ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ
បទពិសោធន៍របស់កុមារតូចៗមានឥទ្ធិពល និងកំណត់ពីវិធីដែលខួរក្បាលអភិវឌ្ឍ។
សូមស្វែងយល់ទាំងអស់គ្នាពីវិធីដែលអាចជួយកូនៗអាចរំញោចការវិវឌ្ឍខួរក្បាល និងការសិក្សាតាំងពីវ័យតូចៗរបស់កូន និងជួយពួកគេឱ្យឈានដល់ចំណុចដែលជាសក្ដានុភាពសម្រាប់អនាគតរបស់ពួកគេ។
ខួរក្បាលរបស់កុមារ
តើយើងនឹងនៅកន្លែងណាបើសិនជាយើងមិនមានខួរក្បាល?
យន្តការដ៏គួរឱ្យភ្ញាក់ផ្អើលនេះគ្រប់គ្រងរាល់ទង្វើដែលយើងធ្វើ ផ្ដើមចេញពីការញ៉ាំ និងផឹក ដល់ការគិត ការរៀន និងការទទួលយកនូវបទពិសោធន៍ផ្នែកអារម្មណ៍ជាដើម។
កុមារម្នាក់មានកោសិកាខួរក្បាល 100 ពាន់លាន និងមានទំនាក់ទំនង 5 ពាន់កោរដិ។ អំឡុងពេលពីរបីខែដំបូង ចំនួននៃទំនាក់ទំនងនេះកើនឡើងគុណនឹង 20 ដង។ កោសិកាខួរក្បាលនីមួយៗអាចភ្ជាប់ជាមួយនឹងកោសិកាផ្សេងៗទៀតបានច្រើនជាង 15000។
កុមារអាយុ 3 ឆ្នាំម្នាក់មានការភ្ជាប់រវាងខួរក្បាលមានច្រើនជាងមនុស្សពេញវ័យ 2 ដង ហើយប្រសិនបើគេមិនប្រើវាទេ វានឹងបាត់បង់។ ពេលដែលកុមារចាប់ផ្ដើមមានអាយុ 5 ឆ្នាំ ទំនាក់ទំនងខួរក្បាល 90% នឹងចាប់ផ្ដើមចងជាបណ្ដុំ។
កុមារនឹងមិនមានពេលសាកល្បងទទួលយកបទពិសោធន៍ និងឱកាសនានាដែលមានសារសំខាន់ជាងពេលដែលពួកគេនៅតូចឡើយ។
ការអភិវឌ្ឍខួរក្បាល និងការសិក្សានៅវ័យតូចៗ
ខួរក្បាលជាផ្នែកគ្រប់គ្រងកណ្ដាលនៃរាងកាយរបស់យើង ប៉ុន្តែ តើយើងធ្វើយ៉ាងណាទើបអាចជួយខួរក្បាលកូនៗឱ្យឈានដល់ចំណុចសក្ដានុពលនោះ?
បទពិសោធន៍នៃការប្រើញាណនៅវ័យដំបូងបង្កើតនូវការផ្សារភ្ជាប់ថ្មីរវាងកោសិកាខួរក្បាល និងបទពិសោធន៍ដែលជំរុញការអភិវឌ្ឍ។
ចំនួននៃការភ្ជាប់រវាងកោសិកាខួរក្បាល កើនឡើង ឬថយចុះ អាស្រ័យលើបរិយាកាស និងបទពិសោធន៍ដែលកុមារទទួលយក។
កុមារបន្តរៀនសូត្រពេញមួយជីវិត ប៉ុន្តែ ពួកគេមិនចាប់យកជំនាញថ្មីបានលឿនដូចជាកាលពីពួកគេនៅតូចៗឡើយ។
ទន្ទឹមនឹងនេះដែរ វាក៏សំខាន់ក្នុងការផ្ដល់ឱកាសដ៏អស្ចារ្យសម្រាប់ការសិក្សា និងអភិវឌ្ឍក្នុងអំឡុងពេលលូតលាស់ដំបូងពេលដែលចិត្តរបស់ពួកគេកំពុងត្រៀមខ្លួនទទួលយកព័ត៌មានថ្មីៗ។
វិធី 9 យ៉ាងក្នុងការរំញោចការអភិវឌ្ឍខួរក្បាលរបស់កុមារ
កុមារត្រូវការបង្ហាញផ្លូវដែលអាចស្វែងរកនូវព័ត៌មានថ្មី និងបទពិសោធន៍ថ្មីដែលមានភាពប្រកួតប្រជែង និងអាចឱ្យគេពង្រីកការគិត និងការយល់ដឹង។
ពួកគេគួរតែសាកល្បងវិធីសាស្ត្រផ្សេងៗដើម្បីរៀន ដូចនឹងឱកាសដែលទាក់ទងជាមួយនឹងប្រភពនៃការសិក្សាផ្សេងៗជាដើម។
ឧទាហរណ៍៖
1. ការលេង
ការលេងមិនត្រឹមតែសប្បាយប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានគ្រឹះអាចឱ្យកុមាររៀនបានផងដែរ។
ប្រើហ្គេម ប្រដាប់លេង និងសម្ភារសិក្សាដែលកុមារអាចប្រើសម្រាប់រៀន។
កុមារនឹងផ្សារភ្ជាប់ការលេងកាន់តែយូរជាមួយនឹងប្រភពធនធានដែលស្រដៀងនឹងបរិយាកាសដែលពួកគេកំពុងរស់នៅ។
2. ការនិយាយ
ដើម្បីឱ្យកោសិកាខួរក្បាលមានចលនា ចាប់ផ្ដើមនិយាយ។ កុមារតូចៗចាប់យកគ្រប់ពាក្យ។ ពេលដែលអ្នកចែករំលែកទៅពួកគេកាន់តែច្រើន ពួកគេរៀនកាន់តែច្រើនដូចគ្នា។
អ្វីដែលអ្នកនិយាយមិនសំខាន់ដូចរបៀបដែលអ្នកនិយាយ និងសំឡេងដែលអ្នកប្រើនោះទេ។
កុមារតូចៗត្រូវការឮប្រយោគឃ្លាពេញដើម្បីអភិវឌ្ឍពាក្យរបស់ពួកគេ។
លោកអ្នកអាចជួយកូនៗរបស់លោកអ្នកក្នុងការប្រើពាក្យដើម្បីឱ្យពួកគេមានការយល់ដឹងពីពិភពជុំវិញពួកគេ ក្នុងនោះមានដូចជាពាក្យដែលរៀបរាប់ពីអារម្មណ៍ វត្ថុនានា និងសម្ភារប្រើប្រចាំថ្ងៃ។
ជំនួសឱ្យការនិយាយថា “នោះ! មើលទៅមេឃ!” លោកអ្នកត្រូវនិយាយថា “នោះមើលផ្ទៃមេឃពណ៌ខៀវស្រឡះ។” វិញ។
ព្យាយាមឆ្លើយសំណួរដែលអ្នកសួរ។ ប្រសិនបើអ្នកមិនអាចឆ្លើយទេ អ្នកគួរតែនាំគេស្វែងរកចម្លើយទាំងអស់គ្នាតាមរយៈការអានសៀវភៅ ឬប្រើអ៊ិនធើណែត តាមវិធីណាមួយដែលអាចធ្វើបាន។
3. ការអាន
ការអាន ឬការស្វែងរកអ្វីមួយតាមរយៈសៀវភៅជាមួយកូនរបស់អ្នកពិតជាសំខាន់ ប៉ុន្តែ ការសួរសំណួរ និងការបង្កើតការពិភាក្សាលើអ្វីដែលអ្នកបានអាន និងរូបភាពដែលអ្នកបានឃើញ គឺជាវិធីដ៏ល្អក្នុងការពង្រីកការគិត និងការរៀនរបស់កូនៗ។
តើអ្នកគួរអានឱ្យកូនៗទើបកើត ឬក្មេងតូចៗស្ដាប់ដែរទេ? ចម្លើយនោះ គឺពិតជាត្រូវអាន ព្រោះថាកុមារមិនមែនក្មេងពេក ឬចាស់ពេកក្នុងការស្ដាប់ការអានរបស់អ្នកឡើយ។
4. តន្រ្តី
តន្រ្តីផ្សារភ្ជាប់គ្រប់ចំណុចទាំងអស់នៃខួរក្បាល និងរំញោចដល់តួនាទីខួរក្បាលជាច្រើនឱ្យមានចលនា។
កុមារគួរតែទទួលបាននូវបទពិសោធន៍ពីតន្រ្តីច្រើនប្រភេទផ្សេងៗគ្នា ជាពិសេសបទភ្លេង និងការច្រៀងតាមតន្រ្តី ឬចម្រៀង។
5. សិល្បៈ
សិល្បៈផ្សារភ្ជាប់ចំណុចនានានៃខួរក្បាលដែលជួយដល់ការពង្រីកការសិក្សាញាណ ការយល់ដឹង អារម្មណ៍ និងកាយសម្បទារបស់កុមារ។
កុមារគួរតែទទួលបាននូវឱកាសច្រើនក្នុងការគូរ លាបពណ៌ សាងសង់ និងបង្កើតវត្ថុសិល្បៈនានា។
6. ចលនា/ការហាត់ប្រាណ
ការហាត់ប្រាណអាចធ្វើឱ្យបេះដូងលោតញាប់ជាងមុន គឺមានប្រយោជន៍ដល់ការអភិវឌ្ឍកាយសម្បទារបស់កុមារ និងជួយឱ្យពួកគេមានអារម្មណ៍ល្អ។
អ្នកវិទ្យាសាស្ត្របានរកឃើញថា បន្ទាប់ពីកុមារបានធ្វើការហាត់ប្រាណ រាងកាយរបស់ពួកគេចាប់ផ្ដើមបង្កើតសារធាតុម្យ៉ាងដែលអនុញ្ញាតឱ្យខួរក្បាលរបស់ពួកគេមានការសិក្សាប្រសើរជាងមុន។
សកម្មភាព និងចលនារាងកាយជំរុញឱ្យខួរក្បាលមានការអភិវឌ្ឍ និងជួយឱ្យខួរក្បាលមានទំនាក់ទំនងក្នុងការសិក្សាកាន់តែលូតលាស់។
ការហាត់ប្រាណជាប្រចាំ និងការចូលរួមក្នុងសកម្មភាពកីឡាផ្សេងៗមានសារសំខាន់ក្នុងធ្វើឱ្យមានការអភិវឌ្ឍសុខភាពខួរក្បាលរបស់កុមារល្អ។
7. ក្ដីស្រឡាញ់
ទំនាក់ទំនងដែលមានការគាំទ្រ និងការស្រឡាញ់ គឺជាអាហារដ៏ល្អសម្រាប់ការលូតលាស់របស់ខួរក្បាលរបស់កុមារ។
កុមាររៀនពីការខ្វាយខ្វល់ និងវិធីទទួលយកអារម្មណ៍តានតឹងដែលអ្នកផ្ដល់ឱ្យ ដូច្នេះ ប្រសិនបើអ្នកមានភាពតានតឹងក្នុងចិត្ត កូនរបស់អ្នកនឹងមានដូចគ្នា។
កូនរបស់អ្នកត្រូវការឱ្យអ្នកស្រឡាញ់ពួកគេ ថ្នាក់ថ្នមពួកគេ និងលើកទឹកចិត្តពួកគេ។
តាមការស្រាវជ្រាវនាពេលថ្មីៗនេះបានរកឃើញថា ការអភិវឌ្ឍរបស់ខួរក្បាលពី 30 ទៅ 60 ភាគរយអាស្រ័យលើទំនាក់ទំនងជាមួយនឹងបរិយាកាស និងមនុស្សជុំវិញ។
8. អាហារូបត្ថម្ភ
អ្នកត្រូវប្រាកដថាកូនរបស់អ្នកញ៉ាំអាហារដែលជួយដល់ការលូតលាស់ និងដំណើរការរបស់ខួរក្បាល ដែលអាហារទាំងនោះមានដូចជា បន្លែពណ៌បៃតង គ្រាប់សណ្ដែកដី ត្រី ផ្លែឈើស្រស់ សាច់សត្វ និងអាហារដែលមានជាតិទឹកដោះគោ។
ចំណែកឯវីតាមីន និងជាតិរ៉ែចាំបាច់ប្រចាំថ្ងៃក៏មានចំណែកក្នុងការវិវឌ្ឍរបស់ខួរក្បាលផងដែរ។
សូមលើកទឹកចិត្តកូនៗរបស់អ្នកឱ្យផឹកទឹកឱ្យបានគ្រប់គ្រាន់ ព្រោះវាអាចជួយកូនៗអ្នកឱ្យមានស្មារតីល្អ ព្រមទាំងគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយរបស់ពួកគេបានទៀតផង។
9. ការគេង
ពេលដែលកុមារគេងលក់ ខួរក្បាលរបស់ពួកគេដំណើរការរាល់នូវព័ត៌មានដែលពួកគេទទួលបាននៅពេលថ្ងៃ។
ក្នុងអំឡុងពេលនេះ ការចងចាំរបស់កុមារមានភាពខ្លាំង និងអាចចាប់យកជំនាញ និងកិច្ចការថ្មីៗបានយ៉ាងរហ័ស។
ដូច្នេះ វាពិតជាចាំបាច់សម្រាប់កុមារក្នុងការគេងសម្រាកឱ្យបានគ្រប់គ្រាន់ ដែលតម្រូវការគេងនោះ គឺចន្លោះពី 9 ទៅ 10 ម៉ោងក្នុងមួយថ្ងៃ។
ការអភិវឌ្ឍខួរក្បាលរបស់កុមារ គឺជាគន្លឹះសម្រាប់អនាគតរបស់ពួកគេ។ ក្នុងឆ្នាំដំបូងនៃកំណើតរបស់ពួកគេមានផលប៉ះពាល់ទៅលើការអភិវឌ្ឍខួរក្បាលរបស់កុមារ ទោះបីជាឆ្នាំទាំងនោះកន្លងទៅឆាប់រហ័សក៏ដោយ។
ចូរចំណាយពេលលេង និយាយ អាន ច្រៀង សើច រាំ បង្កើត និងសប្បាយជាមួយកូនឱ្យបានច្រើន។
ជំរុញកូនៗឱ្យញ៉ាំអាហារដែលផ្ដល់នូវសុខភាពល្អ គេងបានគ្រប់គ្រាន់ ប៉ុន្តែ អ្វីដែលសំខាន់ជាងគេនោះ គឺការបង្ហាញក្ដីស្រឡាញ់ចំពោះកូនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
កូនរបស់អ្នកនឹងមានជីវិតពោរពេញទៅដោយសក្ដានុពលប្រសិនបើមានការជួយជ្រោមជ្រែងពីអ្នក៕
អត្ថបទដើម៖ Early brain development & learning
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, school