ដុំ។

កុមារ​នឹង​មិន​មាន​ពេល​សាក​ល្បង​ទទួល​យក​បទ​ពិសោធន៍ និង​ឱកាស​នានា​ដែល​មាន​សារ​សំខាន់​ជាង​ពេល​ដែល​ពួក​គេ​នៅ​តូច​ឡើយ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ការ​សិក្សា​នៅ​វ័យ​តូចៗ
ខួរ​ក្បាល​ជា​ផ្នែក​គ្រប់គ្រង​កណ្ដាល​នៃ​រាង​កាយ​របស់​យើង ប៉ុន្តែ​ តើ​យើង​ធ្វើ​យ៉ាង​ណា​ទើប​អាច​ជួយ​ខួរ​ក្បាល​កូនៗ​ឱ្យ​ឈាន​ដល់​ចំណុច​សក្ដានុពល​នោះ?

 
បទ​ពិសោធន៍​នៃ​ការ​ប្រើ​ញាណ​នៅ​វ័យ​ដំបូង​បង្កើត​នូវ​ការ​ផ្សារ​ភ្ជាប់​ថ្មី​រវាង​កោសិកា​ខួរ​ក្បាល និង​បទ​ពិសោធន៍​ដែល​ជំរុញ​ការ​អភិវឌ្ឍ។

ចំនួន​នៃ​ការ​ភ្ជាប់​រវាង​កោសិកា​ខួរ​ក្បាល កើន​ឡើង ឬ​ថយ​ចុះ អាស្រ័យ​លើ​បរិយាកាស និង​បទ​ពិសោធន៍​ដែល​កុមារ​ទទួល​យក។

កុមារ​បន្ត​រៀន​សូត្រ​ពេញ​មួយ​ជីវិត ប៉ុន្តែ ពួក​គេ​មិន​ចាប់​យក​ជំនាញ​ថ្មី​បាន​លឿន​ដូច​ជា​កាល​ពី​ពួក​គេ​នៅ​តូចៗ​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​សំខាន់​ក្នុង​ការ​ផ្ដល់​​ឱកាស​ដ៏​អស្ចារ្យ​​សម្រាប់​​ការ​​សិក្សា និង​អភិវឌ្ឍ​ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​ពេល​ដែល​ចិត្ត​របស់​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ទទួល​យក​ព័ត៌មាន​ថ្មីៗ។

វិធី 9 យ៉ាងក្នុងការរំញោចការអភិវឌ្ឍខួរក្បាលរបស់កុមារ

កុមារ​ត្រូវ​ការ​បង្ហាញ​ផ្លូវ​ដែល​អាច​ស្វែង​រក​នូវ​ព័ត៌មាន​ថ្មី និង​បទ​ពិសោធន៍​ថ្មី​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ និង​អាច​ឱ្យ​គេ​ពង្រីក​ការ​គិត និង​ការ​យល់​ដឹង។

ពួក​គេ​គួរ​តែ​សាកល្បង​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​រៀន ដូច​នឹង​ឱកាស​ដែល​ទាក់​ទង​ជាមួយ​នឹង​ប្រភព​នៃ​ការ​សិក្សា​ផ្សេងៗ​ជា​ដើម។
ឧទាហរណ៍៖

1. ការលេង

ការ​លេង​មិន​ត្រឹម​តែ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មូលដ្ឋានគ្រឹះ​អាច​ឱ្យ​កុមារ​រៀន​បាន​ផង​ដែរ។

ប្រើ​ហ្គេម ប្រដាប់​លេង និង​សម្ភារ​សិក្សា​ដែល​កុមារ​អាច​ប្រើ​សម្រាប់​រៀន។

កុមារ​នឹង​ផ្សារ​ភ្ជាប់​ការ​លេង​កាន់​តែ​យូរ​ជាមួយ​នឹង​ប្រភព​ធនធាន​ដែល​ស្រដៀង​នឹង​បរិយាកាស​ដែល​ពួក​គេ​កំពុង​រស់​នៅ។

2. ការនិយាយ

ដើម្បី​ឱ្យ​កោសិកា​ខួរ​ក្បាល​មាន​ចលនា ចាប់​ផ្ដើម​និយាយ។ កុមារ​តូចៗ​ចាប់​យក​គ្រប់​ពាក្យ។ ពេល​ដែល​អ្នក​ចែក​រំលែក​ទៅ​ពួក​គេ​កាន់​តែ​ច្រើន ពួក​គេ​រៀន​កាន់​តែ​ច្រើន​ដូច​គ្នា។

អ្វី​ដែល​អ្នក​និយាយ​មិន​សំខាន់​ដូច​របៀប​ដែល​អ្នក​និយាយ និង​សំឡេង​ដែល​អ្នក​ប្រើ​នោះ​ទេ។

កុមារ​តូចៗ​ត្រូវ​ការ​ឮ​ប្រយោគ​ឃ្លា​ពេញ​ដើម្បី​​អភិវឌ្ឍ​ពាក្យ​របស់​ពួក​គេ។

លោក​អ្នក​អាច​ជួយ​កូនៗ​របស់​លោក​អ្នក​ក្នុង​ការ​ប្រើ​ពាក្យ​ដើម្បី​ឱ្យ​ពួកគេ​មាន​ការ​យល់​ដឹង​ពី​ពិភព​ជុំវិញ​ពួក​គេ ក្នុង​នោះមាន​ដូច​ជា​ពាក្យ​ដែល​រៀប​រាប់​ពី​អារម្មណ៍ វត្ថុ​នានា និង​សម្ភារ​ប្រើ​ប្រចាំ​ថ្ងៃ។

ជំនួស​ឱ្យ​ការ​និយាយ​ថា “នោះ! មើល​ទៅ​មេឃ!” លោក​អ្នក​ត្រូវ​និយាយ​ថា “នោះ​មើល​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រឡះ។” វិញ។

ព្យាយាម​ឆ្លើយ​សំណួរ​ដែល​អ្នក​សួរ។ ប្រសិន​បើ​អ្នក​មិន​អាច​ឆ្លើយ​ទេ អ្នក​គួរ​តែ​នាំ​គេ​ស្វែង​រក​ចម្លើយ​ទាំង​អស់​គ្នា​តាម​រយៈ​ការ​អាន​សៀវភៅ ឬ​ប្រើ​អ៊ិនធើណែត តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​បាន។

3. ការអាន

ការ​អាន ឬ​ការ​ស្វែង​រក​អ្វី​មួយ​តាម​រយៈ​សៀវភៅ​ជាមួយ​កូន​របស់​អ្នក​ពិត​ជា​សំខាន់ ប៉ុន្តែ ការ​សួរ​សំណួរ​ និង​ការ​បង្កើត​ការ​ពិភាក្សា​លើ​អ្វី​ដែល​អ្នក​បាន​អាន និង​រូបភាព​ដែល​អ្នក​បាន​ឃើញ គឺ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ពង្រីក​ការ​គិត និង​ការ​រៀន​របស់​កូនៗ។

តើ​អ្នក​គួរ​អាន​ឱ្យ​កូនៗ​ទើប​កើត ឬ​ក្មេង​តូចៗ​ស្ដាប់​ដែរ​ទេ? ចម្លើយ​នោះ គឺ​ពិត​ជា​ត្រូវ​អាន ព្រោះ​ថា​កុមារ​មិនមែន​ក្មេង​ពេក ឬ​ចាស់​ពេក​ក្នុង​ការ​ស្ដាប់​ការ​អាន​របស់​អ្នក​ឡើយ​។

4. តន្រ្តី

តន្រ្តី​​ផ្សារ​ភ្ជាប់​គ្រប់​ចំណុច​ទាំង​អស់​នៃ​ខួរ​ក្បាល និង​រំញោច​ដល់​តួនាទី​ខួរ​ក្បាល​ជា​ច្រើន​ឱ្យ​មាន​ចលនា​។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​បទពិសោធន៍​ពី​តន្រ្តី​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ជា​ពិសេស​បទ​ភ្លេង និង​ការ​ច្រៀង​តាម​តន្រ្តី ឬ​ចម្រៀង។

5. សិល្បៈ

សិល្បៈ​ផ្សារ​ភ្ជាប់​ចំណុច​នានា​នៃ​ខួរ​ក្បាល​ដែល​ជួយ​ដល់​ការ​ពង្រីក​ការ​សិក្សា​ញាណ ការ​យល់​ដឹង​ អារម្មណ៍ និង​កាយ​សម្បទា​របស់​កុមារ។

កុមារ​គួរ​តែ​ទទួល​បាន​នូវ​ឱកាស​ច្រើន​ក្នុង​ការ​គូរ លាប​ពណ៌ សាង​សង់ និង​បង្កើត​វត្ថុ​សិល្បៈ​នានា។

6. ចលនា/ការហាត់ប្រាណ

ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឱ្យ​បេះដូង​លោត​ញាប់​ជាង​មុន គឺ​មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កាយ​សម្បទា​របស់​កុមារ និង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា បន្ទាប់​ពី​កុមារ​បាន​ធ្វើ​ការ​ហាត់​ប្រាណ រាង​កាយ​របស់​ពួកគេ​ចាប់​ផ្ដើម​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​អនុញ្ញាត​ឱ្យ​ខួរ​ក្បាល​របស់​ពួកគេ​មាន​ការ​សិក្សា​ប្រសើរ​ជាង​មុន។

សកម្មភាព និង​ចលនា​រាង​កាយ​ជំរុញ​ឱ្យ​ខួរ​ក្បាល​មាន​ការ​អភិវឌ្ឍ និង​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​ទំនាក់​ទំនង​ក្នុង​ការ​សិក្សា​កាន់​តែ​លូត​លាស់។

ការ​ហាត់​ប្រាណ​ជា​ប្រចាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ផ្សេងៗ​មាន​សារ​សំខាន់​ក្នុង​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សុខភាព​ខួរ​ក្បាល​របស់​កុមារ​ល្អ។

7. ក្ដីស្រឡាញ់

ទំនាក់​ទំនង​ដែល​មាន​ការ​គាំទ្រ និង​ការ​ស្រឡាញ់ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​លូតលាស់​របស់​ខួរ​ក្បាល​របស់​កុមារ។

កុមារ​រៀន​ពី​ការ​ខ្វាយ​ខ្វល់ និង​វិធី​ទទួល​យក​អារម្មណ៍​តាន​តឹង​ដែល​អ្នក​ផ្ដល់​ឱ្យ ដូច្នេះ ប្រសិន​បើ​អ្នក​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត កូន​របស់​អ្នក​នឹង​មាន​ដូច​គ្នា។

កូន​របស់​អ្នក​ត្រូវ​ការ​ឱ្យ​អ្នក​ស្រឡាញ់​ពួក​គេ ថ្នាក់​ថ្នម​ពួក​គេ និង​លើក​ទឹក​ចិត្ត​ពួក​គេ។

តាម​ការ​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​ខួរ​ក្បាល​ពី 30 ទៅ 60 ភាគ​រយ​អាស្រ័យ​លើ​ទំនាក់​ទំនង​ជាមួយ​នឹង​បរិយាកាស និង​មនុស្ស​ជុំវិញ។

8. អាហារូបត្ថម្ភ

អ្នក​ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​ខួរ​ក្បាល​ ដែល​អាហារ​ទាំង​នោះ​មាន​ដូច​ជា បន្លែ​ពណ៌​បៃតង គ្រាប់​សណ្ដែកដី ត្រី ផ្លែ​ឈើ​ស្រស់ សាច់​សត្វ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ។

ចំណែក​ឯ​វីតាមីន និងជាតិរ៉ែ​ចាំ​បាច់​ប្រចាំថ្ងៃ​ក៏​មាន​ចំណែក​ក្នុង​ការ​វិវឌ្ឍ​របស់​ខួរ​ក្បាល​ផង​ដែរ។

សូម​លើក​ទឹក​ចិត្ត​កូនៗ​របស់​អ្នក​ឱ្យ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​វា​អាច​ជួយ​កូនៗ​អ្នក​ឱ្យ​មាន​ស្មារតី​ល្អ ​ព្រម​ទាំង​គ្រប់​គ្រង​កម្រិត​ថាមពល​ក្នុង​រាង​កាយ​របស់​ពួកគេ​បាន​ទៀត​ផង។

9. ការគេង

ពេល​ដែល​កុមារ​គេង​លក់ ខួរ​ក្បាល​របស់​ពួកគេ​ដំណើរ​ការ​រាល់​នូវ​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​នៅ​ពេល​ថ្ងៃ។

ក្នុង​អំឡុង​ពេល​នេះ ការ​ចង​ចាំ​របស់​កុមារ​មាន​ភាព​ខ្លាំង និង​អាច​ចាប់​យក​ជំនាញ និង​កិច្ចការ​ថ្មីៗ​បាន​យ៉ាង​រហ័ស។

ដូច្នេះ វា​ពិត​ជា​ចាំបាច់​សម្រាប់​កុមារ​ក្នុង​ការ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​តម្រូវ​ការ​គេង​នោះ គឺ​ចន្លោះ​ពី 9 ទៅ 10 ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ គឺ​ជា​គន្លឹះ​សម្រាប់​អនាគត​របស់​ពួក​គេ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​កំណើត​របស់​ពួកគេ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ ទោះ​បី​ជា​ឆ្នាំ​ទាំង​នោះ​កន្លង​ទៅ​ឆាប់​រហ័ស​ក៏​ដោយ។

ចូរ​ចំណាយ​ពេល​លេង និយាយ អាន ច្រៀង សើច រាំ បង្កើត និងសប្បាយ​ជាមួយ​កូន​ឱ្យ​បាន​ច្រើន។

ជំរុញ​កូនៗ​ឱ្យ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ គេង​បាន​គ្រប់​គ្រាន់ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កូន​របស់​អ្នក​នឹង​មាន​ជីវិត​ពោរ​ពេញ​ទៅ​ដោយ​សក្ដានុពល​ប្រសិន​បើ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នក៕

អត្ថបទដើម៖ Early brain development & learning

Leave a comment

Please login to leave a comment. Optional login below.

LMS

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.