វិធី ៦ យ៉ាងជួយឱ្យកូនរៀននៅផ្ទះ

on Tuesday, 27 March 2018. Posted in Parenting Tips, Activities

ការ​រៀន​សូត្រ​របស់​កូន​របស់​អ្នក​មិន​ប្រាកដ​ថា​ត្រូវ​ឈប់​ពេល​ដែល​គេ​បាន​ដើរ​ចេញ​ពី​ថ្នាក់​រៀន​នោះ​ឡើយ​។ មាន​វិធី​ជា​ច្រើន​ដែល​អាច​ឱ្យ​ពួក​គេ​រីករាយ​ផង និង​រៀន​សូត្រ​បន្ថែម​នៅ​ផ្ទះ​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី ៦ យ៉ាង​ដែល​ជួយ​ឱ្យ​កូន​របស់​អ្នក​អាច​រៀន​នៅ​ផ្ទះ​ដោយ​មិន​ដឹង​ខ្លួន។

mother daughter reading 624x415

1 ហ្គេមកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យាបែបសិក្សា

តើ​កូន​របស់​អ្នក​តែង​តែ​សុំ​ប្រើ iPad ប៉ុន្តែ​អ្នក​ដូច​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ឱ្យ​ពួក​គេ​ប្រើ​វា​មែន​ទេ?

ប្រសិន​បើ​អ្ន​ក​កំណត់​ពេល​វេលា​ក្នុង​ការ​ប្រើ ហើយ​ប្រើ​នូវ​កម្មវិធី​ដែល​ពាក់ព័ន្ធ​នឹង​ការ​អប់រំ នោះ​ពួក​គេ​នឹង​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​បន្ថែម និង​អាច​ទាំង​ជួយ​ឱ្យ​ពួក​គេ​យល់​ដឹង​ក្នុង​មុខវិជ្ជា​សិក្សា​ផ្សេងៗ​ទៀត​ផង​ដែរ។ ប្រសិន​បើ​ពួកគេ​កំពុង​រៀន​អាន នោះ​លោក​អ្នក​ត្រូវ​រក​កម្មវិធី​អាន​ឱ្យ​គេ។

2 អនុញ្ញាតកូនឱ្យអានរឿងនិទានមុនចូលគេងឱ្យអ្នកស្ដាប់

កុមារ​តូចៗ​ចូលចិត្ត​ឱ្យ​គេ​អាន​រឿង​និទាន​ឱ្យ​ស្ដាប់ ជាពិសេស គឺ​មុន​ពេល​ចូល​គេង​តែ​ម្ដង។ ឥឡូវ​ដល់​វេន​ពួកគេ​ត្រូវ​អាន​សៀវភៅ​ឱ្យ​អ្នក​ស្ដាប់​វិញ​ម្ដង​ហើយ។

ការ​ឱ្យ​ពួកគេ​អាន​រឿង​មិន​ត្រឹមតែ​សំខាន់​ប៉ុណ្ណោះ​ទេ តែ​ពួក​គេពិត​ជា​អាច​រៀន​អាន​យ៉ាង​ប្រាកដ ហើយ​ពួកគេ​ក៏​អាច​​រៀន​ពាក្យ​ជា​ច្រើន​ពី​រឿង​ដែល​ពួក​គេ​បាន​អាន​នោះ​ទៀត​ផង។

ពេល​ដែលពួកគេ​បាន​អាន​សៀវភៅ ត្រូវ​យក​សៀវភៅ​នោះ​មក​ពិភាក្សា ហើយ​ឱ្យ​ពួកគេ​ប្រាប់​អ្នក​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​ពីវា។

3 ជំរុញការសរសេរ

មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ជំរុញ​ទឹកចិត្ត​កូន​ឱ្យកាន់​ប៊ិក ឬ​ខ្មៅដៃ​សរសេរ​នៅ​ផ្ទះ។ ពួកគេ​អាច​ចាប់​ផ្ដើម​សរសេរ​សំបុត្រ ឬ​បណ្ណ​ជូនពរ​ទៅ​កាន់​បង​ប្អូន​ជាដើម។

សូម​ជំរុញ​ឱ្យ​ពួក​គេ​សរសេរ​សៀវភៅ​កំណត់​ហេតុ ឬ​សរសេរ​រឿង​ដែល​គេ​បាន​ជួប​ប្រទះ ឬ​រឿង​ដែល​ពួក​គេ​និពន្ធ នោះ​ពួកគេ​នឹង​រីករាយ​ក្នុង​ការ​អាន។ មិន​ត្រឹមតែ​អាច​អនុវត្ត​ការ​សរសេរ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​អាច​ប្រើ​ការ​ស្រមៃ​មក​សរសេរ​បាន​ទៀត​ផង។

4 សួរសំណួរ

ការ​សួរ​កុមារ​ពី​សំណួរ​អាច​នឹង​មាន​ភាព​ល្អ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ពួក​គេ និង​ការ​ជួយ​ឱ្យ​ពួកគេ​ឱ្យ​រៀន​ក្នុង​ពេល​តែ​មួយ​ទៀត​ផង។

លោក​អ្នក​អាច​បង្កើត​ជាកម្រង​សំណួរ​ខ្លីៗ​សម្រាប់​ឱ្យ​ពួកគេ​ឆ្លើយ ឧទាហរណ៍៖

  • តើអ្នកណាជាអ្នកបង្កើនអ៊ិនធើណែត?
  • តើប្រទេសកម្ពុជាមានផ្ទៃក្រឡាប៉ុន្មានម៉ែត្រការ៉េ?
  • តើនៅលើពិភពលោកនេះមានទ្វីបប៉ុន្មាន? អ្វីខ្លះ?

5 ផ្លាស់ប្ដូរការលេងនៅខាងក្រៅផ្ទះឱ្យទៅជាការលេងដែលផ្ដល់ចំណេះដឹង

កុមារចូលចិត្ត​លេង​នៅ​ខាង​ក្រៅ​ផ្ទះ ដូច្នេះ សូម​សាក​ល្បង​ប្រែ​ការ​លេង​ឱ្យ​មាន​ប្រយោជន៍។ ខាង​ក្រោម​នេះ គឺ​ជា​គំនិត​ខ្លះៗ​ដែល​លោក​អ្នក​អាច​​ពិចារណា​ក្នុង​ការ​ប្រើ៖

  • ផ្ដល់​​ផ្នែក​មួយ​នៃ​សួន​ច្បារ​របស់​លោក​អ្នក​ដើម្បី​ឱ្យ​គេ​អាច​ដាំ​ដំណាំ​ដោយ​ខ្លួន​ឯង​បាន។ កិច្ចការ​នេះ​នឹងបង្រៀន​ពួកគេ​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ដាំ​ដំណាំ​ឱ្យ​លូត​លាស់។ វា​ក៏​ជា​ឱកាស​ល្អ​ក្នុង​ការ​បង្រៀន​កុមារ​ពី​ប្រភេទ​ផ្សេងៗ​នៃ​ផ្លែ​ឈើ និងបន្លែ។ បន្ទាប់​មក​ទៀត ពេល​ដែល​បន្លែ​ ឬ​ផ្លែឈើ​ទាំង​នោះ​ធំ​អាច​បេះបាន និង​បង្ហាញ​គេ​ពី​តាំង​ពី​វា​នៅ​ក្នុង​ដី រហូត​ដល់​ត្រូវ​បេះ​យក​ទៅ​ដាក់​ក្នុង​ចាន ឬ​ចម្អិន​សម្រាប់​ធ្វើ​ជា​អាហារ​ជាដើម។
  • ដើរ​រាប់ និង​សម្គាល់​ប្រភេទ​សត្វ ឬ​រុក្ខជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន។
  • ស្វែង​រក​របស់​ចាស់ៗ​នៅ​ក្បែរ​ធ្លា​លេង។
  • វាស់​ដើម​ឈើ

6 សាកល្បងការពិសោធន៍វិទ្យាសាស្ត្រងាយៗ

ការ​ធ្វើការ​សាក​ល្បង​ពិសោធន៍​វិទ្យាសាស្ត្រ​ជាមួយ​នឹង​កូន គឺ​ជា​វិធី​មួយ​ដែល​ជួយ​កុមារ​ក្នុង​ការ​ស្វែង​យល់​ពី​វិទ្យាសាស្ត្រ​កាន់​តែ​លឿន និង​រីករាយ៕

ប្រភពអត្ថបទ៖ 6 Sneaky Ways to Help Kids Learn at Home

Leave a comment

Please login to leave a comment. Optional login below.