Benefits of a Bilingual Education - International Schools in Cambodia
ការសិក្សាពីរភាសាមានប្រយោជន៍ដែរឬទេ? ការជ្រើសរើសកន្លែងដែលជាសាលាសម្រាប់កូនទៅរៀនគឺជាការសម្រេចចិត្តដ៏ធំមួយ។ ការអប់រំរបស់កូនអ្នកអាចជាសាលាដែលសិក្សាតែមួយភាសា ឬក៏ពីរភាសា ដែលជាបញ្ហាសំខាន់បំផុតដែលអ្នកនឹងត្រូវគិតពិចារណាសម្រាប់ពួកគេ។
មានអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការសិក្សាពីរភាសា។ ប្រសិនបើកូនរបស់អ្នកត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀន ការសិក្សានៅសាលាដែលផ្ដល់ការអប់រំពីរភាសាអាចពង្រឹងភាសារបស់ពួកគេ។ ប្រសិនបើកូនរបស់អ្នកអាចនិយាយបានតែមួយភាសាវិញនោះ ការផ្ដល់ការសិក្សាភាសាទីពីរអាចជួយពួកគេឱ្យចាប់យកភាសាបន្ថែមក្នុងរយៈពេលដ៏ខ្លី។
ការឱ្យកូនៗទៅរៀនភាសាមួយផ្សេងទៀតជារៀងរាល់ថ្ងៃមិនត្រឹមតែជួយឱ្យពួកគេមានភាពស្ទាត់ក្នុងភាសានោះទេ ប៉ុន្តែ ពួកគេនឹងអាចមានឱកាសក្នុងចាប់យកនូវផលប្រយោជន៍នានាដែលអាចកើតមាននាពេលអនាគត។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីការសិក្សាពីរភាសា
1. ភាពយល់ដឹង
ការសិក្សាពីរភាសាអាចពង្រឹងមុខងារប្រតិបត្តិការរបស់ខួរក្បាល។ ការស្រាវជ្រាវមួយបានបង្ហាញថា សិស្សដែលសិក្សាពីរភាសា ហើយតែងប្រើភាសាទាំងនោះជាប្រចាំ ពួកគេអាចអភិវឌ្ឍជំនាញនៃមុខងារផ្សេងៗដូចជាការវិនិច្ឆ័យ ការគ្រប់គ្រងស្មារតី និងការចងចាំ។
ចំពោះសិស្សដែលកំពុងសិក្សាពីរភាសាតែងធ្វើកិច្ចការដែលត្រូវឱ្យមានការធ្វើច្រើនមុខក្នុងពេលតែមួយ ការបង្កើតការសម្រេចចិត្ត និងការដោះស្រាយបញ្ហាបានល្អ បើទោះបីជាពួកគេមិនមានធ្វើត្រូវធ្វើជាមួយភាសាទាំងនោះក៏ដោយ។
2. ទទួលបានជម្រើសច្រើនក្នុងការបន្តការសិក្សា
មួយក្នុងចំណោមអត្ថប្រយោជន៍នៃការសិក្សាពីរភាសា គឺថា កុមារដែលមិនត្រឹមតែធំឡើងដោយចេះពីរភាសានោះទេ តែពួកគេក៏អាចប្រើភាសាទាំងនោះបានយ៉ាងស្ទាត់ជំនាញ។ ការសិក្សានេះអាចផ្ដល់ជម្រើសច្រើនដល់កូនរបស់អ្នកពេលដែលដល់ពេលត្រូវជ្រើសរើសការសិក្សាបន្តនាពេលអនាគត។ ពួកគេនឹងមានសេរីភាពក្នុងការជ្រើសរើសសាកលវិទ្យាល័យដែលពេលចង់ទៅរៀន នៅប្រទេសដែលគេចង់រស់នៅ ដោយអាស្រ័យលើភាសាដែលគេនិយាយ។
វានឹងមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការចូលរួមវគ្គសិក្សានានានៅបរទេស ឬកម្មវិធីសិក្សាណាមួយដែលពួកគេអាចរៀននៅប្រទេសមួយផ្សេងទៀត ដែលភាសាដែលគេប្រើនោះជួយពួកគេប្រកបដោយប្រសិទ្ធផល។
3. ការសិក្សាពីរភាសាពង្រីកឱកាសការងារ
ការចេះភាសាបរទេសស្ទាត់ជំនាញអាចជួយឱ្យបេក្ខជនមានភាពលេចធ្លោចំពោះអ្នកជ្រើសរើសបុគ្គលិកធ្វើការ។ វាក៏អាចបើកផ្លូវឱ្យយើងទទួលយកនូវឱកាសបន្ថែមលើសពីបេក្ខជនដែលមិនសូវចេះភាសាបរទេស។
ខណៈសេដ្ឋកិច្ចពិភពលោកកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងស្វែងរកបុគ្គលិកដែលចេះពីរភាសា ហើយអ្នកដែលចេះពីរភាសានោះនឹងទទួលបានអត្ថប្រយោជន៍មុនគេ។ បេក្ខជនដែលមានទទួលបានការអប់រំភាសាទីពីរតាំងពីតូចៗនឹងក្លាយជាបុគ្គលិកដ៏មានអានុភាព។
4. ការអប់រំពីរភាសាភាគច្រើនមានភាពបត់បែនគ្រប់កាលៈទេសៈ
ភាសាមិនត្រឹមតែគ្រាន់តែជាឧបករណ៍សម្រាប់រៀនពាក្យ និងវេយ្យាករណ៍ប៉ុណ្ណោះទេ តែវាជាការសិក្សាអំពីវប្បធម៌ និងការរស់នៅរបស់មនុស្ស និងប្រទេសដទៃទៀត។ អត្ថប្រយោជន៍នៃការសិក្សាពីរភាសាផ្ដល់ឱ្យកុមារនូវការមើលឃើញធំទូលាយជាងមុន និងនាំពួកគេឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមនុស្សចម្រុះជាតិសាសន៍។
ចំពោះពិភពលោកដែលកំពុងមានការផ្លាស់ប្ដូរឥតឈប់ឈរវិញ ទំនាក់ទំនងកំពុងក្លាយជាវិធីដ៏សំខាន់មួយសម្រាប់មនុស្សជុំវិញសកលលោក។ កុមារដែលអាចធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃដែលមកពីវប្បធម៌ផ្សេងៗគ្នានឹងទទួលបាននូវអត្ថប្រយោជន៍សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
5. ការសិក្សាពីរភាសាបង្កើតឱកាសសម្រាប់វប្បធម៌ចម្រុះ
អត្ថប្រយោជន៍ដ៏មហិមានៃការចូលរៀននៅសាលាដែលផ្ដល់ការសិក្សាពីរភាសា គឺថាអ្នកអាចជួបជាមួយមនុស្សដែលមានប្រភពខុសៗគ្នា។ ការសិក្សាពីវប្បធម៌ដទៃទៀត គឺពិតជាមានសារសំខាន់សម្រាប់កុមារ និងជួយពួកគេឱ្យយល់ពីពិភពជុំវិញពួកគេ។ វាជួយពួកគេឱ្យលូតលាស់ដោយមានចិត្តទូលាយ និងទទួលយកភាពខុសគ្នា។
ការសម្រេចចិត្តពេលដែលពិចារណាលើការសិក្សាពីរភាសា
ក្នុងនាមជាឪពុកម្ដាយ អ្នកមានការសម្រេចចិត្តពេលដែលត្រូវពិចារណាលើការសិក្សាពីរភាសា។ ជម្រើសរបស់អ្នកអាចត្រូវកំណត់ដោយកត្តាច្រើន ដូចជា ទីកន្លែងដែលអ្នករស់នៅ និងសាលាដែលនៅក្បែរនោះ។
តើអ្នកនឹងបញ្ជូនកូនទៅរៀននៅសាលាអន្តរជាតិ ឬសាលាភាសា?
សាលាទាំងពីរនេះមានភាពខុសគ្នា។ សាលាអន្តរជាតិ បង្រៀនសិស្សដោយអនុវត្តតាមកម្មវិធីសិក្សាលក្ខណៈអន្តរជាតិ ហើយសិស្សដែលបញ្ចប់ការសិក្សា នឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ចំណែកឯ សាលាសិក្សាភាសាវិញ គេអនុវត្តការសិក្សាតាមកម្មវិធីសិក្សារបស់ជាតិ ឬក្នុងស្រុក។ ក្នុងលក្ខខណ្ឌខ្លះ មិនមែនគ្រប់ថ្នាក់ទាំងអស់សុទ្ធតែអាចឱ្យសិស្សរៀនពីរភាសាបានស្មើគ្នានោះទេ។
តើភាសាអ្វីនឹងត្រូវបង្រៀន?
តើភាសាអ្វីដែលកូនរបស់អ្នកទទួលបានផលប្រយោជន៍ពេលដែលរៀន? គ្រប់ភាសាទីពីរទាំងអស់សុទ្ធតែមានផលប្រយោជន៍។ យ៉ាងណាមិញ ការជ្រើសរើសភាសាដែលកូនអ្នកអាចប្រើបាននៅក្រៅសាលាគឺកាន់តែមានផលប្រយោជន៍។
តើអ្នកនឹងជួយបង្រៀនកូនបន្ថែមលើកិច្ចការផ្ទះដែលមានជាភាសាទីពីរនោះ?
ការបញ្ជូនកូនឱ្យទៅសិក្សានៅសាលាដែលមានភាសាបន្ថែមនោះ មានន័យថាកិច្ចការផ្ទះរបស់ពួកគេនឹងមានជាភាសាទីពីរនោះផងដែរ។ ប្រសិនបើអ្នកមិនអាចនិយាយភាសាដែលគេត្រូវរៀននោះទេ តើអ្នកអាចនឹងជួយកូនក្នុងកិច្ចការផ្ទះបានដោយរបៀបណា? ដំណោះស្រាយដែលកំពុងពេញនិយមសម្រាប់ឪពុកម្ដាយដែលមិនចេះភាសានោះ គឺការជួលគ្រូបង្រៀនក្រៅម៉ោងមកជួយបង្រៀនបន្ថែម។
តើអត្ថប្រយោជន៍ដែលទទួលបានការអប់រំពីរភាសាសមតម្លៃដែរឬទេ?
ប្រាកដណាស់! ពេលដែលអ្នកបានអាន មានអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការសិក្សាពីរភាសា ហើយកុមារនឹងមានផលប្រយោជន៍ក្នុងជីវិតរៀននៅរបស់ពួកគេ ហើយកំពុងទទួលការសិក្សាពីភាសា៕
Benefits of a Bilingual Education - International Schools in Cambodia
អត្ថបទដើម៖ 5 Amazing Benefits of a Bilingual Education